ភ្នំពេញៈ ក្នុង​ឆ្នាំ​ ​២០២៣ មាន​ព្រឹត្តិការណ៍​ធំ​បំផុត​ចំនួន ​២ ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អ្នកតាមដាន​ចាប់អារម្មណ៍​ជាងគេ ក្នុងនោះ​ទី​ ១ គឺ​កម្ពុជា​បានធ្វើការ​បោះឆ្នោតជាតិ​នីតិកាល​ទី​ ៧  ហើយ​បានធ្វើការ​ផ្លាស់ប្តូរ​នាយ​ក​រដ្ឋមន្ត្រី​ថ្មី​ដោយ​សន្តិវិធី​ដែល​គិត​មកទល់ពេលនេះ​មាន​រយៈពេល​ជាង​ ៤ ​ខែ​ហើយ​។​


​ចំណែក​ព្រឹត្តិការណ៍​ទី​ ២​ គឺ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការ​​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ (SEA Games) លើក​ទី ​៣២​ ជា​ប្រវត្តិ​សាស្ត្រ​លើកដំបូង ក្រោយពី​បាន​រង់ចាំ​អស់​រយៈពេល ៦៤ ​ឆ្នាំ​។

​ចំពោះ​ការប្រមើលមើល​អំពី​ស្ថានភាព​សេដ្ឋកិច្ច បើទោះបីជា​បច្ចុប្បន្ន​វិបត្តិ​សកល​មួយចំនួន​កំពុង​បន្ត​កើតឡើង​ដូចជា សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ជម្លោះ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ជាដើម ក៏​អ្នកវិភាគ​រំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​យ៉ាង​ស្វាហាប់ ដោយ​នៅក្នុង​ឆ្នាំ​ ២០២៤​ សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​កើន​ប្រមាណ​ ៦,៦ ​ភាគរយ​។​


​ចំណែក​ព្រឹត្តិការណ៍​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​នៅក្នុង​ខែសីហា ដោយ​កម្ពុ​ជាមាន​នា​យក​រដ្ឋមន្ត្រី​ថ្មី គឺ​លោក ហ៊ុន​ ម៉ា​ណែ​ត ដែល​ត្រូវបាន​ជ្រើស​រើស​ឱ្យ​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​តំណែង​ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ដែលជា​ឪពុក​របស់លោក​។ ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ដោយ គជប រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣​។ សមាសភាព​គណៈ​រដ្ឋមន្ត្រី​នេះ មាន​ឧបនាយក​រដ្ឋ​មន្ត្រី​ចំនួន​ ១០ រូប ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ៥១ រូប​ផ្សេងទៀត ដែល​ភាគច្រើន​ជា​យុវជន​បន្តវេន ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​កម្ពុជា​បានធ្វើការ​បោះឆ្នោតជាតិ​កាលពី​ថ្ងៃទី​ ២៧ ​ខែកក្កដា ឆ្នាំ​ ២០២៣​។ លទ្ធផល​ផ្លូវ​ការដែល​គជប បានប្រកាស​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ​(CPP) ទទួលបាន​អាសនៈ​ច្រើនជាងគេ​គឺ​ ១២០​ អាសនៈ​បន្ទាប់មក​គណ​បក្ស​ហ្វ៊ុ​ន​ស៊ិនប៉ិច​ទទួលបាន ៥​ អាសនៈ​ក្នុងចំណោម​អាសនៈ​ចំនួន ១២៥ ក្នុង​រដ្ឋសភា​។​


​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ជាង ៨,២ លាន​នាក់ ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាង ៩,៧ លាន​នាក់​។ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ជាង ៦,៣ លាន​សំឡេង​ហើយ​គណ​បក្សហ្វ៊ុ​ន​ស៊ិនប៉ិច​ទទួលបាន​ជាង ៧១ ម៉ឺន​សំឡេង​។​

