ភ្នំពេញ: នៅក្នុង​ទីក្រុង​ភ្នំពេញ​ដ៏​រស់​រវើក និង​សម្បូរបែប​នៃ​វប្ប​​ធម៌ មហោស្រព​រូបថត​ភ្នំពេញ (PPP) តំណាងឱ្យ​ភាព​ច្នៃប្រឌិត និង​ការផ្លាស់ប្តូរ​នឹង​ប្រារឰ​ខួប​លើក​ទី​១៤ ​របស់ខ្លួន​នៅ​ឆ្នាំនេះ​ចាប់ពី​ថ្ងៃទី ​៧ ខែធ្នូ ឆ្នាំ ​២០២៣ ដល់​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោយ​ចាប់បដិសន្ធិ​តាំងពី​ឆ្នាំ​ ២០០៨​។​

​ពី​ចក្ខុវិស័យ​ក្នុងការ​ផ្តល់​វេ​ទិ​​កា​សម្រាប់​អ្នក​ថតរូប​វ័យក្មេង​កម្ពុជា​ដើម្បី​បង្ហាញ​ស្នាដៃ​ពួកគេ បាន​វិ​វ​ឌ្ឍ​ទៅជា​ព្រឹត្តិការណ៍​ដែល​ទទួលបាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​ដែល​ភ្ជាប់​គម្លាត​រវាង​អាស៊ី និង​អឺរ៉ុប ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ និង​ការផ្សព្វផ្សាយ​ពី​ភាព​ចម្រុះ​នៃ​ការថតរូប​។​

​លោក Christian Caujolle នាយក​សិល្បៈ​នៃ​មហោស្រព​រូប​ថត​ភ្នំពេញ គឺជា​ឥស្សរជន​លេច​ធ្លោ ១​ រូប​ក្នុង​កម្មវិធី Photo Phnom Penh Festival បានឱ្យដឹងថា​៖ «​យើង​ពិតជា​រីករាយ​ណាស់​ដែល​បាន​វិល​ពិភព​បណ្ណ​​សារ​ដ៏​សម្បូរបែប​ទៅដោយ​ប្រវត្តិ​​សាស្ត្រ​របស់​ប្រទេស ជាទី​កន្លែង​ដែល​បានរៀបចំ​មហោស្រព​នេះ​តាំងពីដើម​មក​»​។


លោក​បានចង្អុលបង្ហាញ​ថា កាលពី​ឆ្នាំ ២០០៨ ការស្វែងរក​អ្នក​ថតរូប​ជន​ជាតិខ្មែរ​ចំនួន ៤​ នាក់ ​ដែលមាន​កម្រិត​ជំនាញ​សម្រាប់​ការដាក់​តាំង​បង្ហាញ គឺជា​កិច្ចការ​ដ៏​លំបាក​មួយ​។

ទោះជា​យ៉ាងណាក៏ដោយ លោក​បាន​សន្មត​ថា នេះ​ជាការ​លេចចេញ​នូវ​ទេពកោសល្យ​ថ្មី​ចំពោះ​ពិធី​មហោស្រព​រូបថត​​ភ្នំពេញ និង​ការបង្កើត​កម្មវិធី​អប់រំ​ការថតរូប ដូចជា Studio Images នៅ​មជ្ឈមណ្ឌល Culturel Français ដែល​បាន​បន្ត​នៅ Institut Français តាំងពី​ពេលនោះ​មក​។ ដោយ​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន លោក​បានលើកឡើង​ពី​ការអភិវឌ្ឍ​ដ៏​សំខាន់​មួយ​ក្នុងអំឡុង​នៃ​ការរៀបចំ​មហោស្រព​លើក​ទី​១០​។​


​លោក Caujolle បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​សម្រាប់​ម​ហោ​​ស្រព​លើក​ទី​១០ យើង​អាច​ដាក់តាំង​ស្នាដៃ​សិល្បករ​ខ្មែរ​នៅលើ​ជញ្ជាំង​ស្ថានទូត​បារាំង​ជា​កន្លែង​ដ៏​អស្ចារ្យ​បំផុត​នៃ​មហោស្រព​អ្នក​ថតរូប​កម្ពុជា ១០​ នាក់ ហើយ​យើង​មានការ​បញ្ចាំង​ស្លាយ​ជាមួយ​អ្នក​ថតរូប​កម្ពុជា ២៥​ នាក់​»​។​

