ភ្នំពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការអនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​ការឆ្លើយតប​នឹង​គ្រោះ​អាសន្ន គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅក្នុង​គោលនយោបាយ​អាទិ​ភាព​មួយ​ក្នុង​ការធានា​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ទោះ​បី​ជា​បាន​តិច ឬ​ច្រើន​ក៏ដោយ ក៏​រដ្ឋាភិបាល​មិន​ចោល​ពលរដ្ឋ​ខ្លួន​ឡើយ​។​


​ជាក់ស្តែង​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ជួយ​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​​ ១៩ និង​បញ្ហា​អតិផរណា​ប្រមាណ ១ ៣៥៥ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២១ និង​ប្រមាណ ៦០០​ លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២២​។​

​នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ ​«​គោលការណ៍​ណែ​​នាំ​ស្ដីពី​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​និង​គោលការណ៍​ណែនាំ​ស្ដីពី​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយ​តប​នឹង​គ្រោះអាសន្ន​»​ ដែល​នេះ​ជា​គោលនយោបាយ​អាទិភាព​ទី​៣​ ក្នុងចំណោម​អាទិភាព​ទាំង​ ៦ ​របស់​រដ្ឋាភិបាល​នា​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២៣​។​


​លោក​បាន​លើកឡើងថា ចាប់តាំងពី​កម្ពុជា​បញ្ចប់សង្គ្រាម​មកជា​មោទនភាព​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​បាន​រីកចម្រើន​ដោយ​អត្រា​នៃ​ភាពក្រីក្រ​បាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ផងដែរ ប៉ុន្តែ​ទោះជា​កម្រិតជីវភាព​មធ្យ​ម​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​នៅតែ​ទទួលស្គាល់ថា​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតែមាន​ដែរ​។​

​លោក​មានប្រសាសន៍ថា​៖ «​នៅក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​មកនេះ ពិភពលោក​បាន​ជួបប្រទះ​បញ្ហា​ផ្ទួនៗ ទី​១ បញ្ហា​នៃ​វិបត្តិ​កូ​វីដ​ ១៩​ ដែល​ប៉ះពាល់​ដល់​បញ្ហា​សង្គម ជីវភាព និង​អាយុជីវិត​ពលរដ្ឋ​។ ក្រោយមក​យើង​ក៏មាន​បញ្ហា​ដែល​បង្កឡើង​ដោយ​សង្គ្រាម ក្រៅពីនោះ​ក៏មាន​ការ​​ប្រឈម​វិបត្តិ​អតិផរណា​ពិភព​លោក​ផងដែរ​»​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖ «​នៅ​ក្នុងន័យនេះ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ដោយ​រដ្ឋាភិបាល​បានដាក់​គោលការណ៍ និង​ស្មារតី​ដោយ​មិន​ទុក​អ្នកណាម្នាក់​ចោល​ដោយ​មិនមាន​ការ​យកចិត្តទុកដាក់​នោះទេ ហើយ​រាជរដ្ឋាភិបាល​យើង​ក៏​មិនមែន​ធ្វើ​សកម្មភាព​តែ​ពេល​ល្អ តែ​ពេល​លំបាក​ទុក​ពលរដ្ឋ​ចោល​ដែរ តែ​រដ្ឋាភិបាល​នេះ​ជា​រដ្ឋា​ភិ​បាល​បុ​រេ​សកម្ម​»​។​

​នៅក្នុង​ឱកាស​នោះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ជាការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នេះ គឺ​បន្ត​គោលការណ៍​ដោយ​ធ្វើយ៉ាងណា​ត្រូវ​បន្ត​ផ្តល់​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព និង​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ទាន់ពេល​​វេលា ជាពិសេស​ពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ​សង្គម​។​

​ចំពោះ​ជំនួយ​សង្គម​ដល់​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ដោយសារ​កូ​វីដ​ ១៩ រដ្ឋាភិបាល​មិនអាច​ជួយ​រហូត​ទេ ដោយសារ​កូ​វីដ​បានបញ្ចប់​ហើយ ប៉ុន្តែ​តម្រូវការ​របស់​ជនរ​ង​គ្រោះ​មួយចំនួន​នៅតែ​បន្ត ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក៏​នៅ​មិនទាន់​រឹងមាំ ដែល​តម្រូវឱ្យ​មានការ​រៀបចំ​ជួយ​ពលរដ្ឋ​បន្តទៀត​សម្រាប់​អ្នក​ដែល​ត្រូវការ​ការជួយ​នេះ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា​៖ «​ដូចនេះ ការ​អនុវត្ត​គោលការណ៍​នេះ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​យើង​ឱ្យបាន​យូរអង្វែង ដើម្បី​ធានា​ផល​​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​របស់​យើង ទោះ​បាន​តិច​ឬ​បាន​ច្រើន រដ្ឋាភិបាល​មិន​ចោល​ប្រជាពលរដ្ឋ​ទេ​។ លទ្ធភាព គឺ​យើង​នឹងធ្វើ​ទៅតាម​លទ្ធភាព​រដ្ឋា​ភិ​បាល តាម​លទ្ធភាព​ថវិកាជាតិ តែ​សំខាន់​យើង​ខិតខំ​ដើម្បី​ធានា​ឱ្យ​ពលរដ្ឋ​កក់ក្តៅ​»​។​

