ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​​​ក្រសួងកា​រ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​អះ​អាង​​ថា សំណើរ​បស់​ក្រុម​សហជីព ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ជិត ២០​ស្ថាប័ន ដែល​បាន​ដាក់​ជូន​ក្រសួងនាពេលកន្លងទៅនេះ​​ ​​ក្រសួង បាន​និងកំពុ​ង​​អនុវត្ត​ដោយ​​ទទួល​បាន​លទ្ធផល​ល្អ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​។


លោក កត្តា អ៊ន អ្នក​​​នាំ​​ពាក្យ​ក្រសួង​ការ​ងារ ​បាន​ឱ្យដឹ​ង​នៅថ្ងៃទី​៣១ ខែ​ធ្នូ​ថា រាល់​សំណើ​ ២២​ចំណុច​ដែល​ក្រុម​អង្គការ សមាគម និង​​សហជីព ដាក់​មក​​​ក្រសួងការងារ​ដើម្បី​ធ្វើ​ការ​ពង្រឹ​ង​ និង​ពង្រីក​សេវា​​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម​ឱ្យ​មាន​ប្រសិទ្ធ​ភាព តម្លាភាព និ​ងគណនេយ្យភាព គឺក្រ​សួង​បាន​ពិនិត្យ​ឃើញ​ថា រាល់​សំណើ​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​ បាន​និង​កំពុង​​​អនុវត្ត​ និង​បាន​ទទួល​លទ្ធផ​ល​ល្អ​។​

បើ​តាមលោក កត្តា អ៊ន ​ចំពោះ​ការ​លើក​ឡើង​ខាង​ភាគី​សហជីព រួម​ទាំង​អង្គការ​សមាគម​ទាំង​នោះ ទាក់ទ​ង​​នឹង​ចំណុច​ខ្វះខា​ត​ផ្សេងៗ​ទៀត ​រួម​មាន៖ ការ​មិន​បាន​យក​ចិត្ត​ទុ​កដាក់​ព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ ហើយ​និង​ការ​ទូ​ទាត់​សំណង​មាន​ការ​យឺត​យ៉ាវ​ជា​ដើម គឺ​ក្រសួង​នឹង​ធ្វើ​ការពិ​និត្យ ​ពិចារណា និង​កែ​លម្អ​ភាព​ខ្វះ​ចន្លោះ​ណា​មួយ​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត​។ 


ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រជាលរដ្ឋ​ដែល​ជា​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមា​ជិក ប​.​ស​.​ស​​ ចូល​រួម​ចុះ​ឈ្មោះ​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ទទួល​បាន​បណ្ណ ប​.​ស​.ស​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ថែ​ទាំ​សុខភាព​។

សូម​រំឭក​​​​​ថា កាល​ពីថ្ងៃ​​ទី​២៥ ខែ​ធ្នូ តំណាង​សហព័ន្ធ​សហជីព និងអង្គការ សមាគម​ចំនួន ១៧​ស្ថាប័ន​រួម​មាន​៖ សហភាពកា​រ​ងារ​កម្ពុជា សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា ក៏​ដូច​ជា​អង្គការត​ម្លាភាព​កម្ពុជាបាន​ស្នើ​សុំ​ក្រសួង​ការ​ងារ និង​ប​.​ស​.​ស​ ឱ្យ​បង្កើត​គោល​ការណ៍ និង​ពង្រឹង​ការ​អនុវត្ត​សេវា​ឱ្យ​មាន​ប្រសិទ្ធ​ភាព រួម​ទាំង​ពង្រីក​ការ​ចុះ​បញ្ជិកា​គ្រប​ដណ្ដប់​ទៅ​ដល់​​កម្មករ​និយោជិតក្នុ​ងក្រុ​មហ៊ុនតូ​​ចៗ​ផ្នែក​សំណង់ កសិកម្មរួម​​ទាំង​​អ្នក​ក្រៅ​ប្រព័ន្ធ​ផង​ដែរ​។ 


ក្នុង​លិខិ​ត​ដាក់​ជូន​ក្រសួងបាន​​បញ្ជាក់​ថា៖ «​យើង​សង្កេត​ឃើញ​ថា ប.​​ស​.​ស​ ដែល​​កំពុង​តែ​ដំណើរ​ការ​នេះ​ឃើញ​មាន​ការ​វិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែ​ក៏​នៅ​ឃើញ​មាន​ចំណុច​ខ្វះខា​ត​ផ្សេងៗ​ទៀត​ផង​ដែរ​ដូច​ជា ការ​យល់​ដឹង​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធស​ន្តិសុខ​សង្គម​នៅ​មាន​កម្រិត ការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ ការ​ទូ​ទាត់​សំណង​មាន​ការ​យឺត​យ៉ាវ និង​កម្មករ​និយោជិត​វិស័យ​ក្រៅ​ប្រព័ន្ធ និង​កម្មករ​និយោជិត​នៅ​ក្នុង​ប្រព័ន្ធ​ជា​ច្រើន​ទៀត មិន​ទាន់​បាន​ចុះ​ឈ្មោះ​ពួកគេ ចូល​ជា​សមាជិក ប​.​ស​.​ស​​នៅ​ឡើយ​….​​»។

បើ​តាម​លិខិត​រួម​នេះ​ដែរ ក៏​មាន​ភ្ជាប់​ជា​មួយ​ឯក​សារ​សំណើ​ចំនួន ២២​ចំណុច​របស់​តំណាង​សហព័ន្ធ​សហជីព និង​អង្គការ​ទាំង​នោះ ដោយ​បង្ហាញ​ពី​ដំណោះស្រាយ និង​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ និងភាពខ្វះ​ខាត​​ខា​ង​លើ​ឱ្យ​បាន​ទាន់​ពេល ដើម្បី​ធ្វើយ៉ា​ង​ណា ត្រូវ​ពង្រឹង និង​ពង្រីក​សេវា​​បេឡាជាតិរបប​សន្តិ​សុខ​សង្គម​ឱ្យ​មា​ន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​៕