ភ្នំពេញៈ ការ​តែ​ត​ចូល​ ១ ​គ្រាប់​របស់​កីឡាករ ​ឡេង ​មករា បាន​ក្លាយ​ជា​គ្រាប់​បាល់​ពិឃាត​ដែល​ធ្វើ​ឱ្យ​ក្រុម​ឈរ​នៅ​លើ​កំពូល​តារាង​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ជួប​ការ​បរាជ័យ​ជា​លើក​ដំបូង ​សម្រាប់​ការ​ប្រកួត​រដូវ​កាល​ថ្មី​នៃ​លី​គ​កំពូល​កម្ពុជា ​ចំណែក​ក្រុម​វិសាខា ​និង​បឹង​កេតក៏​មិន​អាច​ដណ្តើម​បាន​៣​ពិន្ទុ​ពេញ​ពី​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​១២​ នេះ​ដែរ​។​

​តាម​រយៈ​ការ​ប្រកួត​នៅ​កីឡ​ដ្ឋាន​ខេត្ត​កំពង់​ស្ពឺកាលពី​យប់​ថ្ងៃទី ​៣ ខែធ្នូ​ ខ្សែ​បម្រើ​ ឡេង​ មករា​ បាន​លោត​តែ​ត​បា​ល់​ពី​ការ​ទាត់​ហ្វ្រ៊ីឃី​ករ​បស់​ខ្សែ​ការពារ​ នេន សុធា​រដ្ឋ ​បញ្ចូល​ទី​របស់​ក្រុម​ស្វាយ​រៀងយ៉ាង​ល្អ​បំផុត​នៅត្រឹម​នាទី​ទី​៦ ​ហើយ​ជា​មួយ​ការ​នាំ​មុខ​យ៉ាង​លឿន​នេះ ​ក្រុម​ស្វាយ​រៀង បាន​ព្យា​យាម​វាយ​សម្រុក​ទៅ​លើ​ក្រុម​ណា​ហ្គាយ៉ាង​ខ្លាំង​ ជា​ពិសេស​នៅ​រយៈ​ពេល ​១០​ នាទី​ចុង​ក្រោយ ​ព្រោះ​ពួក​គេចង់​រក​បាន​គ្រាប់​បាល់​មក​វិញ​ដើម្បី​រក្សា​កំណត់​ត្រា មិន​ធ្លាប់​ចាញ់​សោះ​របស់​ខ្លួនសម្រាប់​ការ​ប្រកួត​ ១១​ លើក​កន្លង​មក​។​

​ក្រុម​ស្វាយ​រៀង បាន​បង្កើត​ឱកាស​ជា​ច្រើន​លើក​នៅក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់​ក្រុម​ណាហ្គា​​វើ​លដ៍ ​ប៉ុន្តែ​ការ​ដាក់​រនាំង​ការ​ពារ​យ៉ាង​រឹងមាំ​របស់​ណា​ហ្គា និង​ការជួយ​សង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​អ្នក​ចាំទី ​ស៊ូ យ៉ា​ទី បាន​ផ្តល់​ការ​ខក​ចិត្ត​ខ្លាំង​ដល់​ស្វាយ​រៀងដើម្បី​ទទួល​យក​ការប​រាជ័យ​ ១-០​ នេះ​ជា​លើក​ដំបូង បន្ទាប់ពី​ការ​ជួប​គ្នាកាល​ពី​ការ​ប្រកួត​កាល​ជុំ​ទី​១ ស្វាយ​រៀងបាន​យក​ឈ្នះ ​ណាហ្គា​ ១-០​ ដូច​គ្នា​។​


​ទោះ​បីជា​យ៉ា​ងណា​ ការ​របូត​៣​ពិន្ទុជា​លើក​ដំបូង​នេះ ​វា​មិន​ទាន់​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ការគ្រប់​គ្រង​តំបន់​កំពូល​តារាង​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀងនៅ​ឡើយ​ទេ ​ព្រោះ​ការ​ឈ្នះ​១០ និង​ស្មើ​ក្រុម​ភ្នំពេញ​ក្រោ​ន ​០-០​ កាល​ពី​ថ្ងៃទី ​២៥ ​ខែវិច្ឆិកា​ កន្លងទៅ ​វា​នៅ​តែ​ជួយ​ឱ្យស្វាយ​រៀង​បន្ត​ឈរ​នៅ​កំពូល​តារាងដោយ​មាន​ ៣១​ ពិន្ទុ​ខ្ពស់​ជាង​គេ​។​