​មហោស្រព​រូបថត​ភ្នំពេញ (PPP) ជា​កិច្ចសហការ​រវាង Alain Arnaudet និង Christian Caujolle មាន​គោលបំណង​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​អឺរ៉ុប និង​អាស៊ី ខណៈ​បណ្តុះ​ទេពកោសល្យ​ថតរូប​កម្ពុជា​។​

​លោក Caujolle ដែល​បានធ្វើ​សិក្ខាសាលា​ថតរូប​ក្នុងប្រទេស​​កម្ពុជា​បានក្លាយ​ជានា​យក​សិល្បៈ​របស់​មហោស្រព​។ គោលដៅ​ចម្បង​របស់​មហោស្រព​គឺ​ចង់បង្ហាញ​អ្នក​ថតរូប​វ័យក្មេង​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ និង​ជួយ​ពួកគេ​ស្វែងរក​សមត្ថភាព​ផ្នែក​សិល្បៈ​របស់​ពួកគេ​។

យោងតាម​លោក Caujolle បេសកកម្ម​របស់ PPP គឺ​ដើម្បី​អប់រំ​សា​ធា​​រណ​ជន​អំពី​ការថតរូប លើក​ទឹក​ចិត្តការ​បញ្ចេញមតិ​ដោយ​ខ្លួនឯង និង​រក្សា​ការតាំង​បង្ហាញ​រូបថត​ចម្រុះ​។ ជាមួយនឹង​ការរីកចម្រើន​របស់ខ្លួន ឥឡូវនេះ PPP មានការ​តាំងពិព័រណ៍​នៅ​ខាងក្រៅ​អគារ និង​ធ្វើជា​ម្ចាស់ផ្ទះ​សិល្បករ​អន្តរជាតិ​។

ការ​ឆ្លាស់​ប្រធានបទ​អឺរ៉ុប និង​អាស៊ី​ជា​រៀងរាល់ឆ្នាំ មហោស្រព​នេះ​ផ្តល់នូវ​ការយល់​​ដឹង​អំពី​ទិដ្ឋភាព​ថតរូប​វប្បធម៌​ផ្សេងៗ ដែលមាន​សិល្បករ​មកពី​ប្រទេស​ប្រទេស​ស្វ៊ី​ស និង​កោះ​​តៃវ៉ាន់ កាលពីពេល​ថ្មីៗ​។​

​ជាងនេះទៅទៀត ប្រទេស​ជា​ភ្ញៀវ​បាន​ចូលរួម​ពិព័រណ៍ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដែល​ធានាបាន​នូវ​ភាពជោគជ័យ​ចំពោះ​ព្រឹ​ត្ដិ​ការណ៍​ប្រចាំឆ្នាំ​។ PPP មាន​គោលបំណង​ស្វាគមន៍​ប្រទេស​ដែល​ប្រហែលជា​មិនមាន​ម​ធ្យោ​​បាយ​ហិរញ្ញវត្ថុ ឬ​ការគាំទ្រ​ផ្នែក​នយោបាយ ដើម្បី​ចូលរួម​ដោយ​ឯករាជ្យ និង​លើកកម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌​។

លោក Caujolle និយាយថា​៖ «​នៅ​ឆ្នាំនេះ មាន​សិល្បករ​តៃវ៉ាន់ ៥​ ​នាក់ ​ដែលមាន​ស្នាដៃ​រូបថត​ចំនួន​ ២០ សម្រាប់​ដាក់​តាំងនៅ​ល្ងាច​ដំបូង​នៃ​ពិធី ជាមួយនឹង​អ្នក​ថតរូប​ជាច្រើន​ទៀត នៅ F3 (Friend Future Factory)»​។​

