លោក យ៉ងសាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅ​ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះថា នៅក្នុងរយៈពេលប្រមាណ ១១ ខែ មកនេះ ការអនុវត្តសាក​ល្បង​កម្មវិធីមន្រ្តីកសិកម្មឃុំនៅទូទាំង ១០ ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានផ្តល់សេវាកម្មជូនកសិករបានចំនួន ៨១៣០ គ្រួសារ ឬស្មើនឹងប្រមាណ ៣៥ ភាគរយនៃចំនួនគ្រួសារកសិកម្មសរុបក្នុងស្រុក។
 
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ប្រាប់ទៀតថា កាលពីថ្ងៃទី២៨ ខែធ្នូ លោកបានបើក កិច្ចប្រជុំបូកសរុបលទ្ធផលនិងមេរៀន ទទួលបានពីការអនុវត្តសាកល្បងកម្មវិធីមន្រ្តីកសិកម្មឃុំនៅទូទាំង ១០ ឃុំក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម ចាប់ពីខែកុម្ភ: ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួម​ពីកសិករ និងអាជ្ញាធរមូលដ្ឋាន ដែលបានវាយតម្លៃខ្ពស់លើវត្តមានរបស់មន្រ្តីកសិកម្មឃុំ និងគាំទ្រឱ្យមានមន្រ្តីកសិកម្មឃុំបន្តការងារយូរអង្វែងនៅមូលដ្ឋានរបស់គាត់។
 
លោកបានបញ្ជាក់ដូច្នេះថា៖«តាមរយៈបទពិសោធន៍នៅស្រុកជើងព្រៃជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កម្មវិធីដាក់ពង្រាយមន្រ្តីកសិកម្មនៅគ្រប់ឃុំសង្កាត់ ដែលមានសក្តានុពលកសិកម្មនៅទូទាំងប្រទេសដើម្បីធ្វើការបម្រើកសិករប្រកបដោយប្រសិទ្ធភាពខ្ពស់»។ 


លោកប្រាប់ឱ្យដឹងទៀតថា ការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ បានបិទបញ្ចប់ និងបានប្រកាសលទ្ធផលជាផ្លូវការ ហើយ ក្រោយជាប់ជាស្ថាពរ មន្ដ្រីទាំង ២៥០ រូប នឹងត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែម ពោលគឺត្រូវរៀនផងនិងធ្វើការផងក្នុងឆ្នាំដំបូង។ 
 
លោកបានបញ្ជាក់ដូច្នេះថា៖«អំឡុងពេល ១ ឆ្នាំនេះ ប្រសិនបើពួកគេអសមត្ថភាពធ្វើការមិនកើត នោះនឹងត្រូវបញ្ចប់កិច្ចសន្យាឬដកចេញវិញ ប៉ុន្ដែបើមានសមត្ថភាព មានសីលធម៌ការងារ មានអត្ដចរិតល្អ ក្រោយចប់១ឆ្នាំអាចនឹងចូលក្របខ័ណ្ឌតែម្ដង»។ 
 
បើតាមលោក យ៉ងសាំង កុមារ មន្រ្តីកសិកម្មឃុំ ដែលទើបប្រឡងជាប់ ក្រោយរៀបចំបែបបទ ឯក​សារជាមួយក្រសួងមុខងារសារធារណៈរួចហើយ មន្រ្តីទាំងអស់ នឹងទទួលបានការបណ្តុះបណ្ដាលនៅក្នុងខែកុម្ភៈ ពោលគឺនៅក្នុងរយៈពេល១ខែពេញ មុននឹងចេញទៅតាមឃុំ ដើម្បីអនុវត្តការងាររៀងៗខ្លួន។

សូមជម្រាបថា រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយ ដាក់ពង្រាយមន្ត្រីកសិកម្​មឃុំ ចំនួន ១ ៦០០ នាក់ ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧,៥ លាននាក់ នៅគ្រប់ភូមិ ឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨។
 
ក្រសួងកសិកម្មរំពឹងថា គោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ ១ ៦០០ នាក់ នៅទូទាំងប្រទេសនេះនឹងមានប្រសិទ្ធភាព ហើយឆ្លើយតបនឹងសេចក្តីត្រូវការ របស់កសិករនៅទូទាំងប្រទេស ជាពិសេសទាក់ទងនឹងបច្ចេកទេស, ហិរញ្ញវត្ថុនិងការប្រែប្រួលអាកាសធាតុ៕