ភ្នំពេញៈ​ប្រតិ​ភូ​កង​ទ័ព​ជើង​គោក​វ័យ​ក្មេង​សិង្ហ​បុរី បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​នាយ​ទា​ហាន​វ័យ​ក្មេង​រវាង​កង​ទ័ព​ជើង​គោក​ប្រទេស​ទាំង​២ ​(RAC–SAF Junior Officers Exchange Program) ដើម្បី​ស្វែង​យល់​ពី​គ្នានិ​ង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី​កម្ពុជា​-​សិង្ហ​បុរី និង​ក្រប​ខ័ណ្ឌ​តំបន់​អាស៊ាន ដែល​ជា​ការ​ផ្លាស់​ប្តូរ​លើក​ទី​១​។​


​ដំណើរ​ទស្សន​កិច្ច​របស់​នាយ​ទាហាន​វ័យក្មេង​សិង្ហ​បុរី​មក​កាន់​កម្ពុជា​នេះ ​ធ្វើ​ឡើង​តាម​ស្មារតី​ជំនួប​រវាង​លោក ​ម៉ៅ សុ​ផាន់​ អគ្គ​មេ​បញ្ជា​ការ​រង មេ​បញ្ជា​ការ​កងទ័​ពជើង​គោក និង​លោក​ DAVID NEO មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​សិង្ហ​បុរី​  ខណៈ​អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ពជើង​គោក​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​ផ្លាស់​ប្តូរ​នាយ​ទាហាន​វ័យក្មេ​ង​នេះ​។នេះ​បើ​យោង​តាម​ការ​ផ្សាយ​លើ​ហ្វេស​ប៊ុ​ក​រប​ស់កង​ទ័ពជើ​ងគោក​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៣​។​

​ក​ងយោធ​ពល​ខេមរភូ​មិន្ទ​បាន​លើក​ឡើង​ថា ​ប្រតិភូ​កង​ទ័ពជើង​គោក​វ័យក្មេ​ង​សិង្ហ​បុរី​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈពេ​ល​៩ថ្ងៃ ​ចាប់​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១២ ​ខែធ្នូ ឆ្នាំ​២០២៣ ​ដើម្បី​ស្វែង​យល់​ពីគ្នា​ ក៏ដូច​ជា​ដើម្បី​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី​នៃ​កង​ទ័ព​ជើង​គោក​ប្រទេស​ទាំង​២ ​ព្រម​ទាំង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គោក​ទ័ព​ជើង​គោក​នៃ​បណ្តា​ប្រទេស​អាស៊ាន​ដែល​បាន​ឯក​ភាព​កន្លង​ទៅក្នុង​កិច្ច​ប្រជុំ​ពហុ​ភាគី​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ​នៃ​បណ្តា​ប្រទេស​សមា​ជិក​អាស៊ាន​លើក​ទី​២៤ នៅ​ហួ​ហ៊ី​ន ប្រទេស​ថៃ​។​


​អំឡុង​ដំណើរ​ទស្សនកិ​ច្ច​នៅ​កម្ពុជា​នេះ​ប្រតិភូ​នាយ​ទាហាន​ជើងគោ​កវ័យ​ក្មេង​សិង្ហ​បុរីមាន​ជំនួប​សម្តែង​ការ​គួរ​សម​ ជា មួយ​លោក ​ម៉ៅ​ សុផាន់ ព្រម​ទាំង​ធ្វើ​ទស្សន​កិច្ច​ការ​ងារ​នៅ​តាម​បណ្តា​អង្គ​ភាព​នានា ​ដូច​ជា​ បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​, បញ្ជា​ការ​ដ្ឋាន​វិស្វ​កម្ម​,​កង​ពល​តូច​លេខ​៧០, ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​, យោធ​ភូមិ​ភាគ​ទី​៤, ​សាលា​ហ្វឹក​ហ្វឺន​សង្គ្រោះ​មិត្ត​ភាព​ កម្ពុជា​-​ជប៉ុន ​ក្រុង​ព្រះសី​ហនុ និង​វិទ្យា​ស្ថាន​កង​ទ័ព​ជើង​គោក​ផង​ដែរ​។ 

