ភ្នំពេញៈ ក្រុមសិង្ហ​ក្រហម ភ្នំពេញ​ក្រោន បាន​រក​ឃើញ​ជ័យជម្នះ​យ៉ាងសំខាន់ នៅលើ​ទឹក​ដី​ស្តាត​ចាស់​​​របស់​ក្រុមកង​យោធពល​ខេមរភូមិន្ទ (ទ័ព) ដើម្បី​ទទួលបាន​៣ពិន្ទុ​បន្ថែម សម្រាប់​ការ​ប្រកួត​​លើក​ទី​១២​របស់​ខ្លួន នៅលីគកំពូល​កម្ពុជា ស្របពេល​​អតីត​កីឡាករ​ជម្រើស​ជាតិ ជួន ជុំ ក៏​ទទួលបាន​ការងារ​ថ្មី នៅ​ក្លិបណាហ្គាវើលដ៍ ផងដែរ។​

បើទោះបីជា ភ្នំពេញ​ក្រោន ​ធ្លាប់​បាន​យក​ឈ្នះ​ក្រុមទ័ព ត្រឹម​ ១-០ ទាំង​លំបាក សម្រាប់​ការ​ប្រកួត នៅលើ​ទឹក​ដី​ខ្លួនឯង កាលពី​ថ្ងៃទី​៣០ ខែសីហា ប៉ុន្តែ​សម្រាប់ការ​ជួបគ្នាជា​ថ្មី នៅ​កីឡ​ដ្ឋាន​​ស្តាតចាស់ កាលពី​យប់​ថ្ងៃទី​៤ ខែធ្នូ​នេះ ភ្នំពេញ​ក្រោន បាន​បង្ហាញ​ការ​លេង​កាន់​តែ​ល្អ ​តាម​រយៈ​​បច្ចេក​ទេស​បោះ​បាល់​ឱ្យ​គ្នា​ច្បាស់ៗ ក្រោម​ការ​រៀបចំ​របស់​គ្រូ​បង្គោល លោក Oleg Starynskyi។

ជាមួយការ​បង្ហាញទម្រង់​លេង​កាន់តែ​ល្អ​នេះ ភ្នំពេញ​ក្រោន អាច​បង្កើតឱកាសជាបន្ត​បន្ទាប់ នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់​ក្រុមទ័ព ហើយ​​ការ​បញ្ជូនបាល់​កាត់​ឱ្យ​គ្នា​ទៅវិញ​ទៅមក​​យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធកូឡុំប៊ី Neito និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Rodrigues RoldaoDenilson បាន​​ផ្តល់​ឱកាស​ឱ្យ Neito អាច​រត់​កាត់​យក​បាល់​នោះ រួច​ស៊ុត​បញ្ចូល​ទី១​គ្រាប់ នៅត្រឹម​នាទីទី​១៤ មុន​ពេល​រូបគេ​ត្រូវបាន​ប្តូរចេ​ញ នៅនាទី​ទី​២៥ ដោយសារ​បញ្ហារបួស។


ការ​ប្តូរ​ចេញ​របស់ Neito ត្រូវ​បាន​ប្តូរជំនួយ​វិញ ដោយ​ខ្សែ​បម្រើ Yudai Ogawa ហើយ​កីឡាករ​ជប៉ុន ទើប​ទទួលបានសញ្ជាតិ​ខ្មែរ​រូប​នេះ នៅតែ​បំពេញ​តួនាទី​បាន​ល្អ ក្នុងការ​រក្សា​តុល្យ​ភាព​​ការ​លេង​របស់​ក្រុម​ភ្នំពេញ​ក្រោន ដើម្បី​បន្ត​ដាក់សម្ពាធ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​កង​យោធពល​ខេមរភូមិន្ទ ហើយ​នៅ​ក្នុង​នាទីទី​៤២ ឡុង ភារ៉ាត ​រក​បាន​១​គ្រាប់​ទៀត បន្ទាប់ពី​រូបគេឆក់​យក​បាល់​​ពី​​ខ្សែការពារ​របស់​​ក្រុមទ័ព បានសម្រេច នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់។

