ភ្នំពេញៈ រាជរដ្ឋាភិបាល​រួម​នឹង​អង្គការ​មូលនិធិ​សកល និង​អង្គការ​ដៃគូ​ផ្សេងទៀត​ត្រូវ​ចំណាយ​លើ​ថ្នាំ​ព្យាបាល​មេរោគ​អេដស៍​ជាង​ ១០​ ​លាន​ដុល្លារ ក្នុង​ ១ ​ឆ្នាំៗ ស្របពេល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដាក់​គោលដៅ​អ្នក​ឆ្លង​មេរោគ​នេះ​ឱ្យនៅ​តិចជាង​ម្នាក់ ក្នុង​ ១ ​ថ្ងៃ ត្រឹម​ឆ្នាំ​ ២០២៥ ខណៈ​តាម​ការ​​ប៉ាន់ស្មាន​គឺមាន​អ្នក​ផ្ទុក​មេ​​រោគ​អេដស៍​ប្រមាណ​ ១២ ០០០​ នាក់​មិនទាន់​មក​ទទួល​សេវា​ព្យាបាល​នៅឡើយ​។​


​ការដាក់​គោលដៅ​នេះ​ក៏បាន​ធ្វើឱ្យ​ស្ត្រី​ម្នាក់​ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​អស់​ពេល​ជាង​ ១០ ​ឆ្នាំ​មកហើយ​នោះ​សង្ឃឹមថា នឹងមិន​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ដោយ​មិនដឹង​ខ្លួន​ដូច​អ្នកស្រី​ទៀតឡើយ​។​

​ស្ត្រី​ឈ្មោះ​រ័ត្ន សុ​ផា ​(​ឈ្មោះ​ដាក់ឱ្យ​)​ បច្ចុប្បន្ន​មាន​អាយុ​ ៣៩ ​ឆ្នាំ​បាន​រំឭក​ប្រាប់ថា កាលពី​អំឡុង​ឆ្នាំ​ ២០១៤ អ្នកស្រី​មាន​អាការ​គ្រុនក្តៅ​ខ្លាំង ហើយ​បាន​ទៅរក​គ្រូពេទ្យ​ប្រចាំ​ភូមិ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដើម្បី​ចាក់​ថ្នាំ​បំបាត់​ជំងឺ​គ្រុនក្តៅ​។​


​ពេលនោះ​បុរស​ជា​គ្រូពេទ្យ​ម្នាក់​បាន​យក​សេ​រ៉ាំ​ង​ដែលមាន​ភ្ជាប់​ម្ជុល​បូមទឹក​ថ្នាំ ហើយ​ចាក់​លើ​សាច់​ចង្កេះ​ឱ្យ​អ្នកស្រី​។​

​រ័ត្ន សុ​ផា បាន​រំឭក​ប្រាប់ថា​៖«​ក្រោយ​ចាក់​ថ្នាំ​បាន​ប៉ុន្មាន​ថ្ងៃ​គឺ​អាការ​ជំងឺ​ខ្ញុំ​បាន​ធូរស្រាល​ពី​គ្រុនក្តៅ ក៏ប៉ុន្ដែ​បន្ទាប់ពី​ខ្ញុំ​ចាក់​ថ្នាំ​មិន​ដល់​កន្លះ​ខែ​ផង​ក៏​អ្នក​​ភូមិ​ផ្អើល​ថា ឆ្លង​មេរោគ​អេដស៍​ពី​ការចាក់​ថ្នាំ​នៅផ្ទះ​លោកគ្រូ​ពេទ្យ​ម្នាក់​នោះ ហើយ​ខ្ញុំ​បាន​ទៅពិនិត្យ​ឈាម​ក៏​ឃើញ​មាន​ផ្ទុកមេរោគ​អេដស៍​ដែរ​»​។​