​ជា​មួយ​គ្នា​នេះ ​ក្រុម​វិសាខា ​មិន​អាច​រក្សា​ការ​នាំ​មុខ​ ១-០ លើ​ក្រុម​ម្ចាស់​ផ្ទះ I​SI ដង្កោ​សែន​ជ័យរ​ហូត​ដល់​ចប់​ការ​ប្រកួតដើម្បី​ទទួល​បាន​៣​ពិន្ទុ​ពេញ​ឡើយ​។ នៅ​ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នេះ​ ខ្សែ​ប្រយុទ្ធ​Blasco Llo​rens​ Victoor បាន​តែត​បញ្ចូល​ទីជួយ​ឱ្យវិសាខា នាំ​មុខ​ ១-០ នៅ​នាទី​ទី​៤៧ ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ Ndongo Louis Willy បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​ក្រុម​វិសា​ខា បាន​សម្រេច​វិញ​នៅ​នាទី​ទី​៧៥​ ដែល​ធ្វើ​ឱ្យ​ជំនួប​លើក​នេះបាន​បញ្ចប់​ដោយ​លទ្ធ​ផល​ស្មើ​គ្នា ១-១​។​


​ចំពោះ​ការ​ទទួល​បាន​ ១​ ពិន្ទុ​ទាំង​សោក​ស្តាយ​នេះ​ បា​នធ្វើ​ឱ្យ វិសា​ខា ​ពេល​នេះមាន ​២៣​ ពិន្ទុ គឺ​ដាច់​ឆ្ងាយ​ពី​ក្រុម​ឈរ​នៅ​លេខ ​១​ ព្រះខ័ន​រាជ​ស្វាយ​រៀងចំនួន​៨​ពិន្ទុ ​ចំណែក ISI ដង្កោ​សែន​ជ័យ ​ដែល​បាន​បន្ត​ឈរ​នៅ​លេខ ​៤ ជា​បណ្តោះ​អាសន្ន​នោះ ​មាន​ ១៧​ ពិន្ទុ លើ​ក្រុម​បឹង​កេត ១ ​ពិន្ទុ​ដដែល​ ខណៈបឹង​កេត បាន​ព្យា​យាម​វាយ​បក​តាម​ស្មើ​ក្រុម​ព្រៃ​វែង​អេ​ហ្វ​ស៊ី ​២-២ នៅ​លើ​ទឹកដី​ខ្លួន​ឯង​ទាំង​លំបាក​​។​

​សម្រាប់​ការ​ប្រកួត​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​​កីឡាករ​ជប៉ុន​Naoya Takai បាន​តែត​បាល់​បញ្ចូល​ទី​​រក​បាន​គ្រាប់​បាល់​ទី​១​ ឱ្យ​ក្រុម​ព្រៃ​វែង​នៅ​ត្រឹម​នាទី​ទី​៥ ​ហើយ ​Thiha Zaw បាន​ស៊ុត​បន្ថែម ​១​ គ្រាប់​ទៀត​ នៅ​នាទី​ទី​១៥​ មុន​ពេល​ខ្សែ​ប្រយុទ្ធ ម៉ាត់​ នូ​រុណ បាន​ស៊ុត​បញ្ចូល​ទី​បាន​ ១​ គ្រាប់​ឱ្យ​ក្រុម​បឹង​កេតវិញ​ នៅ​នាទី​ទី​៣០​។​

​បន្ថែម​លើ​គ្រាប់​បាល់​របស់​ ម៉ាត់ នូ​រុណ នេះ ខ្សែ​ប្រយុទ្ធ​ Golubovic Stefan បាន​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត​ដើម្បី​ជួយ​ឱ្យបឹង​កេត​ តាម​ស្មើ​ក្រុម​ព្រៃ​វែង ២-២ នៅ​នាទី​ទី​៨២​។ តែ​ទោះ​បីជា​យ៉ាង​ណា ​អ្នក​គាំទ្រ​របស់​ក្រុម​បឹង​កេតបាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​លទ្ធ​ផល​នេះ​ទេ ​ហើយ​ពួកគេ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ ទៅ​ឱ្យ​គ្រូ​បង្គោល​លោក​Teo Sin Choy Clement ព្រោះ​ការ​ជួប​គ្នាកាល​ជុំ​ទី​១ បឹង​កេត បាន​ត្រឹម​ស្មើ​ក្រុម​ក្មេង​ខ្ចី ព្រៃ​វែង ​១-១ ​ដូចគ្នា​។ 

