​ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន​បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជា​ពលរដ្ឋ និង​កម្លាំងប្រដាប់អាវុធ​ទាំង​អស់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​សកល​ ​២០២៤ ដែល​ឈានចូល​មកដល់​នា​ថ្ងៃទី ​១ ខែមករា​នេះ​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កលោក​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣​ ដោយបាន​ជូន​ពរ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​សកល​ ២០២៤​ នេះ​ផងដែរ​។​

​ក្នុង​សារ​នោះ​លោក​បានសរសេរថា​៖ «​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ​២០២៤ ​ដែល​នឹង​ឈានចូល​មកដល់ ខ្ញុំ និង​ភរិយា​សូម​ជូនពរ​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឱ្យ​សមប្រកប​ដោយ​​សុខភាព​ល្អ សេចក្តីសុខ សុភ​មង្គល និង​ទទួលបាន​ជោគជ័យ​នៅក្នុង​គ្រប់​ភារកិច្ច​»​។​


​លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​នៅក្នុង​ឱកាស​ចូលឆ្នាំ​សកល​ ២០២៤ ផងដែរ​។​

លោក​បាន​លើកឡើងថា​៖«​ក្នុងឱកាស​នៃ​ការទទួល​អំណរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ ២០២៤ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ ទូទាំងប្រទេស និង​ទូលព្រះបង្គំជាខ្ញុំ​ផ្ទាល់​ព្រម​ទាំង​ភរិយា​សូម​ព្រះ​បរម​រាជា​នុ​​ញ្ញាត​ថ្វាយ​ព្រះ​សព្ទសាធុការពរ​​ជ័យ ព្រះកាយពល​រឹងមាំ​ព្រះរាជសុខភាព ល្អ​បរិបូរណ៍ ព្រះ​​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​​វស្សា ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា​ដើម្បី​ព្រះអង្គ​ទ្រង់​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​ព្រះ​ម្លប់​ដ៏​ត្រជាក់ត្រជំ ថ្កុំថ្កើង​រុង​រឿង​របស់​មាតុភូមិ និង​ប្រជា​នុ​រាស្ត្រ​របស់​ព្រះអង្គ​តរៀង​ទៅ​»​។​


​លោក​បាន​បន្តថា ព្រះអង្គ​ទ្រង់​តែងមាន​ព្រះទ័យ​ជ្រះថ្លា​បរិសុទ្ធ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន​ជា​បន្តបន្ទាប់​ក្នុងការ​​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សា
​សនា អប់រំ​សិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជា​នុ​រាស្ត្រ​នៅ​ទូទាំងប្រទេស​កម្ពុជា​និង​ជាពិសេស​យុទ្ធនាការ​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។​

​ទន្ទឹម​នោះ​លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្ញើ​សារ​ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​សូម​ទ្រង់មាន​កាយ​ពល​មាំមួន ខ្លាំងក្លា​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា និង​ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា​ជា​អង្វែង​តរៀង​ទៅ​។​

​ចំណែក លោកស្រី ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទ​​ក្រហម​កម្ពុជា ក៏បាន​ថ្វាយ​ព្រះ​ពរ សម្ដេចព្រះ​មហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល គ​.​ស​.២០២៤​ ផងដែរ​។​

​លោកស្រី​បានលើកឡើង​ក្នុង​លិខិត​ជូនពរ​ថា​៖ «​ក្នុងឱកាស​នៃ​ទិវា​ទទួល​អំណរ​សា​ទរ​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល គ​.​ស​.២០២៤ ខ្ញុំម្ចាស់ និង​សហ​ការី​ទាំង​អស់នៃ​កាកបាទក្រហម
​កម្ពុជា សូម​លំឱនកាយវាចា​ចិត្ត​សម្តែង​នូវ​ព្រះរាជ​កតញ្ញូ កត​វេ​ទិ​តា​ធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ថ្វាយ​នូវ​ព្រះរាជ​សព្ទ​សាធុ​ការ​ពរជ័យ​សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អជា​និច្ច​និរន្តរ៍ ព្រះ​ជន្មា​ទីឃាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា​ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​ដល់​កូន ចៅ ចៅទួត ជ្រកកោន​ប្រកបដោយ​សេចក្តី​សុខដុមរមនា ជា​ភិយ្យោ​ភាពជា​រៀង​ដរាប​តទៅ​»​។​

​រីឯ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​ផ្ញើលិខិត​ជូនពរ​ដល់​កង​កម្លាំង​នគរបាលជាតិ មន្ត្រី​រាជ​​ការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់លំដាប់​ថ្នាក់​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​នេះ​ផងដែរ​។​លោក​បានបង្ហាញ​ការ​កោត​សរសើរ​មន្ត្រី​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពេញ​ ១ ​ឆ្នាំ​ ២០២៣ ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បានល្អ​ប្រសើរ និង​ការខិតខំ​ផ្តល់​សេវាសាធារណៈ​គ្រប់​ប្រភេទ​ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

លោកហ៊ុន ម៉ាណែត និងភរិយាស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល​​​ ២០២៤។ រូបថត STPM