​អ្នកស្រី សុ​ផា រៀបរាប់ថា កាលនោះ អ្នកស្រី​មាន​ផ្ទៃពោះ ហើយ​កូន​ដែល​កើតមក​ក៏​ឆ្លង​មេរោគ​អេដស៍​ដែរ ហើយ​បច្ចុប្បន្ន​ទាំង​ម្តាយ​ទាំង​កូន​កំពុង​លេបថ្នាំ​ពន្យារ​ជីវិត​ជាប្រចាំ​មិនដែល​ឱ្យ​ខកខាន​ម្តងណា​ឡើយ​។ ចំពោះ​ស្វាមី​អ្នកស្រី​មិនបាន​ឆ្លង​មេរោគ​អេដស៍​ពី​អ្នកស្រី​ទេ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បច្ចុប្បន្ន​អ្នកស្រី​ក៏មាន​កូនប្រុស​ម្នាក់ទៀត ដែលមាន​អាយុ​ទើបតែ​ជាង​ ១​ ខួប​ផងដែរ តែ​កូនប្រុស​ម្នាក់នេះ​មិន​ឆ្លង​មេរោគ​អេដស៍​ពី​អ្នកស្រី​ឡើយ តែ​ក្រោយពេល​គេ​កើតមក គ្រូ​ពេទ្យ​បានឱ្យ​លេបថ្នាំ​រយៈពេល ​១​ ខែ​កន្លះ ទើប​ឈប់​ឱ្យប្រើ​រហូតមកទល់​បច្ចុប្បន្ន​។​

​សុ​ផា បញ្ជាក់ថា​៖«​ប្តី​ខ្ញុំ​មិន​ឆ្លង ខ្ញុំ​មិនដឹង​ដែរ ហើយ​គ្រូពេទ្យ​ឧស្សាហ៍​បូម​ឈាម​គាត់​ទៅពិនិត្យ​ដែរ តែ​មិនឃើញ​ឆ្លង តែ​គាត់​អត់​មាន​លេបថ្នាំ​ដូច​ខ្ញុំ​ទេ​។ ដោយ​សារ​ខ្ញុំ​ផ្ទុកមេរោគ​អេដស៍​ខ្ញុំ​នឹកថា អា​អូន​ខ្ញុំ​ឆ្លង​អេដស៍​ពី​ខ្ញុំ​ហើយ តែ​ពេទ្យ​ពិនិត្យ​ឈាម​អត់​ឃើញ​មាន​ឆ្លង​ទេ​។ ខ្ញុំ​លេបថ្នាំ​យូរៗ​ទៅ​សាច់​ស្អាត​ជាង​កាលពី​មិនទាន់​លេប​»​។​

​បើតាម សុ​ផា ទោះជា​អ្នក​​ស្រី​បានទទួល​ថ្នាំលេប​ជាប្រចាំ​ក្តី តែ​អ្នកស្រី​មិនអាច​ចេញទៅ​ប្រកប​របរ​ឆ្ងាយ​ពី​ភូមិ​ស្រុក​បានឡើយ ព្រោះ​ជំងឺអេដស៍​មិនអាច​ឱ្យដាច់​ថ្នាំ​បានទេ​។ បច្ចុប្បន្ន​អ្នកស្រី​រស់​ពឹង​ផ្អែកលើ​ប្តី​ធ្វើការ​សំណង់ តែ​ការងារ​ប្ដី ម្តង​មាន ម្តង​អត់ ធ្វើឱ្យ​អ្នកស្រី​ប្រឈម​នឹង​ជីវភាព​គ្រួសារ​ដែរ​។ តែ​អ្វីដែល​អ្នកស្រី​ចង់​ផ្តាំផ្ញើ​នោះ​គឺ​សូមឱ្យ​បងប្អូន​ផ្សេងទៀត​ត្រូវមាន​ដៃគូ​ ១​ ស្មោះ​ទល់នឹង​ ១ ​ហើយ​បើ​ត្រូវ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​សូម​ទៅរក​គ្រូពេទ្យ​ណា​ដែលមាន​វិជ្ជាជីវៈ​ច្បាស់លាស់ កុំ​ឱ្យមាន​វិប្បដិសារី​ដូច​រូប​អ្នកស្រី​។​

​អ្នកស្រី សយ ចាន់​ដា​រី ជា​បុគ្គលិក​នៃ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​បានឱ្យដឹងថា សមាគម​បានធ្វើ​​ការ​ជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ទទួល​ជំនួយ​ពី​អង្គ​ការមូល​និ​ធិ​សកល​តាមរយៈ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​។ បច្ចុប្បន្ន​សមាគម​ទទួល​បម្រើសេវា​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​ដោយ​មិន​គិតថ្លៃ​ដូចជា សេវា​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ សេវា​ផ្តល់​ថ្នាំ​បង្ការ​មិនឱ្យ​ចម្លង​ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ រួម​នឹង​ការប្រឹក្សា​ផ្តល់​យោ​ប​ល់​ជាដើម​។​