​សិល្បករ​ខ្មែរ​ក្នុង​មហោស្រព​ពិព័រណ៍​រូបថត​ភ្នំពេញ​លើក​ទី​១៤ ​នៅ​វិទ្យាស្ថាន​បារាំង ការងារ​រយៈពេល ​១០ ​ឆ្នាំ​របស់លោក គឹម ហាក់ ដែល​បានធ្វើ​ដំណើរ​គ្រប់ទិសទី​ឆ្លងកាត់​កម្ពុជា​ជាទី​ស្រ​ឡាញ់​របស់លោក រំឭក​ប្រជាជន​ថា ប្រទេស​នេះ​មាន​អ្វីៗ​ច្រើនជាង​ប្រាសាទអង្គរវត្ត និង​វាល​​ពិឃាត​ខ្មែរក្រហម​។

កើត​នៅ​ក្រុង​បាត់ដំបង ២ ​ឆ្នាំក្រោយ​ការ​ដួលរលំ​នៃ​របប​ខ្មែរក្រហម លោក ហាក់ ធំ​ដឹងក្តី ស្តាប់​អនុ​ស្សាវ​រី​យ៍រ​បស់​ឪពុកម្តាយ​នៅពេល​នោះ​។ លោក​បានចាប់ផ្តើម​អា​​ជីព​នៅក្នុង​ឧស្សាហកម្ម​ទេស​​ចរណ៍ ដោយ​ស្វែងយល់​ពី​ប្រទេស​​កម្ពុជា​យ៉ាង​ទូលំទូលាយ មុនពេល​ចាប់​អាជីព​ជា​អ្នក​ថតរូប​នៅ​ឆ្នាំ​ ២០១២​។ ការងារ​របស់លោក​ផ្ដោតលើ​ការថត​ទេសភាព​ចម្រុះ​នៃ​ប្រទេស​កម្ពុជា រួមទាំង​តំបន់​ជុំវិញ​ទន្លេមេគង្គ បឹង​ទន្លេ​សាប និង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ភាគខាងត្បូង​។ លោក​ហាក់​បាន​តាំង​បង្ហាញ​ស្នាដៃ​នៅ​ទូទាំង​អា​ស៊ី អូ​សេ​អា​នី អឺរ៉ុប កាណាដា និង​សហរដ្ឋអាមេរិក​។​

​សិល្បករ​វ័យក្មេង​កម្ពុ​ជា កញ្ញា ហ៊ុល កញ្ញា នឹង​បង្ហាញ​រូបភាព​ស៊េរី​ថ្មី​របស់​កញ្ញា រវាង​ការថតរូប និង​ការ​គូរ​នៅ La Plantation Resort & Spa​។ កើត​នៅ​ឆ្នាំ ១៩៩៩ នៅ​ខេត្តសៀមរាប កញ្ញា​បាន​ចូលរួម​កម្មវិធី Open Studio Cambodia ហើយ​បានចាប់ផ្តើម​ថតរូប​ដោយ​ខ្លួនឯង ដោយ​រួមបញ្ចូល​គ្នា​ពី​ការថតរូប​បែប​ឌីជីថល​ជាមួយ​ការ​ផាត់​ពណ៌ លេង​ស្ទីល និង​បច្ចេកទេស​កាត់​ក្រដាស​។ ការងារ​របស់កញ្ញា ក៏​ត្រូវបាន​បំផុសគំនិត​ដោយ​សុភា​សិត​បុរាណ​ខ្មែរ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែលមាន​បំណង​ពិ​ព​​ណ៌​នា​អំពី​ទំនាក់ទំនង​រវាង​រូប​កាយ អារម្មណ៍​នឹករឭក និង​របួស​។​

​ចំណែកឯ​លោក​ ឆេន គឹមហុង កើត​ក្នុង​ឆ្នាំ ​១៩៩៣ នៅ​ក្រុង​តា​ខ្មៅ ដំបូង​ឡើយ​បាន​សិក្សា​ផ្នែក IT Networking​។ លោក​បានចាប់ផ្តើម​ដំណើរការ​ថតរូប​នៅ​ឆ្នាំ​ ២០១៩ បន្ទាប់ពី​វគ្គ​សិក្សា​ខ្លីៗ​ជា​មូលដ្ឋាន​នៃ​ការថតរូប​។​

