ភ្នំពេញៈ ការ​អាចធ្វើ​លិខិតឆ្លងដែន​បាន​នៅក្រៅ​ប្រទេស​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២៤​ នេះ នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​ត្រឹមតែ​បង្កលក្ខណៈ​ងាយស្រួល​ចំណេញ​ទាំង​ថវិកា​និង​ពេលវេលា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ឱកាស​សម្រាប់​អ្នក​ដែលមាន​កូនតូចៗ​ដែល​ពួក​-​គាត់​ពុំទាន់​មាន​លិខិតឆ្លងដែន​ក៏​អាចធ្វើ​លិខិតឆ្លងដែន​បាន​ផងដែរ​។​


​កញ្ញា​ម៉ា ស្រី​និ​ច​ជា​ស្ត្រី​អនិកជន​ខ្មែរ ដែល​កំពុង​រស់នៅ​កូរ៉េ​ថ្លែងថា កាលពីមុន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ និង​បម្រើ​ការងារ​នៅ​កូរ៉េ​នៅពេលដែល​លិខិតឆ្លងដែន​របស់​ពួកគាត់​ជិត​ផុត​សុពលភាព​គឺ​ត្រូវ​ទៅធ្វើ​នៅ​កម្ពុជា ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ជាច្រើន​ក្នុងការ​ធ្វើដំណើរ​។ កញ្ញា​ថា​៖«​ប៉ុន្តែ​នៅក្នុង​ឆ្នាំ ​២០២៤​ ខែមករា បងប្អូន​ខ្មែរ​យើង​គាត់​អាចធ្វើ​លិខិតឆ្លងដែន​ថ្មី​នៅ​ប្រទេស​កូរ៉េ​ដោយ​ពុំ​បាច់​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​ទៀតឡើយ ហើយ​វា​ក៏​ជា​ឱកាសល្អ​សម្រាប់​បងប្អូន​ដែល​គាត់​មានកូន​តូចៗ ដែល​ពួកគាត់​ពុំទាន់​មាន​លិខិតឆ្លងដែន​។ ពួកគាត់​អាចដាក់​ពាក្យស្នើសុំ​ធ្វើលិខិត​ឆ្លងដែន​ឱ្យ​កូនៗ​របស់​ពួកគាត់​បាន​»​។​

​លោក​សន ខន​ក៏​ជា​ពលករ​ខ្មែរ​នៅ​កូរ៉េ​ដែរ​នោះបាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា ការធ្វើ​លិខិតឆ្លងដែន​នៅ​កូរ៉េ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ខ្មែរ​នៅ​កូរ៉េ ពីព្រោះ​បើ​ធ្វើលិខិត​ឆ្លងដែន​នៅ​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន តែបើ​ធ្វើ​ផ្ទាល់​នៅ​កូរ៉េ​ចំណាយ​ថវិកា​អស់​តិចជាង​។ ខណៈដែល​លិខិតឆ្លងដែន​លោក​នឹង​ផុត​សុពលភាព​នៅ​ខែកក្កដា ឆ្នាំ​ ២០២៤ «​បើសិន​គេ​ធ្វើ​នៅ​ហ្នឹង [​កូរ៉េ​] ខ្ញុំ​អាចធ្វើ​នៅ​ហ្នឹង​តទៅទៀតបាន​!»​។​


​ពលករ​ខ្មែរ​ម្នាក់ទៀត​គឺ​លោក ពេជ្រ វីរៈ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​នោះ​ថ្លែងថា សម្រាប់​ការដាក់ឱ្យ​មានការ​ស្នើសុំ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នៅក្នុង​ប្រទេស​កូរ៉េ​បាន​នេះ គឺជា​រឿង​មួយ​ដែល​ល្អ​បំផុត ហើយក៏​ជា​រឿង​មួយ​ដែល​ចំណេញ​បំផុត​ដល់​ប្រជា​ពលករ​ខ្មែរ​ដែល​កំពុងតែ​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​។

​លោក​ថ្លែងថា​៖ «​ទី ​១ ​គឺ​យើង​ចំណេញ​ពេលវេលា​។ យើង​ពុំ​ចាំ​​បាច់​ខាតបង់​ពេលវេលា​ក្នុងការ​ធ្វើការ ហើយ​យើង​ក៏​មិន​ពិបាក​ក្នុងការ​ស្នើសុំ​ថៅកែ​ដើម្បី​ទៅ​ប្រទេស​កម្ពុជា​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​ផងដែរ​។ ទី​ ២​ គឺ​យើង​ចំណេញ​ថវិកា​។ យើង​ចំណេញ​លើ​ថ្លៃ​ធ្វើដំណើរ​ហើយ​និង​ថ្លៃ​ចាយ​​វាយ​ផ្សេងៗ​សម្រាប់​ការ​ទៅធ្វើ​លិខិតឆ្លងដែន​នៅឯ​ប្រទេស​កម្ពុជា​។ នេះ​គឺជា​រឿង​មួយ​ដែល​ល្អ​បំផុត​ហើយក៏​ជា​ដំណឹង​មួយ​ដែល​រីករាយ​បំផុត​»​។​