​សូមបញ្ជាក់​ផងដែរ​ថា កម្ម​វិធី​ជំនួយ​សង្គម​នេះ​នឹងត្រូវ​អនុវត្ត​លើ​គ្រួសារ​គោលដៅ​ចំនួន​ ៤ ​រួមមាន (១) ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ​២​ ឆ្នាំ​, (២)​ កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​នៅ​ថ្នាក់​បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ​, (៣) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​មាន​ពិការ​​ភាព និង​ (៤)​ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​ចាស់ជរា​ (​អាយុ​ ៦០​ ឆ្នាំ​ឡើង​)​។​

​កម្មវិធី​ជំនួយ​សង្គម​នេះ នឹង​ចាប់​អនុវត្ត​ពី​ខែមេសា ឆ្នាំ​ ២០២៤ តទៅ បន្ទាប់ពី ​«​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩»​ ត្រូវ​បិទ​បញ្ចប់​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ដែរថា ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ប្រមាណ ១ ៣៥៥ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២១ និង​ ៦០១ ​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០២២​។​

​លោក​បាន​បន្តថា គិត​មកទល់​ខែវិច្ឆិកា ឆ្នាំ ​២០២៣ ថវិកា​ប្រមាណ​ជាង ១ ២០០ លាន​ដុល្លារ​ បាន​ប្រើប្រាស់​សម្រាប់​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ពិសេស​លើ​កម្មវិធី​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩,​ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ​-​និយោជិត​ដែល​ត្រូវបាន​ព្យួរ​កិច្ច​សន្យា​ការងារ​,​ការរៀបចំ​វគ្គ​​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​,​កម្មវិធី​សាច់ប្រាក់​ពលកម្ម​,​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្រោះទឹកជំនន់ និង​ពេល​មាន​សម្ពាធ​អតិផរណា​ជាដើម​។​

​លោក ​ជា សុ​មេធី រដ្ឋមន្ត្រី​​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នា​ពិធី​នោះដែរ​ថា រាជ​រដ្ឋា​ភិ​បាល​បាន​ដាក់ចេញ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សំខាន់ៗ​ជាច្រើន​ដែល​កម្មវិធី​ខ្លះ​បាន​បិទ​បញ្ចប់​និង​ខ្លះ​បាននិងកំពុង​បន្ដ​អនុវត្ត​ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​រាប់សិប​ម៉ឺន​គ្រួសារ និង​ចំណាយ​ថវិកា​រាប់លាន​ដុល្លារ​ផងដែរ​។​

​លោក​បាន​បន្តថា ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ២០១៦-២០២៥ និង​ផ្អែក​តាម​បទ​ពិ​សោធន៍​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​កន្លងមក រាជរដ្ឋាភិបាល​បានរៀបចំ​ធ្វើ​សមាហរណកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ដែលមាន​ស្រាប់ និង​បន្ថែម​របប​គោ​លន​យោ​បាយ​មួយចំនួនទៀត​ដើម្បី​ឱ្យមាន​ភាពរឹងមាំ​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។​

​លោក​ ជា សុ​មេធី បាន​បន្តថា ក្នុងនោះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលការណ៍​ណែនាំ ស្តីពី​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ចំនួន ​២ គឺ​គោលការណ៍​ណែនាំ​ស្តីពី​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​គោលការណ៍​ណែនាំ​ស្តីពី​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយ​​តប​នឹង​គ្រោះអាសន្ន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​សង្គម​​កិច្ច​ខ្ញុំ​ប្តេជ្ញាចិត្ត​បំពេញ​បេស​ក​កម្មនេះ​ដោយ​ស្មារតី​ម្ចាស់ការ ច្នៃប្រឌិត ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ធានា​ការអនុវត្ត​ក្របខ័ណ្ឌ​ទាំង​ ២ ​នេះ ទទួល​​បាន​ជោគជ័យ​»​។​

​លោក​បាន​បន្តថា ក្រសួង​សង្គម​​កិច្ច​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រ​​សួង​ផែនការ ក្រសួង​សុខា​ភិ​​បាល ក្រសួង​អប់រំ អគ្គលេខា​ធិ​ការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​​សង្គម ស្ថាប័ន​ពាក់ព័ន្ធ រួម​នឹង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា​ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​ទាំង​ ២ ​នេះ​ផងដែរ​៕