ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ នឹង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​​ «​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ ​(Best Countdown City of the Year)» ដោយបាន​អំពាវនាវ​ឱ្យ​សាធារណជន ចូលរួម​បោះឆ្នោត​គាំទ្រ​ទីក្រុង​ដែល​លោកអ្នក​ពេញចិត្ត​ជាងគេ​បំផុត​ឱ្យបាន​ផុសផុល​។​


​តាមរយៈ​សេចក្តីជូនដំណឹង ស្តីពី​កម្ម​វិធី​ប្រកួតប្រជែង​«​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​» គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ បានឱ្យដឹងថា អនុ​វត្ត​តាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​ ២៧ ធ្នូ ឆ្នាំ ​២០២៣ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ចូលឆ្នាំថ្មី​ឆ្នាំ​សកល​ ២០២៤ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍​នឹង​រៀបចំ​កម្មវិធី​ប្រកួត​ប្រ​ជែង​ទីក្រុង​ល្អ​ជាងគេ​នេះ​។​

​ប្រភព​បន្តថា កម្មវិធី​ប្រកួតប្រជែង​នេះ​រៀបចំឡើង​ដោយ​ផ្អែកទៅលើ​លក្ខណ​ពិសេស​ដូចជា ការតុបតែងរ​ចនាល​ម្អ​, អនាម័យ និង​បរិស្ថាន​, សន្តិសុខ សុវត្ថិ​​ភាព និង​សណ្តាប់ធ្នាប់​, ភាព​ពេញចិត្ត និង​ការសប្បាយរីករាយ​រប​ស់​ភ្ញៀវ​។​


​ក្រសួង​បាន​បញ្ជាក់ថា​៖«​ក្នុងន័យនេះ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ សូម​អំពាវនាវ​ដល់​សាធារណជន មេត្តា​ចូលរួម​បោះឆ្នោត​គាំទ្រ​ទីក្រុង​ដែល​លោកអ្នក​ពេញចិត្ត​ជាងគេ​បំផុត​ឱ្យបាន​ផុសផុល តាមរយៈ​គេហទំព័រ http://bestcountdowncity.cambodiacleancity.com ចាប់ពី​ម៉ោង ៥​ ល្ងាច ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ ​២០២៣ រហូតដល់​ម៉ោង ៥​ ល្ងាច​ថ្ងៃ ទី​ ២ ខែមករា ឆ្នាំ​ ២០២៤»​។​

​ចំពោះ​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ថា កម្មវិធី​នេះ ក្រសួងទេសចរណ៍​បានរៀបចំ​ឡើង​ស្ទើរ​រាល់​ឆ្នាំ ដើម្បី​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរខេត្ត​នីមួយៗ​មានគំនិត​ច្នៃប្រឌិត​ក្នុងការ​រៀបចំ​ខេត្ត​របស់ខ្លួន​ឱ្យមាន​សោ​ភណ​ភាព និង​មាន​ភាព​ទាក់ទាញ​។​


​លោក​លើកឡើងថា​៖«​កម្មវិធី​ប្រកួត​ប្រជែង​នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​ជំរុញ​ឱ្យ​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ៗ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការរៀបចំ​ខេត្ត​របស់ខ្លួន​ឱ្យមាន​ភាព​ទាក់ទាញ​ដែល​អាច​ទាញយក​ភ្ញៀវ​បាន​ច្រើន​ក្នុងពេល​ឆ្លង​ឆ្នាំ​។ យើង​គាំទ្រ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​បែបនេះ ជាពិសេស​ប្រតិបត្តិ​ករ​ទេសចរ​គួរ​បោះ​បង់​ចោល​ទម្លាប់​នូវ​ការលក់​ដំឡើងថ្លៃ​នៅពេល​បុណ្យទាន​នានា​»​។​

​សម្រាប់​ខេត្ត​ព្រះសីហនុ តែងតែ​រៀបចំ​តុបតែង​ប្លែកៗ​ជា​រៀងរាល់ឆ្នាំ ពិសេស​នៅ​តំបន់ឆ្នេរ​សមុទ្រ​ដែល​ទទួលបាន​ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់​ពេល​ឆ្លង​ឆ្នាំ​សកល​(​មុន​មានការ​រំខាន​ពី​កូ​វីដ​ ១៩)​។ នេះ​បើតាម លោក ឡុង ឌី​ម៉​ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​។​

​លោក​និយាយថា​៖«​យើង​ដឹង​ហើយ​ថា ឆ្នាំមុន​ខេត្ត​យើង​បាន​ជាប់​លេខ​ ២ ហើយ​ឆ្នាំនេះ​ខេត្ត​មានការ​រៀបចំ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្លែក និង​ស្អាត​ជាង​ឆ្នាំមុនៗ​ទៀត ដោយ​រដ្ឋបាលខេត្ត ក្រុង បានគិត​គូរ​ហ្មត់ចត់​ដល់​បញ្ហា​អនាម័យ បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវទេសចរ​នៅ​អំឡុងពេល​ឆ្លង​ឆ្នាំ​សកល​នេះ​»​។​

​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​ ២០២៣ មាន​ខេត្ត​ចំនួន ៣​ ទទួលបាន​ជយលាភី​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ល្អ​ជាងគេ​ពី​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ រួមមាន លេខ ​១ ខេត្តបាត់ដំបង​, លេខ​ ២ ខេត្ត​ព្រះសីហនុ លេខ ៣ បាន​ទៅ​ខេត្តសៀមរាប​៕