ភ្នំពេញៈ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែ​ត បាន​ផ្ដល់​គោល​ការណ៍​ឱ្យ​ក្រសួង​ទេស​ចរណ៍ និង​គណៈ​អភិបាល​ខេត្ត​ទាំង​៤​ រួមមាន​ព្រះ​សីហនុ ​កំពត​ កោះ​កុង និង​ខេត្ដ​កែប ជំរុញ​ការ​រៀបចំ​ផែន​ការមេ​អភិ​វឌ្ឍន៍​ខេត្ត​ជាប់​សមុទ្រ​ទាំង​ ៤​ របស់​កម្ពុជា ​ដោយ​រំពឹង​ថា នឹង​អាច​រួច​រាល់​នៅ​ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​បិទ​បុណ្យ​សមុទ្រ​លើក​ទី​១០ នៅ​ខេត្ដ​កែប នា​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៣​ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​ផ្សព្វ​ផ្សាយ​កម្ពុជា ​ទៅ​កាន់​ឆាក​អន្តរ​ជាតិ​ គឺជា​រឿង​សំខាន់​ណាស់​ ដើម្បី​ទាក់​ទាញ​ទេស​ចរ​មក​កាន់​ប្រទេស​កម្ពុជា​។​


​លោក​បាន​មាន​ប្រសាសន៍​ថា ​៖«​ខ្ញុំ​សុំ​ឱ្យ​គណៈ​អភិ​បាល​រាជ​ធានី​ខេត្ត ​គណៈ​កម្ម​ការ​អភិវឌ្ឍ​ន៍​គ្រប់​គ្រង​ឆ្នេរ​ ត្រូវ​រៀបចំ​ផែន​ការមេ​មួយ​ដើម្បី​ភ្ជាប់​ឆ្នេរ​ទាំង​៤ ​របស់​យើង​។​ ក្នុង​នោះ ​យើង​បាន​រៀបចំ​ផែន​ការអ​ភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ទៅ​ជា​ខេត្ត​ដែល​មាន​សក្តានុ​ពល​ពហុ​បំណង​។ ​ឥឡូវ​ត្រូវ​ភ្ជាប់​ទៅ​កាន់​ខេត្ត​៣​ទៀត ​ដែល​ផែន​ការមេ​កំពុង​កសាង ​សង្ឃឹម​ថានឹង​ចប់​នៅក្នុង​ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​»​។​

​លោក​បាន​បន្ត​ថា ផែន​ការ​មេ​នេះកសាង​ឡើងដើម្បីថែរក្សា​តម្លៃ និ​ង​ទាញ​ឱ្យបាន​នូវ​សក្តានុ​ពល​នៅ​កន្លែង​នីមួយៗ​ឱ្យ​អស់​លទ្ធ​ភាព​ ដោយ​មិន​ត្រឹម​ផល​ប្រយោជន៍​រយៈ​ពេល​ខ្លី​នោះ​ទេ តែ​ត្រូវ​ថែ​រក្សា​នៅ​ក្នុង​រយៈ​ពេល​វែង​ផង​ដែរ​ ដែល​នេះ​គឺជា​គោល​ការណ៍​សំខាន់​របស់​រាជ​រដ្ឋាភិ​បាល​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា​៖ «​ខេត្ត​ទាំង​៤ ​របស់​យើង ​បើ​ផ្គុំ​គ្នា​មិនធំ​ពេក​នោះ​ទេ ដោយ​យើង​មាន​ឆ្នេរ​ យើង​មាន​សក្តានុ​ពល​កំពង់​ផែ ​យើង​មាន​សក្តានុ​ពល​ពហុ​បំណង​ ជាដើម​។​ កា​ររៀបចំ​ផែន​ការ​មេ​នេះ​គឺ ដើម្បី​ធានា​យ៉ាង​ណាឱ្យការ​អភិវឌ្ឍ​យើង​មាន​ផែន​ការ ធានា​កុំ​ឱ្យ​ខេត្ត​ទាំង​៤ គឺជា​ខេត្ត​ប្រកួត​ប្រជែង​គ្នា តែ​គឺជា​ខេត្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​យើង​បង្កើត​ខេត្ត​ឆ្នេរ​សមុទ្រ​របស់​យើង ទៅ​ជា​ខេត្ត​ដែលប្រមូល​កម្លាំង​រួម​ជួយ​ជំរុញ​សក្តានុ​ពល​តំបន់​សមុទ្រ​របស់​កម្ពុជា​»​។ 

​លោក​នាយក​រដ្ឋ​មន្ត្រី បាន​បន្ថែម​ថា ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ ​ទេសចរ​បរទេស​ច្រើន​ណាស់ ​បាន​មក​លេង​កម្ពុជា​ ហើយ​ត្រឡប់​​ទៅវិញ បាន​ផ្សព្វ​ផ្សាយ​ពី​មាត់​មួយ​ ទៅ​មាត់​មួយ​នេះ​ គឺ​សំខាន់​ណាស់​ដែល​ឱ្យ​ពួកគា​ត់​ឃើញ​ជាក់​ស្ដែង​ ទុក​ចិ​ត្ដ​ជាក់​ស្ដែង​។​នេះ​ជា​សក្ដានុ​ពល​សំខាន់​លើ​វិស័យ​ទេស​ចរណ៍​ដែល​ត្រូវ​លើក​កម្ពស់ ​ចំពោះ​សេដ្ឋ​កិច្ច​ជាតិ​។ 

