​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក​ ជា សុ​មេធី បាន​ថ្លែងថា គិត​ត្រឹម​ខែសីហា ឆ្នាំ ​២០២៣ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ជាង ១ ៣០០​​ លាន​ដុល្លារ ​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជិត​ ៧០ ​ម៉ឺន​គ្រួសារ ដោយ​ក្នុងនោះ​ជន​មាន​ពិការភាព​ចំនួន​ជិត​ ៦ ​ម៉ឺន​គ្រួសារ​។​


​នៅក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៥ និង​អន្តរជាតិ​លើក​ទី៤១ នៅ​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​ ២០២៣ លោក​ជា សុ​មេធី បានឱ្យដឹងថា រាជរដ្ឋាភិបាល​តាមរ​យៈ​មូល​​និ​ធិ​ជាតិ​ជំនួយ​សង្គម​បានផ្ដល់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ សរុប​ចំនួន ៦៩៨ ៧២៩​ គ្រួសារ​។ លោក​បន្តថា​៖«​ក្នុងចំណោម​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជិត​ ៧០​ ម៉ឺន​គ្រួសារ​នោះ គឺមាន​ជន​មាន​ពិការភាព​ចំនួន ៥៩ ៩៧៧ ​គ្រួសារ បានទទួល​ផល​ពី​កម្មវិធី​នេះ ហើយ​បើ​គិត​ចាប់តាំងពី​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០១៩ រហូតដល់​ត្រឹម​ខែសីហា ឆ្នាំ​ ២០២៣ គឺ​បាន​ចំណាយ​ថវិការដ្ឋ​អស់​ប្រមាណ​ចំនួន ១ ៣២៨ ​លាន​ដុល្លារ​»​។​

​រាជរដ្ឋាភិបាល​បាន​ខិតខំ​កែលម្អ​ជីវភាព​រស់នៅ ធានា​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ជន​មាន​ពិការភាព​តាមរយៈ​ការលើក​កម្ពស់​អាជីព​មុខរបរ​សមរម្យ ការងារ និង​ការ​​ផ្តល់ប្រាក់​របប​គោលនយោបាយ​ផ្សេងៗ​។ ក្រៅពីនេះ​សប្បុរសជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា​បាន​ចូលរួមចំណែក​ទាំង​ធនធាន​ថវិកា និង​ធនធានមនុស្ស ដើម្បី​ជា​ឧ​ត្ត​ម​ប្រ​-​យោជន៍​សម្រាប់​ជន​មាន​ពិការភាព​កម្ពុជា​។​


​លោក​បញ្ជាក់ថា​៖ «​ក្រសួង​រៀបចំ​ដែនដី ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និង​ក្រសួង​ធម្មការ​បានដាក់​បញ្ចូល​ការគិតគូរ​ដល់​ជន​មាន​ពិការភាព​ក្នុងការ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​តាម​វត្ត​អារាម ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ជន​មាន​ពិការភាព​ក្នុងការ​ប្រើ​ប្រាស់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ឡើង​»​។​

​លើសពីនេះ ក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន និង​ក្រសួងសុខាភិបាល​ក៏បាន​អនុ​​ញ្ញាត​ដល់​ជន​មាន​ពិការភាព​មាន​សិទ្ធិ​ប្រើ​បណ្ណ​បើកបរ ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន និង​ការ​ចល័ត​ទី​ផងដែរ​។ លោក​ជា សុ​មេធី បន្ថែមថា សេវា​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​សហគមន៍​ក៏ត្រូវ​បាន​ពង្រឹង ខណៈ​មនុ​ស្សគ​​ថ្លង់ និង​ជន​ពិការភ្នែក​ក៏ត្រូវ​បាន​អភិវឌ្ឍ​ផងដែរ​ដូចជា​៖ អក្សរ​ប្រៃ​យ៍ (​អក្សរ​ស្ទាប​) ភាសា​សញ្ញា​ត្រូវបាន​បង្កើតឡើង​ដោយ​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៃ​វិស័យ​អប់រំ ព័ត៌មានវិទ្យា និង​តាម​ស្ថានីយទូរទស្សន៍​នានា ដើម្បី​បម្រើឱ្យ​ការផ្តល់​ព័ត៌មាន​ជូន​ជន​មាន​ពិការភាព​ឱ្យបាន​កាន់តែ​ប្រសើ​ឡើង​ផងដែរ​។​


​ទន្ទឹមនឹង​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​នៅក្នុង​ទិវា​ជន​មាន​ពិការភាព​ដែរ​ថា ក្នុងនាម​រាជរដ្ឋាភិបាល មាន​សុទិដ្ឋិនិយម​ចំពោះ​ទស្សនវិស័យ​រួមគ្នា​ក្នុង​ការបន្ត​លើកកម្ពស់​វិស័យ​ពិការភាព ការផ្ដល់អំណាច និង​ការគាំទ្រ​ដល់​ជន​មាន​ពិការភាព ដែលជា​គុណ​តម្លៃ​ដ៏​វិសេសវិសាល សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ទាំងមូល ពិសេស​ក្នុង​បរិការណ៍​នៃ​ការស្តារ​សេដ្ឋកិច្ច​ក្នុងប្រទេស​ឡើងវិញ​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​ភាពរឹងមាំ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩​។​

​លោក​ថា​៖ «​ជាក់ស្តែង​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ផាសុក​វត្ថុ​សម្រាប់​ជន​មាន​ពិការភាព រួមមាន​ការរៀបចំ​ជម្រាល​ធ្នាក់​ដៃ ចំណត​យានយន្ត​អាទិភាព ភាសា​សញ្ញា និង​ផ្លូវ​ដើរ​សម្រាប់​ជនពិការភ្នែក​ជាដើម​»​។

​បើតាម​ក្រសួង​សង្គមកិច្ច ក្នុង​ឆ្នាំ​ ២០២៣ ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​ ៣៩ ​ដែលមាន​ចំនួន ៣ ៧៧៦​ នាក់ ក្នុងនោះ​ស្ត្រី​មាន​ពិការភាព​ចំនួន ៨៦៩ ​នាក់​,​ជន​មាន​ពិការភាព​កម្រិត​​ធ្ងន់​ចំនួន ២ ៣៥១ នាក់ បើ​គិត​ជា​ភាគរយ ២,០៥%​។

ដោយឡែក​វិស័យ​ឯកជន​រួមមាន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ បាន​ចុះ​បញ្ជិកា និង​ទទួលបាន​វិញ្ញាបនបត្រ​លើ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការ​ពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ទូទាំងប្រទេស​មាន​ចំនួន ២៤១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមាន​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ចំនួន​ ៣ ៧៥៩ ​នាក់​ (​ស្ត្រី​ ៣ ៦៣១​ នាក់​) សរុប​ទាំង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទូទាំងប្រទេស​មាន​ជន​មាន​ពិការភាព ៧ ៥៤៥ ​នាក់​កំពុង​បម្រើ​ការងារ​៕