​ភ្នំពេញៈ​ គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នឹង​រៀបចំ​បញ្ចុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ទីស្តី​ការ​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃទី២ ​ខែមករា ​ឆ្នាំ ២០២៤ ​ដែល​អគារ​ថ្មី​នេះ​នឹង​ធ្វើ​ឡើង​នៅ​លើ​ដី​ដែល​រាជរ​ដ្ឋាភិបា​ល​បាន​ដកហូត​ពី​លោក ​គង់ គាំ អតីត​មន្ត្រី​គណ​បក្ស​ប្រឆាំង​ស្ថិ​តនៅ​លើដី​ឡូត៍​លេខ​៧១​ វិថី​សុធា​រស សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំកា​រមន ​រាជ​ធានី​ភ្នំពេញ​។


យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​គ​.​ជ​.​ប​ចុះ​ថ្ងៃទី​២៩​ ខែធ្នូ ឆ្នាំ​២០២៣​ បាន​ឱ្យដឹង​ថា គ​.​ជ​.​ប នឹង​រៀបចំ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ទីស្ដី​ការ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ក្រោម​អធិបតីភាព​ លោក​ ប្រាជ្ញ ចន្ទ ​ប្រធាន គ​.​ជ​.​ប​។ កម្ម​វិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២ ​ខែមករា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង ​៧:០០​ព្រឹក ​នៅ​ដី​ឡូ​ត៍​លេខ​ ៧១​ វិថី​សុធា​រស ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​។​

​លោក ​សោម សូ​រី​ដា សមាជិក​ គ​.​ជ​.​ប ​បាន​ប្រាប់​នៅ​ថ្ងៃទី​៣១​ ខែធ្នូ ថា ​លោក​មិន​បាន​ដឹង​ពី​ទំហំ​ថវិកា​ដែល​ត្រូវ​ចំណាយ ​និង​លក្ខណៈ​អគារ​ទីស្តី​កា​រ គ​.​ជ​.​ប ​ថ្មី​ដែល​នឹង​ត្រូវ​សាង​សង់​នៅលើ​ទីតាំង​ដី​ខាងលើ​នោះ​ទេ ​ព្រោះ​ព័ត៌មាន​ទាំង​អស់​ស្ថិត​នៅលើ​​ដៃ​គណៈ​កម្ម​ការ​សាង​សង់​ដែល​ដឹក​នាំ​ផ្ទាល់​ដោយ​លោក​ ប្រាជ្ញ ចន្ទ​។ 


ប៉ុន្តែ លោក​ថា ​អគារ​ទីស្តីកា​រគ​.​ជ​.​ប​ថ្មី ពិត​ជា​មាន​សារៈ​សំខាន់ ​សម្រាប់​គ​.​ជ​.​ប​ក្នុង​ការ​ធានា​បាន​សុវត្ថិ​ភាព​សម្រាប់​បំពេញ​ភារកិច្ច​របស់​ខ្លួន​តាម​ការ​កំណត់​ដោយរ​ដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​និង​ច្បាប់​ស្តីពី​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត​។​

លោក​ សោម សូ​រី​ដា បាន​បន្ត​ថា មួយ​វិញទៀ​ត អ​គារ​ទីស្តីការ​ថ្មី​នេះ ក៏​សម្រាប់​បម្រើ​កិច្ចការ​នៃ​ការ​អនុវត្ត​របស់​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​គ​.​ជ​.​ប ដែល​ត្រូវ​ការ​អគារ​ដែលមា​ន​ទំហំ​ធំ​ទូលាយ ​ដើម្បី​ធានា​ដល់​អគ្គ​នាយក​ដ្ឋាន​ចំនួន​ ​៣ បំពេញ​កិច្ច​កា​របស់ខ្លួ​ន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ដែល​រួម​មាន​ អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​ និង​ហិរញ្ញវ​ត្ថុ អគ្គ​នាយ​កដ្ឋាន​សេវា​កម្ម​ច្បាប់ ​និង​បច្ចេក​ទេស​ និង​អគ្គ​នាយក​ដ្ឋាន​បណ្តុះ​បណ្តាល​ព័ត៌​មាន និង​ទំនាក់​ទំនង​សា​ធារ​ណៈ ​ដែល​មាន​នាយក​ដ្ឋាន​៨​នៅ​ក្រោម​ចំណុះ​។​