​ទន្ទឹមនឹងនេះ​លោក ស សុខា បាន​ក្រើនរំឭក​ដល់​កងកម្លាំង​​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល​និង​មន្ត្រី​ពន្ធនាគារ​ឱ្យ​បន្ត​យក​ចិត្ត​ទុកដាក់​បំពេញភារកិច្ច ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​។​លោក​បាន​បញ្ជាក់ថា​៖ «​ត្រូវគោរព និង​អនុវត្ត​ឱ្យបាន​ម៉ឺង​ម៉ាត់​នូវ​រាល់​បទបញ្ជា និង​គោល​ការណ៍​នានា​របស់​ក្រសួង​មហា​ផ្ទៃ និង​រាជរដ្ឋាភិបាល​ព្រមទាំង​ចលនា​ឱ្យបាន​សកម្ម​ផុលផុស​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​សំដៅ​រួមចំណែក​សម្រេចបាន​នូវ​ខ្លឹម​សារ​ជា​សារវន្ត​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ​១ ​ក្រោម​មគ្គុទ្ទេសក៍​នៃ​សម្តេច​​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​»​។​

​ក្នុង​ស្មារតី​នេះ​លោក ស សុខា ក៏បាន​អំពាវនាវ​ឱ្យ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ដើរតួនាទី​ជា​គំរូ​ល្អ​ក្នុងសង្គម​ស័ក្តិ​សមជា​អ្នកបម្រើ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ជាតិ និង​ប្រ​ជា​ជន ជាពិសេស​ត្រូវ​បន្ត​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​តាម​ពាក្យស្លោក​«៣​កុំ និង​ ១ ​រាយការណ៍​»​គឺ​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើក​​លែង និង​ត្រូវ​រាយការណ៍​ផ្ដល់ព័ត៌មាន​ជូន​សមត្ថកិច្ច​។​

​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ក្នុងឱកាស​ចូលឆ្នាំ​សកល​ ២០២៤​ ដែរ​ដោយបាន​លើកឡើងថា ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល សូម​បួងសួង​ដល់​ប្រធានកិត្តិយស សម្តេច​ប្រធាន និង​សម្តេច​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សុខភាព​បរិបូរណ៍​កម្លាំង​មាំមួន អាយុ​យឺន​​យូរ​ដើម្បី​បន្ត​ចូលរួម​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​ដោយ​សម្រេចបាន​សមិទ្ធផល​ត្រចះត្រចង់​ដើម្បី​រក្សា និង​ការពារ​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​។​

​ចំណែក​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ក៏បាន​ផ្ញើ​សារ​ជូនពរ​គ្នា​ឱ្យមាន​សុខ​ភាពល្អ​កម្លាំង​មាំមួន​ដើម្បី​បន្ត​ដឹកនាំ​ក្រសួង​ឱ្យ​កាន់​តែមាន​វឌ្ឍនភាព​ព្រមទាំង​សម្រេចបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ផងដែរ​។​នៅក្នុង​ឱកាស​នេះដែរ លោក យង់ ពៅ អគ្គលេខាធិការ​រាជ​បណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ក៏បាន​ប្រសិទ្ធ​ពរជ័យ​នូវ​ «​ស​៤»​ ដែលជា​ទ្រព្យ​ទី​១​របស់​ពលរដ្ឋ​គ្រប់រូប និង​ស្ថិរភាព​សង្គមជាតិ​។​

​លោក​ថា​«​សុខភាព​៖ ជា​ទ្រព្យ​សម្បត្តិ​ទី​ ១​ របស់​មនុស្ស​គ្រប់​​រូប សង្ឃឹមថា តាមរយៈ​កំណែ​ទម្រង់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​ឱកាស​សមធម៌​ចំពោះ​សុខុមាល​​ភាព​។ សន្តិភាព​៖​ជា​ទ្រព្យសម្បត្តិ​ទី ​១ របស់​ជាតិ និង​ជា​មូលធន​ដ៏​សំខាន់​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់ ទាំង​ការធានា​ដំណើរការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គម​»​។​

​លោក​យង់ ពៅ បាន​បន្តថា ៖ «​សមធម៌​យុត្តិធម៌​សង្គម​៖ ជា​ទ្រព្យសម្បត្តិ​ទី​ ១ ​នៃ​ស្ថិរភាព​សង្គម និង​ចុងក្រោយ​សេដ្ឋកិច្ច​៖​ជា​ទ្រព្យ​សម្បត្តិ​ទី ១ ​នៃ​កម្លាំង​ជាតិ សង្ឃឹមថា រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ស្ទុះ​ងើប​ចេញពី​វិបត្តិ​សកល​បាន​លឿន​»​។​

​លោក​បាន​បន្ថែមថា វិបត្តិ​​អូសបន្លាយ​ពី​បញ្ហា​សកល​ធំៗ​ដូចជា​វិបត្តិ​ជំងឺ​រាតត្បាត សង្គ្រាម​ផ្ទួនៗ រុញច្រាន​ឱ្យ​កម្ពុជា​គេច​មិន​ផុតពី​បញ្ហា​ប្រឈម​សម្រាប់​ឆ្នាំ​ ២០២៤ មួយចំនួន​ដូចជា​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកល ការ​ងើបឡើង​វិញ​យឺត​នូវ​វិស័យ​ទេសចរណ៍ វិបត្តិ​អចលនទ្រព្យ​ធ្ងន់ធ្ងរ គម្លាត​សង្គម​កាន់តែ​ធំ​...​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំ​ ២០២៤​ ខាងមុខ រដ្ឋាភិបាល​ត្រូវ​បន្ត​កំណែទម្រង់​ស៊ីជម្រៅ​ស្ថាប័ន​សាធារណៈ អភិបាល​​កិច្ច និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​,​រក្សា​ជំហរ​សន្តិ​ភាព ដើម្បី​ធានា​នូវ​ស្ថិរភាព​សង្គម ឯកភាព​ជាតិ លម្ហ​ប្រជាធិបតេយ្យ សេរីភាព សិទ្ធិ​មនុស្ស​»៕