ភ្នំពេញៈ ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ និង​ព្យាបាល​កុមារ​សរុប​ប្រមាណ​ជាង ៨​​ ម៉ឺន​នាក់ ដែល​ក្នុងនោះ​កុមារ​ឈឺ​ធ្ងន់​ប្រមាណ​ជាង ១​ ម៉ឺន​នាក់ ត្រូវ​បានដាក់​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ខណៈ​ដែលមាន​ស្ដ្រី​សម្រាល​កូនជាង ២​ ពាន់​នាក់​។ 


នេះ​បើតាម​របាយការណ៍​សង្ខេប​សកម្មភាព​ក្នុង​ខែវិច្ឆិកា របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ​ដែល​របាយការណ៍​ដដែល​នេះ​ បាន​លើកឡើងថា ក្នុងចំណោម​កុមារ ៨ ម៉ឺន​នាក់ ​នោះ កុមារ​ដែលមាន​ជំងឺ​ធ្ងន់ៗ ចំនួន ១៥ ៥៣២​ នាក់ និង​កុមារ​ចំនួន ១ ៧៤៩​ នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ 

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​៖«​ក្រៅពីនេះ មាន​កុមារ​ចំនួន ២ ៥៥២ ​នាក់ បានទទួល​ការវះកាត់ ហើយ​ក្នុងនោះ វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​ តាម​សរសៃឈាម នៅ​គន្ធបុប្ផា​សៀមរាប​ និង​ភ្នំពេញ​ បាន​ចំនួន ១១៣ ​នាក់​»​។​
​របាយការណ៍​បាន​បន្ថែមថា ចំណែក​នៅ​ផ្នែក​សម្ភព​វិញ​ស្ដ្រី​មាន​ផ្ទៃពោះ​ចំនួន ៨ ៧៣០ ​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល ខណៈ​ដែលមាន​ស្ត្រី​ចំនួន ២ ០៥៩​ នាក់ បានមក​សម្រាលកូន​។ 


លោក គី សង់​ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បាន​ប្រាប់ឱ្យដឹង​នាពេល​កន្លងមក​ថា ក្នុងចំណោម​កុមារ​ដែល​មក​ទទួល​ការព្យាបាល​និង​ពិគ្រោះ​យោបល់​ទាំងនោះ កុមារ​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម ទារក​កើត​មិន​គ្រប់​ខែ និង​កើតមក​មិន​ប្រក្រតី​ជំងឺឆ្លង​ផ្សេងៗ​ប្រចាំ​រដូវ​ជំងឺ​វះកាត់​ផ្សេងៗ​ជំងឺគ្រុនឈាម ជំងឺ​រលាក​ខួរ​និង​ស្រោម​ខួរក្បាល​ជំងឺ​បេះដូង​ពី​កំណើត គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្សេងៗ​។ 

លោក​បានស្នើ និង​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់ យកចិត្តទុកដាក់​ថែរក្សា​កូនចៅ រស់នៅ​ស្អាត និង​មាន​អនាម័យ និង​ចូលរួម​ទាំងអស់គ្នា ពិសេស​លុបបំបាត់​មូស​ខ្លា​ការពារ​ជំងឺគ្រុនឈាម ដោយ​លោក​បាន​បញ្ជាក់ថា​៖«​អាណាព្យាបាល ត្រូវ​ស្វែងរក​ការពិគ្រោះ​ព្យាបាល​ជំងឺ ជាមួយ​គ្រូពេទ្យ​មាន​ជំនាញ​វិជ្ជាជីវៈ ពេល​កូនចៅ​មាន​ជំងឺ​ដ​ង្កា​ត់​។ កុំ​ស្វែងរក​ទិញ​ថ្នាំ ព្យាបាល​កូនចៅ​ដោយ​ខ្លួនឯង តែ​ត្រូវ​ស្វែងរក​ការព្យាបាល​មួយ​ត្រឹមត្រូវ នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ជាដើម​»​។ 


សូមបញ្ជាក់ថា មន្ទី​រពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​គន្ធបុប្ផា​ទី​៣) មាន​គ្រែ​អ្នកជំងឺ​ប្រមាណ ២ ២០០​គ្រែ ដោយ​ក្នុង​ ១ ​ថ្ងៃ មាន​កុមារ​ចំនួន​ជា​មធ្យម​ប្រមាណ​ជាង ៣ ០០០​ នាក់ មក​ពិគ្រោះ​ពិនិត្យ​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។​ ក្នុង​ ១ ​ថ្ងៃ មាន​កុមារ ដែលមាន​ជំងឺ​ធ្ងន់​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​ ក្នុង​មន្ទីរពេទ្យ​ចំនួន​ ៥០០​ នាក់ ហើយ​ជា​រៀងរាល់ថ្ងៃ មាន​កុមារ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ជា​មធ្យម​ចំនួន ២ ០០០ ​នាក់ ក្នុងនោះ​កុមារ​ប្រមាណ​ ៥០០ នាក់ ត្រូវបាន​សម្រាក​ផ្នែក​សង្គ្រោះបន្ទាន់​៕