​លោក​យង់ ពៅ អគ្គលេខា​ធិ​​ការ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ក្នុងអំឡុង​ឆ្នាំ​ ​២០២៣ ព្រឹត្តិការណ៍​សំខាន់បំផុត​នៅ​កម្ពុជា​ដែល​អ្នកនយោបាយ​ជាតិ​និង​អន្តរជាតិ​តាមដាន​និង​ចាប់​អារ​ម្ម​ណ៍​ជាងគេ​គឺ «​នយោបាយ​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)» ក្នុងការ​បង្កើត​រដ្ឋា​ភិ​​បាល​ថ្មី​នីតិកាល​ទី​ ៧ តាមរយៈ​អ្នក​បន្តវេន​របស់ ​CPP ក្រោយពី​ការបោះឆ្នោត​ថ្នាក់ជាតិ​។ លោក​បន្តថា ក្រោយ​សម័យ​មហានគរ​ឃើញថា ការបន្ត​វេន​នៃ​ន​យោ​​បាយ​កម្ពុជា ច្រើនតែ​មិនបាន​រៀបចំខ្លួន​បានល្អ​នោះទេ​។ ដោយ​​ឡែក​ក្នុង​ឆ្នាំ​ ២០២៣ នេះ CPP បានរៀបចំ​ខ្លួន​ក្នុងការ​ផ្លាស់ប្ដូរ​អ្នកដឹកនាំ​។ 

​បើទោះជា​ការដឹកនាំ​នៅតែ​ជា CPP នៅក្នុង​ការបោះ​​ឆ្នោត​ថ្នាក់ជាតិ​នេះ​ក៏ដោយ ក៏ ​CPP​ បានជ្រើសរើស​អ្នកដឹកនាំ​ថ្មី​ដែលមាន​វ័យ​ថាមពល​ខ្លាំង​ទាំង​ថាមពល​កាយ​បញ្ញា​ស្មារតី​។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់បំផុត​របស់​កម្ពុ​ជា​ដែលមាន​ការផ្លាស់ប្ដូរ​អ្នក​​ដឹកនាំ​ប្រកបដោយ​ស្ថិរភាព​សង្គម រក្សាបាន​សុខសន្តិភាព​ជូន​ប្រជាជន រក្សា​ដំណើរការ​អភិវឌ្ឍ​ជា​ប្រក្រតី និង​ថែរក្សា​សន្តិភាព​បាន​។​

​លោក​យង់ ពៅ ថ្លែងថា​៖ «​ការរៀបចំ​ខ្លួន​របស់​កម្ពុជា​សម្រាប់​នយោបាយ​បន្តវេន​ដែលជា​ព្រឹត្តិ​​ការណ៍​ធំ​របស់​កម្ពុជា​នេះ គឺ​ធ្វើឱ្យ​កម្ពុ​ជាមាន​ភាពរឹងមាំ​នៅក្នុង​ចរន្ត​នៃ​ការដឹកនាំ​នយោបាយ​ប្រទេស​ដែល​អាច​កសាង​ភាព​ធន់​នៅក្នុង​ការប្រែប្រួល​សណ្ដាប់​ធ្នាប់​ពិភពលោក ដ៏​ធំ​ដ៏​ស្រួចស្រាល់​នៃ​ពិភពលោក​បច្ចុប្បន្ន​ហ្នឹង​ដោយ​សារ​តែ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​​ក្រែ​ន សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​និង​ឥទ្ធិពល​បន្ត​ពី​កូ​វីដ​អី​ជាដើម​ហ្នឹង​»​។

លោក​បន្ថែមថា​៖ «​អ៊ីចឹង​ការរៀបចំ​ខ្លួន​របស់​ក​ម្ពុ​ជា ក្នុងការ​​ផ្លាស់ប្ដូរ​អ្នកដឹកនាំ បាន​កសាង​ភាព​ធន់​នយោបាយ​នៅក្នុង​វិបត្តិ ថាមពល​ថ្មី ក្នុងការ​ដឹកនាំ​រស់រ​វើក​និង​ស្វាហាប់​ក្នុងការ​ដឹកនាំ​ដែល​ប្រកបដោយ​ថាមពល និង​បញ្ញា​ញាណ​ថ្មីៗ​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បន្ទាប់ពី​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​រដ្ឋសភា បានបញ្ជាក់​ជូន​អង្គប្រជុំ​រដ្ឋសភា​នូវ​កម្មវិធី​នយោបាយ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ «​សំដៅ​ដល់​ការធានា​ឱ្យបាន​ជាដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព សម្រាប់​ការរស់នៅ​ដ៏​ក្សេមក្សាន្ត​របស់​ប្រជាជន​,​បន្ត​ជំរុញ​សេដ្ឋ​កិច្ច​និង​សង្គម​កម្ពុជា​លើ​គ្រប់​វិស័យ​»​។​ល​។​
​ចំណែក​ព្រឹត្តិការណ៍​គួរឱ្យ​ចាប់​​អារម្មណ៍​មួយទៀត​នោះ​គឺ​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ក្នុង​ខែឧសភា​ដែលមាន​រយៈពេល​ជាង​ ១០​ ថ្ងៃ​។​