​លោក​បាន​ថ្លែង​ថា​៖«​អគារ​ទីស្តីការ​ថ្មី​នេះ ក៏​នឹង​ធានា​សមាស​ភាព​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ទាំង ៩​ រូប  មាន​ទី​កន្លែង​សមរ​ម្យ​សម្រាប់​បំពេញ​កិច្ចកា​រ​ខ្លួន​ផង​ដែរ​។ អ៊ីចឹង​ការសាងស​ង់​អគារ​ថ្មី​នេះ គឺ​ពិតជា​សារៈ​សំខាន់​សម្រាប់​ស្ថាប័ន​ជាតិ​មួយ​នេះ​»​។​

​បើតាម លោក សោម ​សូ​រី​ដា ទីតាំង​ដី​ដែល​នឹង​សាងស​ង់​អគារ​ទីស្តីកា​រគ​.​ជ​.​ប​ថ្មី​នេះ​ គឺជា​ដី​ដែល​រាជរដ្ឋា​ភិបា​ល ដ​កហូត​ពី​លោក​គង់​ គាំ ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​ដែល​បាន​ប្រគល់ឱ្យ​​គ​.​ជ​.​ប ធ្វើជា​កម្ម​សិទ្ធិ​ និង​រៀបចំ​សាង​សង់​អគារ​ទីស្តី​ការ​ថ្មី​នេះ​។​

​លោក ​ បាន​បញ្ជាក់​ទៀត​ថា ​ក្រោយពី​អគារ​ទីស្តី​កា​រគ​.​ជ​.​ប​ថ្មី​សាង​សង់​រួចរាល់ ​មន្ត្រី​ទាំងអ​ស់​នឹង​រើ​ចេញពី​អគារ​ទីស្តី​ការ​ចាស់​ដែល​នៅ​ជាប់​នឹង​អគារ​ណា​ហ្គា​វើ​ល ​ហើយ​នឹង​ប្រគល់​អគារ​នោះ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ណា​ហ្គាល​វើ​ល​ជា​អ្នក​គ្រប់​គ្រង​វិញ​។​

​ជុំវិញ​បញ្ហា​នេះ ​លោក​ សម​ គ​ន្ធា​មី នាយក​ប្រតិប​ត្តិ​និក​ហ្វិ​ក នៅ​ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ​២០២៣​ ស្នើសុំ​មិន​ធ្វើ​អត្ថាធិ​ប្បាយ​ជុំវិញ​រឿ​ងនេះ​ទេ​។​

​សូម​រំឭក​ផង​ដែរ​ថា លោក គង់ គាំ និង​ភរិយា​បានស​ម្រេច​ប្រគល់​ដី​ទំហំ​៥​ ២៩០​ម៉ែត្រកា​រ៉េ​និង​ផ្ទះ​ ស្ថិ​តនៅ​ក្នុង​ភូមិ​៥ សង្កាត់​ទន្លេ​សាក់​ ដែល​លោក ​គង់ គាំ និង​លោក​ស្រី​សៀក​ អយ ​ទទួល​បាន​វិញ្ញាបន​បត្រ​សម្គាល់​កម្ម​សិទ្ធិ​ កាលពី​ថ្ងៃទី​១៩ ​ខែមករា​ ឆ្នាំ​២០១៥​ ជូន​ទៅ​រដ្ឋ​គ្រប់​គ្រង​វិញ ​ក្រោយ​ពី​លោក ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ឱ្យ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ លើ​ករណី​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដោយ​ខុស​ច្បាប់​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១២ ​ខែមករា​ ឆ្នាំ​២០២​៣ លោក​ គង់ គាំ បាន​សរសេរថា៖ «​ដោយ​រូប​ខ្ញុំបាទ​មាន​ការ​ឆ្គាំឆ្គ​ង និង​យល់​មិន​បាន​អស់​ពី​បែប​បទ​នៃ​ការ​សុំ​កាន់​កាប់​ផ្ទះ​និង​ដី​និង​ម្យ៉ាង​ទៀត​ដើម្បី​កុំឱ្យ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ខាត​ពេល​វេលា​ក្នុងការ​ស្រាវ​ជ្រាវ​ហើយ​អាច​បញ្ចប់​ករណី​នេះ ​ខ្ញុំបាទ​ និង​ភរិយា សូម​ប្រគល់​ផ្ទះ​ និង​ដី​លេខ​៧១​នេះ​ដោយ​ស្ម័គ្រចិ​ត្ត​ជូន​រដ្ឋ​វិញ​»៕