ភ្នំពេញៈ មេធាវី ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកមាន​ជំនាញ​ផ្នែក​ច្បាប់ ហើយក៏​ជា​អ្នកការពារ និង​ផ្សះផ្សា​ក្តី​ដល់​ភាគី​មាន​វិវាទ​ផងដែរ ខណៈ​ការប្រកប​​វិជ្ជាជីវៈ​នេះ​កំពុងមាន​វិសាលភាព​ដល់​សហគមន៍ ដែល​នៅ​ឆ្នាំនេះ​ចំនួន​មេធាវី​មាន​រហូត ២ ៣៦៥​ ​រូប​លើសពី​ឆ្នាំមុន​ដែលមាន​ត្រឹមតែ ២ ១២៦ ​រូប​។​


​ជាធម្មតា​អ្វីដែល​ជាការ​រំពឹង​​ទុក​របស់​កូនក្តី គឺ​ការការពារ​ក្តី​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាព​ស្មោះត្រង់​របស់​មេធាវី​។ ដូច​អ្វីដែល​លោក​មេធាវី ឡោ គីម​ហ្គិ​ច បាន​ប្រាប់ថា មេធាវី​គឺជា​អ្នក​ការពារ​ក្តី​ជូន​កូនក្តី​របស់ខ្លួន ហើយក៏​ជា​អ្នក​តំណាងឱ្យ​កូនក្តី​ក្នុងពេល​ជំនុំជម្រះ​ផងដែរ​។​

​លោក​មេធាវី ដែល​បាន​ប្រកប​អាជីព​នេះ​អស់​ពេល​ជាង ​១០​ ឆ្នាំ​រូបនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា បើ​គិតថា ខ្លួន​ចង់បាន​អតិថិជន​ច្រើន​ត្រូវ​ពង្រីក​វិសាល​ភាព​នៃ​ជំនាញ​ច្បាប់​របស់ខ្លួន​តាមរយៈ​ការឡើង​ការពារ​ក្តី​ក្នុង​សាលាជំនុំ​ជម្រះ តែ​មេធាវី​មិនអាច​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ថា ខ្លួន​ពូកែ​បានទេ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​បើ​គេ​ឃើញថា គាត់​ជា​មេធាវី​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​គឺ​នៅ​ថ្ងៃក្រោយ​គេ​នឹង​ពឹង​គាត់ តែបើ​ឱ្យ​មេធាវី​ទៅ​ផ្សព្វផ្សាយ​ថា​គាត់​ជា​មេធាវី​អ៊ីចេះ ឬ​មេធាវី​អ៊ីចុះ​នោះ គឺ​អត់​បានទេ​»​។​

​បើតាម​លោក ឡោ គីម​ហ្គិ​ច ពាក់ព័ន្ធ​នឹង​ការបកស្រាយ​ច្បាប់​នៅតាម​ទូរទស្សន៍​ដើម្បីឱ្យ​ពលរដ្ឋ​យល់ដឹង ក៏​ជាការ​ចែករំលែក​ចំណេះដឹង​ច្បាប់​មួយ​ល្អ របស់​មេធាវី​ដែរ​។ មេធាវី​មាន​ភាព​ផ្ទុយស្រឡះ​ពី​អ្នកលក់ដូរ បានន័យថា អ្នកលក់ដូរ​ពេល​គាត់​លក់​ជិតគ្នា គឺ​តែង​បក់ដៃ​ហៅ​អតិថិ​ជន​ប្រជែង​គ្នា តែ​សម្រាប់​មេធាវី​ទោះ​មាន​ចំនួន​ច្រើនក្តី តែ​មិន​អាចធ្វើ​ដូច​អ្នកលក់ដូរ​បានឡើយ​។​


