ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជ​ក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ដឹក​​នាំ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ (​គ​.​ក​.​ប​.​យ​) ដើម្បី​ជា​យន្តការ​សម្រប​សម្រួល​ជំរុញ​ដល់​ការអនុវត្ត និង​លើកកម្ពស់​វិស័យ​យុត្តិធម៌​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។​


​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​​​ ៣០ ខែធ្នូ ឆ្នាំ ​២០២៣ ដែលមាន​ ១៦ មាត្រា​ចែងថា​៖«​ព្រះ​រាជក្រឹត្យ​នេះ​កំណត់​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈ​ក​ម្មា​ធិ​ការដឹកនាំ​កែទម្រង់​ប្រព័ន្ធ​យុ​ត្តិ​​ធម៌ ដើម្បី​ជា​យន្តការ​ដឹកនាំ សម្រប​សម្រួល និង​ជំរុញ​ការអនុវត្ត​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​ពង្រឹង និង​លើកកម្ពស់​គោលការណ៍​នីតិរដ្ឋ ព្រមទាំង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​»​។​

​គ​.​ក​.​ប​.​យ មាន​តួនាទី និង​ភារ​​កិច្ច​ជា​អ្នកដឹកនាំ​គាំទ្រ សម្រប​សម្រួល និង​ជំរុញ​ការអនុវត្ត​ការ​ងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ ផ្តួច​ផ្តើម និង​លើកសំណើ​ជូន​រាជ​រដ្ឋា​​ភិ​បាល ដើម្បី​ពិនិត្យ និង​សម្រេច លើ​ផែនការ​យុទ្ធសាស្ត្រ កែទម្រង់​ប្រព័ន្ធយុត្តិធម៌ ផ្អែកលើ​គោល​​នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​


​ប្រភព​ដដែល​បន្តថា គ​.​ក​.​ប​.​យ​. ក៏មាន​តួនាទី​ដាក់ចេញ​សេចក្តីណែនាំ និង​វិធានការ​ចាំ​​បាច់​នានា​សំដៅ​ធានា​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព នៃ​ការអនុវត្ត​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​។​

​ព្រះរាជក្រឹត្យ​បន្តថា​៖«​គ​.​ក​.​ប​.​យ​. ក៏មាន​តួនាទី​ក្នុងការ​ពិនិត្យ និង​ផ្តល់យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​យុ​ត្តិ​ធម៌ និង​ជា​អ្នកសម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង ស្ថា​ប័ន និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​ការអនុវត្ត​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​»​។​


​ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖«​គ​.​ក​.​ប​.​យ មាន​តួនាទី​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​លើកសំណើ​វិធានការ​ចាំបាច់​នានា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​រាជ​រដ្ឋា​ភិ​បាល​ពិនិត្យ និង​សម្រេច ជំរុញ​ការផ្សព្វផ្សាយ​សមិទ្ធផល​នៃ​ការ​​ងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ អនុវត្ត​ការងារ​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​»​។​គ​.​ក​.​ប​.​យ​មាន​ប្រភពធនធាន​ផ្គត់ផ្គង់​ដោយ​ថវិកាជាតិ​ជា​កញ្ចប់​ថវិកា​ដោយឡែក​នៅក្នុង​ក្រប​ខ័​ណ្ឌ​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួង​យុត្តិធម៌​។​

​លោក​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​​កាដូ​ថ្លែងថា ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​តែងតែ​ទទួលរង​ការ​រិះ​គន់​ធ្ងន់ធ្ងរ ជាពិសេស​ទៅលើ​ប្រព័ន្ធតុលាការ​មិន​ឯករាជ្យ​ដែល​មិន​ធានាបាន​នីតិរដ្ឋ និង​យុ​ត្តិ​ធម៌​ក្នុងសង្គម​។ ក្នុងនាម​សង្គម​ស៊ីវិល​គឺ​បាន​ទទូច​យូរ​មកហើយ ដោយ​ស្នើឱ្យ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ឱ្យបាន​ឆាប់ ដើម្បីឱ្យ​ប្រព័ន្ធ​តុលា​ការ​ក្លាយជា​តុលាការ​មួយ​ដែល​ឯករាជ្យ និង​មាន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​។

​លោក​អំ សំអាត បាន​ថ្លែងថា​៖​​«​កាលណា​ប្រព័ន្ធយុត្តិធម៌​ធានាបាន​នូវ​នីតិរដ្ឋ​ធានាបាន​នូវ​យុ​ត្តិ​ធម៌​ក្នុងសង្គម​ប្រព័ន្ធតុលាការ​ឯករាជ្យ នោះ​ក៏​ធានា​បានការ​គោរព​សិទ្ធិមនុស្ស​ផងដែរ​។ ដើម្បី​ធានា​ក្នុងការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ឱ្យមាន​ប្រសិទ្ធភាព ទាល់តែ​ធ្វើកំណែទម្រង់​ទាំង​ប្រព័ន្ធ​យុ​ត្តិ​ធម៌ និង​ប្រព័ន្ធ​ច្បាប់ ធ្វើ​យ៉ាង​ណា​ឱ្យមាន​ប្រសិទ្ធភាព​ហើយ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​»​។

លោក​បាន​បន្ថែមថា ដូច្នេះ​កាលដែល​មាន​ព្រះរាជក្រឹត្យ​ស្តីពី​ការ​​រៀបចំ និង​ការប្រព្រឹត្តទៅ​នៃ គ​.​ក​.​ប​.​យ​គឺជា​រឿង​ល្អ​មួយ ប៉ុន្តែ​ទាល់តែ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធតុលាការ ឱ្យមាន​ជំនឿ​ទុកចិត្តបាន​។​

​បើ​យោងតាម​ព្រះរាជក្រឹត្យ​ដដែល សមាសភាព​សមាជិក​នៅ គ​.​ក​.​ប​.​យ គឺ​មកពី​ក្រសួង​-​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​។ ក្នុងនោះ ឧបនាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិ​ទ្ធ និង​ប្រធាន​តុលា​ការ​កំពូល​លោក​ជីវ កេង ត្រូវបានតែងតាំង​ឱ្យធ្វើជា​សហប្រធាន​នៃ​គណៈកម្មាធិការ​ដឹកនាំ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​។

​បន្ថែម​ពីនេះ​ក៏មាន​សមាជិក​ចូលរួម​ពី​មន្ត្រី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ក្រសួង​មុខងារសាធារណៈ ក្រសួងពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ព័​ត៌​​មាន ទីស្តីការគណៈរដ្ឋមន្ត្រី សា​លា​ឧទ្ធរណ៍​ភ្នំពេញ គណៈមេធាវី​កម្ពុជា អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​៕