ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមឱ្យមានការរៀបចំយុទ្ធនាការប្រឡងប្រណាំង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រសហគ្រាស។
នេះបើយោងតាមប្រកាសស្តីពីកំណត់លក្ខណវិនិច្ឆ័យ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣។
លោក ហេង សួរ បានលើកឡើងថា៖«ប្រកាសនេះមានគោលបំណងចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ តាមរយៈការរៀបចំយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នៅទូទាំងប្រទេស»។
ប្រកាសនេះបញ្ជាក់ថា ការប្រឡងប្រណាំងដើម្បីទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយត្រូវ» ត្រូវអនុវត្តជារៀងរាល់ឆ្នាំ ចំពោះសហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងសហគ្រាសផ្នែកផ្សេងទៀត ដែលស្ម័គ្រចិត្តចូលរួម ស្របតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់លក្ខណវិនិច្ឆ័យក្នុងការទទួលបានពានរង្វាន់នេះ ត្រូវបានកំណត់នូវលក្ខខណ្ឌមួយចំនួនរួមមាន លក្ខខណ្ឌការងារល្អ សំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាព លក្ខខណ្ឌការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ។
មានទំនាក់ទំនងវិជ្ជាជីវៈល្អ សំដៅដល់សហគ្រាស ដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងមានយន្តការកិច្ចសន្ទនាសង្គម។ មានសុវត្ថិភាពនិងសុខភាពការងារ សំដៅដល់សហគ្រាស ដែលមិនមានគ្រោះថ្នាក់ការងារ និង មានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀននៅកន្លែងការងារ។
មានអនុលោមភាពរបបសន្តិសុខសង្គម សំដៅដល់សហគ្រាស ដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។ មានគោលការណ៍ជំរុញការប្រើប្រាស់កម្មករនិយោជិតមានពិការភាព សំដៅដល់សហគ្រាស ដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី ៣ ភាគរយ នៃចំនួនកម្មករនិយោជិតសរុប។
មានកម្មវិធីលើកកម្ពស់ផលិតភាពការងារ សំដៅដល់សហគ្រាស ដែលអនុវត្តកម្មវិធីបណ្តុះបណ្តាល ជំនាញនិងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត និងមានកម្មវិធីទទួលខុសត្រូវសង្គម សំដៅដល់សហគ្រាស ដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំង ចូលរួមការងារសង្គមផ្សេងៗ។
ចំពោះការវាយតម្លៃ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវរៀបចំឡើងដោយគណៈកម្មការវាយតម្លៃមួយ ស្របតាមបែបបទនិងនីតិវិធី ដែលកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។
ប្រកាសដដែលេនេះបញ្ជាក់ថា សហគ្រាសដែលទទួលបានជយលាភី ក្នុងការប្រឡងប្រណាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តដូចជា ទទួលបានពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលមាន ៣ កម្រិត,វិញ្ញាបនបត្រ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និង ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ ស្របតាមកម្រិត នៃពានរង្វាន់ ដែលទទួលបាន។
ការផ្តួចផ្តើមនេះ ធ្វើឡើងតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានផ្តល់អនុសាសន៍ ១០ ចំណុច ដោយក្នុងនោះ មានកិច្ចការអាទិភាពចំនួន ៦ ចំណុច។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា នៅថ្ងៃទី៣០ ខែធ្នូ បានឱ្យដឹងថា៖«កិច្ចការអាទិភាពក្នុងវិស័យការងារចំនួន ៥ចំណុច បានប្រកាសឱ្យអនុវត្តកន្លងមករួចមកហើយ រីឯអនុសាសន៍ទី៦ ទាក់ទងនឹងការរៀបចំបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ (សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ) ត្រូវបានយកចិត្តទុកដាក់ និងបដិសន្ធិឡើងជាស្ថាពរ»៕