​ចំណែក​លោក ឌិន ស៊ី​ដែន អ្នកនាំពាក្យ​គណៈមេធាវី​ក៏បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ដែរ​ថា មេធាវី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា​ដើម្បី​បម្រើ​ដល់​វិស័យ​យុត្តិធម៌ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​"​នីតិរដ្ឋ​” តាមរយៈ​ការធ្វើជា​តំណាង​កូនក្តី ការជួយ​ការពារ​កូនក្តី​នៅ​គ្រប់​សាលាជម្រះក្តី និង​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​។ លើសពីនេះ​ទៀត មេធាវី​បាន​ចូលរួម​ផ្ដល់យោបល់ និង​តាក់​​តែង​លិខិតស្នាម​ផ្សេងៗ​ក្នុង​វិស័យ​គតិយុត្ត ហើយ​អាចបំពេញ​ការងារ​ជា​អ្នក​ផ្សះផ្សា ឬ​អ្នក​សម្រុះ​​សម្រួល​តាម​ការចាត់តាំង​ដោយ​គូក្តី ឬ​ចៅក្រម​។​

​លោក​ថា​៖ «​គណៈមេធាវី​និយាយ​ជារួម និង​មេធាវី​និយាយ​ដោយ​​ឡែក​បាន​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​តាមរយៈ​ការរៀបចំ​សិក្ខាសាលា​កម្មវិធី​ ៣​ សំណួរ កម្មវិធី​ជជែក​ពី​ច្បាប់​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន (BTV) ​កិច្ចពិភាក្សា​តុមូល និង​ការបោះ​ផ្សាយ​ព្រឹត្តិបត្រ​មេធាវី​»​។​

​លោក​ ឌិន ស៊ី​ដែន បានឱ្យដឹងថា គណៈមេធាវី​បាន​សង្កេតឃើញ​ការប្រកប​វិជ្ជាជីវៈ​របស់​មេធាវី​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ដោយ​កត្តា​ជាច្រើន រួមមាន ទី​១- កំណើន​ការយល់​ដឹង​អំពី​ច្បាប់ និង​សិទ្ធិ​របស់ខ្លួន​ពី​សំណាក់​សាធារណជន​ទូទៅ​។​

​ទី​២- ​កំណើន​តម្រូវការ​មេធាវី​តាមរយៈ​ការដាក់ចេញ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​កសាង​សង្គម​ដោយ​ផ្អែកលើ​ច្បាប់ សេដ្ឋកិច្ច​រីកចម្រើន សុខដុមរមនា គោរព​សិទ្ធិមនុស្ស​។ ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​អភិវឌ្ឍ​វិស័យ​ឯកជន ឧទាហរណ៍ ការបង្កើត​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​កាលពីពេល​ថ្មីៗ​នេះ​ជាដើម​។

ទី​៣-​ កំណើន​នៃ​ការផ្សព្វផ្សាយ​ច្បាប់​របស់​គណៈមេធាវី​តាមរយៈ​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​នានា និង​ការកសាង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ជាដើម និង​ទី​៤-​ការ​ជួប​សំណេះសំណាល​ជាប្រចាំ​រវាង​ថ្នាក់ដឹកនាំ​គណៈមេធាវី និង​មេធាវី​កំពុង​ធ្វើ​កម្មសិក្សា មេធាវី​ទើប​ចេញ​ប្រកប ​[​វិជ្ជាជីវៈ​] និង​មេធាវី​ដែល​ចេញ​ប្រកប​ហើយ​។​

​លោក ​ស៊ី​ដែន បាន​បញ្ជាក់ថា ការប្រកប​វិជ្ជាជីវៈ​មេធាវី​គឺ​អាស្រ័យ​លើ​ចំណេះដឹង បទ​ពិ​​សោធន៍ សមត្ថភាព និង​ការ​កសាង​កេរ្តិ៍ឈ្មោះ​ល្អ​របស់​មេធាវី​ម្នាក់ៗ​។ កាលពីពេល​ថ្មីៗ​នេះ​មេ​ធា​វី​ជាច្រើន​ក៏ត្រូវ​បានតែងតាំង​ឱ្យ​បម្រើការ​នៅតាម​ស្ថាប័នរដ្ឋ​ផងដែរ​។ ចំណុច​ទាំងនេះ សុទ្ធ​សឹង​ជា​សក្ខីកម្ម​អំពី​ដំណើរការ​កាន់តែ​ប្រសើរឡើង​នៃ​ការប្រកប​វិជ្ជាជីវៈ និង​ការទទួលស្គាល់​សមត្ថភាព​មេធាវី ពី​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ការប្រគល់​ភារកិច្ច​ដ៏​សំខាន់ៗ​ទាំងនេះ​ដល់​មេធាវី​របស់​យើង​ដែរ​។​

