ភ្នំពេញៈ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​ឱ្យ​ដឹង​ថា ​អគ្គ​នាយក​ដ្ឋាន​កសិក​ម្ម បាន​និង​កំពុង​ខិតខំ​សិក្សា​ស្រាវ​ជ្រាវបង្កើត​ពូជ​ដំណាំ​ថ្មីៗ​ដែល​ធន់​នឹង​អាកាស​ធាតុដើម្បី​ចែក​ជូន​ដល់​ប្រជា​កសិករ​ដាំ​ដុះ ​ខណៈ​​ដែលក្រសួង​ក៏​នឹង​ជ្រោម​ជ្រែង​ស្វែង​រក​ទីផ្សារ​សម្រាប់​កសិករ​ផង​ដែរ​។

​នៅ​ក្នុង​ដំណើរ​ដឹកនាំ​អ្នក​សារព័​ត៌មាន​ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​ឃ្លាំង​សហ​គមន៍​កសិកម្ម​ប្រមូល​ទិញ​ស្វាយ​ចន្ទី​អូរ​គគីរ ​ដែល​មាន​ទីតាំង​នៅ​ឃុំ​ដា ស្រុក​ចិត្រ​បុរី​ ខេ​ត្តក្រចេះ កាល​ពី​ចុង​សប្តាហ៍​មុន​ កញ្ញា​ អ៊ឹម រចនា អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ បាន​លើក​ឡើង​ថា វា​ជា​កត្តា​សត្យានុ​ម័ត ដោយ​ដំណាំ​ទាំង​អស់​ មិន​អាច​ចៀស​ផុត​បាន​ទេ ​ក្នុង​ការ​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ។​

​កញ្ញា​ បាន​បញ្ជាក់​ថា​៖«ក្រសួង​កសិកម្ម​ តាម​រយៈ​អគ្គ​នាយ​កដ្ឋាន​កសិកម្ម ​ជា​បន្ត​បន្ទាប់​បាន​និង​កំពុង​តែ​ព្យា​យាម​ស្រាវ​ជ្រាវ ​និង​បង្កើត​ប្រភេទ​ពូជ​ដំណាំ​ថ្មីៗ ​ជាពិសេស​ពូជ​ដំណាំ​ដែល​មាន​សក្តានុ​ពល​ដូចជា​ស្វាយ​ចន្ទី​នេះ​ជាដើម ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​វា​មាន​ភាព​ធន់ទៅនឹ​ង​អាកាស​ធាតុ ​មាន​គុណ​ភាព ​និង​ទទួល​បាន​ទិន្ន​ផល​ច្រើន​»​។​


​អ្នក​នាំពា​ក្យ​ក្រសួងក​សិកម្ម​បានបន្ត​ថា​ នៅ​ពេល​ដែល​អគ្គនាយ​ក​ដ្ឋា​ន​កសិកម្ម​ ផលិត​បាន​ពូជ​ដំណាំ​ថ្មី​មកហើ​យ ក្រសួង​នឹង​ព្យា​យាម​ឱ្យ​អស់​ពី​លទ្ធ​ភាព​ក្នុង​ការ​ផ្សារ​ភ្ជាប់​កសិករ​ទៅ​នឹង​ទីផ្សារ​ ក៏ដូចជា​ស​ហគម​ន៍ក​សិ​កម្ម​ទៅ​កាន់​ទីផ្សារ​ ហើយ​ពិសេស​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​លក់​ចេញ​កសិ​ផល​រប​ស់ខ្លួន​ ដោយ​ទទួល​បាន​តម្លៃ​បន្ថែម​ខ្ពស់ ​និង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​មុន​។​

​នៅ​គ្រា​នោះ​ដែរ​ លោក អ៊ិន ចាន់​ថា អនុ​ប្រធាន​នាយក​ដ្ឋាន​ដំណាំ​ឧស្សាហ​កម្មនៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្មបាន​ឱ្យ​ដឹង​ដែរ​ថា ​ផល​ប៉ះពាល់​នៃ​អាកាស​ធាតុ​ទៅលើ​ដំណាំ​ស្វាយ​ចន្ទី​ជា​បញ្ហា​ចោទ​មួយ​សម្រាប់​ក្រសួង ​ជាពិសេស​ទៅ​លើ​ដំណាំ​ស្វាយ​ចន្ទី​ដែលជា​ដំណាំ​ប្រកាន់​រដូ​វដោយ​ដំណាំ​នេះ​ត្រូវ​ដល់​រដូវ​របស់​វា​ទើប​ចេញ​ផ្កា​។​


​លោក​បាន​បន្ថែម​ថា ជា​ទូទៅ​ស្វាយ​ចន្ទី​ចាប់​ផ្តើម​ចេញ​ផ្កា​នៅ​​ខែ​វិច្ឆិកា ក្នុងពេល​អស់​ទឹ​កភ្លៀង​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​ ឆ្នាំ​ខ្លះ​ទឹក​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឱ្យមា​ន​ផល​ប៉ះពា​ល់​ដល់​ចន្ទី​នៅ​ពេល​ចេញ​ផ្កា ​ចេញ​ត្រួយ​។​

