ភ្នំពេញៈ ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា និង​ឡាវ​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​សន្តិសុខ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​លើកកម្ពស់​ជីវភាព​ប្រជាជន ជាពិសេស​កិច្ច​សហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន ខណៈ​ភាគី​ទាំង​ ២ ពិនិត្យឃើញ​វឌ្ឍនភាព​វិជ្ជមាន​លើ​ការ​​អប់រំ និង​ការទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន​។​


​ការប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​រវាង​ប្រទេស​ទាំង​ ២​ នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឡូយ សុផាត ប្រធាន​គណៈ​កម្ម​ការ​ផែនការ វិនិយោគ ក​សិ​​កម្ម រុក្ខាប្រមាញ់ នេសាទ អភិ​​វឌ្ឍន៍​ជនបទ បរិស្ថាន ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ឡាវ និង​លោក​ Vongsack Phanthavon ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ការពារជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​ឡាវ និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋ​សភា​ឡាវ​-​កម្ពុជា​។​

​ជំនួប​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី ​៣ ខែធ្នូ ឆ្នាំ​ ២០២៣ អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៃ​គណៈ​ប្រតិភូ​រដ្ឋសភា​កម្ពុជា​ទៅ​ប្រទេស​ឡាវ ដឹកនាំ​ដោយ​លោក​​ស្រី ឃួន សុ​ដា​រី ប្រធាន​រដ្ឋ​សភា​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​អគ្គលេខា​ធិ​ការ​ដ្ឋា​ន​រដ្ឋសភា​នៅ​ថ្ងៃទី​ ៤ ខែធ្នូ​។​


​សេចក្តីប្រកាស​បានឱ្យដឹង​ថា ភាគី​ទាំង​ ២ បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កន្លងមក​ក្នុង​ទិដ្ឋភាព​វិជ្ជមាន ជាពិសេស​ការផ្តល់​អាហារូបករណ៍​ទៅមក​ដល់​សិស្ស និស្សិត ក្នុង​ក្របខ័ណ្ឌ​សភា​ទាំង​ ២ ព្រម​ទាំង​កិច្ចសហការ​ទប់ស្កាត់​ច​រា​ចរណ៍​គ្រឿងញៀន​នៅតាម​បណ្តោយ​ព្រំដែន​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖ «​ភាគី​ទាំង​ ២ ​បាន​ប្តេជ្ញាចិត្ត​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ដើម្បី​ប្រយោជន៍​វិស័យ​ធន​ធាន​មនុស្ស សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន ជាពិសេស​កិច្ច​សហប្រតិបត្តិ​ការជាប់​ព្រំដែន​»​។​


​នៅ​ថ្ងៃ​ដដែល​នោះ​លោក​ ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pingkham LASASIMMA អគ្គ​លេ​​ខា​ធិ​ការ​រដ្ឋសភា​ឡាវ​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក​ឡេង ប៉េងឡុង បានស្នើ​ទៅ​ភាគី​ឡាវ ពិនិត្យ​ពិភាក្សាគ្នា​ក្នុង​កម្រិត​បច្ចេកទេស​ដើម្បី​ដាក់ចេញ​ផែន​​ការ​សកម្មភាព​អនុវត្តន៍​អនុ​ស្ស​រណៈ​យោគយល់​គ្នា​ដែល​ភាគី​ទាំង​ ២ បាន​ចុះហត្ថលេខា​នាពេល​កន្លងមក ដើម្បីឱ្យ​ស៊ីចង្វាក់​គ្នា​រវាង​ស្ថាប័ន​អគ្គលេខាធិការ​​ដ្ឋា​ន​រដ្ឋសភា​កម្ពុជា និង​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​។​

​លោក ​ឡេង ប៉េងឡុង បានបញ្ជាក់​ប្រាប់​ភាគី​ឡាវ​ថា​៖ «​រដ្ឋាភិបាល​ថ្មី​មាន​គោលដៅ​អាទិ​ភាព​លើ​ការបម្រើ​ប្រជាជន អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ឌីជីថល​»​។​​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ លោកស្រី Pingkham LASASIMMA បាន​ឯកភាព​ចំពោះ​សំណើ​របស់​កម្ពុជា​ដោយ​លោកស្រី​ថា កិច្ច​សហការ​រវាង​ស្ថាប័ន​អគ្គ​លេ​ខា​ធិ​ការដ្ឋាន​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ ២ គួរ​មាន​ចំណុច​មួយ​ផ្តោត​លើស​ង្គ​ត​ភាព​ច្បាប់​សម្រាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ដែល​ចាត់ទុកជា​តំបន់​ពិសេស​។​

​ជុំវិញ​បញ្ហា​នេះ លោក​ ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា​បាន​សាទរ​ចំពោះ​ការបង្កើន​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ឡាវ​ទាំង​កម្រិត​រដ្ឋសភា និង​កម្រិត​ផ្សេងៗ​ដោយសារ​ប្រទេស​ទាំង ​២ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​ប្រទេសជិតខាង និង​មាន​ខឿនវប្បធម៌ ប្រពៃណី​កម្រិតជីវភាព​ប្រជាជន កម្រិត​ចំណេះ​ដឹង​ប្រជាជន​ប្រទេស​ទាំង ​២ មាន​ភាពស្រដៀងគ្នា​ផង​។  

​លោក​បាន​ថ្លែងថា​៖ «​ដើម្បីឱ្យ​ប្រទេស​ទាំង​ ២ ​កាន់តែ​ស្អិតល្មួត​នឹង​គ្នា គឺមាន​តែ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ មន្ត្រី និស្សិត ប្រជាជន ជា​ញឹកញាប់ បន្ថែម​ការជជែក​គ្នា ការពិភាក្សាគ្នា​ជា​យន្ត​ការល្អ​ដែល​ភាគី​ទាំង​ ២ គួរ​ធ្វើ​នឹង​គ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​»​។​

​លោក​បានបង្ហាញ​ការ​កត់​​សម្គាល់ថា បើទោះបី​កម្ពុជា និង​ឡាវ នៅ​ជិតខាង​គ្នា​ក្តី ប៉ុន្តែ​ការ​ជួបពិភាក្សា​គ្រប់​កម្រិត​នៅ​មិនទាន់​ញឹកញាប់​នៅឡើយ​ទេ​។ លោក​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង ​២​ បន្ថែម​ការជួបពិភាក្សា​គ្នា តួយ៉ាង​ការផ្លាស់ប្តូរ​ទស្សនកិច្ច ការ​ផ្លាស់ប្តូរ​អាហារូបករណ៍ ការ​​ផ្លាស់ប្តូរ​កម្មសិក្សា​ជាដើម​៕