«​ដាំ​ដំណាំ​គម្រប​ដី​បាន​ជួយ​រក្សាទុក​កាបូន​ក្នុង​ដី និង​ធ្វើឱ្យ​ដី​មាន​ជីជាតិ​ល្អ​ដោយ​កសិករ​មិន​ប្រើ​ជីគីមី​ឡើយ​។​ម្យ៉ាងទៀត​ដំណាំ​ប្រភេទ​នេះ អាច​ស្រូបយក​កាបូន​ពី​បរិយាកាស​មក​ក្នុង​ដី​វិញ តែបើ​កាបូន​ស្ថិតនៅក្នុង​បរិយាកាស​វា​គឺជា​ផ្នែក​ ១​ ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​»​។


​នេះ​ជាការ​លើកឡើង​របស់លោក ស​ វែង ទីប្រឹក្សាបច្ចេកទេស​នៃ​មជ្ឈមណ្ឌល​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​នៅ​កម្ពុជា ដោយ​លោក​បាន​ថ្លែង​សំដៅលើ​ផ្ទៃដី​នៅក្នុង​ខេត្តបាត់ដំបង​សរុប​ប្រមាណ ២ ០៦៩​ ហិកតា​ដែលមាន​កសិករ​សរុប​ប្រហែល ១ ៥៦៤ ​គ្រួសារ កំពុង​ដាំ​ដំណាំ​គម្រប​ដី​ហើយ​បាន​ទិន្នផល​ច្រើនជាង​ប្រើ​ជីគីមី​។​

​ការលើកឡើង​នេះ​មិន​ខុស​អី​ពី​លោក លឹម សុខុម ឡើយ​។ គាត់​គឺជា​កសិករ​ម្នាក់​ដែល​ធ្លាប់តែ​ធ្វើស្រែ​ធ្វើ​ចម្ការ​ដោយ​ប្រើ​ជីគីមី តែ​ឥឡូវ​លោក​បាន​ប្តូ​រម​កដាំ​ដំណាំ​គម្រប​ដី​វិញ​ដែលជា​ហេតុ​ធ្វើឱ្យ​ដី​របស់គាត់​មាន​សារធាតុចិញ្ចឹម​ច្រើន និង​បានធ្វើឱ្យ​ដី​មាន​ជីជាតិ មាន​សំណើម ជាពិសេស​ដំណាំ​គម្រប​ដី​បាន​ជួយ​ស្រូបយក​កាបូន​ពី​ក្នុង​បរិយាកាស​ដែល​អាចជួយ​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ​ទៀតផង​។​


​លោក សុខុម ដែលមាន​អាយុ​ ៤៦ ​ឆ្នាំ រស់នៅ​ភូមិ​រស្មី​សង្ហា  ​ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​បានឱ្យដឹងថា លោក​មាន​ផ្ទៃដី ​១០ ​ហិកតា សម្រាប់​ដាំ​ដំណាំ​វិលជុំ​ដូចជា ពោតក្រហម សណ្តែក និង​ចង្ក្រង់ស្វា​ស្លឹក​តូច​និង​ស្លឹក​ធំ ​(​ដំណាំ​គម្រប​ដី​)​។ ជាធម្មតា​រៀងរាល់ឆ្នាំ លោក​តែង​ដាំពោត​ក្រហម​នៅ​ខែឧសភា​ដល់​ខែតុលា ហើយ​ក្រោយពី​ប្រមូល​ផល​ពោត​រួច លោក​ដាំ​ដើម​ចង្ក្រង់ស្វា​ស្លឹក​​តូច និង​ចង្ក្រង់ស្វា​ស្លឹក​ធំ ដើម្បី​បង្កើតជា​ជីសរីរាង្គ​នៅក្នុង​ដី​។​