​ទាក់ទិន​នឹង​បញ្ហា​នេះ​លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បានឱ្យដឹងថា ការចំណាយ​ទៅធ្វើ​លិខិតឆ្លងដែន​ថ្មី​នេះ​គឺ​ពលករ​ខ្មែរ​ត្រូវ​ទិញ​សំបុត្រ​យន្តហោះ​ដែលមាន​តម្លៃ​ចន្លោះ​ពី​ប្រមាណ ​៤០០​ ដុល្លារ​ដល់ ​១ ០០០​ ដុល្លារ​អាស្រ័យ​លើ​រដូវ​កាល​ហើយ​ពេលទៅដល់​កម្ពុជា​វិញ ពួកគាត់​ក៏ត្រូវ​ចំណាយ​ច្រើន​ផងដែរ ដូចជា​ចំណាយ​ទៅលើ​ការ​ស្នាក់នៅ ការហូបចុក ក៏ដូចជា​ការចំណាយ​ផ្សេងៗ​ទៀត​។ 

​ជាធម្មតា​ការធ្វើ​លិខិតឆ្លងដែន​មួយ​នៅ​កម្ពុជា​ត្រូវ​ចំណាយ​អស់​ប្រមាណ​ពី ​១០០​ ដុល្លារ​ទៅ​ ២០០​ ដុល្លារ​តម្រូវ​ទៅតាម​សេវា​ធម្មតា ឬ សេវា​ឆាប់រហ័ស​ដែល​ក្រសួងមហាផ្ទៃ​បានកំណត់​តារាង​តម្លៃ​ជាក់លាក់​។ 

​លោកស្រី​ថ្លែងថា​៖ «​ប៉ុន្តែ​សម្រាប់​បងប្អូន​ខ្មែរ​នៅ​កូរ៉េ គឺ​គាត់​ត្រូវ​ចំណាយ​អស់​ច្រើន​អាច​ពី ​១ ០០០​ ដុល្លារ​ទៅ​ ២០០០​ ដុល្លារ ដោយ​ត្រូវ​រាប់បញ្ចូល​ទាំង​ការចំណាយ​ទៅលើ​សំបុត្រ​យន្តហោះ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន ការ​ស្នាក់នៅ​និង​ហូបចុក ដោយ​មិន​បូក​បញ្ចូល opportunity cost បានន័យថា ការដែល​គាត់​ធ្វើដំណើរ​ទៅ​រៀបចំ​ធ្វើលិខិត​ឆ្លង​ដែន​នៅ​កម្ពុជា គឺ​គាត់​បាត់បង់​ចំណូល​របស់គាត់​ក្នុង​រយៈពេល​ដែល​គាត់​អត់​នៅ​ធ្វើការ​នៅទីនេះ ដូច្នេះហើយ​វា​អាច​ច្រើនជាង​អ្វីដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​។ នេះហើយ​ជាការ​លំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ និង​ធ្វើការ​នៅ​កូរ៉េ​នេះ​»​។​

​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៤ រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យមាន​ការស្នើសុំ​លិខិតឆ្លងដែន​ថ្មី​នៅក្រៅ​ប្រទេស​ដោយ​ចាប់ផ្តើម​ពី​ប្រទេស​កូរ៉េខាងត្បូង​មុនគេ ហើយ​និង​មាន​គម្រោង​ពង្រីក​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងទៀត​ដែលមាន​ពលករ​កម្ពុជា​រស់នៅ និង​ធ្វើការ​ច្រើន​ដោយ​មិន​តម្រូវឱ្យ​ពួកគាត់​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​មក​ពន្យារ​លិខិត​ឆ្លង​ដែន​នោះទេ​។