បន្ថែម​ទៅលើ​ការ​នាំមុខ ២-០ នេះ ក្រុម​ភ្នំពេញ​ក្រោន នៅតែ​បន្ត​គ្រប់​គ្រង​បាល់​បាន​ច្រើន និង​​បង្កើត​​ឱកាស​​បាន​ច្រើន​ជាង​ក្រុមទ័ព គ្រាន់តែ​ការបញ្ចប់​​ទី​របស់​ពួកគេ​​មិនសូវ​បាន​ល្អ។ តែទោះបីជា​យ៉ាង  ការ​បញ្ជូន​បាល់​​កាត់ចូល​ទៅក្នុង​តំបន់​គ្រោះ​ថ្នាក់​​យ៉ាង​ល្អ​របស់ Yudai Ogawa បាន​ផ្តល់​ឱកាស​​ឱ្យ Rodrigues RoldaoDenilson អាច​រត់ទៅ​ស៊ុត​បាល់​នោះបញ្ចូល​ទីបាន​សម្រេច នៅ​នាទី​ទី​៦៣ បន្ទាប់ពីរូ​បគេបានខក​ខានឱកាស​ម្តងជា២ដង ចំណែក​​ខ្សែ​ប្រយុទ្ធ លឹម ពិសុទ្ធ ក៏​បាន​ទទួល​បាល់​ដាច់​២ទៅ៣ដង​ដែរ តែ​​ធ្វើ​មិន​​បានសម្រេច​ដូចគ្នា។


យ៉ាង​ណា​ក៏​ដោយ ការ​យក​ឈ្នះ​ក្រុម​ទ័ព ៣-០ នេះ បាន​ក្លាយជា​លទ្ធផល​ដ៏​ល្អ​មួយ ដែល​​បានជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ទទួលបាន​៣ពិន្ទុ​យ៉ាង​មាន​ន័យ ស្រប​ពេល​ដៃគូ​ប្រជែង​ដ៏​ខ្លាំង​​របស់​ខ្លួន គឺ​ក្រុមព្រះ​ខ័នរាជ​ស្វាយ​រៀង បាន​ចាញ់​ក្រុម​ណាហ្គាវើល​ដ៍ ១-០ ជា​លើក​ដំបូង កាលពី​ថ្ងៃទី​៣ ខែធ្នូ ដែល​ធ្វើ​ឱ្យ​គម្លាត​ពិន្ទុ​នាំ​មុខ​របស់​ក្រុម​លេខ​១ ស្វាយ​រៀង និង​ក្រុម​ឈរ​នៅលេខ​២ ភ្នំពេញ​ក្រោន ពេលនេះ ខុស​គ្នា​៥ពិន្ទុ គឺ ៣១ពិន្ទុ ទល់​នឹង​២៦ពិន្ទុ ចំណែក វិសាខា ឈរ​នៅលេខ​៣ មាន​​២៣​ពិន្ទុ ខណៈ​ក្រុម​ឈរ​នៅលេខ​៤ ISI ដង្កោសែន​ជ័យ មាន​ត្រឹម​១៧ពិន្ទុ​ទេ។

ទន្ទឹម​ជាមួយគ្នា​នេះ អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា ជួន ជុំ ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​ជំនួយ​របស់​ក្រុម​ណា​ហ្គាវើល​ដ៍ ហើយការ​តែង​តាំងនេះ​ត្រូវ​បាន​ណាហ្គា ប្រកាសជា​ផ្លូវ​ការ កាលពី​ថ្ងៃទី​៤ ខែធ្នូ ខណៈ ជួន ជុំ ក៏​ធ្លាប់ជា​អតីត​កីឡាករ ដែល​បាន​លេង​ឱ្យ​ក្រុម​ណាហ្គា​វើលដ៍ បាន​ច្រើន​ឆ្នាំ​ផង​ដែរ មុន​ពេលរូប​គេ​ចូលនិវត្តន៍។

ជាមួយ​ការវិល​ត្រឡប់​មក​កាន់​គ្រួ​សារ​បាល់​ទាត់ណាហ្គាវើលដ៍ជា​ថ្មី ក្នុង​នាមជា​គ្រូ​ជំនួយ​នេះ អតីតមិត្តរួម​ក្រុម ឃឹម បូរី ដែល​កំពុង​ដឹក​នាំ​ក្រុមណា​ហ្គាវើលដ៍ ក្នុងនាមជា​គ្រូ​បង្គោល​នោះបាន​បង្ហោះសារ​ស្វាគមន៍​ដល់ ជួន ជុំ ដោយ​ប្រើពាក្យ​ថា «Legend is coming back ដែល​​មានន័យ​ថា វីរបុរស វិល​ត្រឡប់​មកវិញ​ហើយ» ខណៈ​ប៉ុន្មាន​ឆ្នាំមុន​នេះ អ្នកទាំង​២ ក៏​ធ្លាប់​បាន​​ដឹកនាំ​​ក្រុម​ពាក់​កណ្តាល​អាជីពជា​មួយ​គ្នា​ផង​ដែរ៕​