ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុង​រយៈពេល៤៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ដល់​៣០ ខែធ្នូ ឆ្នាំ​២០២៣ មាន​យុវជន​យុវនារី​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ បាន​ចុះឈ្មោះ​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ប្រមាណ​ជិត​២​ម៉ឺន​នាក់ ខណៈ​ក្រសួង​ការងារ​នឹង​បើក​បវេ​សន​កាល​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ ខាងមុខនេះ​។​


​លោក កត្តា អ៊​ន រដ្ឋ​អ្នកនាំពាក្យ​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៣​ថា នៅក្នុង​រយៈពេល​៤៥​ថ្ងៃ ក្រោយ​ប្រកាស​ដាក់ឱ្យអនុវត្ត​គោលនយោបាយ​មាន​យុវជន​ប្រមាណ​ជិត​២​ម៉ឺន​នាក់បាន​ចុះឈ្មោះ​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេសនៅតាម​សាលា​វិជ្ជាជីវៈ​ផ្សេងៗ ដែល​នេះ​គឺ​មោទនភាព និង​ជា​ជោគជ័យ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។​

​លោក​បាន​បញ្ជាក់ថា​៖«​វា​ជា​ជោគជ័យ​របស់​ក្រសួង​ការងារដែល​បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ដល់​យុវជន គ្រប់​ស្រទាប់ គ្រប់​ទីកន្លែង​ទាំងអស់តាមរយៈ​ការចុះឈ្មោះ​នៅតាម​គ្រឹះស្ថាន​ដោយផ្ទាល់ដែលមាន​ចំនួន​៣៧​គ្រឹះស្ថាន​ទូទាំងប្រទេស និង​តាមរយៈ​ទំនាក់ទំនង​មក​មន្ទីរ​ការងារ​ទាំង​២៥​រាជធានី​ ខេត្ត ក៏ដូចជា ​អាជ្ញាធរ​ដែនដី​ឃុំ​សង្កាត់​ដែល​នៅជាប់​លំនៅឋាន​របស់គាត់​»​។

​លោក​ កត្តា អ៊​ន បាន​បន្ថែមថា ក្រសួង​បាន​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ជាពិសេស​ក្រុមការងារ​របស់​ក្រសួង​បាន​ចុះទៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តងដែល​នេះ​គឺជា​សកម្មភាព​មួយដែល​បានធ្វើឱ្យ​មហាជន និង​យុវជន​មានការ​ចាប់អារម្មណ៍​ចំពោះ​ការចុះឈ្មោះ​ចូលរួម​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​។​


«​វិទ្យាស្ថាន​បណ្តុះបណ្តាល​ប​ច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការងារ នឹង​បើក​បវេសនកាល​ព្រម​គ្នា​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤​ ខាងមុខ ដើម្បី​ផ្តើម​ការបណ្តុះបណ្តាល​វគ្គ​ទី​១​។ កម្មវិធី​បើក​បវេសនកាល​ធំ គឺធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC) ដែលជា​និមិត្តរូប​នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​នូវ​ទូទាំងប្រទេស​នៃ​កម្មវិធី​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានប្រកាស​ដាក់ចេញ​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ដោយ​សម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​»​។  នេះ​បើតាម លោក កត្តា អ៊​ន បានបញ្ជាក់​ប្រាប់​បន្ថែម​។​

​លោក​បានលើកឡើង​ដែរ​ថា យុវជន​មកពី​គ្រួសារ​ក្រីក្រ ជាង​១៩ ០០០​នាក់ ដែល​បានមក​ចុះឈ្មោះ​ចូលរៀន​នេះ ក្នុងនោះ​មាននៅ​រាជធានី​ភ្នំពេញ ច្រើនជាងគេ ខណៈ​វិស័យ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើនជាងគេ​គឺ វិស័យ​សំណង់​, អគ្គិសនី និង​ថាមពល​, អេឡិចត្រូនិក​, កម្មន្តសាល​, មេកានិចទូទៅ​/​មេកានិច​រថយន្ត​, ធុរកិច្ច និង​ព័ត៌មានវិទ្យា និង​បរិក្ខារ​ត្រជាក់ និង​កម្តៅ​ជាដើម​។
 
