ភ្នំពេញៈ ស្ថាប័ន​អន្តរជាតិ​ប្រចាំ​កម្ពុជា រួមមាន​ស្ថានទូត​អូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិ​ប​​តេ​យ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ ​(​គ​.​ជ​.​អ​.​ប​.) និង​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​កម្ពុជា (WVI-C) បានប្រកាស​បន្ថែម​ថវិកា​ចំនួន​ ១៥​ លាន​ដុល្លារ​អូស្ត្រាលី ដើម្បី​បន្ត​រយៈពេល​នៃ​ការអនុវត្ត​គម្រោង​គណ​នេ​យ្យ​ភាព​សង្គម (ISAF)​។​


​ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​រួម ដែល​បានចេញ​ផ្សាយ នា​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម បាន​លើកឡើងថា គម្រោង​អនុវត្តន៍​ក្របខ័ណ្ឌ​គណនេយ្យ​​ភាព​សង្គម ដំណាក់កាល​ទី២ (ISAF II)​ នេះ​គឺ​ចាប់ផ្តើម​អនុ​​វត្ត​ពី​ឆ្នាំ​២០២៣-២០២៥ ​ដែលមាន​គោលបំណង​ជួយ​ប្រជា​​ពលរដ្ឋ​ក្នុងការ​ស្វែងយល់​អំពី​សេវាសាធារណៈ​ដែល​ពួកគេ​មាន​សិទ្ធិ​នឹង​ទទួលបាន ព្រម​ទាំង​ផ្តល់​សិទ្ធិអំណាច​ដល់​ពួក​​គេ​ក្នុងការ​ផ្តល់​មតិ​កែលម្អ​ជាប្រចាំ​លើ​គុណភាព​នៃ​សេវាសាធារណៈ​។​


​លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការងារ​គណនេយ្យ​ភាព​សង្គម ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចដំណើរការ​កំ​​ណែ​ទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដើម្បី​ធានា​ដល់​ការលើក​​កម្ពស់​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​កិច្ចដំណើរការ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​មូលដ្ឋាន​។​

​លោក​បាន​បន្ថែមថា​៖ «​ដោយ​សហការ​ជាមួយនឹង​អង្គការ​ជាតិ អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ យើង​ប្រាកដជា​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាសាធារណៈ​នៅ​មូលដ្ឋាន​សម្រាប់​កុមារ និង​ប្រជាពលរដ្ឋ​រាប់លាន​គ្រួសារ​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​ស្របតាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដំណាក់​​កាល​ទី​១»​។​


​លោក ចា​ស្ទី​ន វ៉ា​យ​អេ​ត ឯក​អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា​គម្រោង​អនុវត្តន៍​ក្របខ័ណ្ឌ​គណ​នេ​យ្យ​ភាព​សង្គម​ដំណាក់កាល​ទី​ ២​ នេះ នឹង​បន្ត​បង្កើន​ទំនាក់​ទំនង​រវាង​អ្នកផ្តល់​សេវាសាធារណៈ និង​អ្នកទទួល​សេវាសាធារណៈ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​​ផ្តល់​សេវាសាធារណៈ ព្រម​ទាំង​ជួយ​ប្រជាជន​កម្ពុជា​ទាំង​​អស់​អាចមាន​លទ្ធភាព​ទទួល​បាន​សេវាសាធារណៈ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ក៏​សង្ឃឹម​ផងដែរ​ថា តាមរយៈ​ការ​បន្ត​ដំណើរការ​គម្រោង​នេះ នឹង​ជួយ​បង្កើន​ភាពជឿជាក់ និង​ភាពជា​ដៃគូ​នៅតាម​ថ្នាក់​មូល​ដ្ឋា​ន​»​។

ចំណែក​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា​លោក ជេ​នេស អ៊ី​ម៉ា​នូ​អែល ហ្គី​នទី​ញ ក៏បាន​សង្កត់​​ធ្ងន់​ដែរ​ថា អង្គការ​លោក​បាន​គាំទ្រ​ការអនុវត្ត​ក្របខ័ណ្ឌ​គណ​នេ​យ្យ​ភាព​សង្គម​តាំងពី​ឆ្នាំ​ ២០១៦ មក​ម្ល៉េះ​។

លោក​បន្តថា ហេតុនេះ គម្រោង​នេះ​ពិត​ជា​បានរួម​ចំណែក​ក្នុង​ការលើក​កម្ពស់​គុណភាព​នៃ​សេវាសាធារណៈ​សំខាន់ៗ ដូចជា​សេវា​នៅ​មណ្ឌល​សុខភាព សាលា​បឋមសិក្សា និង​សេវា​រដ្ឋបាល​នៅ​ឃុំ​/​សង្កាត់​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ក្រោម​ជំនួយ​ថវិកា​បន្ថែម​ពី​រដ្ឋាភិបាល​​អូស្ត្រាលី​តាមរយៈ​ធនាគារ​​ពិភពលោក​នាពេលនេះ យើង​នឹង​ពង្រីក​វិសាលភាព​តំបន់​ការងារ​គណនេយ្យភាព​ស​ង្គ​ម​ជាមួយ​អង្គការ​ដៃគូ​ក្នុងស្រុក​ដោយ​បន្ត​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​ក្នុង​ឃុំ​គោល​ដៅ​សរុប​ចំនួន​ ១ ០៤៣​ សាលា​បឋមសិក្សា​ចំនួន ៤៦៣៣ និង​មណ្ឌល​សុខភាព​ចំនួន ៨២៦ ដែល​នឹង​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​ប្រជាជន​កម្ពុ​ជាជាង ៥​ លាន​នាក់​នៅត្រឹម​ឆ្នាំ ២០២៥»​។​

​គម្រោង​គណនេយ្យភាព​​សង្គម ដំណាក់កាល​ទី២ ​នេះ​ទទួលបាន​ថវិកា​ហិរញ្ញប្បទាន​ក្រោម​គម្រោង «​ភាពជា​ដៃគូ​រវាង​ប្រទេស​អូស្ត្រាលី និង​ធនា​គារ​ពិភពលោក ដើម្បី​លើក​កម្ពស់​បរិ​យាប​ន្ន និរន្តរភាព និង​សមធម៌​នៅ​កម្ពុជា​»​ ដែល​បានផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ដល់​មូលនិធិ​បរ​ធន​បាល​កិច្ច​របស់​ធនាគារពិភពលោក​ចំនួន ១៥​លាន​ដុល្លារ​អូស្ត្រាលី​។ 

​គម្រោង​នេះ ក៏​នឹងមាន​ដំណើរការ​ពង្រឹង និង​រៀបចំ​រចនាសម្ព័ន្ធ​ប្រព័ន្ធ និង​ដំណើរ​ការដែល​បង្កើន​ការចូលរួម​របស់​ប្រជាពលរដ្ឋ នឹង​ពង្រឹង​តម្លាភាព និង​កែលម្អ​គុណភាព​សេវាសាធារណៈ​ឱ្យ​កាន់តែ​ប្រសើរឡើង​ស្របតាម​អាទិភាព​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា ក្រោម​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​ ២ ឆ្នាំ​ ២០២១-២០៣០​ ផងដែរ​៕