ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​លើក​ទី​ ៣ ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ​ឌី​ជី​​ថ​ល​ស្របតាម​តម្រូវការ​ទីផ្សារ សារព័ត៌​មាននៅ​កម្ពុជា​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​លើក​ទី ​៣ ស្ដីពី «​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​អ្នកសារព័ត៌មាន​» មាន​រយៈពេល​ ២​ ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ៥ និង​ទី​ ៧ ខែធ្នូ ឆ្នាំ ​២០២៣ ដែល​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​អភិបាលកិច្ច​ឌីជីថល​ក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា​៖«​ការបណ្តុះបណ្តាល​នេះ មាន​សិក្ខា​កាម​ជា​អ្នកសារព័ត៌មាន​ចូលរួម​ចំនួន ​៣៧​ នាក់​មកពី​ ២៥ ​ស្ថាប័ន​ដែល​សិក្ខា​កាម​សិក្សា​ពី​កម្មវិធី​ផលិតភាព​របស់​ទូរស័ព្ទ​ដៃ ដោយ​ស្វែងយល់​ពី​មាតិកា​ហ្វេ​ស​ប៊ុ​ក​, កម្មវិធី​ថត និង​កាត់ត​វីដេអូ​តាម​ទូរស័ព្ទដៃ​, ការប្រើប្រាស់​កម្មវិធី​ផលិតភាព​យន្ត​លើ​ទូរស័ព្ទដៃ​»​។​


​ក្លឹប​អ្នកកាសែត​កម្ពុជា បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖«​វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ដើម្បី​ផ្តល់ឱ្យ​អ្នកសារព័ត៌មាន​នូវ​ចំណេះ​​ដឹង​បន្ថែម​ពី​ការប្រើប្រាស់​កម្មវិធី​ថត កាត់ត និង​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ដូចជា Messenger, Telegram, What's App ជា​ដើម​។ វគ្គ​សិក្សា​ជំនាញ​ទាំងនេះ គឺជា​ការចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​ថ្មី​មួយទៀត​ក្នុង​ឆ្នាំ​ ២០២៣​ នេះ ក្រៅពី​វគ្គ​សិក្សា​ជាច្រើន​ដែល​បាន​ដំណើរការ​តាំងពី​ដើមឆ្នាំ​មក​»​។​

​លោក ឈឹម មករា អ្នកយកព័ត៌មាន​ឱ្យ​អគ្គនាយកដ្ឋាន​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ប្រាប់​ឱ្យដឹងថា វគ្គ​សិក្សា​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​រូបលោក​បន្ទាប់ពី​លោក​បាន​ស្វែង​យល់ដឹង និង​ទទួល​ចំណេះ​ដឹង​ថ្មីៗ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នាពេលនេះ ខណៈ​កាល​ពីមុនមក លោក​មិនទាន់​បានដឹង​ពី​កម្មវិធី​បច្ចេកវិទ្យា​ដែល​គេ​កំពុង​អនុវត្ត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឡើយ​។​


​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​អរគុណ​ដល់​ក្លឹប​អ្នកកាសែត​កម្ពុជា​ដែល​រៀបចំ​ឱ្យមាន​វគ្គ​សិក្សា​បន្ថែម​នេះ​ឡើងដល់​អ្នកកាសែត​គ្រប់រូប​ដែល​ចង់​មានចំណេះដឹង​ថ្មី​ពី​បច្ចេកវិទ្យា​ព្រោះ​វា​ជួយ​សម្រួល​ដល់​កិច្ចការ​សរសេរ​ព័ត៌មាន រក្សាទុក​ព័ត៌មាន​ដោយ​សុវត្ថិភាព និង​ត​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ជុំវិញខ្លួន​ឆាប់រហ័ស​ចំណេញ​ពេលវេលា​ច្រើន​មិន​នឹកស្មាន​ដល់​»​។​

​ជាមួយគ្នានេះ លោក ឈឹម មករា ក៏បាន​ប្រាប់​ដែរ​ថា ក្នុងនាម​ជា​អ្នក​សារព័ត៌មាន​នៅក្នុង​សម័យ​បច្ចេក​​វិទ្យា​ទំនើប​នេះ លោក​នឹង​យកចំណេះ​ដឹង​ទាំងអស់នេះ ទៅ​អនុវត្ត​ឱ្យបាន​ល្អប្រសើរ និង​ចំ​ទិសដៅ​ការងារ​លើ​វិស័យ​ព័ត៌មាន​ដែល​លោក​កំពុង​បំពេញ​សព្វថ្ងៃនេះ​។​

​ជាមួយគ្នានេះដែរ​លោក​ហេង នាង អ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​អ្នកសារព័ត៌មាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ បានរៀបចំ​ធ្វើ​ក្រោម​កិច្ចសហការ​ជា​មួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​ក្នុងនោះ ក្រសួង​បាន​អនុ​ញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន ចូលរៀន​វគ្គ​​បណ្តុះបណ្តាល​នេះ ដែល​គិត​មកដល់ពេលនេះ បាន​ឆ្លងកាត់ ៣ ​វគ្គ​ហើយ ដោយមាន​អ្នកសារព័ត៌មាន​ជាង ១០០ នាក់​បាន​ចូលរួម​។​

​លោក ហេង នាង បញ្ជាក់ថា ក្លឹប​​អ្នកកាសែត​កម្ពុជា នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍ បន្ថែមទៀត​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ជូន​ដល់​អ្នក​សារ​​ព័ត៌មាន​កម្ពុជា​ផ្សេងៗ​ទៀត ដែល​មិនទាន់បាន​ចូលរៀន​។ ដោយឡែក អ្នក​ដែល​ធ្លាប់បាន​ចូលរៀន គឺ​មិនត្រូវ​បានអនុញ្ញាត​ទៀត​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ការបណ្តុះ​បណ្តាល​នេះ ធ្វើយ៉ាងណា​ដើម្បីឱ្យ​អ្នកសារព័ត៌មាន​របស់​យើង​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​បច្ចុប្បន្ន​។ ជាក់ស្តែង​ក្រោយពេល​អ្នកសារព័ត៌មាន​របស់​យើង​​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នីមួយៗ ពួកគាត់​មានការ​យល់ដឹង​ច្រើន​ពី​ការ​វិ​វ​ឌ្ឍ​បច្ចេកវិទ្យា​របស់​ពិភពលោក​កាន់តែច្រើន​ទៀត​»៕