បាត់​ដំបងៈ ​​លោក​ សុខ លូ អ​ភិបាលខេ​ត្ត​បាត់​ដំប​ងបាន​ថ្លែង​ថា ​រដ្ឋបាល​ខេត្ត​នឹង​បន្ត​រៀបចំ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ថ្មីៗ​ជា​ទៀង​ទាត់ ៣​ទៅ​៤​ដង​ក្នុង​១​ឆ្នាំ ​ដើម្បី​រួមចំណែ​ក​ក្នុងការ​ទាក់​ទាញ​ទេសចរ​បន្ថែម​ទៀត ​បន្ទាប់ពី​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ម្ហូប​អាហារ​ និង​បង្អែម​ខ្មែរ​នេះ បញ្ចប់​ទៅ​។​

​លោក​បាន​ថ្លែង​បែប​នេះ នា​ព្រឹត្តិកា​រណ៍​ពិព័រ​ណ៍​ម្ហូបអា​ហារ ​និង​បង្អែម​ខ្មែរនៅ​ខេត្តបា​ត់ដំ​បង​ដើម្បី​អបអ​រសាទរ​ខេត្ត​បាត់ដំ​បងជាប់​ជា​ខេត្តមាន​ការច្នៃ​ប្រឌិត​លើ​ផ្នែក​ម្ហូប​អាហារ​របស់​អង្គការU​NESCO និង​ដើម្បី​អបអ​រ​សាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មីឆ្នាំ​សកល​២០២៤​។

ព្រឹត្តិ​ការណ៍​ បាន​រៀបចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​២៩ ​ដល់​ថ្ងៃទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០២៣ ​ដែលជា​ព្រឹត្តិ​ការណ៍​ម្ហូបអា​ហា​រ និង​បង្អែម​ខ្មែរដ៏​សម្បូ​របែបដែល​បាន​យកម​ក​ដាក់តាំ​ង​បង្ហាញ​សម្រាប់​ភ្លក្ស និង​សម្រាប់​លក់​។​


​លោក​សុខ​ លូ បាន​ថ្លែ​ងថា​៖«​យើង​បាន​រៀ​ចំ​ពិព័រណ៍​ម្ហូបអា​ហារ​ជា​លើក​ទី​២ ដើម្បី​បង្ហាញ​ដល់​បងប្អូន​ប្រ​ជាពល​រដ្ឋ និង​អ្នក​ទេសចរ​បាន​ដឹ​ងថា​ បាត់​ដំបង​យើង​មាន​អ្វីខ្លះដើម្បី​បង្ហាញ​ដល់​បងប្អូន​អ្នក​ទេសចរ​យើង​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ពិធី​នេះ​នឹងមាន​រៀបចំ​ជា​បន្ត​បន្ទាប់​ទៀត​»​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា៖«​រដ្ឋបា​លខេ​ត្ត​ក៏បាន​គិតគូ​រ ក្នុងការ​បង្កើត​នូវ​ព្រឹត្តិ​ការណ៍ ​ដែលមា​ន​លក្ខណៈ​ជា​ទម្លាប់ ​ដើម្បី​យ៉ាង​ណា​អាច​ទាក់ទា​ញ​អ្នកទេស​ចរ​បាន​ច្រើន​ទៅ​ថ្ងៃ​អនាគត​។ ​ឧ​ទាហរណ៍​ថា យើង​កំណត់​យក​ខែ​ដែល​សម្បូរ​ទិន្ន​ផល​ក​សិផល​របស់​យើង ដូចជា​ទុរេន​សំឡូត​ ក្រូច​ពោធិ៍សា​ត់​ ឬ​ខែ​ប្រមូល​ស្រូវ​អង្ករ​ជាដើ​ម ​ដែល​យើង​​អាច​នឹង​គិត​រៀបចំ​ឱ្យមាន​ព្រឹត្តិ​ការណ៍​នេះ៣​ឬ​៤ដង ក្នុង​១​ឆ្នាំ ខ្ញុំ​យល់ថា​ប្រាកដជា​​អាច​ទាក់​ទាញ​ទេសច​រ​បាន​ច្រើន​»​។​