​អ្នកស្រី​បាន​បន្តថា សមាគម​បានធ្វើការ​ជាមួយ​ស្ត្រី​បម្រើសេវា​កម្សាន្ត ដូចជា ខារ៉ាអូខេ ខេ​ធី​វី នៅតាម​ហាង​ម៉ាស្សា និង​តាម​ភោជនីយដ្ឋាន គឺ​ក្រុមការងារ​របស់​សមាគម​បាន​ចុះទៅ​អប់រំ​ផ្ទាល់​ជា​រៀងរាល់ថ្ងៃ​ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​ពី​វិធី​ការពារ និង​របៀប​នៃ​ការចម្លង​មេរោគ​អេដស៍ ហើយ​បើ​ពួកគាត់​ក្លាហាន​ធ្វើតេស្ត​ឈាម​គឺ​ខាង​សមាគម​នឹង​លើកទឹកចិត្ត​ដល់​ពួកគាត់​។​

​បើតាម​អ្នកស្រី ចាន់​ដា​រី គោលដៅ​នៃ​ការចម្លង​មេរោគ​អេដស៍​មានដូចជា ការរួម​ភេទ​មាន​ដៃគូ​ច្រើន ការរួម​ភេទ​ដោយ​មិនបាន​ប្រើ​ស្រោមអនាម័យ​ត្រឹមត្រូវ ធ្វើឱ្យ​អត្រា​ឆ្លង​គឺ​ខ្ពស់បំផុត​។ ចំពោះ​គោលដៅ​នៃ​ការឆ្លង​ច្រើនជាងគេ គឺ​ក្រុម​ស្ត្រី​រកស៊ី​ឯករាជ្យ​ដូចជា ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ឈរ​នៅតាម​សួន​សាធារណៈ​មួយចំនួន និង​ស្ត្រី​បម្រើសេវា​ខារ៉ាអូខេ ជាពិសេស គឺ​បុរស​រួម​​ភេទ​ជាមួយ​បុរស ជាដើម​។​

​អ្នកស្រី ចាន់​ដា​រី បាន​បន្ដថា ក្រៅពី​ចុះ​អប់រំ​ផ្ទាល់ ខាង​សមា​គម​ក៏មាន​ការអប់រំ​តាម​បណ្តាញ​​សង្គម​ផ្សេងៗ​ផងដែរ​។ បច្ចុប្បន្ន​សមាគម​មាន​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ក្រុង​តាខ្មៅ ខេត្ត​ព្រះសីហនុ និង​ខេត្តព្រៃវែង ដោយសារ​គោលដៅ​ទាំងនេះ​អាច​ប្រឈមមុខ​ខ្លាំងជាងគេ​។​

​អ្នកស្រី សយ ចាន់​ដា​រី បាន​បញ្ជាក់ថា​៖ «​អត្រា​ចម្លង​ខ្ពស់​ជាងគេ គឺ​បុរស​រួមភេទ​ជាមួយ​បុរស រីឯ​ស្ត្រី​រួមភេទ​ជាមួយ​បុរស​មិនមាន​អត្រា​ចម្លង​មេរោគ​អេដស៍​ខ្ពស់​ទេ​។ យើង​មាន​អ្នក​ទាក់ទង​យើង​ចង់​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​មាន​បញ្ហា​ផ្នែក​សុខ​​ភាព​ជំងឺ​កាមរោគ​អីហ្នឹង គឺមាន​ចំនួន​ច្រើន​ដែល​បាន​ទាក់ទង​មក​ខាង​សមាគម​»​។​

​លោក ឈឹម ឃិន​ដា​រ៉េត អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​​អេដស៍​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ពាក្យ​ថា ការលុបបំបាត់​ជំងឺ​អេដស៍​ក្នុង​ឆ្នាំ​ ២០២៥ មិនមែន​មានន័យថា ធ្វើ​ឱ្យអស់​មេរោគ​អេដស៍​ទេ តែ​ជាការ​ធ្វើឱ្យ​ការឆ្លង​នៅ​កម្រិត​ទាប​បំផុត​នៃ​មេរោគ​ក្នុង​ឈាម​។ មានន័យថា​យើង​នឹង​មិនអាច​រកឃើញ​មេ​​រោគ​នៅក្នុង​ឈាម​យ៉ាងហោចណាស់​ឱ្យបាន​ ៩៥ ​ភាគរយ​ហើយ​នេះ​ជា​អ្វីដែល​យើង​គ្រោង​សម្រាប់​ឆ្នាំ​ ២០២៥​។​