​ស្របពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​កម្ពុជា​បាន​បង្កើត​នូវ​កំណត់ត្រា​ឈ្នះ​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ច្រើន​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ដែល​កម្ពុជា​បាន​ចូលរួម​កន្លងមក​។​

​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​នេះ កម្ពុជា​អាច​ដណ្តើមបាន​មេដាយមាស​រហូតដល់​ ៨១ មេដាយប្រាក់ ៧៤ និង​សំរឹទ្ធ ១២៧ សរុប​ចំនួន ២៨២ មេដាយ ហើយ​នេះ​ជា​ចំនួន​មេដាយ​ដ៏​ច្រើន​បំផុត ដែល​កម្ពុជា មិន​ធ្លាប់​ធ្វើបាន​ពីមុនមក​ទេ ចាប់តាំងពី​ប្រទេស​នេះ បាន​ចូលរួម​ស៊ី​ហ្គេម លើកដំបូង​នៅ​ឆ្នាំ ១៩៦១​។​

​លោក យង់ ពៅ ថ្លែងថា ការ​​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​របស់​កម្ពុជា​ទទួលបាន​ជោគជ័យ​ជាការ​កត់សម្គាល់​ធំ​ដែរ​ដែល​កន្លងទៅ​កម្ពុជា​ពុំដែល​បានរៀបចំ​ព្រឹត្តិ​ការណ៍​ធំ​បែបនេះ​ទេ​។ ចំពោះ​ព្រឹត្តិការណ៍​ធំ​នេះ​កម្ពុជា​រៀបចំ​ប្លែក​ពី​គេ​គឺ​មិន​គិត​ប្រាក់​ទាំងអស់​សម្រាប់​ប្រតិភូ​កីឡា​ព្រមទាំង​រៀបចំ​ធានាបាន​នូវ​សុខ​សុវត្ថិ​-​ភាព​ជូន​គ្រប់​ប្រតិភូ​កីឡា​។​

​ទាក់ទង​ទៅនឹង​ការប្រមើលមើល​ពី​ស្ថានភាព​សេដ្ឋកិច្ច​លោក​ជ័យ​តិច​អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​សន្ទុះ​ងើបឡើង​វិញ​យ៉ាង​ស្វាហាប់​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​។ បើទោះជា​វិបត្តិ​សកល​មួយចំនួន​កំពុង​បន្ត​កើតឡើង​ដូចជា​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​​ក្រែ​ន ជម្លោះ​នៅ​មជ្ឈិមបូព៌ា ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​ន​យោ​បាយ​ក្នុង​តំបន់​ជាដើម​តែ​សេដ្ឋ​​កិច្ច​កម្ពុ​ជាមាន​កំណើន​ប្រមាណ ​៥,៦ ​ភាគរយ​សម្រាប់​ឆ្នាំ ២០២៣​ នេះ ក្នុងនោះ​វិស័យ​ស្នូល​មាន​វិស័យ​កសិកម្ម​កើន ​១,១ ​ភាគរយ​, វិស័យ​ឧស្សាហកម្ម​ ៥,៩​ ភាគរយ​, សេវាកម្ម​ ៧,៣​ ភាគរយ​។​

​លោក​បន្តថា សេដ្ឋកិច្ច​របស់​កម្ពុជា​រំពឹង​បន្ត​កើន​ប្រមាណ​ ៦,៦​ ភាគរយ សម្រាប់​ឆ្នាំ​ ២០២៤​ ដោយមាន​ការចូលរួម​សំខាន់​ពី​កំណើន​លើ​វិស័យ​ស្នូល​សំខាន់ រួមមាន​វិស័យ​សេវាកម្ម​ជាពិសេស​ទេស​ចរណ៍ អចលនទ្រព្យ វិស័យ​ឧស្សាហកម្ម​ជាពិសេស​កម្ម​ន្ត​​សាល​មិនមែន​កាត់ដេរ​និង​វិស័យ​កសិកម្ម​។ ជាការ​ពិតណាស់​បញ្ហា​ប្រឈម​សកល​ទាំងនេះ​តិច ឬ​ច្រើន​គឺ​ប៉ះពាល់​ដល់​ដំណើរការ​ក្នុង​ការឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៥០​។ 

