ភ្នំពេញៈ​ លោក​ ហ៊ុន ម៉ា​នី រដ្ឋ​មន្ត្រី​ក្រសួង​មុខងារសាធារណៈថ្លែងថា បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​ធ្វើជា​មន្ត្រី​កសិកម្ម​ឃុំ ក្នុង​ក្របខ័ណ្ឌ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ចំនួន​សរុប​ ​១២ ៧៤៤​ នាក់ ប៉ុន្តែ​អ្នក​ដែល​បាន​បំពេញបែបបទ​ត្រឹមត្រូវ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​មានតែ​ ៣ ៣២៩​ នាក់​ប៉ុណ្ណោះ ដែល​នឹងត្រូវ​ចូល​ប្រឡង​នៅ​ថ្ងៃទី​ ១៧ ​ធ្នូ ឆ្នាំ ​២០២៣ ​ខណៈ​ក្រសួង​ប្រកាស​ជ្រើសរើស​ជំហាន​ដំបូង​ត្រឹម​ ២៥០ ​នាក់​។


​លោក​បាន​ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ​«​ការ​​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ ​២០២៣» នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​រសៀល​ថ្ងៃទី​ ៤ ខែធ្នូ​។ លោក ​ហ៊ុន ម៉ា​នី ឱ្យដឹងថា ចំពោះ​ការផ្សព្វផ្សាយ​​កន្លងមក​ក្រសួង​បានរៀបចំ​ធ្វើជា​វីដេអូ និង​ឯកសារ​រដ្ឋបាល​ដើម្បី​ផ្សព្វផ្សាយ​នៅ​ថ្នាក់ជាតិ​។

ជាមួយគ្នា​នោះ តាមរយៈ​មន្ទីរ​មុខងារសាធារណៈ រាជធានី ខេត្ត​ក៏បាន​ធ្វើការ​រៀបចំ​ច្រក​ ១ ដើម្បី​សម្រប​សម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ផ្សព្វផ្សាយ​បន្តធ្វើ​យ៉ាង​ណា​ឱ្យ​ការផ្សព្វផ្សាយ​បាន​ទូលំ​​ទូលាយ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សំដៅ​ផ្តល់ឱកាស​ស្មើៗ​គ្នា​ក្នុង​ការចូលរួម​។ លោក​ថា តួលេខ​ដែល​ទទួលបាន​គឺមាន​ការចុះឈ្មោះ​ចំនួន ១២ ៧៤៤ ​នាក់ ប៉ុន្តែ​ការសម្រេច​យក​អ្នក​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ មាន​ប្រមាណ​តែ ៣ ៣២៩ ​នាក់ ដោយសារ​ផ្អែកលើ​មូលដ្ឋាន​ឈ្មោះ ឬ​ព័ត៌មាន​ណា​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បុគ្គល ដែល​រកឃើញថា មិន​ស្របទៅតាម​ឯកសារយោង គឺ​មិនអាច​អនុញ្ញាតឱ្យ​ឡើយ​។​


​លោក​មានប្រសាសន៍ថា​៖ «​ចំពោះ​ការជ្រើសរើស​មន្ត្រី​កសិកម្ម ជំហាន​ទី​១ ចំនួន​ ២៥០ នាក់​នេះ គឺ​ត្រូវ​ការជំនាញ​មួយ​ច្បាស់លាស់ ដែលមាន​ការកំណត់​រួចស្រេច​ទៅហើយ អ៊ីចឹង​នៅពេល​គាត់​ដាក់​មក តែ​ជំនាញ​មិន​ស័ក្តិសម​ហើយ​ខ្លះ​ឆ្ងាយ​ពី​ជំនាញ​មូលដ្ឋានគ្រឹះ​ដែល​យើង​កំណត់​គឺ​មិនអាច​បំពេញ​លក្ខណសម្បត្តិ​សមស្រប​»​។