​ជាមួ​យគ្នា​​នោះដែ​រ ​លោក​អភិ​បាល​ខេត្ត​នេះ​បាន​ចាត់​ទុកថា ​ព្រឹត្តិ​ការណ៍​នេះ​មិន​ត្រឹមតែ​ស្ដែង​ចេញ​នូវ​ការគាំ​ទ្រ​លើ​វិស័យ​វប្បធម៌​ប៉ុណ្ណោះ​ទេ តែ​ជាការ​រួម​ចំណែក​ថែរក្សា​ទំនៀម​ទម្លាប់​ប្រពៃ​ណីនិ​ង​លើកស្ទួ​យ​វប្បធម៌​ជាតិ​ឱ្យបាន​ថ្កុំ​ថ្កើង​រុង​រឿងនិង​ស្ថិត​ស្ថេរ​ជា​អមតៈ​​ក្នុង​ដួង​ព្រលឹង​កូន​ខ្មែរ​ទាំង​អស់​គ្នា​ជា​រៀង​រហូត​។​

​លោក​សុខ​ លូ បាន​បន្ត​ដែរ​ថា​ ការ​រៀបចំ​ព្រឹ​ត្តិ​ការណ៍​ពិព័រណ៍​ម្ហូប​អាហារ​នេះ​ឡើងគឺមាន​សារៈ​សំខាន់​សំដៅ​លើកក​ម្ពស់​ដាស់​ស្មារតី ​រំឭក​ដល់​កូន​ខ្មែរ​គ្រប់ៗ​រូប​ឱ្យ​ចូល​រួម​បង្កើត​បាន​ជា​ចលនា​យ៉ាង​ផុល​ផុស​ ក្នុង​ការ​ថែរក្សា​ការ​ពារ​ និង​លើក​ស្ទួយ​តម្លៃ​នៃ​កេរមរ​តក​វប្ប​ធម៌​ជាតិ​ ជា​ពិសេស​យល់​ដឹង​ពីអ្វី​ដែល​ខេត្ត​បាត់​ដំបង​មាន​សក្តានុ​ពល ​ដូច​ជា រមណីយ​ដ្ឋាន​វប្បធម៌ ​ប្រវត្តិសា​ស្ត្រ​កែច្នៃ ​និង​ធម្មជាតិ ​ពិសេស​ខេត្ត​បាត់​ដំបង​ក៏​ធ្លាប់​ជា​ខេត្ត​ជង្រុក​ស្រូវ​ ជម្រក​មច្ឆ​ជាតិ ​ដំណាំ​ឈើ​ហូប​ផ្លែ ​ហើយក៏​ជា​តំបន់​ក​សិ​-​ឧស្សា​ហកម្ម​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​ភាព​នៃ​ចរន្ត​សកល​ភាវូបនី​យកម្ម បាន​នាំមក​នូវ​ឱកាស​ដ៏​វិសេសវិ​សាល​សម្រាប់​យើង​ជា​ខ្មែរ​គ្រប់ៗ​រូប​ ដើម្បី​រំលេច​ចេញ​នូវ​អត្ត​សញ្ញា​ណ​ជាតិ​ ពង្រឹង​អត្តស​ញ្ញាណ​ជាតិ លើក​ត​ម្កើ​ង​ប្រពៃណី​​ទំនៀម​ទម្លាប់​ជាតិ​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេ​រ នៅក្នុង​​ចរន្ត​ដ៏​ខ្លាំងក្លា​នៃ​សកល​ភាវូ​បនីយ​កម្ម​នេះ ដែ​ល​បានធ្វើ​សមាហ​រណ​កម្ម​កម្ពុជា​នៅក្នុង​តំប​ន់ និង​ក្នុង​ពិភព​លោក​»​។​

​លោក​បន្តថា ​​នេះ​ជា​កត្តា​សំខាន់បំផុ​ត​សម្រាប់​ការអ​ភិវឌ្ឍ​សង្គម​កម្ពុជា​ មួយ​បម្រើ​គោល​ដៅ​សេដ្ឋកិ​ច្ច ​សង្គម​កិច្ច ពាណិជ្ជក​ម្ម​និង​ទេ​ស​ចរ​ណ៍​ធ្វើឱ្យ​វិស័យ​វប្បធម៌​​ខ្មែរ​ក្លាយ​ជា​កត្តា​កំណត់​មួយ​មានកា​រ​ចាប់​អារម្មណ៍​ពី​ប្រទេស​ខាង​ក្រៅ និង​សម្រាប់​រួមចំ​ណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​ផងដែរ​។​

