ក្រសួងអប់រំ យុវជន និងកីឡា រៀបចំ​វេទិកាថ្នាក់ជាតិលើកទី១១ ស្តីអំពីការអប់រំ​បរិយាបន្ន ក្នុងគោលដៅ​កំណត់បញ្ហាប្រឈម​ពីផ្នែកពាក់ព័ន្ធក្នុងវិស័យអប់រំ ក៏ដូចជាកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយ​ពង្រឹងគុណភាពអប់រំ​ឱ្យកាន់តែប្រសើរ​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាការអប់រំ​ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។


វេទិកាអប់រំបរិយាបន្ន​លើកទី១១ នេះធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំ​ដោយលោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ និងជាតំណាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក្រោមការរៀបចំ​ដោយនាយកដ្ឋាន​អប់រំ​ពិសេស សហការជាមួយ​អង្គការដៃគូ​អភិវឌ្ឍន៍នានា។  

ក្រសួងអប់រំបានឱ្យដឹងថា វេទិកានេះធ្វើឡើងក្រោមប្រធានបទ «កៀរគរធនធាន និងពង្រឹងយន្តការអប់រំពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីបរិវត្តកម្មអប់រំប្រកបដោយបរិយាបន្ន» ដែលធ្វើឡើង​តាមបែបចម្រុះពោល​គឺមានសិក្ខាកាម​ចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ​អនឡាញ ពីគ្រប់បណ្តារាជធានី-ខេត្ត ប្រមាណ​ជាង ២០០រូប។ 


វេទិការថ្នាក់​ជាតិនេះ ធ្វើឡើងក្នុងគោលដៅ​កំណត់បញ្ហាប្រឈម​របស់ផ្នែកពាក់ព័ន្ធ​ក្នុងវិស័យអប់រំ តួយ៉ាង គ្រូបង្រៀន គណៈគ្រប់គ្រងសាលារៀន ការិយាល័យអប់រំ មន្ទីរអប់រំ ក្រសួងអប់រំ សហគមន៍ និងឪពុកម្តាយ អាណាព្យាបាល ដើម្បីផ្តល់បរិយាកាសអប់រំមួយប្រកបដោយ​គុណភាព និងដោយបរិយាបន្ន ទាំងសម្រាប់​សិស្សមាន​ពិការភាពផង។

ជាពិសេស​ឈ្វេងយល់ពី​យន្តការក្នុងការកៀរគរ​ធនធានសម្រាប់​អនុវត្តគោលនយោបាយ និងផែនការសកម្មភាព​ទាំងកម្រិត​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។  


ថ្លែងក្នុងវេទិកានោះលោក សេរី ជំនះ មានប្រសាសន៍ថា ក្រោមកិច្ចសហការល្អ និងស្មារតីទទួលខុសត្រូវខ្ពស់​របស់ភាគីពាក់ព័ន្ធ​បានជួយដោះស្រាយ​ការលំបាក និងសេចក្តីត្រូវការពិសេសរបស់កុមារ សិស្ស និស្សិត​ក្នុងការសិក្សារៀនសូត្រ​នាំឱ្យមានការរីកចម្រើន​គួរឱ្យកត់សម្គាល់ក្នុងការអនុវត្ត​ការអប់រំ​បរិយាបន្ន។

លោកគូស​បញ្ជាក់ថា៖«រដ្ឋាភិបាលមិនទាន់អនុវត្តបាន​ពេញលេញ​នៅឡើយទេ ក្នុងការឆ្លើយតប​ចំពោះគោលដៅទី១ របស់ខ្លួនលើការធានា​ការអប់រំ​ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ 