​យ៉ាង​ណាក៏​ដោយ ​លោក Teo Sin Choy Clement បាន​អះអាងនៅក្នុង​សន្និ​សីទ​កាសែត ​ក្រោយ​ការ​ប្រកួត​ថា លោក​បាន​ប្រឹង​ប្រែង​ខ្លាំងក្នុង​ការ​ដឹក​នាំ​ក្រុម​បឹង​កេត ​តែ​អ្វី​ដែល​ជា​គោល​ដៅ​ធំ​របស់លោ​កគឺ​ការ​ផ្តល់​ឱកាស​កីឡា​ករ​ទាំង ​៣០ ​នាក់​របស់​បឹង​កេតបាន​លេងដើម្បី​ទទួល​បាន​បទ​ពិសោធន៍ ​និង​ឈាន​ទៅ​បង្កើត​បាន​ក្រុម​មួយ​ដែល​មាន​ភាព​ខ្លាំងនិង​រឹងមាំ​ទៅ​ថ្ងៃ​អនា​គត​ ហើយ​ការ​ងារ​នេះ ​មិនមែន​សម្រេច​បាន​ត្រឹម​រយៈ​ពេល​ ១ ​រដូវ​កាល​នោះ​ទេ​។

​គ្រូ​បង្វឹក​សញ្ជាតិ​សិង្ហ​បុរី​រូប​នេះ បា​ន​បញ្ជាក់ថា​៖ «​សម្រាប់​ការ​មក​ដឹក​នាំ​ក្រុម​បឹងកេត​នេះ ខ្ញុំ​មាន​ការ​ខំប្រឹង​ប្រែង​ណាស់ ​គឺ​មិន​មែន​មក​ដើម្បី​សប្បាយ​ ឬ​ជាការ​លម្ហែ​កាយ​ទេ​។ ខ្ញុំ​ដឹង​ច្បាស់​ពី​តួនាទី​ដែល​ត្រូវធ្វើ​នៅទីនេះ​ គឺ​ខ្ញុំ​ចង់​ផ្តល់​ឱកាស​ឱ្យ​កីឡា​ករទាំ​ង ​៣០ ​នាក់ ​ដែល​បាន​ចុះ​ឈ្មោះ ​បាន​លេង​ទាំង​អស់​គ្នា ហើយ​កីឡា​ករ​របស់​យើង ក៏​មាន​ការ​ព្យាយា​ម​ខ្លាំង​ដូច​គ្នា​»​។ 

​លោក​បាន​បន្ថែមថា​​៖ «​ការ​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ព្រៃវែង​នេះ ខ្ញុំ​មិនបាន​យក​លេស​ថាមកពី​កីឡាករ​មាន​របួស​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​សុំឱ្យ​អ្នក​គាំទ្រ​ទុក​ពេល​ឱ្យ​ខ្ញុំ​ដែរ​ ព្រោះ​ខ្ញុំ​បាន​ដឹង​ច្បាស់​ពីអ្វី​ដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​ការ​ផ្តល់​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មានទៅ​ឱ្យ​កីឡា​ករ​។​ខ្ញុំ​ក៏បាន​ប្រាប់​កីឡា​ករ​ដែរ​ថា គេ​នឹង​សរសើរ​យើង ​នៅពេ​ល​យើង​ឈ្នះ ​តែ​គេ​នឹង​មិន​ពេញ​ចិត្ត​ឬ​រិះគន់​យើង ​នៅពេ​ល​យើង​លេង​ស្មើឬ​ចាញ់ ​ប៉ុន្តែ​នេះ​ជា​រឿង​ធម្មតា​នៅក្នុង​បាល់​ទាត់​! សំខាន់​យើង​លេង​បាន​ល្អ ​ហើយ​ការ​អភិវឌ្ឍ​ក្រុម​ ១ ​ឱ្យ​បាន​ល្អ មិ​នមែន​ប្រើពេល​ត្រឹម​រយៈ​ពេល​ ១១ ​ខែ​នេះទេ​»៕