​លោក ​គឹមហុង ទទួល​បានការ​ចាប់អារម្មណ៍​ពី​រូបថត​ប្រភេទ​ជា​ស៊េរី​នៅ​ចំណត​ឡានក្រុង​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ថត​ជា​ទម្រង់​បញ្ឈរ​នៅពេល​យប់ ដោយ​បង្ហាញ​ជា​រូប​ពន្លឺ​ភ្លឺ​ចាំង​។

​សិល្បករ​ខ្មែរ​ផ្សេងទៀត​ដូចជា បាទី មរកត​, ញៀន លីដា​, ខៀវ កា​ណែ​ល និង ហួ សុខ​រតនា (David James) បង្ហាញ​ស្នាដៃ​លើ​ប្រធានបទ​ផ្សេងៗ រាប់​ចាប់ពី​ជីវិត​ប្រចាំថ្ងៃ និង​ទេសភាព​ទីក្រុង រហូតដល់​ការ​ខ្វល់ខ្វាយ​ពី​បរិស្ថាន​។​

​សិល្បករ​អន្តរជាតិ​នៅ​ម​ហោ​ស្រព​លើក​ទី​១៤ Chao-Tang Chang, Shen Chao-Liang, Lee Ya-Yen, Chen Chun-Lu, និង Yang Shun-Fa មកពី​តៃវ៉ាន់ រួមជាមួយ​នឹង Denis Dailleux មកពី​ប្រទេស​បារាំង និង Alan Crumlish មកពី​ស្កុ​ត​​ឡេ​ន គឺជា​អ្នក​ថតរូប​ដ៏​ល្បីល្បាញ​ដែល​បានបង្ហាញ​នៅក្នុង​កម្មវិធី PPP លើក​ទី​១៤ នេះ​។​

​ស្នាដៃ​របស់​ពួកគេ​បាន​ផ្ដោតលើ​ជីវិត​នៅតាម​ជនបទ​នៃ​កោះ​តៃវ៉ាន់ ការស្វែងយល់​ពី​វប្បធម៌​ប្រជាប្រិយ​របស់​តៃវ៉ាន់​រហូតដល់​ការ​ពិពណ៌នា​អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ឆ្នេរសមុទ្រ​តៃវ៉ាន់ និង​ការ​ចងក្រង​ឯកសារ​អំពី​ការស្តារ​វប្ប​ធម៌​របស់​កម្ពុជា​។ សិល្ប​ករទាំង​​នេះ​ត្រូវបាន​គេ​ស្គាល់​ចំពោះ​រចនាប័ទ្ម​ពិសេស​របស់​ពួកគេ និង​ការ​ផ្តោតអារម្មណ៍​លើ​ប្រធានបទ បានទទួល​ពានរង្វាន់​ផ្សេងៗ និង​ការទទួលស្គាល់​ជា​អន្តរជាតិ​។​

​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​នឹង​ស្វាគមន៍​រូបថត​របស់​លោក Alan Crumlish ដែល​បាន​ថត​នៅ​ឆ្នាំ ១៩៨៩ ១០ ​ឆ្នាំ​បន្ទាប់ពី​ការ​​ដួលរលំ​នៃ​របប​ខ្មែរក្រហម​។​

​ការចូល​រួមជាមួយ​ទស្សនិកជន​វ័យក្មេង​ក្នុង​យុគសម័យ​ឌីជីថល​នៅក្នុង​ពិភពលោក​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស ការ​ចូលរួម​ជាមួយ​ទស្សនិកជន​វ័យក្មេង គឺមាន​សារៈសំខាន់​ចំពោះ​ភាពជោគជ័យ​នៃ​មហោស្រព​រូបថត​ភ្នំពេញ​នេះ​។ PPP បាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​អំណាច​នៃ​វេទិកា​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​សង្គម​ដូចជា Facebook Instagram និង Tik Tok ក៏​ដូច​ជា​សារព័ត៌មាន​ក្នុងស្រុក​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង ដើម្បី​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅដល់​យុវជន​កម្ពុជា​។​

