បាត់ដំបងៈ ​រដ្ឋ​បា​លខេត្ត​បាត់​ដំប​ងនឹង​រៀបចំ​កម្មវិធី​ពិ​ព័រ​ណ៍​ម្ហូប​អាហារ​ និង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​ ២០២៣​ ចូល​ឆ្នាំ ​២០២៤ ​នៅ​ថ្ងៃទី​ ២៩ ​៣០ ​និង​ ៣១ ​ខែធ្នូ ​ឆ្នាំ​ ២០២៣ ខា​ងមុខ ដើម្បី​អបអ​រសាទរ​ចំពោះ​ទីក្រុង​បាត់​ដំបង ​ដែល​បាន​ចុះ​បញ្ជី​បណ្ដាញ​ទី​ក្រុង​ច្នៃ​ប្រឌិត​របស់​អង្គ​ការ​យូ​ណេស្កូ (​UCCN) ផ្នែក​ម្ហូប​អាហា​រ​។ 


​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃទី​៤ ​ខែធ្នូ ​ឆ្នាំ​២០២៣ ​បាន​ឱ្យដឹង​ថា ព្រឹត្តិកា​រណ៍​នេះ​មាន​ការ​រៀប​ចំ​ពិសេសៗ​ដូច​ជា ​ភូមិ​ម្ហូប​ខ្មែរ​, ពិ​ព័រ​ណ៍​ម្ហូប​អាហារ​ និង​ផលិត​ផល​មន្ទីរ​អង្គ​ភាព​ ក្រុង​-​ស្រុក​ទូទាំង​ខេត្ត​, ពិ​ព័រ​ណ៍​ម្ហូប​អាហារ​អ្នក​បាត់​ដំបង និង​ពិ​ព័រ​ណ៍​ភូមិ​១​ផលិត​ផល​១​ផង​ដែរ​។​

​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង​បាន​បន្ត​ថា​៖«​ជា​មួយ​គ្នានេះ ​កម្មវិធី​នេះ​ក៏​នឹង​មាន​ការ​សម្តែង​សិល្បៈ​, ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​,ពិធី​បាញ់​កាំ​ជ្រួច​…​។ បើ​បង​ប្អូន​អាជី​វករ​មាន​ចំណាប់​អារម្មណ៍​ចង់ល​ក់នៅ​ស្តង់​ពិ​ព័រ​ណ៍​ម្ហូប​អាហារ​ ឬ​ភូមិ​ម្ហូប​ខ្មែរ សូម​ទាក់​ទង​មក​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង​»​។ 


​មន្ទីរ​ទេស​ចរណ៍ ​បាន​បញ្ជាក់​ដែរ​ថា ការ​ចូល​រួម​តាំង​ពិ​ព័រ​ណ៍​ម្ហូប​នេះ​ មិន​មាន​ការ​បង់​ថ្លៃ​តូប​ឡើយ​។​

​ទាក់​ទង​នឹង​ការ​រៀបចំ​​កម្មវិធី​នេះ​ដែរ​ លោ​ក សុខ លូ ​អភិបាល​ខេត្ត​បាត់​ដំបង​បាន​ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​៤ ​ខែធ្នូ ថា ព្រឹត្តិ​ការណ៍​នេះ ​ត្រូវ​បាន​រដ្ឋ​បាល​ខេត្ត​បាន​រៀប​ចំ​ម្តង​រួច​មកហើ​យ កាល​ពី​ឆ្នាំមុន​ ដោយ​មាន​ការចូ​លរួម​ពី​អាជី​វករ និង​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។​


លោក​បាន​បន្តថា​​ ការរៀប​ចំនេះគឺ​ក្នុង​គោលបំ​ណង​ដើម្បី​អបអរ​សារ​ទរពី​ឆ្លង​ឆ្នាំ​សកល ​និង​អបអ​រសាទរ​ចំ​ពោះ​ទីក្រុង​បាត់​ដំបង​ដែល​បាន​ចុះប​ញ្ជី​ក្នុង​បណ្ដាញ​ទីក្រុង​ច្នៃប្រ​ឌិតរប​ស់​អង្គការ​យូណេ​ស្កូ(​UCCN)ផ្នែក​ម្ហូបអា​ហារ​។

​លោក​ សុខ លូ ​បាន​បញ្ជាក់​ថា​៖ «​កាល​ពី​ឆ្នាំទៅ​ យើង​ធ្វើ​រយៈពេល២​ថ្ងៃ ប៉ុ​ន្តែ​ឆ្នាំនេះ​យើង​នឹងធ្វើ​៣​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​បង្ក​ការ​សប្បាយ​រីក​រាយ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ពេល​ឆ្លង​ឆ្នាំ​សក​ល​ឆ្នាំនេះ​ផង​ដែរ​។យើង​សង្ឃឹម​ថា ព្រឹត្តិ​ការណ៍​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ច្រើន​ដូច​ឆ្នាំមុន​ដែរ​ ដោយសា​រតែ​ឆ្នាំនេះ​យើង​ធ្វើ​រយៈ​ពេល​៣ ថ្ងៃ​»​។

បើ​តាម​ លោក ​សុខ​ លូ មុខម្ហូប​ជា​ច្រើន​ដែល​ធ្វើ​ដោយ​ស្នាដៃ​របស់​ប្រជា​ពលរដ្ឋ​ខេត្ត​បាត់​ដំបង​នឹង​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍​មួយ​នេះដើ​ម្បីឱ្យ​​ប្រជា​ពល​រដ្ឋ​ដែល​មក​កម្សាន្ត​​បាន​ភ្លក្សផង​ដែរ​។​

​សូម​បញ្ជា​ក់ថា​ កាលពី​​ថ្ងៃទី​៣១ ​ខែតុលា ​ទីក្រុង​បាត់​ដំបង​ត្រូវ​បាន​ជាប់​ជា«​បណ្តាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ផ្នែក​ម្ហូប​អាហារ​របស់​អង្គការ​យូណេស្កូ​​»ក្នុងចំ​ណោម​ទីក្រុង​ចំនួន​៥៥ដែល​ត្រូវបាន​ដាក់​បញ្ចូល​បន្ថែម​ក្នុង​បណ្ដាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រ​ឌិត​របស់​អង្គ​ការ​យូ​ណេស្កូ​(UCCN)​៕