ភ្នំពេញៈ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន មន្ត្រី និង​អតីតមន្ត្រី​ដែល​បាន​ចូលនិវត្តន៍ បាន​ជួប​​ជុំគ្នា​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​​ចង្វារ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ ​២០២៣ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នៃ​ការ​រស់​ឡើងវិញ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ​ ១៩៧៨ ​ក្រោយ​របប​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ ដោយ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​។​


​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ​៤ ខែធ្នូថា​៖ «​ខ្ញុំ​សូម​ឧទ្ទិស​ស្មារតី​ថ្ងៃ ៣ ​ធ្នូ ឱ្យនៅ​ស្ថិតស្ថេរ​ក្នុង​ចិត្ត​របស់​ថ្នាក់​ដឹកនាំ មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់រូប ហើយ​សូមឱ្យ​ចងចាំ​ជានិច្ច​នូវ​គុ​ណូ​ប​​កា​រៈរ​បស់​ឥស្សរជន​ទាំងអស់​ក្នុងការ​ប្ដេជ្ញា លះបង់​ទាំង​កម្លាំងកាយ​ចិត្ត និង​ខ្លះ​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ចាប់តាំងពី​ថ្ងៃ​នៃ​ការ​ដំណើរការ​ឡើងវិញ រហូតមកដល់​ប​ច្ចុ​​ប្បន្ន​នេះ ហើយ​បាន​បន្សល់ទុក​នូវ​កេរដំណែល​សម្រាប់​អ្នក​​ជំនាន់​ក្រោយ​»​។​

​លោក នេត្រ ភក្ត្រា ថ្លែង​ទៀតថា​៖ «​ខ្ញុំ​សូម​ប្ដេជ្ញាចិត្ត​ការពារ​នូវ​រាល់​ស្នាដៃ និង​សមិទ្ធផល​ទាំងឡាយ ដែល​ឥស្សរជន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​បាន​កសាងឡើង​ឱ្យនៅ​ស្ថិត​​ស្ថេ​រ​គង់វង្ស ព្រមទាំង​ប្តេជ្ញា​កសាង​និង​បង្កើន​សមិទ្ធផល​ថ្មីៗ​ទៀត ដើម្បី​បង្ហាញ និង​បន្សល់​ទុកឱ្យ​អ្នក​ជំនាន់​ថ្មីៗ​ខាងមុខ​បន្តទៀត ហើយ​ដើម្បី​ជា​សក្ខីភាព​នៃ​ការប្ដេជ្ញាចិត្ត​នេះ ខ្ញុំ​សូម​កំណត់​យក​ថ្ងៃ ៣ ធ្នូនេះ ​សម្រាប់​ការ​រំឭក​ខួប​អនុ​ស្សាវ​រី​យ៍​នៃ​ការបង្កើតឡើងវិញ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ដោយ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ចាប់ពីពេលនេះ​តទៅ​»​។​


​លោក នេត្រ ភក្ត្រា បាន​ថ្លែង​រំឭកថា ក្រោយ​ពេលដែល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​នៃ​របប​ខ្មែរក្រហម​ដែល​នៅក្នុង​របប​ប្រល័យពូជសាសន៍​នោះ អ្វីៗ​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងអស់​ស្ទើរ​គ្មាន​សល់ រីឯ​វិស័យ​ព័​ត៌​មាន​ត្រូវបាន​រលាយ​សាបសូន្យ​អស់ ដោយ​ពុំមាន​សារព័ត៌មាន​ណាមួយ​អាច​ចេញផ្សាយ​បានទេ លើកលែងតែ​ទស្សនាវដ្ដី និង​ស្ថានីយ​វិទ្យុ​ដែល​គ្រប់គ្រង​ដោយ​អង្គការ​ខ្មែរក្រហម ដែល​សម្រាប់​ផ្សាយ​តែ​ពាក្យស្លោក​នៃ​លទ្ធិកុម្មុយនីស្ត​ប៉ុណ្ណោះ​។​

​លោកថ្លែងថា​៖ «​មកទល់​ពេល​បច្ចុប្បន្ននេះ គឺមាន​រយៈ​កាល​ជាង​ ៤ ​ទសវត្ស​រ៍ហើយ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដ៏​សំខាន់ៗ ទាំងនេះ​បាននិងកំពុង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន ចំណេះដឹង និង​ការកម្សាន្ត ដល់​ប្រជា​ពលរដ្ឋ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​»​។


​លោក នេត្រ ភក្ត្រា ថ្លែងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​គ្រប់​ប្រភេទ បាននិងកំពុង​ពង្រីក​វិសាល​ភាព​ផ្សាយ​ប្រកបដោយ​គុណ​​ភាព និង​លើកកម្ពស់​ស្តង់ដា​វិជ្ជាជីវៈ សំដៅ​ផ្សព្វផ្សាយ​ព័​ត៌​មាន​ឱ្យ​ស្របតាម​ការរីកចម្រើន​នៃ​សម័យ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន ជាពិសេស​ការ​រីកចម្រើន​នៃ​បណ្ដាញ​សង្គម​នានា​ជាច្រើន​។​

