ភ្នំពេញៈ​ ក្លិប​តេ​ក្វាន់​ដូ​ចំនួន ​៧​ ក្នុង​ចំណោម​ក្លិប​ទាំង ​២៤ ​នៅ​កម្ពុជា សុទ្ធតែ​ដណ្តើម​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​តេ​ក្វាន់​ដូ ​WT​ ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ ២០២៣ ​តែ​លោក​ឧប​នាយ​ករ​ដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​ហង់​ជួន ណា​រ៉ុ​ន ជា​ប្រធាន​ខេ​មរ​សហ​ព័ន្ធ​តេ​ក្វាន់​ដូបាន​លើក​ទឹក​ចិត្ត​ដល់​អត្ត​ព​លិ​កដែល​មិន​បាន​មេ​ដាយ​គឺ​ត្រូវ​ខំប្រឹង​ប្រែង​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ពេល​ក្រោយ​។​

​តាម​រយៈ​ការ​ប្រកួត​តេ​ក្វាន់​ដូ ​WT ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ដែល​បាន​ធ្វើ​នៅ​សាល​ហ្វឹក​ហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ​ កាល​ពីថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​៣ ​ខែធ្នូ​ ក្រុម​អត្ត​ព​លិ​ក​របស់​ក្រសួង​មហា​ផ្ទៃ បាន​ឈ្នះ​មេដាយ​មាស​ ៥ និង​មេ​ដាយ​ប្រាក់​ ៥ ពី​ការ​ប្រកួត​នៅ​លើ​ប្រភេទ​វិញ្ញា​សា​ទាំង ១៦ ​ដើម្បី​ឈរ​នៅ​លេខ​១ ក្នុង​នាម​ជា​ក្លិប ​ដែល​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ ​ខណៈ​ក្រុម​ក្រសួង​ការពា​រជាតិឈរ​នៅ​លេខ​២ ដោយ​ឈ្នះ​មេដាយ​មាស ​៤​ ប្រាក់ ​១ និង​សំរឹទ្ធ​ ៣​។​

ចំណែក​ក្លិប Brain Storm របស់​ខេត្ត​បាត់​ដំបង បាន​ឈរ​នៅ​លេខ​៣ ដោយ​ដណ្តើម​បាន​មេ​ដាយ​មាស​ ២ និង​សំរឹទ្ធ​ ២ ​ហើយ​តាម​ពី​ក្រោយ​ដោយ​ក្លិប​ចំនួន​ ៤ ​ទៀត ​ដែល​ឈ្នះ​បាន​មេដាយ​មាស​ដែរ ​គឺ​ក្លិប​ពិភព​ថ្មី​ ឈ្នះ​បាន​មេដាយ​មាស​២ ​ក្លិប​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​បាន​មេដាយ​មាស ១​ ប្រាក់​ ២ សំរឹទ្ធ​ ៣ ក្លិប ABC ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​មេដាយ​មាស ​១ ​ប្រាក់ ​២ សំរឹទ្ធ​ ១ និង​ក្លិប​បូរី​ ១០០ ​ខ្នង ​ដណ្តើម​បាន​មេ​ដាយ​មាស​១​។​

ដោយ​ឡែក ក្លិប​តេ​ហូ ក្លិប​ព្រះ​អា​ទិត្យ ​  ក្លិប​រតនគិរី​ ក្លិប​បក្សី​ដែក​ខេត្ត​កណ្តាល​ ក្លិប​BTមកពី​ខេត្ត​បាត់ដំ​បង និង​ក្លិប​សុវណ្ណ​ភូមិ ​របស់​ខេត្តបា​ត់ដំប​ង​ដែរ ​បានឈ្នះ​​ត្រឹម​មេដាយប្រា​ក់ និង​សំរឹទ្ធ។​ រីឯ​ក្លិប​ពោធិ៍​សែន​ជ័យ​ ក្លិប​ខ្លាស ក្លិប​មិត្ត​ភាព​ ក្លិប I-CAM ក្លិប​ហូ​សា​ណា ក្លិប​ឥន្ទ្រី​ខ្មៅ ​ក្លិប The Best ក្លិប​មិត្ត​ភាព ក្លិប​វ៉ុ​ន​ក្វាង ​ខេត្ត​បាត់​ដំបង និង​ក្លិប ​Ma​hanaimបានឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុន្តែ​ក្លិប​ដូន​ពេញ មិន​ដណ្តើម​បាន​មេ​ដាយ​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ​ទេ​។​


