ភ្នំពេញៈ ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក​ សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ប្រកាស​គម្រោង​បរិស្ថាន​ថ្មី​មួយ​ដែលមាន​ទឹកប្រាក់​ជាង ២០​ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ការពារ​និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​នៅតាម​ខេត្ត​ចំនួន​ ៤​ នៅប្រទេស​កម្ពុជា​។​


គម្រោង​បរិស្ថាន​ថ្មី​នេះ​ឈ្មោះថា «USAID អភិរក្ស​» ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ២៤​ លាន​ដុល្លារ សម្រាប់​រយៈពេល ​៥ ​ឆ្នាំ ដោយ​អនុវត្ត​ក្នុង​ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្តក្រចេះ​ ដើម្បី​គាំទ្រ​ដល់​ការអភិរក្ស​ជីវៈចម្រុះ ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ និង​លើកកម្ពស់​ជីវភាព​រប​ស់​សហគមន៍​នៅ​ប្រទេស​កម្ពុជា​។​ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ​USAID ដែល​ចុះ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៣​។​

USAID បាន​លើកឡើងថា គម្រោង USAID អភិរក្ស​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ USAID ក្នុង​ការផ្តល់​មូលនិធិ​ផ្ទាល់​ដល់​សហគមន៍​មូលដ្ឋាន តាមរយៈ​ជំនួយ​បន្ត​ចំនួន ៨​ លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ជំនួយ​ខ្នាតតូច ទៅដល់​សហគមន៍​មូលដ្ឋាន អង្គការ និង​វិស័យ​ឯកជន យ៉ាងតិច​ចំនួន ២៥០ ក្នុងប្រទេស​កម្ពុជា​។ USAID នឹង​បន្ត​ពង្រីក​ការគាំទ្រ​ទៅលើ​គម្រោង​ហិរញ្ញប្បទាន​កាបូន​ព្រៃឈើ ដែល​ធ្លាប់បាន​ទទួលជោគជ័យ​កន្លងមក តាមរយៈ​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​គម្រោង​ប្ល៊ូ​កាបូន​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក និង​តំបន់ឆ្នេរ​របស់​កម្ពុជា​។ 


លោកស្រី Kerry Pelzman​ តំណាង​ USAID បាន​ថ្លែង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ថា គម្រោង USAID អភិរក្ស​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​ការធ្វើ​មូល​ដ្ឋាន​នីយកម្ម​នៃ​ជំនួយ​អភិវឌ្ឍន៍​របស់​ទីភ្នាក់ងារ​ USAID​។ 

លោកស្រី​បាន​បញ្ជាក់ថា ៖ «​តាមរយៈ​គម្រោង​នេះ យើង​នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ដឹកនាំ​ដោយ​សហគមន៍​ក្នុងការ​បង្កើត​ការងារ​ក្នុងស្រុក ដោយ​ផ្អែកលើ​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​ការប្រើប្រាស់​ទុន​ឯកជន​ដើម្បី វិនិយោគ​ក្នុង​ដំណោះស្រាយ​រយៈពេល​វែង​ចំពោះ​វិបត្តិ​អាកាសធាតុ​»​។ 


​លោកស្រី Kerry Pelzman ​បន្ថែមថា តាមរយៈ​វិធីសាស្ត្រ​នេះ គម្រោង USAID អភិរក្ស នឹង​ផ្តល់​ការគាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​អព្យាក្រឹត​កាបូន​នៅឆ្នាំ​២០៥០​។​

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះដែរ គម្រោង USAID អភិរក្ស នឹង​បង្កើត​យុទ្ធនាការ​ផ្លាស់ប្តូ​រ​ឥរិយាបថ​សង្គម នៅ​ថ្នាក់ជាតិ ខេត្ត ស្រុក និង​ឃុំ ដែល​ផ្តោតលើ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​

លោក ណុប វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែធ្នូ​ថា ក្នុងនាម​ជា​អាជ្ញាធរខេត្ត គឺ​លោក​ចូលរួម​អប​សាទរ​ដែល​មូលនិធិ USAID បាន​បន្ត​គម្រោង​ជួយ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​ខេត្តព្រះវិហារ ដែល​នឹងត្រូវ​អនុវត្ត​គម្រោង​បរិស្ថាន​ថ្មី​នេះដែរ​។ 

លោក​ថា ខាង​មន្ត្រី​បរិស្ថាន​ក៏​កំពុង​រៀបចំ​ផែនការ​ការងារ​ជាមួយ​អង្គការ​ផ្សេងទៀត​ ​ដែល​ពាក់ព័ន្ធ​ដើម្បី​ចាត់ចែង​តួនាទី និង​ភារកិច្ច​ទៅលើ​ការងារ​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ខេត្តព្រះវិហារ​នេះ​ផងដែរ​។​

លោក ​ណុប វុទ្ធី ថ្លែងថា​៖ «​ឥឡូវ​នេះ​យើង​កំពុង​ថែរក្សា​បរិស្ថាន​ឡើងវិញ អ៊ីចឹង គម្រោង​នេះ​វា​ត្រូវ​នឹង​បរិបទ​កំណែទម្រង់​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ខណៈដែល​ខេត្តព្រះវិហារ​របស់​យើងខ្ញុំ ជា​ខេត្ត​មួយ​ដែល​នៅសល់​ព្រៃឈើ​ច្រើន រហូតដល់​យើង​អាច​លក់​កាបូន​ទៅឱ្យ​បណ្ដា​ប្រទេស​អន្តរជាតិ​ជាដើម​»​។​

លោក​បាន​បន្ថែមថា ហេតុនេះ​គម្រោង​បរិស្ថាន​ថ្មី​នេះ អាច​នឹង​ជួយ​ច្រើន​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តព្រះវិហារ​ផង ក៏ដូចជា​អាច​ទាក់ទាញ​អ្នកទេសចរ​ចូលទៅ​កម្សាន្ត​មើល​ជីវៈចម្រុះ​ក្នុង​ខេត្ត​នេះ​ផងដែរ​។​

សូមបញ្ជាក់ថា គម្រោង USAID អភិរក្ស​នេះ នឹងត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​ក្រុមហ៊ុន Tetra Tech ARD និង​អង្គការ​ដៃគូ​រួមមាន​៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ និង​អង្គការ​អភិរក្ស​អន្តរជាតិ​៕