ភ្នំពេញៈ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​(​គ​.​ស​.​ម​.​ក​)​ បានបង្ហាញ​ពី​សមិទ្ធផល​ការងារ​ធំៗ​ចំនួន​ ៣ របស់ខ្លួន​ដែល​បាន​អនុ​វត្ត​ក្នុង​រយៈពេល ១០០​ ថ្ងៃ ក្នុង​អាណត្តិ​ទី៧​ នៃ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​មនុស្ស​ ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​។​


​សមិទ្ធផល​ការងារ​ធំៗ​ទាំងនេះ​រួមមាន​៖ ការពង្រឹង​សន្តិភាព ស្ថិរ​​ភាព​នយោបាយ និង​សណ្តាប់​​ធ្នាប់​សាធារណៈ​, ការពង្រឹង​ប្រសិទ្ធភាព​ច្បាប់ និង​ប្រព័ន្ធ​យុ​ត្តិ​ធម៌​, និង​ការបន្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ ​២០២៣ របស់ គ​.​ស​.​ម​.​ក​។

សេចក្តីប្រកាស​បន្តថា​៖ «​ពាក់ព័ន្ធ​នឹង​ការបន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សា​ធា​រណៈ​គ​.​ស​.​ម​.​ក បាន​ចូលរួម​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នង​ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​(OHCHR) ដោយបាន​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ និង​សិក្ខាសាលា​ពី​សិទ្ធិមនុស្ស និង​មានការ​បញ្ចូល​នូវ​ការពង្រឹង​ការ​គាំពារ​សង្គម​ក្នុង​យុទ្ធ​សាស្ត្រ​របស់ខ្លួន​ផងដែរ​»​។​


​ចំណែក​សមិទ្ធផល​ធំ​ទី​២ ​គឺ​ពាក់​​ព័ន្ធ​ការលើកកម្ពស់ និង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ គ​.​ស​.​ម​.​ក បានធ្វើការ​លើ​យន្តការ​ទទួល​និង​ដោះស្រាយ​បណ្តឹង​ចំនួន ​៥ ដែល​ក្នុងនោះ គ​.​ស​.​ម​.​ក បានដាក់​ដំណើរការ​យន្តការ​ទទួល​បណ្តឹង​តាម​កម្ម​​វិធី​ទូរស័ព្ទ​ (CHRC APPs)​។​

​លើសពីនេះ គ​.​ស​.​ម​.​ក បានផ្តល់​ជូន​ការប្រឹក្សា​ផ្នែក​ច្បាប់​និង​មេធាវី​មិន​គិតថ្លៃ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ការបំពាន​សិទ្ធិមនុស្ស ក៏ដូចជា​ពិគ្រោះ​យោបល់​ច្បាប់​តាម​ទូរស័ព្ទ​មិន​គិតថ្លៃ​។ សម្រាប់​សមិទ្ធ​ផល​ទី​៣ គឺពាក់ព័ន្ធ​នយោបាយ​ការបរទេស​ឯករាជ្យ​ផ្អែកលើ​ច្បាប់ និង​ឈ្លាសវៃ​ដែល គ​.​ស​.​ម​.​ក បាន​ចូលរួម​សកម្ម​កិច្ច​សហប្រតិបត្តិ​​ការ​ថ្នាក់​តំបន់ អន្តរជាតិ​និង​ក្រប​ខ័​ណ្ឌ​អង្គការសហប្រជាជាតិ​។


​គ​.​ស​.​ម​.​ក បាន​សង្កត់ធ្ងន់ថា​៖ «​គ​.​ស​.​ម​.​ក នឹង​បន្ត​កិច្ចខិតខំ​ប្រឹង​​ប្រែង​បំពេញ​តួនាទី​ភារកិច្ច​ដោយ​ដាក់ចេញ​ផែនការ​សកម្មភាព​បន្ត ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​នូវ​សមិទ្ធផល​ធំៗ​បន្ថែមទៀត​លើ​វិស័យ​សិទ្ធិមនុស្ស​»​។​

​ជាមួយគ្នានេះ​លោក​ ​ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានឱ្យដឹង​តាមរយៈ​តេ​ឡ​ក្រាម​កាលពី​ថ្ងៃទី ៤ ខែធ្នូ ថា គ្រប់​នយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​គឺមាន​គោលដៅ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា តួយ៉ាង​កម្មវិធី​នយោបាយ​អា​ទិ​ភាព ៦​ ចំណុច ដែល​បាន​ដាក់ចេញ​ដើម្បី​គាំពារ​ពលរដ្ឋ​ក្រីក្រ រង​ហានិភ័យ​ជាដើម​។​