​លោក ជ័យ តិច បន្ថែមថា​៖«​តែ​តាមរយៈ​កិច្ច​ប្រឹង​​ប្រែង​របស់​រាជរដ្ឋាភិបាល​ថ្មី គឺ​កម្ពុជា​អាច​នឹង​សម្រេចបាន​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បានកំណត់​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៥០ បើទោះបី​ពិភពលោក​កំពុង​បន្ត​ប្រឈម​បញ្ហា​ជាច្រើន​មានដូចជា សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ជម្លោះ​នៅ​មជ្ឈិមបូព៌ា ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ជា ដើម​ក៏ដោយ​»​។​

​លោក​លើក​​ឡើង​ថា រាជរដ្ឋាភិបាល​ថ្មី​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​នូវ​ឯកភាព​ជាតិ សន្តិភាព ពង្រឹង និង​ពង្រីក​តុល្យភាព​ទំនាក់ទំនង​ការបរទេស​ជាពិសេស​សេដ្ឋកិច្ច​ការទូត ដោយ​ឈរលើ​ផល​ប្រ​យោជន៍​ជាតិ និង​អធិបតេយ្យភាព​ជាតិ ព្រមទាំង​ព​ន្លឿ​ន​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​តាមរយៈ​ការកែលម្អ​បរិយាកាស វិនិយោគ ជំរុញ​ឌី​ជី​ថ​លូ​ប​នីយកម្ម​សង្គម និង​សេដ្ឋកិច្ច និង​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ការតភ្ជាប់ ភ័ស្តុភា​រកម្ម ថាមពល ទឹក ភ្លើង​។​ល​។  

លោក​ជ័យ តិច បន្ថែមថា​៖ «​លើសពីនេះ​រាជ​រដ្ឋា​ភិ​បាល​ថ្មី​នឹង​បន្ត​កិច្ចខិតខំ​ប្រឹង​​ប្រែង​ក្នុងការ​ព​ន្លឿ​ន​ប្រព័ន្ធ​សុខា​​ភិ​បាល ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម​ជូន​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ព្រមទាំង​បន្ត​កំណែទម្រង់​ស្ថាប័ន​អភិបាល​កិច្ច និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​ល​។​»​។​

​ចំណែក​លោក ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ក៏បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ដែរ​ថា គោល​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​ក្រោម​ការដឹកនាំ​ថ្មី​របស់លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​គេ​មើលឃើញថា «​សកម្ម ស្វា​ហាប់ មាន​លក្ខណៈ​ជា​កិច្ច​សហ​ប្រតិបត្តិការ និង​ជា​យុទ្ធសាស្ត្រ​»​។ បេសកកម្ម​ញឹកញាប់​ទៅ​ក្រៅប្រទេស​របស់លោក​ហ៊ុន ម៉ា​ណែ​ត គឺជា​សញ្ញា​ដ៏​ល្អ​នៃ​រដ្ឋាភិបាល​ដែលមាន​សុខភាព​ល្អ និង​ស្ថិរ​ភាព ព្រមទាំង​ការគាំទ្រ​ដ៏​រឹងមាំ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​ភាពចាស់ទុំ និង​ភាពស្រប​ច្បាប់​របស់​កម្ពុជា ដោយ​រដ្ឋាភិបាល​បរទេស​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ខែសីហា​។​

​លោក​បន្តថា កម្ពុជា​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​ក្នុង​ការលើក​​កម្ពស់​គោលនយោបាយ​ការបរទេស​ដែលមាន​តុល្យភាព​យ៉ាង​ល្អ​ឆ្លាត​វៃ និង​ជាក់ស្តែង​ក្នុង​រដ្ឋាភិបាល​ថ្មី​ដែល​ទើប​បង្កើតឡើង​នេះ​។ ជា​ឧទាហរណ៍ សុន្ទរកថា​របស់លោក​ហ៊ុន ម៉ា​ណែ​ត​ក្នុង​មហា​​សន្និបាត​អង្គការសហប្រជាជាតិ លើក​ទី ​៧៨ បាន​រំឭក​ឡើងវិញ​ថា កម្ពុជា​បន្ត​រក្សា​សន្តិភាព ប្រព័ន្ធ​អន្តរជាតិ​ផ្អែកលើ​ច្បាប់ និង​ពហុ​ភាគី​និយម​។ 