​ប្រភព​ដដែល​បាន​បន្ត​ថា ក្រៅ​ពីនេះ ​នាយ​ទា​ហាន​វ័យក្មេង​ទាំង​នេះ ​នឹងធ្វើ​បទ​បង្ហាញ​អំពី​ការ​អនុវត្ត​កា​តព្វកិច្ច​យោធា​ និង​ការ​ជ្រើស​រើស​កង​ទ័ព​ពិសេស ​នៅ​ឯ​កង​ពល​តូច​លេខ​៧០ ​កង​ទ័ព​ជើង​គោក​ ផងដែ​រ​។
  
​ជុំវិញ​ទស្សនកិ​ច្ច​នេះដែ​រ លោក ​ឯម សុវណ្ណារ៉ា សាស្ត្រា​ចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបា​យ ​បាន​លើក​ឡើង​ថា ​ជា​ការ​ល្អ​ដែល​មាន​ដំណើរ​ទស្សនកិ​ច្ច​ផ្លាស់​ប្តូរ​នាយ​ទា​ហាន​វ័យក្មេង​សិង្ហ​បុរី​មក​សិក្សា​ស្វែងយ​ល់​ពី​កម្ពុជា​នេះ ​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​និង​សិង្ហ​បុរី​យល់​គ្នា​កាន់​តែ​ស៊ីជ​ម្រៅ និង​អាច​រឹត​ចំណង​មិត្ត​ភាព​ក្នុង​តំបន់​កាន់​តែ​ល្អ​។
 
​លោក​បាន​បន្ត​ថា សិង្ហ​បុរី​តែង​រៀបចំ​ដំណើរ​ទស្សន​កិច្ច​សិក្សា​នានា​សម្រាប់​យុវ​ជន​និង​មន្ត្រី​របស់​ខ្លួន​ទាំង​ក្រប​ខ័ណ្ឌ​ស៊ីវិល​និង​យោ​ធាដែ​ល​ជា​លក្ខណ​ពិសេស​មួយ ​ដោយ​សារ​សិង្ហ​បុរី​ហាក់​មាន​លទ្ធ​ភាព​ជាង​គេក្នុ​ងចំណោ​ម​បណ្តា​ប្រទេស​អា​ស៊ាន​។​


​លោក​បាន​បញ្ជាក់ថា​៖«​យើង​សរសើរ​ណាស់​ចំពោះ​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ក្នុង​កិច្ចការ​ផ្លាស់ប្តូរ​កម្មសិក្សា​បែបនេះ ខណៈ​កម្ពុជា​យើង​រង់​ចាំតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ប៉ុណ្ណោះ​។ ការផ្លាស់ប្តូរ​កម្មសិក្សា​នេះ ក្នុង​ផ្នែក​ស៊ីវិល សិង្ហ​បុរី​ធ្លាប់ធ្វើ​ច្រើន​ហើយ ខណៈ​ផ្នែក​យោធា​ទើបតែ​ចាប់ផ្តើម​នោះទេ​»​។​

​លោក​ ឯម សុវណ្ណារ៉ា បានបង្ហាញការយល់ឃើញ​ដែរ​ថា ប្រសិនបើមានលទ្ធភាព​គ្រប់គ្រាន់ រដ្ឋាភិបាល​កម្ពុជា​គួរ​យក​គំរូ​តាម​រដ្ឋាភិបាល​សិង្ហ​បុរី​ដើម្បី​បើក​លទ្ធភាព​មន្ត្រី​របស់​ខ្លួន​ក្នុង​ជំនាញ​ណាមួយ​ទៅសិក្សាធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​៕