​ជាមួយគ្នានេះ​លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក៏បាន​ថ្លែង​ក្នុង​ស​ន្និ​សីទ​នេះដែរ​ថា ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅតាម​ឃុំ សង្កាត់​នេះ ក្រសួង​បានកំណត់​ទិសដៅ​ភូមិសាស្ត្រ​ដែលមាន​សកម្មភាព​កសិក​ម្ម​ចំនួន ​១ ៥៥២ ​ឃុំ ហេតុ​នេះ​ការជ្រើសរើស​នេះ ត្រូវ​ពិនិត្យមើល​ទៅតាម​សមត្ថភាព​នៃ​មូល​ដ្ឋា​ន​កសិកម្ម ផងដែរ​។  ​ដើម្បី​ធានា​ដល់​ការធ្វើការងារ និង​ត្រៀម​ប្រសិនបើ​មាន​អ្នកធ្វើការ​ផ្លាស់ប្តូរ​កន្លែង​ការងារ​ផង​នោះ​ការ​ជ្រើស​រើស​ទាំងអស់​រួមទាំង​មន្ត្រី​បម្រុង​ផង​សរុប​ចំ​នួ​ ១ ៦០០ ​នាក់​។


​លោក​ថ្លែងថា​៖ «​ដំបូង​កំណត់​ការជ្រើសរើស​យក ២៥០ ​នាក់​សិន ដែល​នឹង​ពង្រីក​ទៅតាម​ឃុំ សង្កាត់​ចំនួន​ ២៥០ លើ​ខេត្ត​មួយ​ចំនួន​ដែលមាន​សកម្មភាព​ក​សិ​កម្ម ពាក់ព័ន្ធ​ជាមួយនឹង​ដំណាំ​ស្រូវ​។ ឯ​ឆ្នាំ​ ២០២៤ ខាងមុខនេះ​យើង​នឹងមាន​រៀបចំ​ជ្រើសរើស ៨០០ នាក់​ទៀត ហើយ​នៅ​ឆ្នាំ​ ២០២៥ រើស​បង្គ្រប់ ៥៥០ ​នាក់​បន្ថែមទៀត​»​។ 

​ការចុះឈ្មោះ​ចូលរួម​ប្រឡង​ធ្វើជា​មន្ត្រី​កសិកម្ម​ឃុំ​នេះ​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយមាន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ផ្តល់ឱកាស​ស្មើៗ​គ្នា សម្រាប់​អ្នក​ចាប់អារម្មណ៍ ចង់​ចូល​បម្រើ​ការងារ​ពិតប្រាកដ​ដែល​នេះ​គឺ​ស​បញ្ជាក់ថា​ការ​ជ្រើស​រើស​គឺធ្វើឡើង​ប្រកបដោយ​តម្លា​ភាព​។ បន្ថែម​លើ​នេះ ការប្រឡង​ជ្រើសរើស​នេះ​ក៏​ជាការ​សម្រាំង យក​មន្ត្រី​កសិកម្ម ដែលមាន​ជំនាញ​ពិតប្រាកដ មិនអាច​យក​ជំនាញ​ផ្សេង​មក​ធ្វើ​ការងារ​នោះទេ ចំណែក​វិញ្ញាសា​គឺ​ធ្វើ​ភ្លាម​ដាក់​ប្រឡង​ភ្លាម​។ 

​លោក​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​គឺ​យើង​ធ្វើ​គណៈកម្មការ​ជាមួយ​ក្រសួង​មុខងារសាធារណៈ​ដែលមាន​ជំនាញ​ច្បាស់​លាស់​ក្នុងការ​ជ្រើសរើស​មន្ត្រី​រាជ​ការ ជា​អ្នកដឹកនាំ​ការងារ​នេះ​។​អ៊ីចឹង​ទាំង​នីតិវិធី​ក្នុងការ​រៀបចំ​វិ​ញ្ញា​សា​ប្រឡង ការរៀបចំ​កុំ​ឱ្យមាន​បញ្ហា​សង្ស័យថា មិន​យុត្តិធម៌​គឺ​គណៈកម្មការ​បច្ចេកទេស​បានរៀបចំ​អស់ហើយ មកដល់ពេលនេះ​អត់​ទាន់​មាន​វិញ្ញាសា​ទេ វិញ្ញាសា​គឺ​ធ្វើ​ភ្លាម​ចេញ​ភ្លាម អត់​ធ្វើ​ទុក​មុន​ទេ​»​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ ស្តីពី​ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ បានឱ្យដឹងថា ការ​ជ្រើសរើស​ដំបូង​ចំនួន ២៥០​ នាក់​នេះ​នឹង​យកទៅ​បម្រើ​ការងារ នៅតាម​ភូមិសាស្ត្រ​គោលដៅ ក្នុង​ខេត្ត​ចំនួន​ ១៧ រួមមាន តាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយ​​មានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃ​វែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧ​ត្ត​រ​មានជ័យ កណ្តាល និង​ខេត្តមណ្ឌលគិរី​៕