​ភ្នំពេញៈ​ សហ​ភាពសហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ធនាគារ​វី​ង បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្ស​រណៈនៃ​ការយោគយល់​គ្នា​ដើម្បី​ជួយ​សម្រួល​ដល់​សមា​ជិក​យុវជន​ឱ្យ​ទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថ​ចាំ​បាច់​នានា​ក្នុង​ការ​បង្កើន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​តាម​រយៈ​ការទទួល​យក​បទពិ​សោធ​ន៍នៃ​ដំណោះ​ស្រាយ​ធនា​គារ​ឌីជី​ថល​ដ៏​ទំនើប ក៏​ដូច​ជា​ចូល​រួម​បង្កើត​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ ​ជា​ច្រើន​ទៀត​។


ពិធី​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​នេះមានការ​ចុះ​ហត្ថ​លេខា​ដោយ ​លោក សំ​ហេង បូរ៉ា ​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម និង​ជា​សមា​ជិក​គណៈ​កម្មាធិ​ការ​កណ្តាល​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​លោក​ ហោ ប៊ុន​ថែ ​អគ្គនា​យក​រងនៃ​ធនា​គារ​វី​ងកាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ នៅ​មជ្ឈ​មណ្ឌល ​ម៉ា​នី អគារ The Kampus ក្បាល​ថ្នល់​។ 

ចូល​រួម​ជា​អធិ​បតី និង​សក្ខី​ភាព​ក្នុង​ពិធី​នោះ​ លោក ហ៊ុន ម៉ា​នី រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារ​ណៈ និង​ជា​ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជាបាន​ថ្លែង​ថា អនុស្ស​រណៈ​នេះ​មាន​គោល​បំណង​សិក្សា​ស្វែង​រក​ឱកាស​ក្នុង​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ទៅ​ដល់​សមា​ជិក​ ស​.​ស​.​យ​.​ក ការ​ជួយ​សម្រប​សម្រួល​កម្ម​សិក្សា​នៅ​ធនាគារ​វី​ងព្រម​ទាំង​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​ដើម្បី​ជួយ​ទៅ​ដល់​យុវ​ជន​ជា​ច្រើន​ផ្សេង​ទៀត​។​


លោក​បាន​ថ្លែង​ថា​៖ «​ភាព​ជា​ដៃគូ​ជាមួយ​ធនា​គារវី​ងនាពេ​លនេះគឺជា​ការឆ្លុះ​បញ្ចាំង​ពី​ការ​តាំង​ចិត្ត​ឥត​ឈប់ឈ​រ​របស់​យើង​ក្នុង​ការ​ជំរុញ​ដល់​សក្តានុ​ពល​របស់​យុវជន​កម្ពុជា​។ តាម​រយៈ​កិច្ច​សហ​ការ​នេះ ​យើង​ផ្តល់​ឱ្យ​សមាជិក​របស់​យើង​នូវ​ចំណេះ​ដឹង និង​ប្រភព​នៃ​ការ​យល់​ដឹង​ពី​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ ក៏ដូច​ជា​ដំណើរ​ឆ្ពោះទៅ​សម្រេច​គោល​ដៅ​អនា​គត​របស់​ពួក​គេ​»​។​

លោក​បន្ថែម​ថា ស​.​ស​.​យ​.​ក មានកា​រ​ប្តេជ្ញាចិ​ត្ត​ក្នុង​ការ​បំពាក់​បំប៉ន​យុវជន​កម្ពុជា​នូវ​ចំណេះដឹ​ងនិង​ជំនាញ​ចាំ​បាច់​នានា​ដើម្បី​ក្លាយ​ជា​សសរ​ស្តម្ភ​របស់​ប្រទេស​ជាតិ​ក្នុង​ការ​ជួយ​រក្សា​និរន្តរ​ភាព​សមិទ្ធផ​ល​កន្លង​មក​និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នា​ថ្ងៃអនា​គត​។ 


លោក​ គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​ធនាគារ​វី​ង និង​ជា​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ថ្លែង​ថា កិច្ចស​ហការ​​រវាងធនាគារ
​វី​ង និង ស​.​ស​.​យ​.​ក គឺជា​កម្លាំង​សាមគ្គី​​ដោយ​ឈរលើ​ចក្ខុវិ​ស័យ​រួម​តាមរយៈ​ការប្រើប្រា​ស់​ជំនាញ​នៃ​ស្ថាប័​ន​ទាំង​២ដើម្បី​ជួយ​អភិ​វឌ្ឍសហ​គមន៍​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​។ 

លោក​ថ្លែង​ថា​៖«​អនុស្ស​រណៈ​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ខ្ញុំក្នុងការ​ជំរុញ​ឱ្យ​មាន​បរិ​យាប​ន្ន​ហិរញ្ញ​វត្ថុនិង​ជួយ​ពង្រឹង​សមត្ថ​ភាព​ទៅ​ដល់់​យុវជន​កម្ពុជា​ផង​ដែរ​។យើងខ្ញុំ​​មាន​ទំនុក​ចិត្ត​ថាតាមរ​យៈ​គំនិត​ផ្តួចផ្តើ​ម​រួមគ្នា​របស់​យើង​នាពេ​លនេះយើ​ង​នឹង​រួម​ចំណែក​ក្នុងការ​កសាង​យុ​វជន​ជំនាន់​ថ្មី​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវ​ត្ថុហើយ​ថែម​ទាំង​មាន​សមត្ថ​ភាពរឹងមាំ​​»​។​

​លោក​បន្ថែ​មថា ទន្ទឹម​គ្នានេះ​ ធនា​គារ វី​ង ត្រូវ​បាន​ជំរុញ​ដោយ​ការ​តាំង​ចិត្ត​រប​ស់ខ្លួន​ក្នុងការ​ធានាបា​ន​ថា​ ប្រជា​ជន​កម្ពុជា​គ្រប់​រូប​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​ទទួល​បាន​សេវា​ហិរញ្ញវ​ត្ថុ ដែល​ពាក់ព័​ន្ធហើយ​អាចជួ​យ​សម្រួល​ទៅដល់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​៕