​លោក​បាន​បន្តថា​៖ «​អ្វីដែល​យើង​រំពឹងទុក​គឺ​យើង​មាន​យន្តការ​នៃ​ការឆ្លើយតប​របស់​យើង​ដែលមាន​សសរស្តម្ភ​ចំនួន​ ៣​ ទី ​១ រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងសុខាភិបាល​[​ជា​សេនា​ធិ​ការ​] ទី​២ ដៃគូ​អភិវឌ្ឍន៍​ដែលមាន​អង្គការ​ជាតិ និង​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​​ពលរដ្ឋ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ទី​ ៣ គឺ​យើង​មានការ​វិនិយោគ​ដោយ​ផ្អែកលើ​បទពិសោធន៍​ដែលមាន​កន្លងមក​»​។​

​បើតាម​លោក ឃិន​ ដា​រ៉េត ប្រទេស​កម្ពុជា​បាន​រង​ការ​រាតត្បាត​មេរោគ​អេដស៍​នៅក្នុង​អំឡុង​ឆ្នាំ​ ១៩៩០-៩១ ហើយ​គិត​មកទល់​បច្ចុប្បន្ន​មាន​រយៈពេល​ជាង ​៣០ ​ឆ្នាំ​ហើយ​។ បញ្ហា​នេះ​នៅ​មិនទាន់មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺអេដស៍​ឱ្យ​ជា​សះ​ស្បើយ​ឡើយ ហើយក៏​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​ការពារ​ដែរ​។ ដូច្នេះ​កត្តា​ទាំងនេះហើយ​ដែល​មិនអាច​ធ្វើឱ្យ​មេរោគ​​អេដស៍​អស់​បាន ប៉ុន្តែ​ការដាក់​ទិសដៅ​នេះ គឺអាច​គ្រប់គ្រង​បាន ពោលគឺ​ឱ្យនៅ​ក្នុង​កម្រិត​នៃ​ការឆ្លង​ថ្មី​តិចជាង​ម្នាក់​ក្នុង​ ១ ​ថ្ងៃ នៅក្នុង​ឆ្នាំ ​២០២៥​។​

​លោក​ឈឹម ឃិន​ដា​រ៉េត បានឱ្យដឹង​ទៀតថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​ជាមួយ​ម​ជ្ឈ​មណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​នៃ​ក្រសួង​សុខាភិបាល និង​អង្គ​ការពាក់​​ព័ន្ធ​បាន​សិក្សា​ឃើញថា អ្នក​​ផ្ទុកមេរោគ​អេដស៍​ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន ៧៦ ០០០ ​នាក់​។ រីឯ​អ្នក​មក​ទទួល​សេវា​មាន​ចំនួន​ ៦៤ ០០០​នាក់​។ ដូច្នេះ​បើ​ប៉ាន់​ប្រមាណ​ចំពោះ​អ្នក​ដែល​នៅសល់​មិនទាន់​បានទទួល​សេវា​ពិនិត្យ​ធ្វើតេស្ត​ឈាម​គឺអាច​នៅ​ចន្លោះ​ពី​ជាង​ ១១ ០០០​ នាក់​ទៅ ​១២ ០០០ ​នាក់​។​

​បញ្ហា​ដោយសារ​ថា ក្នុង​ចំនួន​នេះ​ពេលខ្លះ​គាត់​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​កន្លែង​ផ្សេង អ៊ីចឹងទៅ​ធ្វើឱ្យ​មិនអាច​ដឹង​ព័ត៌មាន​ពី​ពួកគាត់​បានជា​ក់លាក់​។​

​លោក​ថ្លែងថា​៖ «​ជំងឺអេដស៍​យើង​មិនដឹងថា ពេលណា​នឹង​ចប់​ទេ មិនដឹងថា​ពេលណា​គេ​រក​វ៉ាក់សាំង​ឃើញ​ឬ​ពេលណា​គេ​រក​ឱសថ​ដើម្បី​ព្យាបាល​ឱ្យ​ជា​ដាច់​ទាំងស្រុង​ទេ​។ ឥឡូវនេះ​យើង​គ្រាន់តែ​ព្យាបាល​ ​ដើម្បីឱ្យ​បងប្អូន​អ្នក​ផ្ទុកមេរោគ​នេះ​មាន​សុខ​ភាពល្អ​ឱ្យ​គាត់​រស់នៅ​ធម្មតា​ដូច​យើង​ធម្មតា បំពេញការងារ​បាន​ធម្មតា​អ៊ីចឹង​ដែរ ព្រោះ​បើ​គាត់​លេបថ្នាំ​ទៀងទាត់ គឺ​សុខភាព​គាត់​ល្អប្រសើរ​ជាង​មុន​»​។​