​លោក​បាន​បន្តថា កាលពី​ឆ្នាំមុនៗ​លោក​ដាំពោត​ក្នុង​ ១​ ហិកតា​ត្រូវ​ប្រើ​ជីគីមី​ចន្លោះ​ពី​ ៣​ ទៅ​ ៤ ​ការុង​ (១​ ការុង​ទម្ងន់​ ៥០​ គីឡូក្រាម​)​ ហើយ​ក្នុង​ជី​ ១ ​ការុង​ថ្លៃ ​២០​ ម៉ឺន​រៀល​។​ ប៉ុន្តែ​ចូលដល់​ឆ្នាំ​ ២០២១​ មាន​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៃ​ម​ជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​កសិក​ម្ម​អភិរក្ស​នៅ​កម្ពុជា​បានមក​ផ្សព្វផ្សាយ​ឱ្យ​ប្រជាកសិករ​ងាក​មក​ធ្វើ​ «​កសិកម្ម​អភិរក្ស​»​ ដោយ​ដាំ​ដំណាំ​គម្រប​ដី​ជំនួស​វិញ ដូចជា ដំណាំ​ចង្ក្រង់ស្វា​ស្លឹក​តូច និង​ចង្ក្រង់ស្វា​ស្លឹក​ធំ ពីព្រោះ​ដំណាំ​ប្រភេទ​នេះ​វា​ជួយ​បង្កើត​សារ​ធាតុ​ចិញ្ចឹម​បាន​ច្រើន​នៅក្នុង​ដី​និង​ផ្ទុក​ទៅដោយ​សារធាតុ​កាបូន​ទៀតផង​។​


​លោក​និយាយថា​៖ «​ខ្ញុំ​បាន​សាក​ល្បងមើល​ហើយ​គឺ​យើង​ប្រើ​ជីគីមី​អស់​លុយ​ច្រើន ហើយ​ធ្វើឱ្យ​ដី​ក្តាំ​រឹង ដី​ហឹរ​ទៅវិញ លុះដល់​ខ្ញុំ​ដាំ​ដំណាំ​ចង្ក្រង់ស្វា​​ស្លឹក​តូច និង​ស្លឹក​ធំ ក៏​ធ្វើឱ្យ​ដី​ចាប់ផ្តើម​ផុស​ល្អ​ឡើងវិញ ពីព្រោះ​ដំណាំ​គម្រប​ដី​ចង្ក្រង់ស្វា​ស្លឹក​តូច​និង​ស្លឹក​ធំ​នេះ​វា​បង្កើត​ឱ្យ​ដី​មាន​សារធាតុចិញ្ចឹម​និង​ជា​ជីសរីរាង្គ​ធម្មជាតិ​ដ៏​ល្អ​ផង​»​។​

​លោក​បានឱ្យដឹង​ដែរ​ថា ចំពោះ​តម្លៃ​ដំណាំ​គម្រប​ដី​បើជា​ប្រភេទ​ចង្ក្រង់ស្វា​គឺមាន​តម្លៃ​ ៤ ៦០០​ រៀល ក្នុង​ ១​ គីឡូក្រាម​ដោយ​លោក​លក់​ឱ្យ​ក្រុមហ៊ុន ហើយ​បើ​ដំណាំ​ស្នោ​វិញ គឺមាន​តម្លៃ​ជាង ៣​ ពាន់​រៀល តែ​ចំពោះ​ដំណាំ​គម្រប​ដី​ដែល​លោក​មិនបាន​ដាំ​[​កន្លែង​ផ្សេង​]​គឺ​លោក​មិនដឹង​ពី​តម្លៃ​ទេ​។​

​យ៉ាងណាក្ដី ដោយសារតែ​ទទួលបាន​ជោគជ័យ​លើ​ការដាំ​ដំណាំ​គម្រប​ដី​នេះ​លោក​លឹម សុខុម បានផ្តល់​យោបល់​ដល់ក​សិ​ករ​ដទៃ​ទៀតថា​៖ «​ខ្ញុំ​ជា​កសិករ​បាន​ដាំ​ដំណាំ​គម្រប​ដី​នេះ​វា​បានធ្វើឱ្យ​ដី​របស់ខ្ញុំ​មាន​ជីជាតិ ធូរ​ដី​។ អ៊ីចឹង​ខ្ញុំ​ចង់​ចែករំលែក​ដល់​កសិករ​ផ្សេងទៀត​គួរ​ជួយ​ខ្លួនឯង​កាត់បន្ថយ​ជីគីមី​ដោយ​ដាំ​ដំណាំ​គម្រប​ដី​ដើម្បី​ផ្តល់​ជា​ជី និង​មាន​សារធាតុចិញ្ចឹម​ច្រើន​នៅក្នុង​ដី​»​។​