​លោក​ថុង ម៉េង​ដា​វិត បន្ថែមថា​៖«​ទាក់ទង​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី វិបត្តិ​មី​យ៉ាន់​ម៉ា និង​ជម្លោះ​តំបន់​ហ្គា​ហ្សា កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ អង្គការ​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ធានាថា បទ​ឈប់​បាញ់ និង​ការចរចា​ដោយ​សន្តិវិធី​រវាង​ភាគី​ជម្លោះ​នឹងត្រូវ​បាន​អនុវត្ត​ហើយ​ច្រករបៀង​មនុស្សធម៌​នឹងត្រូវ​បាន​បើក​សម្រាប់​ប្រជាជន​នៅក្នុង​ឆ្នាំ​ខាងមុខ​»​។ 

​លោក​បន្តថា ដើម្បី​លើកកម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​ការទូត​សេដ្ឋកិច្ចកម្ពុជា «​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តែងតែ​បង្ហាញ​ពី​ការអភិវឌ្ឍ​និង​ការរីក​​ចម្រើន​របស់​កម្ពុជា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បន្ថែម ជំរុញ​សកម្មភាព​ពាណិជ្ជ​​កម្ម​បន្ថែម​និង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​»​។​

​លោក​ថុង ម៉េង​ដា​វិត បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ពេលនេះ​ជា​ចំណុច​របត់​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព សេដ្ឋកិច្ច និង​ការទូត​
​វប្បធម៌ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​របស់​កម្ពុជា​ជាមួយ​បរទេស​ជំរុញ​ទេសចរណ៍​និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន និង​ពង្រឹងសមត្ថភាព​យោធា​ដោយ​ផ្អែកលើ​ការគោរព​គ្នា​ទៅវិញទៅមក កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ និង​ផលប្រយោជន៍​ទៅវិញទៅមក​ជាមួយ​ប្រទេស​ទាំងអស់​។​

​លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែល​ប្រកាស​ចេញ​ដោយ​លោក​ហ៊ុន​ ម៉ា​ណែ​ត កាលពីដើម​អាណត្តិ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​កាលពី​ខែសីហា​កន្លងទៅ​គឺ​បាននិងកំពុង​បន្ត​អនុវត្ត​។ កម្មវិធី​គោលនយោបាយ​អាទិភាព​៦​ចំណុច​បាន​រៀបរយ​រៀបចំ​រួច​​រាល់ និង​ប្រកាស​ដាក់ឱ្យអនុវត្ត​រួចរាល់​ទាំងអស់ ដោយ​លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ ក្រោយពី​ការសន្យា​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ឱ្យ​អនុវត្ត​។ សន្យា​ហើយ​ធ្វើ នេះ​គឺជា​គោលការណ៍​របស់​ស​ម្តេច​ធិបតី​»​។ 

​លោក​ថ្លែងថា សម្រាប់​ឆ្នាំ​ ២០២៤ ខាងមុខនេះ​តទៅ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំ​ណាក់​កាល​ទី​ ១ ​នឹងត្រូវ​បន្ត​អនុវត្ត និង​ជំរុញ​អនុវត្ត​យ៉ាងសកម្ម និង​យ៉ាង​ពេញលេញ ដើម្បី​បន្ត​ផ្តល់​ប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រង​ហានិភ័យ​ដើម្បី​ជំរុញ និង​ជួយ​គាំទ្រ​ពួកគាត់​ឱ្យមាន​លំនឹង​នៅក្នុង​សង្គម ក្នុង​ជីវភាព​និង​អាច​អភិវឌ្ឍ​ខ្លួន​ក្លាយទៅជា​អ្នក​ដែលមាន​ចំណូល​គ្រប់គ្រាន់​ហើយ​ឈានទៅ​មាន​ចំណូល​ខ្ពស់​ដូចដែល​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​ ២០៥០ ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​។​

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ៣៨ ពាន់​ប៊ី​លាន​រៀល ឬ​ជាង ៩ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ជាង ៣៤ ពាន់​ប៊ី​លាន​រៀល ឬ​ជាង ៨ ពាន់​លាន​ដុល្លារ​ចំណាយ​នៅ​ថ្នាក់ជាតិ និង​ជាង​ ៤​ ពាន់​ប៊ី​លាន​រៀល ឬ​ជាង​ ១ ​ពាន់​លាន​ដុល្លារ ចំណាយ​នៅ​ថ្នាក់ក្រោម​​ជាតិ​។ វិស័យ​សង្គមកិច្ច អប់រំ ការ​ងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​សុ​ខា​ភិ​បាល នៅតែ​ជា​វិស័យ​អាទិ​ភាព​សម្រាប់​ការចំណាយ​នេះ​៕