ភ្នំពេញៈ ​ក្រុមហ៊ុន Guangzhou Youdi Bio-technology ដែលជា​ក្រុមហ៊ុន​វិនិយោគ​ធំ​មួយ​របស់​ប្រទេស​ចិន បានបង្ហាញ​បំណង​របស់ខ្លួន​ចង់​វិនិយោគ​បង្កើត​រោងចក្រ​ផលិត ផលិតផល​វេជ្ជសាស្ត្រ និង​ឧបករណ៍​សម្រាប់ធ្វើ​រោគវិនិច្ឆ័យ​ទំនើប​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ទាំងនេះ​នៅលើ​ទីផ្សារ​។​


ការបង្ហាញ​ពី​បំណង​របស់​ក្រុមហ៊ុន​នេះ បាន​ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង លោក Li Laiqing​ អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd.​ជាមួយនឹង​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៣​។​

យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា ភាគី​ទាំង​ ២ បាន​ជជែក​ពិភាក្សា​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ ក្នុងការ​បង្កើត​រោងចក្រ​ផលិត ផលិតផល​វេជ្ជសាស្ត្រ និង​ឧបករណ៍​សម្រាប់ធ្វើ​រោគវិនិច្ឆ័យ​ទំនើប ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ទាំងនេះ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​។​


​ប្រភព​ដដែល​លើកឡើងថា នៅក្នុង​ជំនួប​នោះដែរ តំណាង​ក្រុមហ៊ុន​ខាងលើ ក៏បាន​បន្ថែមថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd​ ក៏មាន​គោលបំណង ​ក្នុងការ​ពិនិត្យ​លទ្ធភាព​បង្កើតឱ្យមាន​តំបន់ឧស្សាហកម្ម​ផ្នែក​វេជ្ជសាស្ត្រ ដែល​រួមបញ្ចូល​លើ​ការផលិត​សម្ភារ​វេជ្ជសាស្ត្រ កន្លែង​សិក្សា​ស្រាវជ្រាវ​ន​វា​នុ​វត្ត ន៍​មន្ទីរពេទ្យ និង​គ្លីនិក​ ជាដើម​ផងដែរ​។​
​ជុំវិញ​កិច្ចពិភាក្សា​នេះដែរ លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​ឱ្យដឹងថា នេះ​ជា​មោទនភាព​ប្រសិនបើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​វេជ្ជសាស្ត្រ និង​ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​ទំនើប​នៅ​កម្ពុជា បាន​លេចចេញ​ជា​រូបរាង​ពិតមែន ព្រោះ​លោក​ថា​ នៅ​កម្ពុជា មិនមាន​រោងចក្រ​បែបនេះ​នៅឡើយ​ទេ​។​

​លោក​បាន​ថ្លែងថា​៖«​រោងចក្រ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​មិនទាន់មាន​ទេ កន្លងមក​យើង​មានតែ​ការវិនិយោគ​លើ​គម្រោង​មន្ទីរពេទ្យ​ធំៗ​ពី​សំណាក់​បរទេស​ប៉ុណ្ណោះ ហេតុនេះ​ខ្ញុំ​យល់ថា បើ​គម្រោង​នេះ​មានដំណើរ​ការ​មែន​គឺជា​រឿង​ល្អ ព្រោះ​ស្ថានភាព​នៃ​ការ​នាំចូល​សម្ភារ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា ភាគច្រើន​គឺ​យើង​នាំចូល​ទាំងអស់ មាន​ខ្លះ​ថ្មី និង​ខ្លះ​ជា​របស់​ដែល​គេ​ប្រើប្រាស់​រួច ហើយ​ការ​នាំចូល​នេះ​ក៏មាន​តម្លៃ​ថ្លៃ​ទៀត​។ អ៊ីចឹង​ខ្ញុំ​រំពឹងថា​គម្រោង​នេះ​ហ្នឹង​លេចចេញ​រូបរាង​នាពេលខាងមុខ​ឆាប់ៗ​»​។​


បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះ​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដទៃទៀត ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់​បានធ្វើ​ទស្សនកិច្ច​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​ទាក់ទាញ​វិនិយោគិន នៅ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន កាលពី​ខែតុលា ឆ្នាំ​២០២៣ កន្លងទៅនេះ​។​

​ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១០ ដែលជា​សហគ្រាស​វេជ្ជសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដែលមាន​ឯកទេស​ក្នុងការ​អភិវឌ្ឍ ផលិត ចែកចាយ​វត្ថុធាតុដើម​ឱសថ សារធាតុ​សម្រាប់​ផលិត​ផលិតផល​វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា​រោគវិនិច្ឆ័យ​។ ក្រុមហ៊ុន​នេះ​រួមបញ្ចូល​ការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែក​ចាយ សេវាកម្ម​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ដែល​ទាក់ទង​នឹង​ថ្នាំ និង​ឧបករណ៍​ធ្វើតេស្ត​រោគវិនិច្ឆ័យ​ជាដើម​៕