​លោកថ្លែងថា​៖ «​នៅក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ នេះ ក្រសួង​ព័ត៌មាន​បានកំណត់​នូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ខ្លួន​ឱ្យទៅជា​ស្ថាប័ន​កិច្ចការងារ​សាធារណៈ​របស់​រាជ​រដ្ឋា​ភិ​​បាល​។ ដូច្នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​គ្រប់​ប្រភេទ​បាននិងកំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព​ផ្សាយ​ប្រកបដោយ​គុណភាព លើកកម្ពស់​ស្តង់ដា​វិជ្ជាជីវៈ​ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ថ្មី ពិត លឿន និង​ទូលំទូលាយ ហើយ​រួមចំណែក​ក្នុងការ​ទប់​ស្កាត់ និង​កាត់បន្ថយ​ព័ត៌មាន​ក្លែងក្លាយ​»​។​

​ជុំវិញ​រឿងនេះ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​​កម្ពុជា (​ក​.​អ​.​ក​) នៅ​ថ្ងៃទី ​៤ ខែធ្នូ បាន​ប្រាប់​ឱ្យដឹងថា បើទោះបីជា​កម្ពុជា​បែរ​មកជា​ប្រទេស​បែប​លទ្ធិប្រជាធិបតេយ្យ​ក្តី តែ​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឃោសនា​រដ្ឋ​របស់​ជាតិ​មួយ និង​បាន​បើក​ចំហ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​ជន​ថែមទៀត​។​

​ទន្ទឹមគ្នានេះ លោក ​ពុ​យ គា បានឱ្យដឹងថា បច្ចុប្បន្ន​លោក​សង្កេតឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ឯកជន​នៅ​កម្ពុជា គឺ​ដើរ​លឿន​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​។​

​លោក ពុ​យ គា បាន​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ដើរ​លឿន​ជាង ដោយសារ​គេ​មានលទ្ធភាព​អាច​រកចំណូលបាន​តាម​រយៈ​ការផ្សាយ​ពាណិជ្ជ​កម្ម ផ្តល់​ប្រាក់ខែ​បាន​ខ្ពស់​ដល់​បុគ្គលិក និង​កត្តា​ផ្តល់​សម្ភារ​ប្រើប្រាស់​បានល្អ ប៉ុន្តែ​បើ​យើង​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វិញ​ទោះបី​មិនអាច​រកចំណូលបាន​ច្រើន តែមាន​ធនធានមនុស្ស​ល្អៗ​ច្រើន​»​។ «​ហេតុនេះ​ខ្ញុំ​យល់ថា​ដើម្បីឱ្យ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​របស់​រដ្ឋ និង​ឯកជន​ដើរ​ទន្ទឹមគ្នា គឺ​ទាមទារ​ការលើកទឹកចិត្ត​លើ​ប្រាក់ខែ និង​វិន័យ​របស់​ស្ថាប័ន​ឃោសនា​របស់​រដ្ឋ​បន្ថែមទៀត​»​។​

​លោក ភក្ត្រា បានឱ្យដឹងថា ឆ្នាំ​ ១៩៧៨-២០២៣ រយៈពេល ​៤៥ ​ឆ្នាំ​នៃ​ការ​រស់​ឡើងវិញ​នៃ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​ ដែលមាន​ឈ្មោះ​ដើម​ថា សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា SPK​។ ឆ្នាំ​ ១៩៧៨-២០២៣ រយៈពេល ​៤៥ ​ឆ្នាំ​នៃ​ការ​រស់​ឡើងវិញ​នៃ​វិទ្យុជាតិ​កម្ពុជា (RNK)​ ដែលមាន​ឈ្មោះ​ដើម​ថា វិទ្យុ​សំឡេង​ប្រជាជន​កម្ពុជា​។ ឆ្នាំ​ ១៩៨៣-២០២៣ រយៈពេល​៤០​ឆ្នាំ នៃ​ការបង្កើតឡើង​ទូរ​​ទស្សន៍​ជាតិ​កម្ពុជា (TVK)​។​

​ទូរទស្សន៍​នេះ​បាន​ចាប់បដិសន្ធិ​នៅ​ឆ្នាំ​ ១៩៦៣ មកដល់​ឆ្នាំ ​១៩៧០ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ប៉ុន្តែ​នៅតែ​បន្ត​ផ្សាយ​រហូតដល់​ឆ្នាំ​ ១៩៧០​។ ក្នុង​ឆ្នាំ​១៩៧៥-១៩៧៩ ស្ថានីយទូរទស្សន៍​ត្រូវបាន​កម្ទេច​សម្ភារ​ប​ចេ្ច​ក​ទេស​ស្ទើរ​ទាំងស្រុង​៕