​ភ្នំពេញៈ លោក​ យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា បច្ចុប្បន្ន​ក្រៅពី​ទីផ្សារ​ចិន​និង​សហភាព​អឺរ៉ុប​ដែលជា​ទីផ្សារ​អង្ករ​ដ៏​ធំ​របស់​កម្ពុជា​ហើយ បណ្តា​ប្រទេស​មួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម កំពុង​ក្លាយជា​ទីផ្សារ​សក្តានុពល ខណៈ​នាពេលខាងមុខ​អ៊ី​រ៉ា​ក់​ក៏​ក្លាយជា​ទីផ្សារ​គោលដៅ​ក្នុងការ​​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ដែរ​។​

​លោក យ៉ង សាំង​កុមារ បាន​ថ្លែង​នៅ​ពី​ថ្ងៃទី​ ៣​ ​ធ្នូ ឆ្នាំ​ ២០២៣​ ថា បច្ចុប្បន្ននេះ បើ​យោងទៅតាម​គេហទំព័រ Statista ដែលជា​វេ​ទិ​កា​ទិន្នន័យ​សកល​ស្តីពី​ស្ថិតិ​របាយ​ការណ៍​នៅ​ទូទាំង​ពិភពលោក ទាក់ទង​នឹង​វិស័យ​ផ្សេងៗ​បាន​បង្ហាញថា ប្រទេស​ដែល​នាំ​អង្ករ​ចូល​ច្រើនជាងគេ​នៅលើ​ពិភព​​លោក​ទី​១ ប្រទេស​ចិន​,​ ទី​២. ​ហ្វី​លី​ពី​ន​, ទី​៣. សហភាព​អឺរ៉ុប​,​ ទី​៤. ​អ៊ី​រ៉ា​ក់​,​ ទី​៥. នី​ហ្សេ​រី​យ៉ា​,​ ទី​៦. ឥណ្ឌូនេស៊ី និង​ទី​៧. ប្រទេស​វៀតណាម​។ ក្នុងចំណោម​ទីផ្សារ​ទាំងនេះ ទីផ្សារ​ចិន និង​អឺរ៉ុប គឺ​កម្ពុជា​ចាប់បាន​ហើយ នៅឡើយ​ទីផ្សារ​មួយចំនួនទៀត​ខណៈដែល​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល ដែល​កម្ពុជា បាន និង​កំពុង​ចាប់ផ្តើម​ការនាំចេញ​ជា​បណ្តើរៗ​។


លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ យើង​កំពុង​ធ្វើ​ទីផ្សារ​នៅ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ហើយ​​អ៊ី​រ៉ា​ក់​ក៏​អាច​ក្លាយជា​ទីផ្សារ​របស់​យើង​នាពេលខាងមុខ​ផង​ដែរ​។ ដោយឡែក បើ​យើង​ក្រឡេកមើល​ពី​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើនជាងគេ លើ​ពិភពលោក​វិញ ឃើញថា ឥណ្ឌា​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើនជាងគេ​នៅលើ​ពិភពលោក ហើយ​ថៃ នាំចេញ​លេខ ​២ វៀតណាម​លេខ​ ៣ ខណៈ​ប្រទេស​កម្ពុជា​យើង លេខ​រៀង​ទី​ ៨ ហើយ​នៅមាន​សក្តានុពល​ក្លាយជា​លេខ​រៀង​ទី​ ៥ នៅពេល​ខាងមុខ​»​។​

​លោក​ថា​៖ «​វៀតណាម ជាប់​ចំណាត់​លេខ​ ៧ ក្នុង​ការនាំ​អង្ករ​ចូល ខណៈ​វៀតណាម ក៏​ជាប់​លេខ​ ៣ ​ដែរ ក្នុងនាម​ជា​ប្រទេស​នាំ​អង្ករ​ចេញ ដោយសារ​ប្រទេស​នេះ ក៏​ជា​ប្រទេស​នាំ​ស្រូវ​ចូល​ច្រើន​ដែរ​ពី​កម្ពុជា​ដោយ​នាំចូល​ក្នុង​ចន្លោះ ៣ ទៅ ​៤​ លាន​តោន​ក្នុង ​១ ​ឆ្នាំ​»​។