ជា​មួយ​គ្នា​នោះ ​លោក ​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រាប់​ឱ្យ​ក្រសួ​ងសាមី​ខិតខំ​បង្កើត​ផលិត​ផល​ទេសច​រណ៍​ឱ្យ​បាន​ច្រើនដើ​ម្បី​ទាក់​ទាញ​អ្នក​ទេសចរ​ផង​ដែរ​ ខណៈ​ដែល​វិស័យ​នេះ ​មិន​ត្រឹម​តែ​បង្កើន​កំណើន​សេដ្ឋ​កិច្ច និង​បង្កើត​ការងារ​ជូន​ប្រជា​ជន​ កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​ផ្សព្វ​ផ្សាយ ​ទៅដល់​ប្រជា​ពលរដ្ឋ​ នៅ​លើ​ពិភព​លោក​ពី​កម្ពុជា ​ដែល​មាន​អរិយ​ធម៌​ខ្ពង់​ខ្ពស់​, វប្បធម៌​រុងរឿង ប្រ​វត្ដិ​យូរ​អង្វែង​ និង​ទាក់​ទាញ​ទាំង​ទេស​ចរណ៍ ទាំង​កា​រវិនិ​យោគ​ផ្សេងៗ​ថែម​ទៀត​ផង​។​

​លោក​ស្រី ​ឆាយ ស៊ីវ​លីន ប្រធាន​សមា​គម​ទីភ្នាក់​ងារ​ទេសច​រណ៍​កម្ពុជា ​ដែល​បាន​ចូល​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី​១០​ នេះ​ដែរ បាន​បង្ហាញ​ការយ​ល់​ឃើញ​ថា ការ​លើក​កម្ពស់​កិ​ត្ដិ​នាម​របស់​ជាតិ ​និង​បង្កើត​ការ​ចាប់​អារម្មណ៍​ ក៏ដូច​ជា​ភាព​ជឿ​ជាក់ ​របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ស្ថាន​ភាព​ដូច​ប្រទេស​កម្ពុជា​ ដែលប្រ​វត្ដិ​សាស្ដ្រ​ធ្លាប់​តែ​ជា​ប្រទេស​កើត​សង្គ្រាម​ ជា​ប្រទេស​អស្ថិ​រភាព ​ដែល​នៅ​ក្រៅ​ប្រទេស​ភាគ​ច្រើន​ និយាយ​ពី​កម្ពុជា ​គឺ​ភ្ជាប់​ជា​មួយ​នឹង​សង្គ្រាម​នៅ​វៀត​ណាម​។​

​លោក​ស្រី​បាន​និយាយ​ថា​៖«​យើង​គាំទ្រ ​ចំពោះ​ការ​លើក​ឡើង​របស់​សម្តេច​ធិបតី​នេះ ​ព្រោះថា​កា​រផ្សារ​ភ្ជាប់​ខេត្ត​ទាំង​៤ នេះ​ គឺជា​ប្រមូល​ផ្តុំ​កម្លាំង​ដ៏​ធំ ដើម្បី​ជួយ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​តំប​ន់ឆ្នេរ​របស់​យើង​ឱ្យ​កាន់​មាន​ភាព​ទាក់​ទាញ ​និង​មាន​ភា​ពល្បី​ល្បាញ​។ វា​ក៏​នឹង​អាច​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ ​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​រវាង​ខេត្ត​នីមួយៗ ​សេវា​កម្ម និង​ផលិត​ផល​ទេសចរ​ណ៍ដទៃ​ទៀត​ផងដែ​រ​»​។​

យោង​តាម​របាយ​ការណ៍​ពី​ក្រសួង​ទេសចរ​ណ៍ បាន​ឱ្យ​ដឹង​ថា រ​យៈពេល ​១០​ ខែ ឆ្នាំ​២០២៣​នេះ​ កម្ពុជា ទទួលបា​ន​ភ្ញៀវ​អន្ដរ​ជាតិ ប្រមាណ ​៤,៤​ លាន​នាក់ ​និង​ទេស​ចរ​ជាតិ​ប្រមាណ ​១២,២​​ លាន​នាក់​។​ ផ្អែក​តាម​និន្នា​ការ​នេះ​កម្ពុជា​រំពឹ​ងថានឹង​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្ដ​រជាតិ ​ប្រមាណ​ ៥,៤​ លាន​នាក់ និង​ទេស​ចរ​ជាតិ​ប្រមាណ​ ១៥​លាន​នាក់ ​សម្រាប់​ឆ្នាំ​២០២៣​ នេះ​៕