​លោក​ អ៊ិន ​ចាន់ថា  ​បាន​បញ្ជាក់​ថា​៖«​បញ្ហា​ដែល​សំខាន់​នោះ​គឺ​សន្សើម​ប្រៃដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​ទិន្ន​ផល​ចន្ទី​។​សព្វ​ថ្ងៃ​អ្នក​ជំនាញ​របស់​យើងបាន​និង​កំពុង​ខិតខំ​រក​បច្ចេក​ទេស​ដើម្បី​ទប់​ស្កាត់​ការពារ​សន្សើម​ប្រៃ​នេះ ​ដើម្បីឱ្យ​​ចន្ទី​ទទួល​បាន​ផល​»​។​

​លោក​បាន​បន្ត​ថា ក្រោយពី​​មន្ត្រី​ជំនាញ​របស់​អគ្គ​នាយក​ដ្ឋា​ន​កសិកម្មបាន​ចែករំ​លែក​បច្ចេក​ទេស និ​ង​បណ្តុះ​បណ្តាល​ពី​វិធីសា​ស្ត្រ​នានាក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ​បច្ចុ​ប្បន្នបញ្ហា​សន្សើម​ប្រៃ​ទៅ​លើ​ស្វាយ​ចន្ទី​បាន​កាត់​បន្ថយ​បាន​ច្រើន​។​

​ចំណែក​អ្នកស្រី​ វេន​ សា​វីន ប្រធាន​សហ​គមន៍​កសិក​ម្ម​ប្រមូល​ទិញ​ស្វាយ​ចន្ទី​អូរ​គគីរ ​បានឱ្យ​ដឹង​ដែរ​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ធ្វើឱ្យ​ដំណាំ​ស្វាយ​ចន្ទី​ត្រូវ​រង​ផល​ប៉ះពាល់​ច្រើន​ ដោយ​បាន​ធ្វើឱ្យ​កសិករ​ខាត​បង់​ ព្រោះ​ការ​ទទួល​បាន​ទិន្ន​ផលតិច ​ខណៈ​ការ​ចំណាយ​ថ្លៃ​ដើម​ផលិត​ច្រើន​។​

​ទោះជាបែប​នេះ​ក្តី អ្នក​ស្រី ​វេន សា​វីន ​អះអាង​ថា​ បញ្ហា​នេះ​ត្រូវ​បាន​កាត់​បន្ថយ​ជា​អតិប​រមា​ បន្ទាប់​ពី​ក្រសួង​កសិកម្ម​ និង​ដៃគូ​ពាក់​ព័ន្ធ​ជួយ​ជ្រោម​ជ្រែង​នា​ពេល​កន្លង​មក​។​

​អ្នក​ស្រី​ បាន​និយាយ​ថា​៖«​សហ​គមន៍​យើង​បាន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​កសិក​ម្ម​ពី​មន្ទី​រ ពី​អង្គ​ការ​ GIZ ដូចជា​ ការ​តាក់​តែង​មែក​ ការ​ថែទាំ​ស្លឹក​ត្រួយ​ផ្កា ​ថែម​កែច្នៃ​ជី​ទឹក​សម្រាប់​ប្រើ​ប្រាស់ជាជំនួយ​ទៅ​លើ​ស្វាយ​ចន្ទី​របស់​កសិករ​ក្នុង​ភូមិ​របស់​យើង​»​។​

​បើ​តាម​អ្នក​ស្រី ​វេន សា​វីន ក្នុង ១ ​ឆ្នាំ ​សហ​គមន៍​កសិកម្ម​ប្រមូល​ទិញ​ស្វាយ​ចន្ទី​អូរ​គគីរ ​អាច​ប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទី​ពី​កសិករ​បាន​ប្រមាណ​ជាង​ ៤០០​ តោន​ ដោយ​ក្នុង​បរិមាណ​នេះ​ ក្រុម​ហ៊ុន​ឯក​ជន ​ដែល​បាន​ចុះ​កិច្ច​សន្យា​កសិ​កម្ម​ជា​មួយ​សហ​គមន៍​ប្រមូល​ទិញ​ទាំង​អស់ ​រីឯតម្លៃ​វិញ​គឺ​សមរម្យ​ ដែល​ធ្វើឱ្យ​កសិ​កម្ម​អាច​ចំណេញ​បាន​។​

​សូម​ជម្រាប​ថា បើ​តាម​ក្រសួង​កសិកម្ម​ បច្ចុប្ប​ន្ន ពូជ​ដំណាំ​ស្វាយ​ចន្ទី​ដែល​កំពុង​មាន​ការ​ដាំដុះ​ច្រើន​ជាង​គេ​នៅ​កម្ពុជា ​គឺ​ពូជ​ស្វាយ​ចន្ទី ​M២៣ ដែលមា​ន​ប្រមាណ​ជាង​ ៩០​ ភាគ​រយ ​ក្នុង​ចំណោម​ពូជ​ស្វាយ​ចន្ទី​ជាច្រើ​ន​ទៀត​ដែល​ក្រសួង​កសិ​កម្ម ​និង​អ្នក​ជំនាញបាន​រក​ឃើញ​។នៅ​ក្នុង​នោះមាន​ពូជ​ ៤​ ប្រភេទ ​ដែល​ត្រូវ​បាន​ក្រសួង​កសិ​កម្ម ​ចុះបញ្ជី​ទទួល​ស្គាល់​ថា ពូជ​ស្វាយ​ចន្ទី​កម្ពុជា ​ដោយ​ប្រទេស​នានា​មិន​យក​ពូជ​នេះ​ទៅ​ធ្វើ​របស់​ខ្លួន​បានទេ​ រួម​មាន​  M២៣ ​M 10,​ IM 4​ និង ​H​09​៕