​ថ្នាក់ដឹ​កនាំ​​ខេត្ត​បាត់ដំ​បង​ បាន​អំពា​វនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ត​យកចិ​ត្តទុ​កដាក់​លើកត​ម្កើង​ និ​ង​ថែរក្សា​មុខម្ហូប​អាហារ ​ប​ង្អែម​ខ្មែរ​អ្នក​បាត់​ដំបង​ដោយ​យកចិ​ត្ត​ទុកដាក់​បង្រៀន​ពី​ការដាំ​ស្ល ការ​ផ្សំ​គ្រឿង ​ការ​កែច្នៃ​មុខម្ហូប​ដល់​កូន​ចៅ ​ជាពិសេស​នៅតាម​​សាលា​រៀន លោ​កគ្រូ ​អ្នក​គ្រូ គួរ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ផ្នែក​វិជ្ជា​មេផ្ទះ​ដល់​សិស្ស​នារី ដែ​លជា​អ្នក​ស្នង​ត្រកូល​ បន្តវេន​​ក្រោយៗ​​ទៀត​។

​​លោក ​អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ការ​រៀបចំ​ព្រឹត្តិកា​រណ៍​ពិព័រណ៍​នានា​យ៉ាង​សម្បូរ​បែប ​បាន​ជំរុញ​ឱ្យ​ភ្ញៀវ​ទេ​សចរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​បាត់​ដំ​បង មាន​ការ​កើន​ឡើង​ពី១​ឆ្នាំទៅ​១​ឆ្នាំ​។​

​​លោក​បាន​បន្តថា​ ព្រឹត្តិ​ការណ៍​ពិព័រណ៍​ម្ហូប​អា​ហារ និង​បង្អែម​ខ្មែរ​នេះ ក្នុង​គោល​បំណង​ដើម្បី​អបអ​រសាទ​រ​ខេត្ត​បាត់​ដំបង​ជាប់​ជា​ខេត្ត​មាន​ការ​ច្នៃ​ប្រឌិត​​លើ​ផ្នែក​ម្ហូប​អាហា​រ របស់​អង្គការ​ UNESCO  ខណៈដែល​ម្ហូបអា​ហារ​នេះ ​គឺជា​ភាព​ចាំបា​ច់​បំផុត​ សម្រាប់​វិស័យ​ទេស​ចរណ៍​។​

​លោក​បាន​បញ្ជាក់​ថា​៖«​បាត់​ដំប​ង ជា​ជង្រុក​ស្រូវ​របស់​កម្ពុជា ​និង​ជា​ខេត្ត​ដែល​សម្បូរ​ទៅដោ​យ​ម្ហូបអា​ហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ច្រើន​ទម្រង់​។​ភ្ញៀ​វទេស​ចរ​ជាច្រើន​ ដែល​មក​ទេសចរ​ក្នុង​ខេត្ត​នេះ ​ក្រៅពី​ទស្សនា​តំបន់​រមណីយ​ដ្ឋាន​នា​នា តែ​ក៏​ចង់​ភ្លក្ស​រស​ជាតិ​ម្ហូប​អាហា​រ​ដ៏​សម្បូរបែ​ប​នៅទី​នេះ​ផង​ដែរ​»​។

​លោក​អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា បាន​បន្ថែម​ដែរ​ថា ការ​ដែល​ខេត្ត​បាត់​ដំបង​ ជាប់​ជា​ខេត្ត ​មាន​ការច្នៃ​ប្រឌិត​​លើ​ផ្នែក​ម្ហូបអា​ហារ​របស់​អង្គការ UNESCO​ នាពេ​ល​ថ្មីៗ​នេះ គឺជា​ចល​ករ​មួយ​ក្នុង​ការ​ជំរុញ​ពិភព​លោក​កា​ន់តែ​មានការ​ចាប់អា​រ​ម្មណ៍​ចំពោះ​ខេត្ត​បា​ត់ដំប​ង​។​

​សូម​ជម្រាប​ថា ព្រឹ​ត្តិការណ៍​ពិព័រណ៍​ម្ហូបអា​ហា​រ និង​បង្អែម​ខ្មែរ​ នៅ​ខេត្តបា​ត់ដំបង​ មាន​ការ​ចូលរួម​តាំង​បង្ហាញ​ម្ហូប​ប្លែកៗ​ប្រមាណ​១១១​​ស្តង់ ​ដែល​រៀបចំ​ដោយ​មន្ទីរ​អង្គ​ភាព​​រដ្ឋ​បាល​ក្រុង​ស្រុក និង​អាជីវ​ករ​​នៅក្នុង​ខេត្ត​បាត់​ដំ​បង​៕