លោកស្រី ជ្រឹង បុ​ទុមរ​ង្សី​បាន​រំឭកថា​៖«​យោង​តាម​ស្ថាន​ភាពលំបាក​ខាងលើ បានជា​នៅ​ចុងឆ្នាំ​ ២០២២  នាង​ខ្ញុំ​បានធ្វើការ​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​សម្តេច​បវរ​ធិបតី ហ៊ុន​ ​ម៉ា​ណែ​ត ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​សម្រួល​ដល់​បង​ប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ប្រទេស​កូរ៉េ ជួយ​កាត់បន្ថយ​ការលំបាក​ក្នុងការ​ចំណាយពេល ថវិកា និង​ធនធាន​របស់គាត់​ដើម្បី​ធ្វើលិខិត​ឆ្លងដែន​។ លោក​ក៏បាន​យល់ឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ជាពិសេស​នៅ​កូរ៉េ​នេះហើយ​លោក​មាន​មនោ​ស​ញ្ចេ​ត​នា​ខ្លាំងណាស់​ជាមួយ​បងប្អូន​ខ្មែរ​យើង​»​។​

​លោកស្រី​បន្ថែមថា​៖ «​អ៊ីចឹង​ហើយ​បានជា​សម្តេច​លោក​អនុញ្ញាតឱ្យ​ស្ថានទូត​យើង​ធ្វើការ​ពន្យារ​លិខិតឆ្លងដែន​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​កូរ៉េ​នេះ​ជា​លក្ខណៈ​បណ្តោះអាសន្ន​សិន ហើយនឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​ជា​នីតិវិធី​ដើម្បី​រក​ដំណោះ​ស្រាយ​មួយ​ឱ្យ​ច្បាស់លាស់ និង​យូរអង្វែង​ដល់​បងប្អូន​ប្រជា​ពល​​រដ្ឋ​នៅ​កូរ៉េ ក៏ដូចជា​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​»​។

​លោកស្រី​ឯកអគ្គរាជទូត​រំឭក​ថា នៅ​ដើមឆ្នាំ ​២០២៣ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ក៏​ទទួលបាន​គោលការណ៍​អនុ​​ញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្នុង​ការពន្យារ​លិខិតឆ្លងដែន​ជូន​ដល់​ពលរដ្ឋ ហើយ​ស្ថានទូត​បានរៀបចំ​នីតិវិធី​ពន្យា​ថ​លិខិតឆ្លងដែន​ជូន​ពួក​គាត់​។ ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​ស្ថានទូត​បានចេញ​ «​ពន្យារ​លិខិតឆ្លងដែន​»​ ដោយ​ឥតគិតថ្លៃ​ជូន​ពួកគាត់​នៅតាម​តំបន់​ផ្សេងៗ​។​

​ដូច​អ្វីដែល​អតីត​នាយករដ្ឋមន្ត្រី​បាន​សន្យា​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ​ម៉ា​ណែ​ត ក្រោយពេល​លោក​បានទទួល​ការគាំទ្រ​ជា​នាយករដ្ឋមន្ត្រី ក្រោយ​ការបោះឆ្នោត​មក​លោក​បាន​សួរ​នៅក្នុង​ចំណុច​នេះ​ភា្ល​ម​។ «​នាង​ខ្ញុំ​ក៏បាន​លើកឡើង​ពី​កិច្ច​ការងារ​នៃ​ការធ្វើ​លិខិតឆ្លងដែន​ថ្មី​នៅក្រៅ​ប្រទេស​នេះ​។ អ៊ីចឹងទៅ លោក​ក៏បាន​សម្រេច​ហើយ​បានប្រកាស​នៅ​ខែកញ្ញា​កន្លង​ទៅដោយ​ជំរុញឱ្យមាន​ការធ្វើ​លិខិត​ឆ្លងដែន​នៅក្រៅ​ប្រទេស ដោយ​ចាប់ផ្តើម​ពី​ប្រទេស​កូរ៉េ​នេះ​ទៅ​»​។

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ​១៦ ខែធ្នូ ឆ្នាំ​ ២០២៣ ​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុ​ស្សាវ​​រី​យ៍​អាស៊ាន​-​ជប៉ុន លើក​ទី​ ៥០ ចាប់ពី​ថ្ងៃទី ​១៥-១៩ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​តូ​ក្យូ លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​អំពី​លទ្ធភាព​ក្នុងការ​​បើក​ឱ្យ​សិក្សា​ថា​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ជប៉ុន​ដែលមាន​រយៈ​ចម្ងាយ​ជិត​នឹង​កូរ៉េ​ថា​តើ​ពួកគាត់​អាចមក​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នៅ​កូរ៉េ​បានដែរ​ឬទេ​។ 

