ភ្នំពេញៈ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បាន​ស្នើឱ្យ​បង្កើត​ក្រុមការងារ​ចម្រុះ ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់រាជ​រដ្ឋាភិបាល ក្នុង​គោលបំណង​ពិភាក្សាគ្នា និង​រួមគ្នា ដើម្បី​រៀបចំ​ច្បាប់​អាពាហ៍ពិពាហ៍​ សម្រាប់​ក្រុម​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​។​


​ការស្នើ​បែបនេះ ធ្វើឡើង​តាមរយៈ​កិច្ចសន្ទនា​ជាមួយ​តំណាង​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ និង​អ្នកពាក់ព័ន្ធ​ពី​វឌ្ឍនភាព​នៃ​ជំហាន​បន្ទាប់ ដើម្បី​ជំរុញ​ការទទួលស្គាល់​សមភាព​ច្បាប់​អាពាហ៍ពិពាហ៍​សម្រាប់​គូស្រករ​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៣​។​

​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​បើក​កិច្ចសន្ទនា​ថា សម្រាប់​កម្ពុជា បញ្ហា​ប្រឈម​សំខាន់បំផុត​នោះ គឺ​ការមិនអាច​លុបបំបាត់​នូវ​ផ្នត់គំនិត​របស់​ក្រុមគ្រួសារ និង​សហគមន៍ ដែលមាន​ការរើសអើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ព្រោះ​តាំងពីដើម​មក​ផ្នត់គំនិត​ក្រុមគ្រួសារ​ដែលជា​ឪពុកម្ដាយ តែងតែ​ប្រកាន់​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​។ 


​លោក​បាន​បន្តថា ទោះបី​មានការ​រើសអើង​ខ្លះ​ក៏ពិតមែន​ប៉ុន្តែ​ការលើកកម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គឺមាន​លក្ខណៈ​ល្អប្រសើរ ដោយសារ​មាន​ណែនាំ​ពី​អតីត​នាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ននេះ ទៅ​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ និង​ជាពិសេស​មាន​គោលនយោបាយ​ថ្នាក់ជាតិ​របស់​ក្រសួង​កិច្ចការនារី​ជាដើម​។​

​លោក កែវ រ៉េមី បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ការទាមទារ តវ៉ា​ច្បាប់​អាពាហ៍ពិពាហ៍​នេះ វា​រឿង​ត្រឹមត្រូវ​ហើយ ព្រោះ​ជា​សិទ្ធិ​របស់​ពួកគាត់ ក៏ប៉ុន្តែ​ច្បាប់​ហ្នឹង គឺ​ត្រូវការ​ពេលវេលា ដើម្បី​យើង​ប​ញ្ជ្រាប​ផ្លាស់ប្ដូរ​ផ្នត់គំនិត​នៅក្នុង​គ្រួសារ និង​សហគមន៍​។ នៅពេលដែល​ក្នុង​គ្រួសារ និង​សហគមន៍​កាន់តែ​យល់ថា អ្វីដែល​បងប្អូន​យើង​ទាមទារ​នេះ ពួកគាត់​នឹងមាន​ការ​អាណិត​ស្រឡាញ់​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​»​។ 


​លោក​បាន​ថ្លែង​បន្ថែមថា ទន្ទឹមនេះ​ក៏​មិនមែន​តែ​ប្រទេស​កម្ពុជា​នោះដែរ នៅក្នុង​ប្រទេស​តំបន់​អឺរ៉ុប ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក៏​នៅតែមាន​ការរើសអើង និង​នៅតែមាន​ការបាញ់ប្រហារ​ទៅលើ​អ្នកគាំទ្រ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជាពិសេស​នៅ​បណ្ដា​រដ្ឋ​មួយចំនួន នៅតែ​មានការ​រឹតបន្តឹង​ច្បាប់ ដែល​ធ្វើឱ្យមាន​បញ្ហា​ប្រឈម​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ 

​ក្នុង​កិច្ចសន្ទនា​ជាមួយ​តំណាង​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ និង​អ្នកពាក់ព័ន្ធ កញ្ញា លី ពិសី ស្ថាបនិក​និង​អ្នកសម្របសម្រួល​សហគម​ន៍​ឥន្ទធនូ​កម្ពុជា (​រ៉ក់​)​បាន​ថ្លែងថា សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ស្នើសុំ​បង្កើត​ក្រុមការងារ​ចម្រុះ ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​មាន​ការចូល​រួមសហកា​រ​គាំទ្រ​ដោយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​កញ្ញា​ថា ការ​ស្នល​នេះ ក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា សិក្សា និង​ពិនិត្យ​ក្របខ័ណ្ឌ​ច្បាប់ ជាពិសេស​ការជំរុញ​ទទួលស្គាល់​សមភាព​អាពាហ៍ពិពាហ៍​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ 