​តាម​របាយ​ការណ៍​របស់​លោក​ គង់ ស​ក្ខិ​ដា អគ្គ​លេខាធិ​ការរង​ខេ​មរ​សហ​ព័ន្ធ​តេ​ក្វាន់​ដូ​បាន​ឱ្យដឹង​ថា ការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ​WT​ ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​នេះ​ មាន​ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ ​WT​ចំនួន​ ១៦០​ នាក់​ បាន​ចូលរួម ក្នុង​នោះ​មាន​ប្រតិភូ​គ្រូ​បង្វឹក​ ៣៩ ​នាក់ ​កីឡាករ​ ៦០​ នាក់ ​និង​កីឡា​ការិនី​ ៦១ ​នាក់​ ដែល​លេង​តំណាង​ឱ្យ​ក្លិប​ចំនួន​២៤​ គឺ​នៅ​រាជ​ធានី​ភ្នំពេញ​មាន ​១៥ ​ក្លិប និង​មក​ពី​តាម​បណ្តា​ខេត្ត​ចំនួន​៩​ក្លិប​។​

​លោក​ គង់ ស​ក្ខិ​ដា បាន​បន្ថែម​ថា​៖ «​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​នេះ ​អាច​ដំណើរ​ការ​ទៅ​បាន​ ដោយ​សារ​មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​តាម​រយៈ​ថវិកា​គាំទ្រ​ជួយ​ព​ន្លឿ​ន​ដល់​ការ​អភិវឌ្ឍ​របស់​ខេ​មរ​សហ​ព័ន្ធ​តេ​ក្វាន់​ដូ ​ប្រចាំ​ឆ្នាំ​២០២៣ ​សម្រាប់​ជា​ឱកាស​ដល់​អត្ត​ព​លិ​ក​ទាំង​អស់​បាន​បញ្ចេញ​សមត្ថ​ភាព និង​ទេព​កោ​សល្យ​របស់​ខ្លួន​ ក្នុង​ការ​ដណ្តើម​ជយ​លាភី​រៀងៗ​ខ្លួន​ដើម្បី​ត្រៀម​ប្រមូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​និង​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជា​លក្ខណៈ​អន្តរ​ជាតិ​នានា ​ពិសេស​ត្រៀម​ចូល​រួម​ប្រកួត​ជម្រុះ​កីឡា​អូឡាំ​ពិក​រដូវ​ក្តៅនា​​ខែមីនា ​ឆ្នាំ​២០២៤ នៅ​ប្រទេស​ចិន​»​។​


​ជា​មួយ​គ្នានេះ ​លោកហង់​ជួន ណា​រ៉ុ​ន ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្ទាល់ ​បាន​វាយ​តម្លៃ​ខ្ពស់ និង​ថ្លែ​ងអំណរ​គុណ​ចំពោះ​គណៈ​កម្មាធិ​ការ​ប្រតិ​បត្តិ​ខេ​មរ​សហ​ព័ន្ធ​តេ​ក្វាន់​ដូ ដែល​បាន​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ WT  ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៣ ប្រ​កបដោ​យ​ភាព​ជោគ​ជ័យ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ព្រោះ​កីឡា​ករ កីឡា​ការិនី​ទាំង​អស់​បាន​ខិតខំ​ហ្វឹក​ហាត់ ​និង​គោរព​បទ​បញ្ជា​ប្រកួត​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​ ទោះបីជា​លទ្ធ​ផល​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​តាម​រយៈ​របាយ​ការណ៍​របស់​គណៈ​កម្មកា​រ​រៀប​ចំការ​ប្រកួត​ឃើញ​ថា ​កីឡាករ​ កីឡាកា​រិនី​ទាំង​អស់ ​បាន​ខិតខំ​ប្រឹង​ប្រែង​ប្រកួត​អស់ពី​សមត្ថ​ភាព ​ដើម្បី​ដណ្តើម​ជ័យ​ជម្នះ ​ចំណែក​ក្រុម​អត្ត​ព​លិក ​ដែល​ពុំ​ទទួល​បាន​ជយ​លាភី​ក្នុង​ឆ្នាំនេះសូ​មកុំ​អស់ស​ង្ឃឹមគឺ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​កម្មវិ​ធី​ប្រកួត​ផ្សេងៗ​ទៀត​។ ទន្ទឹមនឹង​នេះ ​សូម​គ្រូប​ង្វឹកនិ​ង​អត្ត​ពលិក​ទាំង​អស់ ​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​យុវ​ជន​អាស៊ី ​(Asian Youth Gam​es) នា​ឆ្នាំ​២០២៩ ​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​»៕