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោកស្រី​ឯកអគ្គរាជទូត​ថា​៖ «​កិច្ចការងារ​នេះ ឥឡូវ​ហ្នឹង​គឺ​ក្រសួង​សា​ម៉ី និង​ក្រសួង​ពាក់ព័ន្ធ​លោក​បាន​ប្រជុំ​ជាច្រើនលើក ហើយ​ក៏បាន​ត្រៀមលក្ខណៈ​ក្នុងការ​ធ្វើដំណើរ​មក​កូ​រ៉េ​នេះ​ដើម្បី​រៀបចំ​ប្រព័ន្ធ​ស្នើសុំ​លិខិតឆ្លងដែន​ថ្មី​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ នៅ​ដើមឆ្នាំ​ ២០២៤»​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុងពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ថា ក្រៅពី​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ក៏​អាច​ឡើងទៅ​ស្នើសុំ​លិខិតឆ្លងដែន​ថ្មី​នៅ​កូរ៉េ​បាន​ផងដែរ​។ សម្រាប់​រយៈពេល​នៃ​ការស្នើសុំ​គឺ​៥​សប្តាហ៍​នៃ​ថ្ងៃ​ធ្វើការ​និង​តម្លៃ​ ១១៨​ ដុល្លារ​អាមេរិក​ខណៈ​ត​ម្លៃ​នៅ​កម្ពុជា​១០០​ដុល្លារ​ហើយ​១៨​ដុល្លារ​ដែល​ខុសគ្នា​នៅ​កម្ពុជា​នេះ​គឺជា​តម្លៃ​សេវា​ផ្ញើ​។ 

​លោក​ថ្លែងថា​៖ «​ឥឡូវ​រៀបចំ​បញ្ជូន​ខែ​ ១ [​មករា​ ២០២៤]​ នេះ​ធ្វើលិខិត​ឆ្លងដែន​នៅ​ស្ថាន​​ទូត​ថ្មី​។ បានន័យថា ប្រជា​ពល​​រដ្ឋ​យើង​ដែល​ត្រូវ​ការធ្វើ​ប៉ាស្ព័រ​ថ្មី​នៅ​កូរ៉េ​មិនបាច់​ហោះ​ទៅ​ខ្មែរ​ទៀត​ទេ ទៅ​ស្ថានទូត​របស់​យើង​ដើម្បី​ចុះឈ្មោះ​នៅ​ទូត​នៅ​កូរ៉េ​»​។

​លោក​កត្តា អ៊​ន​រដ្ឋលេខាធិការ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែងថា ការរៀបចំ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នៅ​បរទេស​នេះ​គឺ​ពាក់​​ព័ន្ធ​ ៣​ ក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​ការងារ និង​ក្រសួងការបរទេស​។

លោក​ថ្លែងថា​៖«​អ៊ីចឹង​ហើយ​បានជា​សម្តេច​ធិបតី​លោក​ឱ្យ​អនុសាសន៍​ដល់​ក្រសួង​ទាំង ​៣ ​ហ្នឹង​សហការគ្នា​ដើម្បី​រៀបចំ​ឱ្យមាន​ការធ្វើ​ប៉ាស្ព័រ​នៅ​បរទេស​។ អ៊ីចឹង​ហើយ ក្រសួង​ទាំង​ ៣​ កំពុងតែ​រៀបចំ​រចនាសម្ព័ន្ធ ក៏ដូចជា​មន្ដ្រី បុគ្គលិក​របស់ខ្លួន ហើយ​សង្ឃឹមថា ឆាប់ៗ​នេះ​នឹង​អនុញ្ញាត​ឱ្យមាន​ការធ្វើ​ហើយ​។​

​លោក​ជ័យ តិច​អ្នកសិក្សា​ស្រាវ​​ជ្រាវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋ​កិច្ច​ថ្លែងថា សម្រាប់​ការស្នើសុំ​លិខិតឆ្លងដែន​ថ្មី​នៅក្រៅ​ប្រទេស​នេះ​គឺ​ចំណេញ​ច្រើនណាស់​ទៅដល់​ពលករ​ខែ្មរ​។ «​យើង​គ្រាន់តែ​លើកឡើង​ពី​សំបុត្រ​យន្តហោះ ឧបមា​ថា សំបុត្រ​យន្តហោះ​មួយ ៣០០ ​ដុល្លារ​ទៅ​ ៥០០​ ដុល្លារ​ទៅ​ចុះ ជា​មធ្យម​! ហើយ​គុណ​នឹង​ចំនួន​ប្រជា​ពលករ​យើង​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស យើង​ឃើញថា ចំនួន​នេះ​គឺ​ច្រើន​មែនទែន រាប់សិប​លាន​ដុល្លារ​។ បើសិនជា​យើង​វិភាគ​លម្អិត​ទៅលើ​ពេលវេលា​ចុះឡើង ពេលវេលា​រង់ចាំ ទៅលើ​ថវិកា លើ​ការ​ខាត​ការងារ​។​ល​។ គឺមាន​ការ​ចំណេញ​យ៉ាង​ធំធេង​ណាស់​»៕