ទោះជាយ៉ាងណា រដ្ឋាភិបាលជាពិសេស​ក្រសួងអប់រំ​ត្រូវពង្រឹង​យន្តការ ដើម្បីពង្រឹង​ការអនុត្តគោលនយោបាយ​ពីថ្នាក់ជាតិដល់​ថ្នាក់ក្រោមជាតិ និងពង្រឹង​យន្តការអប់រំពីថ្នាក់ជាតិទៅថ្នាក់ក្រោម​ជាតិដូចគ្នា ដើម្បីបរិវត្តកម្ម​អប់រំ​ដោយបរិយាបន្ន»។
 
ជុំវិញបញ្ហានេះ លោក ឈត ប៊ុនថង មន្ត្រីផ្នែកស្រាវជ្រាវ​ផ្នែកទំនាក់ទំនង អប់រំ ទេសចរណ៍ និងវប្បធម៌ នៃរាជបណ្ឌិត្យ​សភាកម្ពុជា បានចាត់ទុកវេទិកាថ្នាក់ជាតិនេះ ជាវេទិកាសំខាន់ដែលស្របនឹងយុទ្ធសាស្ត្រ​ជាតិ​ក្នុងការជំរុញការកសាង​ធនធានមនុស្ស ក្នុងគោលដៅសម្រាំង​គុណភាពធនធានមនុស្ស​ដែលបានដុសខាត់ចេញ​ពីប្រព័ន្ធអប់រំ​ជាតិមាន​គុណភាព សីលធម៌ ជំនាញរឹង និងទន់ ផ្អែកតាមយន្តការធានាការ​ផ្តល់ការអប់រំ​ដោយសមធម៌ មិនគិតមាន ក្រ ទាំងជនពិកា នៅទូទាំងប្រទេស។

លោកបន្តថា៖«នេះជាវេទិកាសំខាន់ដើម្បីដាស់ស្មារតីដល់​តួអង្គពាក់ព័ន្ធ​ទាំងអស់ និងជំរុញស្តង់ដា​នៃការអប់រំមួយ​ដែលអាចរួមចំណែកសម្រេច​ចក្ខុវិស័យ​របស់រដ្ឋាភិបាល​ដែលចង់ប្រែក្លាយ​កម្ពុជា​ទៅជាប្រទេស​មានប្រាក់ចំណូលមធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល​កម្រិតខ្ពស់​នៅឆ្នាំ២០៥០»។
 
សម្រាប់លោក ឈត ប៊ុនថង ឧបសគ្គចម្បងៗ​ដែលរារាំង​ដល់ការសម្រេចផែនការ ការអប់រំបរិយាបន្ននេះ គឺទី១ ពាក់ព័ន្ធនឹងការមិនទាន់អាច​បញ្ជ្រាបស៊ីជម្រៅ​ដល់តួអង្គពាក់ព័ន្ធពីផែនការ និងយុទ្ធសាស្ត្រល្អ​របស់រដ្ឋា​ភិបាល។ ទី២ កម្ពុជានៅមានកម្រិត​ធនធានមនុស្ស​វិស័យអប់រំ​ដើម្បីអនុវត្ត​ផែនការខ្លួននិង ទី៣ កម្ពុជា​នៅមានកម្រិតលើ​សម្ភារអប់រំ និងហិរញ្ញវត្ថុ បើទោះបីមានធនធានមនុស្ស និងរចនាសម្ព័ន្ធដឹកនាំល្អក្តី។ 

ជាមួយគ្នានេះ លោកស្នើ​ឱ្យរដ្ឋាភិបាល ជាពិសេស​ក្រសួងអប់រំ យុវជន និងកីឡា ព្យាយាម​ពិនិត្យយន្តការ និងត្រួតពិនិត្យដល់សកម្មភាព​នៃការអនុវត្ត​ជាប្រចាំ ដើម្បីធានាដល់​ការសម្រេចចក្ខុ​វិស័យ​របស់ខ្លួន​ចំពោះការពង្រឹងគុណភាព​វិស័យអប់រំ​ប្រកបដោយ​គុណភាព សមធម៌ និងបរិយាបន្ននេះ៕