​កញ្ញា​បាន​បញ្ជាក់ថា​៖ «​តើ​អាចទៅរួច​ទេ បង្កើត​ក្រុមការងារ​មួយ​ដែលមាន​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ធនធាន​ពូកែៗ​ទាំង​ផ្នែក​ច្បាប់ ទាំង​ផ្នែក​ស្រាវជ្រាវ ដើម្បី​ពិភាក្សា​ពិនិត្យមើល​ផ្លូវច្បាប់​ហ្នឹង ថា​តើ​ពួកយើង​អាច​ចូលរួម​បំពេញ​ផ្នែក​ណា​បាន ក្នុងការ​វែកផ្លូវ​អាចឱ្យ​យើង​ដើរទៅ​មុខ ពីព្រោះ​ក្ដីសង្ឃឹម​របស់​យើង ប្រសិនបើ​គ្មាន​ការពិភាក្សា​រួមគ្នា​ទេ នោះ​មិន​អាចធ្វើ​ច្បាប់​ហ្នឹង​បានឡើយ​»​។​

​លោក ឌឿ​ន ចាន់​ដា​រ៉ា នាយក​ផ្នែក​រដ្ឋបាល​សរុប នៃ​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា​បាន​បើកទូលាយ​ឱ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀប​អាពាហ៍ពិពាហ៍​បាន ក៏ប៉ុន្តែ​មិនអាច​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​បាន​នោះទេ ខណៈ​កន្លងមក​នៅតាម​មូលដ្ឋាន​មាន​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀបចំ​អាពាហ៍ពិពាហ៍​របស់ខ្លួន​បាន​។ 

​លោក​បាន​បន្តថា ដោយឡែក ប្រសិនជា​អាច​ចុះ​សំបុត្រ​បាន លុះត្រាតែ​មានការ​កែសម្រួល​ច្បាប់​មួយចំនួន​សិន ស្រប​ពេលដែល​ការកែសម្រួល​ច្បាប់​នេះ គឺ​ត្រូវការ​ពេលវេលា​។​

​លោក​ឌឿ​ន ចាន់​ដា​រ៉ា លើកឡើងថា​៖ «​ការបង្កើត​ក្រុមការងារ​ចម្រុះ​នេះ ដែលមាន​រាជរដ្ឋាភិបាល​ជា​តំណាង គឺ​វា​មានការ​លំបាក​ខ្លះ ត្រង់​ថា​ស្ថាប័ន​រាជរដ្ឋាភិបាល​មិនដែល​ជួបប្រទះ​ទេ​ក្រុម​បែបនេះ​ពីព្រោះ​ធ្លាប់តែ​មានការ​បង្កើត​ក្រុមប្រឹក្សា​អាជ្ញាធរកណ្ដាល និង​ក្រុមប្រឹក្សា​ផ្ដល់យោបល់ ដែលមាន​ភាគី​គណបក្សនយោបាយ និង​ភាគី​រាជរដ្ឋាភិបាល​»​។​

​លោក​បាន​បន្តថា​៖ «​យើង​គិតថា វា​មានការ​លំបាក​ដែរ ពីព្រោះ​ត្រូវ​ដឹងថា​អ្នកណា​ជា​ប្រធាន​ក្រុមការងារ ក្រសួង​ណា ស្ថាប័ន​ណា ហើយ​បន្ទាប់មក​តើ​ស្ថាប័ន​ណា​ដែល​ត្រូវ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​។ ហើយ​បញ្ហាលំបាក​មួយទៀត​នោះ គឺជា​ពេលវេលា ដោយសារ​ស្ថាប័នរដ្ឋ​មាន​ភារកិច្ច​ច្រើន​ត្រូវធ្វើ​»​។​

​ទោះបីជា​មានការ​លំបាក​ខ្លះ​ក្នុងការ​បង្កើត​ក្រុមការងារ​ចម្រុះ​នេះ ប៉ុន្តែ​ប្រសិនជា​ក្រុមការងារ​នេះ​អាចបង្កើត​ទៅបាន វា​ក៏មាន​ភាពងាយស្រួល​ដែរ នៅពេល​មាន​ទម្រង់​លិខិត ឬ​ការស្នើសុំ​អ្វីមួយ​គឺ​វា​មាន​របៀបរបប​ត្រឹមត្រូវ​។ លោក ឌឿ​ន ចាន់​ដា​រ៉ា បញ្ជាក់បន្ថែម​។​

​យោងតាម​សហគមន៍​ឥន្ទធនូ​កម្ពុជា (​រ៉ក់​) បានឱ្យដឹងថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៣​នេះ មាន​ប្រទេស និង​ដែនដី​ចំនួន​៣៥ នៅលើ​សកលលោក​បានទទួល​ស្គាល់​សមភាព​ច្បាប់​អាពាហ៍ពិពាហ៍​សម្រាប់​គូស្រករ​ភេទ​ដូចគ្នា​។ បទពិសោធន៍​នៃ​បណ្តា​ប្រទេស​ទាំង​នោះបាន​បង្ហាញថា ការទទួលស្គាល់​សមភា​ព​ច្បាប់​អាពាហ៍ពិពាហ៍​មាន​ផល​វិជ្ជមាន​ចំពោះ​ការកសាង​គ្រួសារ កាត់បន្ថយ​ការ​រើស​អើ​ស​ប្រឆាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​បរិ​យា​បន្ន ព្រមទាំង​សុខដុមរមនា​ក្នុងសង្គម​៕