​មហោស្រព​នេះ​បាន​ទាក់ទាញ​សិស្ស​-​និស្សិត សិល្បករ អ្នក​ឯក​ទេស​ទំនាក់ទំនង និង​អ្នក​ចូលចិត្ត​វប្បធម៌​ដូចគ្នា​។ វា​ក៏​ជាការ​ស្វាគ​មន៍​ដល់​អ្នក​ដែល​ប្រហែលជា​មិន​មានឱកាស​សម្រាប់​ការអប់រំ​ផ្លូវការ តែ​ចង់​ស្វែងរក​សិល្បៈ​។​

​លោក Caujolle បាន​និយាយថា​៖ «​យើង​ក៏​កំពុង​អភិវឌ្ឍ​សកម្ម​ភាពជា​ច្រើន ដូចជា ការប្រកួត​ប្រជែង​រូបថត ​«​រូបថត​គឺជា​ការ​ចងចាំ​របស់​អ្នក​»៖​កន្លែង​ណា និង​ពេលណា​ដែល​សិល្បករ​អាច​និយាយ និង​ចែករំលែក​បទ​ពិ​សោ​​ធន៍​របស់​ពួកគេ​»​។ 

​ដោយមាន​ការជួយជ្រោមជ្រែង​ពី Factory Phnom Penh ដែល​ផ្តល់​កន្លែង​សម្រាប់​ទម្រង់​សិល្បៈ​ផ្សេងៗ​ក្នុងការ​រួមរស់​ជាមួយគ្នា​នោះ​មហោស្រព​នេះ​បានរួម​បញ្ចូល​គ្នា​យ៉ាង​រលូន​ទៅក្នុង​សិល្បៈ​នៃ​ប្រទេស​កម្ពុជា​។

លោក​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​មិនគួរ​រំលង​ទេ ការតាំងពិព័រណ៍​បែប​ដំណើរ​​ទស្សនាចរណ៍ ដ៏​ល្បីល្បាញ​របស់​យើង ដែល​នឹងធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​រយៈពេល ២ ​ខែ ដោយសារ​កិច្ចសហការ​ដ៏​យូរ​ជាមួយ​សហគមន៍​រ៉ឺម៉ក​កង់​ ៣»​។

​អនាគត​នៃ​មហោស្រព​ពិព័រណ៍​រូបថត​ភ្នំពេញ​នៅពេលដែល PPP ប្រារឰ​មហោស្រព​លើក​ទី​១៤ របស់ខ្លួន វា​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​គោល​ការណ៍​គ្រឹះ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការរីកចម្រើន​ផ្នែក​សិល្បៈ​។​

​មហោស្រព​នេះ​មាន​គោល​បំណង​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​អាស៊ី និង​អឺរ៉ុប ជាមួយនឹង​ក្តី​ប្រាថ្នា​ក្នុងការ​រួមបញ្ចូល​សិល្បករ​មកពី​អាមេរិក​ខាងត្បូង និង​ខាងជើង​នាពេល​អនាគត ប្រសិនបើ​មាន​ថវិកា​។ លោក Caujolle បន្តថា​៖ «​មហោស្រព​នេះ​នឹង​បន្ត​ជាមួយ​ទស្សនវិស័យ​អប់រំ និង​ជំរុញ និង​លើកកម្ពស់​អ្នក​ថតរូប​កម្ពុជា​ជំនាន់​ថ្មី​»​។​

​លោក​បានបង្ហាញ​ពី​បំណង​ចង់​បន្ត​ការអញ្ជើញ​សិល្បករ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ និង​បន្ថែម​សកម្ម​ភាព​ការតាំងពិព័រណ៍​ខាងក្រៅ​អគារ​។ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ក្តី​ប្រាថ្នា​បង្កើន​សកម្ម​ភាព​នៅតាម​បណ្តា​ខេត្ត និង​មាន​ក្តី​សុបិន​ក្នុង​ការបង្កើត​រចនាសម្ព័ន្ធ​អចិ​ន្រៃ្ត​យ៍​សម្រាប់​ការថតរូប​នៅ​ទីក្រុង​ភ្នំពេញ​៕