​លោក​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​គណៈមេធាវី​មាន​សមាជិក​ចំនួន ២ ៨៧៩​ នាក់ ក្នុងនោះ មេធាវី​ពេញសិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ ​២ ៣៦៥​ នាក់​ (​ប្រុស ១ ៦៤៩​ នាក់ និង​ស្ត្រី​ ៧១៦​ នាក់​)​។ ចំពោះ​សមាជិក​ជា​មេធាវី​បរទេស​វិញ​មាន​ចំនួន​ ១២​ នាក់ ​(​ស្រី ៦ ​នាក់​) ​ដែល​បម្រើការ​ក្នុង​ក្រប​ខ័​ណ្ឌ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​.​វ​.​ត​.​ក​)​។​

​លោក​ សា វន ជា​ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង ឃុំ​សំឡី ស្រុក​​កំពង់​រោទ៍ ខេត្តស្វាយរៀង​បាន​ថ្លែងថា លោក​ធ្លាប់មាន​រឿងក្តី​ពាក់ព័ន្ធ​នឹង​រឿង​រដ្ឋប្បវេណី​ម្តង​ដែរ ដោយពេល​នោះ​លោក​មាន​មេធាវី​សម្រាប់​ជួយ​ការពារ​ក្តី ​(​គិត​សេវា​) តែ​ការជំនុំជម្រះ​ចុងក្រោយ គឺ​លោក​ចាញ់ក្តី​ភាគី​ម្ខាង​ទៀត ប៉ុន្តែ​ទោះយ៉ាងណា​លោក​នៅតែ​ពេញចិត្ត​មេធាវី​ដែល​បាន​ជួយ​ការពារ​ក្តី ហើយ​លោក​បាន​យល់ដឹង​ខ្លះៗ​ពី​ច្បាប់​តាម​ការពន្យល់​ពី​លោក​មេធាវី​ពាក់ព័ន្ធ​ជម្លោះ​ក្នុង​សហគមន៍​។​

​លោក ​សា វន បាន​បន្ថែមថា​៖ «​មេធាវី​មិន​ត្រឹមតែ​ជួយ​ការពារ​ក្តីក្តាំ​យើង​តែ​ ១ ​មុខ​តាម​វិជ្ជាជីវៈ​ទេ តែ​គាត់​បាន​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ខ្លះៗ​ដល់​ខ្ញុំ​ទៀតផង​។ ខ្ញុំ​គ្រាន់តែ​សំណូមពរ​ថា​អ្នកច្បាប់ រៀន​ចេះដឹង​ហើយ​ធ្វើ​ម៉េច​រក​យុត្តិធម៌​ក្នុងការ​ជម្រះក្តី​ក៏​ដូច​ការពារ​ក្តី​ទៅតាម​វិជ្ជាជីវៈ​ដែល​ខ្លួន​បាន​រៀន​ចេះដឹង​»​។​

​បើតាម​លោក ស៊ី​ដែន គណៈ​​មេធាវី និង​មេធាវី​ក៏បាន​ចូល​រួមការ​ពារ​ក្តី​ជូន​ជនក្រីក្រ តាម​រយៈ​ការប្រឹក្សា​យោបល់​ច្បាប់​ដោយ​ឥត​យក​កម្រៃ​ផងដែរ​។​លោក​ថា ការដាក់ចេញ​គោលនយោបាយ​ស្តីពី​ការប្រឹក្សា​យោ​ប​ល់ និង​ការពារ​ក្តី​ជូន​ជនក្រីក្រ និង​កម្មករ កម្មការិនី​ដោយ​ឥត​យក​កម្រៃ រួមមាន ការចាត់តាំង​មេធាវី​ការពារ​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ​ដោយ​អំពើហិង្សា គម្រោង​លើកកម្ពស់​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​កុមារ ព្រមទាំង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់​​ព័ន្ធ​ដើម្បី​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​។

