ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ដែលជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ថ្លែងថា ជន​មាន​ពិការភាព គឺជា​តួអង្គ​មួយ​យ៉ាង​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​គ្រួ​សារ និង​សហគមន៍​ហើយ​រាជ​​រដ្ឋាភិបាល​នឹង​ខិតខំ​លើកកម្ពស់​ជន​មាន​ពិការភាព​ឱ្យក្លាយ​ទៅជា​អ្នកនយោបាយ​មន្ត្រីរាជកា​រ​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។​


​លោក​បានលើកឡើង​ដូចនេះ នា​ថ្ងៃទី​​ ៤ ខែធ្នូ ឆ្នាំ ​២០២៣ ក្នុង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​ ២៥ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​ ៤១ ក្រោម​ប្រធានបទ «​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​សង្គម​មួយ​មាន​ផាសុក​វត្ថុ និង​សមធម៌​» នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។    

​លោក​ថ្លែងថា នៅ​កម្ពុ​ជាការ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​នេះ​ឡើង ដើម្បី​រំឭក​ពី​មហា​វិនាសកម្ម​កើតឡើង​ដោយសារ​សង្គ្រាម​ជា​ពិសេស​ដោយ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន​រួមមាន ស្ត្រី​មេម៉ាយ កុមារកំព្រា ជន​មាន​ពិការភាព​ព្រមទាំង​បន្សល់​នូវ​គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​រាប់លាន​តោន​។


លោក ​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​៖«​ជន​មាន​ពិការភាព គឺជា​តួអង្គ​មួយ​យ៉ាង​​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​គ្រួ​​សារ និង​សហគមន៍​។ រាជ​រដ្ឋា​​ភិ​បាល​អាណត្តិ​ទី​ ៧ បន្ត​ចក្ខុវិស័យ​ច្បាស់លាស់ សម្រាប់​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ មាន​គុណភាព​ជីវិត​ល្អ​ចូលរួម​យ៉ាង​សកម្ម​ស្មើភាព​គ្នា​ក្នុងសង្គម​ដែលមាន​ការគោរព​សិ​ទិ្ធ និង​សេចក្តី​ថ្លៃថ្នូរ ព្រមទាំង​ការធ្វើ​បរិ​យាប​ន្ន​ពិការភាព​ក្នុង​គ្រប់​វិស័យ​»​។​

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ការជឿជាក់​ផងដែរ​ថា ប្រធានបទ​នៃ​ទិវា​ជន​​មាន​ពិការភាព​ក្នុង​ឆ្នាំ ​២០២៣ ​នេះ​នឹង​ក្លាយទៅជា​ឱកាស​ជំរុញ​លើកទឹកចិត្ត និង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់ថា​៖«​ត្រូវ​បង្កើន​ការធ្វើ​វិនិយោគ​​ទុន​លើ​ជន​មាន​ពិការភាព និង​បន្ត​កសាង​ធនធាន​ជន​មាន​ពិការ​​ភាព​បន្ថែមទៀត រាប់ទាំង​ការគិតគូរ​កម្មវិធីសិក្សា​ប្រកបដោយ​នវានុវត្តន៍ និង​រស់​រវើក ​ដើម្បី​ធានាថា ជន​មាន​ពិការភាព​អាច​រស់នៅ​ក្នុងសង្គម​កម្ពុជា ​ដោយមាន​សមធម៌ មានឱកាស​ប្រកួតប្រជែង​ទាំង​នៅក្នុង​ប្រទេស​តំបន់ និង​សកលលោក​»​។​


​លោក​បន្ថែមថា ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ និង​ការលើក​កម្ពស់​ជនពិការ គ្រប់​ក្រសួង​ស្ថា​ប័ន និង​វិស័យ​ឯកជន​ត្រូវ​លើក​ទឹកចិត្ត​ជន​មាន​ពិការភាព​ដែលមាន​លក្ខណសម្បត្តិ និង​សមត្ថ​ភាព​ឱ្យបំពេញ​មុខងារ​ទទួល​ខុស​ត្រូវ​ក្នុង​មុខតំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការ​​រើសអើង​រាប់ទាំង​បម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករនិយោជិត កូន​ជាង ឬ​កម្មសិក្សាការី​ជាដើម​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឱ្យដឹងថា សម្រាប់​ឆ្នាំ​ ២០២៣ ​នេះ ជន​មាន​ពិការភាព​ចំនួន ៣ ៧៧៦ នាក់​ក្នុងនោះ​ស្ត្រី​មាន​ពិការភាព​ចំនួន ៨៦៩ ​នាក់​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង ស្ថាប័នរដ្ឋ​ចំនួន ៣៩ ​ស្ថាប័ន​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា បាន​គាំទ្រ និង​សាទរ​ការជំរុញ និង​លើកទឹកចិត្ត​នេះ ប៉ុន្តែ​ក៏ត្រូវ​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​ពង្រឹងសមត្ថភាព​ជា​មូលដ្ឋានគ្រឹះ​ផង​ដែរ​។

លោក​ថ្លែងថា​៖«​ដើម្បី​ឈានទៅដល់​ការជំរុញ​សមធម៌​នៅក្នុង​សង្គម​ការងារ​រ​បស់បង​​ប្អូន​ជនពិការ យើង​ត្រូវ​ផ្តល់ឱកាស​ឱ្យ​គាត់​កសាង​សមត្ថភាព​ពង្រឹងសមត្ថភាព​ដែល​នេះ​ជា​មូលដ្ឋានគ្រឹះ​របស់គាត់​។ នៅពេលដែល​គាត់​មាន​សមត្ថភាព លទ្ធភាព​គ្រប់គ្រាន់​ហើយ អ៊ីចឹង​គាត់​ចូលក្នុង​សង្គម​ការងារ គាត់​នឹងមិន​មានការ​លំបាក​ទេ​»​។​

​មួយវិញទៀត​បើទោះបីជា​ជន​មាន​ពិការ​​ភាពមិន​បាន​ចូលក្នុង​សង្គម​ការ​ងារ​ក៏ដោយ ប៉ុន្តែ​នៅពេលដែល​គាត់​មាន​សមត្ថភាព ពួកគាត់​អាច​ប្រកបការងារ​វិជ្ជាជីវៈ​ដោយ​ខ្លួនឯងបាន​។ លោក​យង់ ពៅ បញ្ជាក់ថា​៖ «​អ៊ីចឹង​! រាជរដ្ឋាភិបាល ជម្រើស​ទី ១ ​គឺ​ត្រូវតែ​ផ្តល់ឱកាស ឬ​បង្ក​ឱកាស​ឱ្យ​គាត់​ពង្រឹងសមត្ថភាព​ជំនាញ​ចំណេះដឹង វិជ្ជាជីវៈ​ទៅតាម​សម្បទា​របស់​មនុស្ស​ម្នាក់ៗ​ដែល​អាច​ទទួលយកបាន ដែល​នេះ​គឺជា​រឿង​សំខាន់​»៕