​ដោយឡែក លោក ស វែង ទីប្រឹក្សាបច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម អភិរក្ស​នៅ​កម្ពុជា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងពេល​ចុះទៅពិនិត្យ​ចម្ការ​ផ្ទាល់​នៅ​ស្រុក​រតនមណ្ឌល​កាលពី​ថ្ងៃទី ​២៤ ធ្នូ​ថា បច្ចេកទេស​កសិកម្ម​អភិរក្ស​ឬ​ក​សិ​អេកូឡូស៊ី​ត្រូវបាន​អនុវត្ត​តាំងពី​ឆ្នាំ ​២០០៩ ​មក​ម្ល៉េះ ដោយ​ផ្តោតលើ​ការដាំដុះ​ដាំ​ដំណាំ​គម្រប​ដី​ដែល​កាត់​បន្ថយ​ការ​ភ្ជួរ​រាស់ ហើយ​គ្រប់គ្រង​ដី​ឱ្យមាន​និរន្តរភាព​តាមរយៈ​ការដាំ​ប្រភេទ​ដំណាំ​គម្រប​ដី​នេះ​។ ចំពោះ​ដំណាំ​គម្រប​ដី​មាន​ទី​-១​ ​ចង្ក្រង់ស្វា​ស្លឹក​តូច​ (OChroleuca),​ទី​-២​ ចង្ក្រង់ស្វា​ស្លឹក​ធំ ​(Sunnhemp),​ទី​៣-​ មី​លែ​ត​(Pearl millet),​ទី​៤-​ សង់​ត្រូ​ (Trocema),​ទី​៥-​ សណ្តែក​អង្រែ ​(Pieeonpea),​ទី​៦-​ ស្តួ​យ ​(Sorghum) និង​ទី​៧-​ ស្មិ​ឡូ​(Stylo guinensis)​។​

​លោក​បាន​បន្តថា សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​នៅ​កម្ពុជា​បានរៀបចំ​ជា​ប្រព័ន្ធ​ដាំ​ដុះ​ដែល​ត្រូវតែមាន​ការធ្វើ​វិសុទ្ធ​​កម្ម​ដំណាំ​ដែល​ត្រូវ​ដាក់បញ្ចូល​សារ​ធាតុ​កាបូន​ទៅក្នុង​ដី​តាមរយៈ​ដំណាំ​គម្រប​ដី​។ ដូច្នេះ​ដំណាំ​នេះ​វា​អាច​ស្រូប​កាបូន​ពី​ក្នុង​បរិយាកាស​ចូលមកក្នុង​ដី​វិញ​ដោយបាន​ជួយ​ដល់​ការប្រែប្រួល​អាកាសធាតុ ការ​បំ​ភាយ​កាបូន​ចូលក្នុង​បរិយាកាស ហើយ​បើ​ការ​បំ​ភាយ​កាបូន​មាន​កម្រិត​ខ្ពស់​គឺជា​ផ្នែក​ ១ ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​ការប្រែប្រួល​អាកាសធាតុ​គឺ​វា​ទាក់ទង​នឹង​ការ​បំ​ភាយ​សារធាតុ​កាបូន​ចូលទៅក្នុង​បរិយាកាស ហើយ​មានតែ​ការ​ទុកដាក់​កាបូន​នៅក្នុង​ដី​ទេ ដែល​អាច​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ​បាន​។​

​លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង​តាមរយៈ​ដំណាំ​គម្រប​ដី ឬ​តាមរយៈ​ការធ្វើ​វិសុទ្ធ​កម្ម​ដំណាំ​គឺ​វា​បាន​ចាប់យក​សារធាតុ​កាបូន​នៅក្នុង​ដី​ក៏ដូចជា​ចាប់យក​ពី​បរិ​យា​កា​សមក​ផ្ទុក​នៅក្នុង​ដី​តាមរយៈ​ការងារ​អនុវត្តន៍​កសិកម្ម​អភិរក្ស​នេះ​។​កាបូន​បើ​នៅក្នុង​បរិយាកាស​វា​ជា​សារធាតុ​បំពុលបរិស្ថាន​តែបើ​វា​នៅក្នុង​ដី​វិញ​វា​ជា​សារធាតុ​មាន​ប្រយោជន៍​សម្រាប់​ដី​របស់​យើង​»​។​

​បើតាម​លោក ស វែង ចំពោះ​វិធីសាស្ត្រ​ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ​គឺមាន​វិធីសាស្ត្រ​ច្រើន តែ​ការងារ​អភិរក្ស​កសិកម្ម​អភិរក្ស​នេះ​ក៏​ជា​ផ្នែក ​១ ​ដែល​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហើយ​ដំណាំ​គម្រប​ដី​បាន​ចាប់យក​កាបូនឌីអុកស៊ីត​ពី​ក្នុង​បរិយាកាស​ហើយ​ស្តុក​មក​ទុក​នៅក្នុង​ដី​។​

​លោក​បានឱ្យដឹង​ដែរ​ថា មជ្ឈមណ្ឌល​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​នៅ​កម្ពុជា​បាន​គ្របដណ្តប់​លើ​ស្រុក​បាណន់ រតនមណ្ឌល ស្រុក​សង្កែ ស្រុក​សំឡូត ហើយ​សកម្មភាព​មួយចំនួន​ក៏មាន​នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់​ដំបង​ព្រមទាំង​នៅ​ក្រុងប៉ៃលិន​និង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ផងដែរ​។​ចំពោះ​នៅ​ខេត្តបាត់ដំបង​មាន​ផ្ទៃដី​សរុប​ប្រ​មាណ ២ ០៦៩​ហិកតា​ដែលមាន​កសិករ​សរុប​ប្រមាណ​ ១ ៥៦៤ ​គ្រួសារ កំពុង​ដាំ​ដំណាំ​ទាំងនេះ​។​

​លោក​បាន​បញ្ជាក់ដែរថា ការអនុវត្ត​ការងារ​កសិកម្ម​អភិរក្ស ឬ​តាមបែប​ដាំ​ដំណាំ​គម្រប​ដី​ដែល​បានចាប់ផ្តើម​ដំបូង​តាំងពី​ឆ្នាំ​ ២០០៩​ មក គឺ​កសិករ​មិនសូវ​ចាប់អារម្មណ៍​ទេ ដោយសារ​កាលនោះ​ដី​នៅក្នុង​ស្រុក​រតនមណ្ឌល ដី​នៅមាន​ជីជាតិ​ក្នុង​ការធ្វើ​ស្រូវ​បាន​ទិន្នផល​ល្អ​។​លុះ​ចាប់ពី​ឆ្នាំ​ ២០១៨ ​មក ប្រជាកសិករ​ក្នុងស្រុក​រតនមណ្ឌល​បាន​ចាប់អារម្មណ៍​
​និង​មាន​សម្ទុះ​កាន់តែខ្លាំង​ឡើង ហើយ​បើ​គិត​មកទល់​ដើមឆ្នាំ​ ២០២៣ គឺ​សម្រេចបាន​លើ​ផ្ទៃដី​ជាង ​២​ ពាន់​ហិកតា​។​នេះ​ក៏ដោយ​សារ​មាន​គម្រោង​គាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​នៃ​ក្រសួងបរិស្ថាន​ផងដែរ​។​