​លោក​បានឱ្យដឹងថា សម្រាប់​ឆ្នាំ​ ២០២៣ គណៈមេធាវី​បាន​ចាត់តាំង​មេធាវី​ឱ្យ​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន ៥ ៤៧០​ ករណី មានកូន​ក្តី​សរុប​ចំនួន​ ៨ ៧៥៧ ​នាក់​,​ ផ្តល់​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ជូន​ជនក្រីក្រ​បាន ៤៥៦​ ករណី​,​ ផ្តល់​មេធាវី​ឱ្យជួយ​ការ​ពារ​ស្ត្រី និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើហិង្សា​បាន ​២៤២ ​ករណី​ដែលមាន​ជនរងគ្រោះ​ ២៥៦​ នាក់​,​ ផ្តល់​ការការពារ​ក្ដី​ជូន​កុមារ​បាន​ ៦០ ​ករណី មាន​កុមារ​ ៨៧ ​នាក់ និង​ផ្តល់​ការ​ការពារ​ក្តី​ចំនួន​ ៣៤ ​ករណី ព្រម​ទាំង​ប្រឹក្សា​យោបល់​ចំនួន​ ៣១០ ​ករណី​ដោយ​ឥត​គិត​កម្រៃ​។​

​ចំណែក​លោក ​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា ជាទូទៅ​ពេល​មាន​ករណី​ប្តឹង​គ្នា​នៅ​តុលាការ​ទាំង​រឿង​ព្រហ្មទណ្ឌ និង​រឿង​រដ្ឋប្បវេណី ភាគី​ទាំងអស់​តែងតែ​ត្រូវការ​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​ឬ​ជា​តំណាង​ដោយ​អាណត្តិ​របស់ខ្លួន លើក​​លែង​តែ​បទឧក្រិដ្ឋ​ឬ​អនីតិជន​ក្នុង​រឿង​ព្រហ្មទណ្ឌ​ដែល​តុលា​ការសុំ​ការចាត់​តាំងពី​គណ​:​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​ដល់​ជន​ជាប់​ចោទ ឬ​ជន​ត្រូវ​ចោទ​ក្នុងករណី​ពួកគាត់​គ្មាន​មេធាវី​ការពារ​។ ក្រៅពីនោះ​ភាគី​ទាំង ​២ អាច​ស្វែងរក​សេវា​មេធាវី​ដោយ​ខ្លួនឯង តែ​មេធាវី​ត្រូវតែ​គោរព​តាម​លក្ខន្តិក​: វិជ្ជាជីវ​: និង​ក្រម​សីលធម៌​របស់ខ្លួន​។​

​លោក​ថា​៖ «​គណៈមេធាវី​បាន​ពង្រឹង​ការគោរព​លក្ខន្តិក​:វិជ្ជាជីវ​: និង​ក្រមសីលធម៌​វិជ្ជាជីវ​:​និង​ការបណ្តុះបណ្តាល​បន្ថែម ដូច្នេះ​ការបង្កើន​ទំនុកចិត្ត និង​ការខិតខំ​បំពេញ​វិជ្ជាជីវ​:​របស់​មេធាវី​ដល់​អតិ​ថិ​ជន ​(​កូនក្តី​) របស់ខ្លួន​ជា​រឿង​សំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​»​។​

​លោក​ សំអាត បាន​បន្ថែមថា ប្រសិនបើ​មើលទៅ​លើ​ចំនួន​មេធាវី​នៃ​គណ​:​មេធាវី​ព្រះរាជា​ណា​ចក្រ​កម្ពុជា ២ ៣៦៥ ​នាក់ គឺ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវ​ការ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​នៅឡើយ​ទេ​។​

លោក​ថា មេធាវី​ជា​តួអង្គ​មួយ​ចូលរួមចំណែក​សំខាន់​នៅក្នុង​វិស័យ​យុត្តិធម៌ និង​ច្បាប់ ដោយ​ជួយ​ការពារ​កូនក្ដី​តាមផ្លូវ​ច្បាប់ ការប្រឹក្សា​យោបល់​ផ្លូវច្បាប់ និង​នីតិវិធី ក៏ដូចជា​ការចូលរួម​ផ្សព្វផ្សាយ​ច្បាប់​ដល់​ពលរដ្ឋ ប៉ុ​ន្ត​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវ​:​របស់ខ្លួន និង​គោរព​តាម​លក្ខន្តិក​:​មេធាវី​៕