​លោក​បន្តថា​៖ «​តាំងពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ ចតុកោណ រហូតដល់​បញ្ច​កោណ សុទ្ធសឹងតែ​ជាការ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ពលរដ្ឋ ដោយ​ទទួលយក​សំណូមពរ​នានា​ទៅ​ដោះ​ស្រាយ ទាំង​ការ​សំណូម​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាម​លិខិត​ឬ​តាម​វេទិកាសាធារណៈ​»​។​

​លោក ​ស៊ឹ​ង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បានលើកឡើង​ថា ការងារ​របស់​គ​.​ស​.​ម​.​ក ភាគ​ច្រើន​ពាក់ព័ន្ធ​គោលនយោបាយ និង​កិច្ចការ​ទំនាក់ទំនង សហ​​ប្រតិបត្តិការ​ការបរទេស ដែល​ហាក់​មិន​ឆ្លើយតប​ទៅនឹង​តម្រូវ​​ការជាក់ស្តែង​របស់​ព​ល​រដ្ឋ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នោះទេ​។ តួ​យ៉ាង​ដូចជា ការរំលោភ​សិទ្ធិមនុស្ស ពលរដ្ឋ​រង​ការបំពាន​ដីធ្លី ធនធានធម្មជាតិ រង​ការគំរាមកំហែង​ពី​អ្នកមានអំណាច​ជាដើម ដែល​មិនទាន់​ឃើញ​មាន​សកម្មភាព​ឆ្លើយ​តប​លើ​បញ្ហា​នេះ​ទេ​។ 

​លោក​ថ្លែងថា​៖ «​យើង​ចង់ឃើញ​គណៈ​ក​ម្មា​​ធិ​ការ​នេះ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ការបញ្ចេញមតិ ការជួបជុំ សេរីភាព​ខាង​សមាគម សិទ្ធិ​ន​យោ​បាយ សកម្មជន​និង​សិទ្ធិ​ផ្សេងៗ​ទៀត​ដែល​យើង​បានផ្តល់​សច្ចា​ប័ន ដែល​គួរ​ធ្វើការ​កែលម្អ​ឱ្យ​ប្រសើរ និង​ផ្តល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ​»​។​

​លោក ​ស៊ឹង សែន ករុណា ក៏បាន​ស្នើឱ្យ គ​.​ស​.​ម​.​ក ពិនិត្យមើល​អនុសាសន៍​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​របាយ​ការ​ណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដើម្បី​យកមក​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​លោក​ថា អង្គការ​ជាតិ អន្តរជាតិ​មិនចេះ​តែ​ចេញ​របាយការណ៍​ផ្តេសផ្តាស​ឡើយ​។​

​ដោយឡែក នៅ​ថ្ងៃទី​​ ៥ ខែធ្នូ លោក កែវ រ៉េមី ប្រធាន គ​.​ស​.​ម​.​ក បាន​ជួប​ជាមួយ​លោក​វី​ទី​ត មុន​តា​ប៊​ន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​សាលប្រជុំ​គ​.​ស​.​ម​.​ក​។ យោងតាម​សេចក្តីប្រកាស​របស់ គ​.​ស​.​ម​.​ក កិច្ច​ជំនួប​នេះ​បាន​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​។ នាឱកាស​នោះ​លោក កែវ រ៉េមី​បាន​លើកឡើងថា ប្រទេស​កម្ពុជា​នៅតែ​ប្តេជ្ញា​បន្ត​ថែរក្សា​សន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ ក្នុង​ការធានា​សិទ្ធិមនុស្ស ជាពិសេស​គឺ​សិទ្ធិ​រស់រានមានជីវិត​។ 

​លោក​បញ្ជាក់ថា ចំពោះ​សេចក្តីព្រាង​របាយ​ការ​ណ៍​ការ​ពិនិត្យឡើងវិញ​ជា​សកល​តាម​កាលកំណត់​លើក​ទី​៤ ​ជាការ​បង្ហាញ​នូវ​លទ្ធផល ដែល​កម្ពុជា​សម្រេចបាន​ក្នុងការ​អនុវត្ត​អនុ​សាសន៍​ចំនួន​ ១៧៣ ដែល​បាន​ទទួលយក កាលពី​ឆ្នាំ​ ២០១៩ ​នោះ បានបញ្ចប់​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​បច្ចេក​ទេស​ហើយ​នឹងដាក់​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​និង​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃទី​ ៦ ​ធ្នូ ឆ្នាំ​ ២០២៣​។

​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​​មាន​នេះដែរ​លោក វី​ទិ​ត មុន​តា​ប៊​ន បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា ដែលមាន​វឌ្ឍន​ភាពជា​វិជ្ជមាន​លើ​វិស័យ​សិទ្ធិមនុស្ស ជាពិសេស​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ គ​.​ស​.​ម​.​ក ដែល​បានរៀបចំ​កិច្ច​ជំនួប​នេះ ប្រកបដោយ​បរិយាកាស​ស្និទ្ធ​​ស្នាល​យោគយល់ និង​នាំមក​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​នេះ​៕