លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បង្ហាញសុទិដ្ឋិនិយមខ្ពស់​ចំពោះសមត្ថភាព និងសក្តានុពល​ធនធានមនុស្ស​កម្ពុជា ជាពិសេស​សម្រាប់បណ្តា​និស្សិតខ្មែរ​ទៅ​សិក្សានៅក្រៅប្រទេស ដែលលោកជឿជាក់​ថា ធនធានមនុស្ស​កម្ពុជា​តែងខិតខំប្រឹងប្រែង​​រៀនសូត្រ ដើម្បីបុព្វហេតុ​កសាងកម្លាំងរួម ក្នុងការចូលរួម​បន្តរក្សាភាពធន់ និងកសាងសមត្ថភាពជាតិ​ដើម្បី​ប្រកួតប្រជែង​លើឆាកអន្តរជាតិ។
 
ការបង្ហាញ​សុទិដ្ឋនិយមខ្ពស់​របស់​លោក ហ៊ុន ម៉ានី ដូច្នេះ ធ្វើឡើងនៅ​ក្នុងជំនួប​សម្តែងការគួរសម និងសំណេះសំណាល ពីសំណាក់​ក្រុមប្រតិភូ​និស្សិតខ្មែរ​ដែលជាជយលាភី​អាហារូបករណ៍​ទៅសិក្សានៅ​ប្រទេស​នូវែលសេឡង់ សម្រាប់​ឆ្នាំ២០២៤ ចំនួន ៣២ នាក់ ក្នុងនោះមានស្រី ១៩ នាក់ កាលពីថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តី​ការក្រសួង​មុខងារសាធារណៈ។ នេះបើយោងតាម​ខ្លឹមសារ​ប្រកាសពី​ក្រសួង​មុខងារសាធារណៈ។
 
នៅក្នុងជំនួប​សំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានឆ្លៀតផ្តាំ​ផ្ញើការ​សួរសុខទុក្ខ និងការ​សាទរ​ពីប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដល់​ក្រុមនិស្សិត​ដែលទទួលបាន​ឱកាស​​ទៅសិក្សានៅ​នូវែលសេឡង់​នេះ។ លោកក៏បញ្ជាក់​ប្រាប់ក្រុម​និស្សិត​អំពីការយកចិត្តទុកដាក់ខ្ពស់​របស់រដ្ឋាភិបាល​អាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ដែលយក​ការលើកកម្ពស់​ធនធានមនុស្ស ជាអាទិភាព និងជាមុំស្នូល​នៃយុទ្ធសាស្ត្រ។ 


លោកបានសង្កត់ធ្ងន់​ដល់ប្រតិភូ​និស្សិត​អំពីសារៈសំខាន់នៃមូលដ្ឋាន​ចំណេះដឹង​ដូច្នេះ​ថា៖​«មូលដ្ឋាន​នៃចំណេះដឹង គឺជាកត្តា​សំខាន់ តែការចេះ​ប្រើប្រាស់​ចំណេះដឹង​ឱ្យត្រូវ​នឹងបរិបទ ចំគោលដៅ ស្របជាមួយនឹង​មធ្យោបាយ​ដែលមានក្នុង​ដៃរឹតតែសំខាន់​ក្នុងការឈានទៅការសម្រេច​ជោគជ័យ»។
 
ទន្ទឹមនឹង​នោះ លោក ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយម​ដល់សមត្ថភាព​របស់ធនធានមនុស្ស​កម្ពុជា ដែលលោកជឿជាក់​ថា ប្រតិភូនិស្សិត​កម្ពុជា​គ្រប់ៗរូប​នឹងខិតខំប្រឹងប្រែង​រៀនសូត្រ ទទួលបាន​ជោគជ័យលើ​ការសិក្សា ហើយវិល​ត្រឡប់​មកមាតុភូមិវិញ ដើម្បីយកចំណេះមក​ប្រើប្រាស់រួម ក្នុងទិសដៅបន្ត​រក្សាភាព​ធន់របស់ជាតិ និងកសាងសមត្ថភាពប្រទេសកម្ពុជា​ដើម្បីចូលរួម​ប្រកួតប្រជែង​លើឆាកអន្តរជាតិ។
 
លោក យង់ ពៅ អគ្គលេខាធិការ​នៃរាជបណ្ឌិត្យសភា​កម្ពុជា សង្កត់ធ្ងន់​ថា ធនធានមនុស្សកម្ពុជា​ពិតជាសមត្ថភាព មិនថា​អ្នកទទួលបាន​ការអប់រំ​នៅក្នុងស្រុក និងអ្នកទទួល​បានការអប់រំក្រៅ​ស្រុកនោះទេ ឱ្យតែទទួលបាន​ការអប់រំ បណ្តុះបណ្តាលមួយ​ដែលត្រឹមត្រូវ បូកផ្សំការខិតខំ​ប្រឹងប្រែង​ដោយខ្លួនឯង។

លោកបន្តថា៖«សម្រាប់ខ្ញុំ ធនធានកម្ពុជា​យើងជាឈាមជ័រមួយ​ដែលពូកែ​តាំងពីសម័យមហានគរ និងមុនមហានគរ​ទៅទៀត ដែលសង់​ប្រាសាទបាន​តួយ៉ាងអង្គរវត្ត ដែលជាសម័យកាល​បុរាណ។ នៅពេលថ្មីៗនេះ​វិញ ក្នុងការប្រណាំង​ប្រជែងផ្នែក​គណិតវិទ្យា​កម្រិតអន្តរជាតិក្តី សុទ្ធតែ​ទទួលបានចំណាត់ថ្នាក់ល្អ​ផងដែរ ដែលនេះ​សមត្ថភាពកូនខ្មែរ​ក្នុងការប្រកួតប្រជែង​លើឆាក​អន្តរជាតិ»។ 


ទោះជាយ៉ាងណា លោកសំណូមពរ​ឱ្យរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ ធ្វើយ៉ាងណា​លើកស្ទួយនិងលើកកម្ពស់​ដល់ធនធានមនុស្ស​ខ្មែរ​ដែលមាន​សមត្ថភាព និងបើកលទ្ធភាព​ឱ្យមានការប្រកួតប្រជែង​ក្នុងស្រុកប្រកបដោយ​សមធម៌ ចៀសវាង​យកនិន្នាការ​បក្សពួកនិយម ឬគ្រួសារ​និយម មកប្រើប្រាស់​ដែលជារនាំង​សម្រាប់​ធនធានមនុស្ស​ពូកែ​ពិតប្រាកដអាចបញ្ចេញ​សមត្ថភាពបាន៕