​លោក​សែម សាវុធ មន្ត្រី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា​បានលើកឡើង​ក្នុង​បទ​បង្ហាញ​មួយ​ដល់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខេត្តបាត់ដំបង​ថា គម្រោង​ដំណាំ​គម្រប​ដី​គឺ​ខុសពី​គម្រោង​បែប​អនុវត្ត​ដោយ​ធ្វើ​យ៉ាងម៉េច​ជំរុញ​លើកកម្ពស់​សមត្ថភាព​ក​សិ​ករ ជំរុញ​ការផលិត​កសិកម្ម​ប្រើប្រាស់​ជីសរីរាង្គ​ធ្វើយ៉ាងណា​ដើម្បី​ចងក្រង​ជា​សហ​គម​ន៍​កសិករ​អី​ផ្សេងៗ​។ គម្រោង​មួយ​នេះ​ជា​គម្រោង​កសិកម្ម​អភិរក្ស មានន័យថា វា​ជា​បច្ចេកទេស​កសិកម្ម​មួយ​ថ្មី​ដែល​កសិករ​មិនបាច់​ប្រើ​ជី​ទេ តែ​គាត់​ដាំ​ជា​ដំណាំ​គម្រប​ដី​វិញ​។​

​លោក​បាន​ថ្លែងថា​៖ «​តំបន់​ខ្ពង់រាប​ជា​តំបន់​ដែល​ងាយ​ប្រឈម​នឹង​ការ​ប្រែ​​ប្រួល​អាកាសធាតុ​តាមរយៈ​ការហូរ​ច្រោះ​ដី​តាមរយៈ​សំណឹក​ដី អ៊ីចឹង​កាលណា​ដី​ហូរ​ច្រោះ​តាមរយៈ​ការធ្វើ​កសិកម្ម​មិន​សមស្រប​នឹងធ្វើ​ឱ្យ​ដី​នោះ​ងាប់​ឬ​ហៅថា​ដី​ហឹរ ដូចនេះ​បើ​ដី​ហឹរ​គឺ​ដាំ​ដំណាំ​អត់​បានទេ អ៊ីចឹង​បច្ចេកទេស​កសិកម្ម​ហ្នឹង​គាត់​ធ្វើ​ម៉េច​កែច្នៃ​ដី​នោះ​ទៅជា​ដី​រស់​វិញ​។ នៅពេលដែល​ដី​មាន​ជីសរីរាង្គ​គឺ​នៅក្នុង​ដី​មាន​សត្វល្អិត មានជីវិត​រស់នៅក្នុង​ដី​ហ្នឹង​»​។​

​លោក​បាន​បន្តទៀតថា គម្រោង​ការធ្វើ​កសិកម្ម​អភិរក្ស​នេះ​គឺ​ប្រជាកសិករ​បានធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាង​ ១០ ​ឆ្នាំ​មកហើយ តែ​ក៏​ចង់ដឹងថា​នៅពេលដែល​គាត់​ធ្វើ​ពិសោធន៍​នៅពេល​ដាំ​ដំណាំ​គម្រប​ដី​ខ្ពស់ៗ​នៅក្នុង​ដី​បែបនេះហើយ​តើ​វា​ស្រូបយក​កាបូន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ក្នុង​បរិយាកាស​ចូលទៅក្នុង​ដី​បាន​កម្រិតណា​?​បើ​ប្រៀបធៀប​ជាមួយនឹង​ការអនុវត្ត​តាម​ទម្លាប់​ហើយ​និង​មក​ប្រើ​ដំណាំ​គម្រប​ដី​តើ​វា​ជួយ​ទៅដល់​ការលើកកម្ពស់​ជីជាតិ​នៅក្នុង​ដី ហើយ​ទិន្ន​ផល​របស់​កសិកម្ម និង​ជីវភាព​របស់​កសិករ​របៀប​ម៉េច​ដែរ​?

​លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង​យើង​ចង់ឱ្យមាន​ការផ្សព្វផ្សាយ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ថា​តើ​កសិករ​ទៅ​អនាគត​គាត់​គួរតែ​អនុវត្ត​ដំណាំ​ដែល​អត់​ភ្ជួរ​រាស់ ហើយ​ដាំ​ដំណាំ​គម្រប​ដី​ឬក៏​យ៉ាងម៉េច​?​ព្រោះ​បើ​គាត់​ភ្ជួរ​រាស់​ធ្វើឱ្យ​កាបូន​ចេញពី​ក្នុង​ដី អ៊ីចឹង​កាបូន​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ភាយ​ទៅក្នុង​បរិយាកាស​»៕