​អ្នកនាំពាក្យ​ក្រសួង​ការងារ ក៏បាន​រំឭក​ដែរ​ថា ដើម្បី​ទទួលបាន​សិស្ស​ចុះឈ្មោះ​ចូលរៀន មន្ត្រី​ក្រសួង​គ្រប់​ជាន់ថ្នាក់ និង​វិទ្យាស្ថាន​ទូទាំងប្រទេស បានចេញ​យុទ្ធនាការ​គោះទ្វា​រគ្រប់​ខ្នង​ផ្ទះ​នៅ​គ្រប់​ច្រកល្ហក និង​ទីប្រជុំជន​ដើម្បី​ប្រកាស និង​ពន្យល់​ពី​កម្មវិធី​ថ្នាក់ជាតិ​ធ្វើយ៉ាងណា​ឱ្យ​ក្រុមយុវជន​គោលដៅ​ចុះឈ្មោះ​ចូលរៀន​។ 


​លោក តាន់ មុនី​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បានលើកឡើង​ដែរ​ថា ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន១,៥លាន​នាក់ដែល​ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យអនុវត្ត​នេះ​គឺជា​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ត្រឹមត្រូវនិង​ចំ​គោលដៅក៏ដូចជា​តម្រូវ​ការ
ដើ​ម្បី​ឱ្យ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អាច​ឆាប់​មាន​ជំនាញ​វិជ្ជាជីវៈ និង​ឆាប់​មានការ​ងារ​ធ្វើ​សមរម្យ​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​។​

​លោក​បាន​ថ្លែងថា កន្លងទៅ វិនិយោគិន​បរទេស អាច​នឹងមាន​ការស្ទាក់ស្ទើរក្នុងការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ធុន​មធ្យម ឬ​ធុន​ធ្ងន់ ដោយសារតែ​បង្ហាញ​កង្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​។ ដូច្នេះ​ដាក់​នូវ​គោលនយោបាយ​នេះ វិស័យ​ឯកជន រីករាយ និង​គាំទ្រ​យ៉ាងខ្លាំង​។​

​លោក​បាន​បញ្ជាក់ថា​៖«​ជាការ​ពិតណាស់នៅ​កម្ពុជា​យើងមានកម្លាំង​យុវជន​ច្រើន ប៉ុន្តែ​យើង​នៅ​ខ្វះ​ការបណ្តុះបណ្តាល​លើ​ជំនាញ​បច្ចេកទេសដែលជា​តម្រូវការ​ទីផ្សារការងារ​។ ខ្ញុំ​សង្ឃឹមថា ចាប់ពី​ឆ្នាំ​២០២៤ ​តទៅយើង​នឹង​លែង​ខ្វះខាត​កម្លាំង​ពលកម្ម​ទៀត តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ដែល​នឹង​ផ្តល់នូវ​ធនធានមនុស្ស ដែល​ប្រកបដោយ​ចំណេះ​ជំនាញ​ពិតប្រាកដ ដែល​អាច​បម្រើការ​ដល់​វិស័យ​អាទិភាព​របស់​កម្ពុជា​យើង​»​។​

​បើតាម​ក្រសួង​ការងារ ការបណ្តុះបណ្តាល​នេះនឹង​ផ្តោតលើ​វិស័យ​ចំនួន​១០ មាន​៣៨មុខជំនាញដែលវិស័យ​ទាំង​១០​នោះរួមមាន​៖ វិស័យ​សំណង់​,អគ្គិសនី​,អេ​ឡិច​ត្រូ​និ​ក​,បរិក្ខា​រក្តៅ​និង​ត្រជាក់​,មេកានិច​ទូទៅ​និង​មេកានិច​រថយន្ត​,​ទេសចរណ៍​,សេវាកម្ម​,កសិកម្ម ​និង​កសិឧស្សាហកម្ម​, ធុរកិច្ច និង​បច្ចេកវិទ្យា​ព័ត៌មាន​៕