ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា «​គម្រោង​ស្អាត​» នឹង​នៅតែ​បន្ត​រួមចំណែក​ដល់​យុទ្ធនាការ​សាលារៀន​ស្អាត​គ្មាន​សំរាម​របស់​ក្រសួង​អប់រំ ដើម្បី​សាលា​ធ្វើជា​គំរូ​ដល់​សហគមន៍ ទាក់ទង​សុខភាព អនាម័យ បរិស្ថាន ធានាបាន​នូវសិស្សានុសិស្ស​ស្អាត ថ្នាក់រៀន​ស្អាត គ្រូបង្រៀន​ស្អាត នាយក​សាលា​ស្អាត សាលារៀន​ស្អាត ពលរដ្ឋ​ម្នាក់ៗ​ស្អាត សហគមន៍​ស្អាត និង​កម្ពុជា​ស្អាត​។​


លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ បាន​ថ្លែង​បែបនេះ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ក្នុង​ពិធី​បិទ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ឆ្នាំ​២០២៣»​នៅ​មជ្ឈមណ្ឌល​ម៉ា​នី (KAMPUS) រាជធានី​ភ្នំពេញ​។​

លោកស្រី​បានលើកឡើង​ថា គម្រោង​ស្អាត​នេះ បានរួម​ចំណែក​ដល់​ការលើកតម្កើង​វប្បធម៌ និង​សីលធម៌​សង្គម បរិស្ថាន និង​អនាម័យ នៅ​កម្ពុជា ដោយនិយាយ​ជារួម និង​ដោយឡែក​នៅតាម​សាលារៀន​ទូទាំងប្រទេស​សំដៅ​នាំមក​នូវ​ផ្នត់គំនិត និង​ទម្លាប់​ស្អាត ក្រោម​ទិស​ស្លោក ៖ ចិត្តគំនិត​ស្អាត អាកប្បកិរិយា​ស្អាត ប្រតិបត្តិ​ស្អាត​។ 


លោកស្រី​បាន​បញ្ជាក់ថា​៖« តាំងពី​ឆ្នាំ​២០១៦ រហូតដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន អនុញ្ញាតឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្វើការ​វាយតម្លៃ​និង​ផ្តល់​ពានរង្វាន់ សម្តេច​តេ​ជោ​សែន ដល់​សាលារៀន​ស្អាត ដែល​ជ្រើសរើស​ទូទាំងប្រទេស ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​ដល់​វិទ្យាល័យ​សរុប​ចំនួន ២៨​សាលា ក្នុង​សន្និបាត​អប់រំ​ប្រចាំឆ្នាំ​»​។ 

លោកស្រី​បាន​បន្តថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​វាយតម្លៃ​សាលា​មេត្រី​បរិស្ថាន​​ថ្នាក់ជាតិ និង​អាស៊ាន ដែល​រហូតមក​ដល់ពេលនេះ សាលារៀន​ចំនួន ២៤ ទទួលបាន​ជយលាភី​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ និង​សាលារៀន​ចំនួន ៧ បានទទួល​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​អាស៊ាន ដែល​លទ្ធផល​ទាំងអស់នេះ​ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួមចំណែក​រប​ស់ «​គម្រោង​ស្អាត​» ដែល​បាន​បង្កើតឡើង​និង​បាន​អនុវត្ត​សកម្មភាព​នៅតាម​សាលារៀន​ចាប់តាំងពី​ឆ្នាំ​២០១៩​។​


លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​សហ​ស្ថាបនិក​នៃ​គម្រោង​ស្អាត បាន​ថ្លែង​ឱ្យដឹង​នា​ពិធី​បិទ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ឆ្នាំ​២០២៣»​ថា យុទ្ធនាការ​ភ្នំពេញ​ស្អាត ផ្តោតលើ​សកម្មភាព​ធំៗ​ចំនួន​៤​គឺ​៖ ទី​១.​ចិត្ត​ខ្ញុំ​ស្អាត ខ្មែរ​ស្អាត​, ទី​២. ការងារ​ខ្ញុំ​ស្អាត ខ្មែរ​ស្អាត​, ទី​៣. ខ្ញុំ​ទំពាំង​ស្អាត ខ្មែរ​ស្អាត និង​ទី​៤. ធុរកិច្ច​យើង​ស្អាត ខ្មែរ​ស្អាត​។ នៅ​ឆ្នាំ​២០២៣ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» បានដាក់​ចេញ​នូវ​គម្រោង​ផែនការ​សកម្មភាព​ចំនួន​៤ ធំៗ​ក្រោម​ទិស​ស្លោក​«​សីលធម៌​យើង ប្រពៃណី​ខ្មែរ​យើង​ថ្លាថ្លៃ​»​។​

លោក​បាន​បញ្ជាក់ថា ៖«​គម្រោង​ស្អាត ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង ប្រមូលផ្តុំ​តួអង្គ​ពាក់ព័ន្ធ​បង្កើតឱ្យមាន​សំឡេង​តែមួយ​ពី​សំណាក់​ស្ថាប័ន អង្គភាព​គ្រប់លំដាប់​ថ្នាក់ ដើម្បី​សម្រេច បាន​នូវ​ចក្ខុវិស័យ​រួមគ្នា​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​បរិស្ថាន​,​បញ្ជ្រាប​អំពី​បញ្ហា​ប្រឈម និង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​រួម​ស្តីពី ការទប់ស្កាត់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទៅដល់​សាធារណជន​គ្រប់​ស្រទាប់ និង​បំផុសស្មារតី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ថែរក្សា និង​លើកកម្ពស់​សោភណភាព​ប្រទេស​កម្ពុជា​ឱ្យ​កាន់ តែ​ប្រសើរឡើង​បន្ថែម​មួយកម្រិត​ទៀត​»​។​

សូម​រំឭកថា ដើម្បី​គាំទ្រ​បន្ថែម​ដល់​ការអនុវត្ត​ចលនា​ប្រឡងប្រណាំង​នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បានប្រកាស​ដាក់ចេញ​នូវ «​យុទ្ធនាការ​សាលារៀន​ស្អាត គ្មាន​សំរាម​» នៅ​ទូទាំងប្រទេស ចាប់ពី​ឆ្នាំ​សិក្សា​២០២៣-២០២៤​ តទៅ តាមរយៈ​សារលិខិត​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២៣-២០២៤ នា​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៣ កន្លងមកនេះ​៕