ភ្នំពេញៈ ក្រសួងយុត្តិធម៌ បានប្រកាស​សម្រេច​បង្កើត​ក្រុមការងារ​ទទួលបន្ទុក​ពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្តីសម្រេច​របស់​តុលា​កា​រលើ​រឿងក្តី​រដ្ឋប្បវេណី ខណៈដែល​អង្គការ​សង្គម​ស៊ីវិល​ថា ក្រុមការងារ​នេះ អាច​នឹង​ជួយ​ជំរុញ​វិស័យ​ប្រព័ន្ធតុលាការ​ឱ្យមាន​ឯករាជភាព និង​យុត្តិធម៌​។​


​ក្រុមការងារ​ទទួលបន្ទុក​ពិនិត្យ និង​ផ្សព្វ​ផ្សាយ​នេះ មាន​ភារកិច្ច​ពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​តុលាការ​លើ​រឿងក្ដី​រដ្ឋ​ប្បវេណី និង​សហការ ពិគ្រោះ​យោបល់​ជា​មួយ​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​ដែល​ពាក់​ព័ន្ធ​លើ​កិច្ចការ​ពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​របស់​តុលាការ​។ នេះ​បើ​យោងតាម​សេចក្ដីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចុះ​ថ្ងៃទី​ ១ ខែ​ឆ្នូ និង​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​​ ២០២៣​។​

​លោក កើត រិ​ទ្ធ បានលើកឡើង​តាមរយៈ​សេចក្តីសម្រេច​នេះ​ថា ក្រៅពី​ភារកិច្ច​ទាំងនេះ ក្រុមការងារ​ដែល​បាន​បង្កើត​ថ្មី​នេះ ក៏​ត្រូវមាន​ភារកិច្ច​តាមដាន និង​វាយតម្លៃ​ពី​វឌ្ឍន​ភាព​លើ​ការងារ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​តុលាការ ជាពិសេស​រៀបចំ​សិក្ខាសាលា វគ្គ​បណ្ដុះបណ្ដាល ដែល​ទាក់ទង​លើ​កិច្ចការងារ​ពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​តុលាកា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​។​


​លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​នេះ នឹងត្រូវ​បំពេញភារកិច្ច​ផ្សេងៗ​តាម​ការប្រគល់​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ ជាពិសេស​ត្រូវធ្វើ​របាយ​ការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពី​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម និង​សំណើ​វិធានការ​នានា​ទាក់ទង​នឹង​កិច្ចការងារ​ពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​តុលា​​ការ​»​។ ក្រុមការងារ​នេះ​ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​អគ្គនាយកដ្ឋាន​កិច្ចការ​រដ្ឋប្បវេណី ដើម្បី​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ច​ការ​ទូទៅ នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៥ ខែធ្នូ​ថា ការបង្កើត​ក្រុមការងារ​នេះ​ឡើង អាច​ដោយសារ​ក្រសួងយុត្តិធម៌ ចង់​ជំរុញ និង​ព​ន្លឿ​ន​នីតិវិធី​នៅតាម​តុលាការ​រាជធានី​ខេត្ត ហើយ​មួយវិញទៀត ក៏​អាចជា​ការជំរុញ​វិស័យ​ប្រព័ន្ធតុលាការ​ឱ្យមាន​ឯករាជភាព និង​យុត្តិធម៌ ជាពិសេស​ធ្វើឱ្យមាន​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​។


លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ការពិនិត្យ ផ្សព្វផ្សាយ​រឿង​រដ្ឋប្បវេណី ឬក៏​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ហ្នឹង វា​ជា​រឿង​សំខាន់​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច​ត្រូវ​ពង្រឹង​ឯករាជ​​ភាព ហើយ​និង​ប្រព័ន្ធតុលាការ​ហ្នឹង​ឱ្យមាន​ជំនឿ​ទុកចិត្ត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​»​។​

​ជាមួយគ្នានេះដែរ​លោក សេក សុជាតិ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការសិក្សា​ស្រាវជ្រាវ បាន​ចោទ​សួរថា អ្វីដែល​សំខាន់ ថា​តើ​ក្រុមការងារ​ដែល​បង្កើត​ថ្មី​នេះ បាន​បម្រើសេវា​ព័ត៌មាន និង​ធ្វើឱ្យ​ការផ្សព្វផ្សាយ​ទៅកាន់​សាធារណជន​បាន​ទាន់ពេលវេលា​ដែរ​ទេ​? ប្រសិនជា​ក្រុមការងារ​នេះ បាន​បំពេញ​តួនាទី ហើយ​មានការ​ឆ្លើយ​តប​តម្រូវការ​ជាក់ស្ដែង​មិនមាន​ការលាក់លៀម ដោយ​បើកទូលាយ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ជ្រាប​ពី​ព័ត៌មាន​នៃ​សេចក្តីសម្រេច​របស់​តុលាការ គឺ​វា​ជា​រឿង​ល្អ​ដែល​ត្រូវតែ​អនុវត្ត​។​

​នៅក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែក​អំណាច​ ៣ ​ឱ្យនៅ​ដាច់ពីគ្នា ក្នុងនោះ​មានអំណាច​នីតិប្បញ្ញត្តិ មាន​រដ្ឋសភា​ព្រឹទ្ធសភា អំណាចនីតិប្រតិបត្តិ មាន​រាជរដ្ឋាភិបាល និង​អំណាចតុលាការ​។

លោក​ថ្លែងថា​៖ «​យើង​គិតថា បើកាលណា​រាល់​សមិទ្ធផល​ទាំងអស់​ហ្នឹង ខាង​នីតិប្រតិបត្តិ​យកមក​ផ្សព្វផ្សាយ វា​ហាក់បីដូចជា​មិន​ឆ្លុះ​​បញ្ចាំង​អំពី​ឯករាជភាព​នៃ​ស្ថាប័ន​ផ្នែក​ទូទៅ​របស់​កម្ពុជា​នោះទេ​»​។​

​លោក​ សុជាតិ​ ថា ក្នុងករណី​ដែល​អនុវត្ត​ទៅ ធ្វើឱ្យ​អំណាច​ទាំង​ ៣ ​នេះ មិនអាច​នៅ​ដាច់ពីគ្នា នោះ​វា​នឹងធ្វើ​ឱ្យមាន​ការយល់ច្រឡំ ឬ​រង​ការរិះគន់​ចំពោះ​ការប្រើប្រាស់​សិទ្ធិអំណាច​លើសពី​អ្វីដែល​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​៕