​លោក​ យ៉ង សាំង​កុមារ បាន​បន្តថា ដើម្បី​សម្រេច​គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន​ ១ ​លាន​តោន​ក្នុង​ ១​ ឆ្នាំ និង​ក្លាយជា​ប្រទេស​នាំ​ចេញ​អង្ករ​ច្រើនជាងគេ​លំដាប់​ទី ​៥​ នាពេលខាងមុខ​ក្រសួង​កសិកម្ម បាននិងកំពុង​ដាក់ចេញ​គោល​នយោបាយ​សំខាន់ៗ​មួយចំនួន ជាពិសេស​គោលនយោបាយ​ទី​៥ និង​ទី​៦ ដែល​រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដើម្បី​លើកស្ទួយ​ផលិតកម្ម​កសិកម្ម​រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​តាមរយៈ​កម្មវិធី​ហិរញ្ញប្បទាន​, គោលនយោបាយ​ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅតាម​ឃុំ​-​សង្កាត់​និង​គោលនយោបាយ​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​ជាដើម​។​

​លោក​ថា​៖ «​យើង​កំពុង​បង្កើន​ការលើកទឹកចិត្ត​ដល់​កសិករ​ក្នុង​ការដាំដុះ​ពូជស្រូវ​សែន​ក្រអូប ដោយ​ប្រើ​ពូជ​សុទ្ធ ដោយសារ​វា​ជា​ប្រភេទ​ពូជស្រូវ​ដែល​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​មាន​តម្រូវ​ការ​ច្រើន​សម្រាប់​ការផលិត​អង្ករ​នាំចេញ និង​តម្លៃ​មាន​ស្ថិរ​ភាពល្អ​ជាង​ពូជស្រូវ​ប្រាំង​ផ្សេងទៀត​។ ការប្រើ​ពូជ​សុទ្ធ និង​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍ និង​បច្ចេកទេស​ស្រែ​ល្អ ក៏​ជួយ​ឱ្យ​ស្រូវ​សែន​ក្រអូប​ទទួលបាន​ផល​ខ្ពស់​ផងដែរ​»​។​

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹង​ដែរ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​តែង​ជួយ​ជ្រោមជ្រែង​ក្រសួង​ក្នុងការ​អនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ជា​ពិ​សេស​ផ្នែក​កសិកម្ម​ដែលជា​គោល​​នយោបាយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ស្រូវ​អង្ករ​។​

 ​លោក​បាន​ថ្លែងថា​៖ «​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា​មិនដែល​ខកខាន​ទេ​ក្នុង​ការជួយ​ដល់​រាជរដ្ឋាភិបាល ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យទទួល​បាន​ជោគជ័យ​។ កន្លងទៅ​យើង​បាន​ស្វះ​ស្វែងរក​ទីផ្សារ​ក្រៅប្រទេស តាមរយៈ​ការចូលរួម​តាំងពិព័រណ៍​នៅតាម​ប្រទេស​នានា និង​ព្យា​យាម​រក​ដៃគូ​នាំចេញ សម្រាប់​ទីផ្សារ​ថ្មី ដែលជា​និច្ចកាល​យើង​តែងតែ​រំពឹងថា ពិភពលោក​នឹង​បាន​ស្គាល់ និង​ភ្លក្ស​រសជាតិ អង្ករ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​កម្ពុជា​»​។​

​របាយការណ៍​ពី​ក្រសួងកសិកម្ម​បានបង្ហាញ​ថា គិត​ត្រឹម​ដើមខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ការដាំដុះ​ស្រូវ សម្រេចបាន​ជាង ៣,៦ ​លាន​ហិកតា និង​ទទួលបាន​ទិន្នផល ៦,២​លាន​តោន ជាមួយនឹង​ការ​​រំពឹងទុក​ថា នឹង​ទទួលបាន​ទិន្នផល​ជាង ៦,៣ ​លាន​តោន​បន្ថែមទៀត នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំនេះ​។

ដោយឡែក​ក្នុង​រយៈពេល​ដូចគ្នានេះដែរ ការនាំ​ចេញ​ផលិតផល​កសិកម្ម​នៅ​បន្ត​រក្សាបាន​តួលេខ​ខ្ពស់ គឺ​ជាង​ ៦,២​ លាន​តោន គិត​ជា​ទឹកប្រាក់​ជាង ៣,៥​ ពាន់​លាន​ដុល្លារ​អាមេរិក ទៅកាន់​ទិសដៅ​ចំនួន ៧៤​ ប្រទេស​។ ការនាំចេញ​អង្ករ​សម្រេចបាន​ជាង ៥២ ​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ជាង​ ៤៥៨ លាន​ដុល្លារ រួមទាំង​ការនាំ​ចេញទៅ​ឥណ្ឌូ​នេ​ស៊ី​ដែលជា​គោលដៅ​ថ្មី​៕