​លោក​បាន​បញ្ជាក់ថា គិត​ត្រឹម​ត្រីមាស​ទី​ ៣ ​នៃ​ឆ្នាំ​ ២០២៣​ នេះ​គឺ​បងប្អូន​ចូលមក​ទទួល​សេវា​មាន​ចំនួន​ជាង​ ៦៧ ០០០ ​នាក់​ក្នុងនោះ​មាន​អ្នកស្លាប់​ប្រ​មាណ ​១ ១០០​នាក់ ក្នុង​ ១ ឆ្នាំៗ​។​​អ៊ីចឹង​ចង់​និយាយថា ប្រជាពលរដ្ឋ​បានទទួល​ដំណឹង ឬ​បានទទួល​ព័ត៌មាន​ពី​ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ហើយ​គាត់​បាន​ចូលមកក្នុង​សេវា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ច្រើនជាង​មុន​ដែល​ធ្វើឱ្យ​គាត់​ដឹង​ពី​ស្ថានភាព​ជំងឺ​។​

​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ឱសថ​គ្រប់​គ្រាន់​សម្រាប់​ផ្ដល់​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​។ បានន័យថា​ឱ្យតែ​ពិនិត្យ​ឈាម​ទៅ​ឃើញ​វិជ្ជមាន​មេរោគ​អេដស៍ គឺ​ទទួលបាន​ការព្យាបាល​ភ្លាម​។ ហេតុ​​ដូច្នេះហើយ​បានជា​អត្រា​នៃ​ការព្យាបាល​មេរោគ​អេដស៍​នៅ​កម្ពុជា​បាន​ដល់ ​៩៩ ​ភាគរយ​ដែល​ស្ទើរតែ ​១០០​ ភាគរយ​ទៅហើយ​។ រីឯ​ប្រសិទ្ធភាព​នៃ​ការព្យាបាល​វិញ​មាន​រហូតដល់​ ៩៨​ ភាគរយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​អ្វីដែល​យើង​ត្រូវ​ជំរុញ​បន្តទៀត​នោះ​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​បងប្អូន​យើង​ចូលមក​ធ្វើតេស្ត​រក​មេរោគ​អេដស៍​។ យើង​មាន​កន្លែង​ធ្វើតេស្ត និង​ផ្តល់​ឱសថ​មាន​រហូតដល់ ៧៣​ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា និង​អាចទាក់ទង​លេខ ​១១៥ មិន​គិត​ប្រាក់​ទេ​។​អ៊ីចឹង​បងប្អូន​យើង​អាច​ទទួល​សេវា​ធ្វើតេស្ត និង​ព្យាបាល​បាន​នៅ​ទូទាំងប្រទេស​តែម្តង​»​។​

​បើតាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​រូបនេះ  ​ផ្អែក​តាម​ការសិក្សា​ឃើញថា ក្នុង ​១​ ឆ្នាំៗ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន​ ១ ៤០០​ នាក់ ហើយ​ការរកឃើញ​ថ្មី​នេះ​ក៏មាន​អ្នកស្លាប់​ចំនួន​ ១ ១០០​ នាក់​ដែរ​។​

​ចំពោះ​អ្នក​ដែល​ប្រឈម​នឹង​ការចម្លង​ខ្លាំងជាងគេ​គឺ​បុរស​រួមភេទ​ជាមួយ​បុរស​ដែល​តាម​ការប៉ាន់ប្រមាណ​អ្នកមាន​ភេទ​ដូចគ្នា ​[SMS]​ មាន​ជាង​ ៩ ​ម៉ឺន​នាក់​។ បន្ទាប់មក​ក្រុម​បំប្លែង​ភេទ ​(​ស្ត្រី​បំប្លែង​ភេទ​)​ ក្រុម​អ្នក​បម្រើសេវា​កម្សាន្ត និង​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​។ ចំពោះ​អ្វីដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​កំណត់​ឃើញ​ថ្មីៗ​នេះ​គឺ​ក្រុម​យុវវ័យ​មាន​អាយុ​ពី​ ១៥ ​ឆ្នាំ ទៅ ​២៤ ​ឆ្នាំ​ដែលមាន​រហូតដល់​ ៤៣ ​ភាគរយ​៕