​ភ្នំពេញៈ មន្ត្រី​ពន្ធនាគារ​កម្ពុជា​-​ឡាវ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​​យល់​គ្នា (Mou) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ព​ន្ធ​នាគារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​រវាង​ប្រទេស​ទាំង​​ ២ ខណៈ​ភាគី​ទាំង​ ២​ ក៏បាន​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​​ជ្រុងជ្រោយ​ជួយ​គ្នា​ទៅវិញ​-​ទៅមក​ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម និង​បញ្ហា​អវិជ្ជមាន​ផ្សេងៗ​។ 


​ការចុះ​ MoU​ នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​គណៈ​​ប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រក្រសួងមហាផ្ទៃ​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក ឈន សា​ណាត អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា ​និង​គណៈប្រតិភូ​នៃ​នាយកដ្ឋាន​ពន្ធនាគារ ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដែល​ដឹកនាំ​ដោយ​លោក ស៊ុម​លិ​ត ដាវ​ហ៊ុ​ង​ស៊ុ​លិ ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​​ឡា​វនា​ថ្ងៃទី​ ៥ ខែធ្នូ នៅ​រាជ​ធានី​ភ្នំពេញ​។ 

​ក្នុងជំនួប​នោះ លោក ដាវ​ហ៊ុ​ង​ស៊ុ​លិ បានធ្វើ​សេចក្តីរាយការណ៍​អំពី​ស្ថាន​ភាព​ទូទៅ​នៃ​ការគ្រប់គ្រង ការ​ចាត់ចែង និង​បទពិសោធន៍​ការងារ​ទូទៅ​របស់​នាយ​ក​ដ្ឋា​ន​ពន្ធនាគារ​របស់លោក​ជូន​គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​កម្ពុជា ខណៈ លោក ឈន សា​ណាត ក៏បាន​ចែក​​រំលែក​បទពិសោធន៍​ការងារ​ពាក់ព័ន្ធ​នានា​ដែលជា​សមត្ថ​​កិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ​កម្ពុជា​ដល់​គណៈប្រតិភូ​ឡាវ ដើម្បី​សិក្សា និង​ផ្លាស់ប្តូរ​បទ​ពិ​សោធន៍​គ្នា​ទៅវិញទៅមក​។​


​បណ្តាញ​សង្គម​ក្រសួង​មហា​​ផ្ទៃ​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​ក្រោយពី​បានបញ្ចប់​កិច្ចពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញ​-​ទៅមក​រួច ភាគី​ទាំង​២​ក៏បាន​ចុះ​ MoU​ដើម្បី​ពង្រឹង​ចំណង​នៃ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ផងដែរ​»​។​

​យោងតាម​បណ្តាញ​សង្គម​ដដែល លោក ដាវ​ហ៊ុ​ង​ស៊ុ​លិ​ បាន​ថ្លែងថា ឡាវ​មាន​កេរ​ដំ​ណែ​ល​នៃ​កិច្ចសហប្រតិបត្តិការ​ជា​ប្រទេស​ភូមិ​ផង​របង​នឹង​គ្នា​ជាមួយ​កម្ពុជា មាន​ព្រំដែន​ជាប់​គា្ន​ទាំង​ព្រំដែន​គោក និង​ព្រំ​​ដែនទឹក ជា​ប្រទេស​បងប្អូន មាន​ទំនៀមទម្លាប់​ប្រពៃណី និង​វប្បធម៌​ស្រដៀង​គ្នា​។​


​លោក​ថ្លែងថា​៖ «​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ មានការ​ចេញ​-​ចូល​រាប់​រកគ្នា ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក​តាំងពី​យូរលង់​មកហើយ​មិន​ថា​អំឡុងពេល​នៃ​ការបង្រួបបង្រួម​ប្រទេសជាតិ ការដណ្ដើម​ឯករាជ្យ​ពី​ពួក​ឈ្លា​ន​​ពាន​បរទេស ក៏ដូចជា​អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​ប្រទេស​នាពេល​ប​ច្ចុ​បុ្ប​ន្ន​។ កេរដំណែល​នៃ​សាមគ្គីភាព​ទាំងអស់​នេះហើយ ដែលជា​កត្តា​ធ្វើឱ្យ​ចំណង​ទំនាក់ទំនង​មិត្តភាព រវាង​ប្រទេស​យើង​ទាំង​ ២ កម្ពុជា​-​ឡាវ គ្មានអ្វី​អាចមក​កាត់ផ្ដាច់​ទំនាក់ទំនង​នេះ​បានឡើយ​»​។​

​លោក ដាវ​ហ៊ុ​ង​ស៊ុ​លិ បន្ថែមថា ដោយសារ​ការអនុវត្ត​តាម​សេចក្ដីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ កម្ពុជា​-​ឡាវ និង​កំណត់ហេតុ​ស្ដីពី​កិច្ចសហ ប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំង​ ២ ​ប្រចាំឆ្នាំ​ ២០២៣ ភាគី​ទាំង​ ២ ​បាន​រួមគ្នា​ពិភាក្សា​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​ជំនាញ​នាពេលនេះ ដើម្បី​ពង្រឹង និង​ពង្រីក​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​មាន​ស្ថិរភាព​យូរអង្វែង រវាង​ស្ថាប័ន​ទាំង​២​ឱ្យ​កាន់តែ​រីក​​ចម្រើន​ដើម្បី​សហការ​ជួយ​គ្នា​ទៅវិញទៅមក រួមគ្នា​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម និង​បញ្ហា​អវិជ្ជមាន​ផ្សេងៗ​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ទាំង​២​តាមផ្លូវ​ច្បាប់ និង​តាម​បទ​ប្បញ្ញត្តិ​ដែល​ប្រទេស​ទាំង​ ២ ​បាន​ឯកភាពគ្នា​។​

​កាលពី​ខែកុម្ភៈ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​​កម្ពុជា រួម​នឹង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ទៅ​ទស្សនកិច្ច​រយៈពេល​ ២ ​ថ្ងៃ នៅ​ប្រទេស​ឡាវ​ តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ឡាវ លោក សន​សៃ ស៊ីផា​ន់​ដន ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​ប្រទេស​ទាំង ​២​។​

​ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​លោក សន​សៃ ក្នុងពេល​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន បានប្រកាសថា កម្ពុជា​គ្រោង​នឹង​បញ្ជូន​អ្នកទោស​ជា​ជនជាតិ​ឡាវ និង​ថៃ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​នាពេលនោះ​ទៅកាន់​ប្រទេស​កំណើត​ពួកគេ​វិញ​ឱ្យបាន​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខែមេសា ឆ្នាំ​ ២០២៣៕