ភ្នំពេញៈ ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ ឆ្នាំ​ ២០២៣​ នេះ ប្រារព្ធ​ឡើង​រយៈពេល​ ១០ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១៦ ខែធ្នូ ដោយមាន​កម្មវិធី​ជាច្រើន​តាមបែប​ប្រពៃណី​សាសនា ការសម្តែង​ទស្សនីយភាព​សិល្បៈ​បុរាណ​ជាច្រើន​ទម្រង់​ និង​មាន​ស្ដង់​ពិព័រណ៍ សម្រាប់​សាធារណជន​ទស្សនា និង​សិក្សា​ស្វែងយល់​ផងដែរ​។​
​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​នៅ​ថ្ងៃទី​៦ ខែធ្នូ​ថា ពិធី​រំឭក​គុណ​អង្គរ​នេះ នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ ដោយមាន​ពិធីបួងសួង​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ក្រោម​អធិបតី​របស់លោក​ស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​នឹង​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​។​
​តាមរយៈ​ក្រសួង​វប្បធម៌ លោក ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា ពិធី​រំឭក​គុណ​អង្គរ នឹង​រៀបចំឡើង​រយៈពេល ១០​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ដែលមាន​ប្រារព្ធ​កម្មវិធី​សាសនា ស្ដង់​ពិ​ព័រ​ណ៌ និង​ការសម្ដែង​សិល្បៈ​បុរាណ​នៅពេល​រាត្រី​។ លោក​បន្តថា បន្ទាប់ពី​មាន​ពិធីបួងសួង​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​រួចហើយ ក៏មាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ផងដែរ​។​
​លោក​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃ​បន្តបន្ទាប់​នឹងមាន​ទស្សនីយភាព​ជាច្រើន​ដូចជា កម្មវិធី​បែប​សាសនា​សំខាន់ៗ ការតាំងពិព័រណ៍​បង្ហា​ញ​សមិទ្ធផល​ការងារ​រយៈពេល​៣១​ឆ្នាំកន្លងមក​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ស្នាដៃ​សិល្បៈ​ជាច្រើន​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូណេស្កូ និង​ក្បួន​ព្យុះ​ហយា​ត្រា​របស់​សិស្សានុសិស្ស​ចំនួន​ជាង​១០០០​នាក់ ក្រោម​ពាក្យស្លោក​អរគុណ​អង្គរ និង​អរគុណ​សន្តិភាព​»​។​
​សូម​បញ្ជាក់ដែរថា​ក្រៅពីនេះ ក៏មាន​ការសម្តែង​សិល្បៈ​ល្ខោន​យីកេ ការសម្តែង​សិល្បៈ​ល្ខោន​ស្រមោល​ល្បែ​ក​ធំ​ផងដែរ ហើយ​រាល់​កម្មវិធី​សាសនា និង​សិល្បៈ​ទស្សនីយភាព​ទាំងអស់ នឹង​បើក​ជា​សាធារណៈ​ចូល​ទស្សនា​ដោយ​សេរី​។​
​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៦ ខែធ្នូ​ថា ប្រជាជន​ខ្មែរ​នៅ​សតវត្សរ៍​ទី​៩ និង​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្ដសករាជ បាន​បំពេញបេសកកម្ម​ជីវិត ដោយ​បំពាក់ស្មារតី​អង្គរ ដែលជា​ការខិតខំ​ប្រឹង​ប្រែង​ទាំង​កាយ ទាំង​ចិត្តគំនិត ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ចាប់តាំងពី​ព្រះបាទ​ជ័យ​វរ្ម័នទី​២ រហូតមកដល់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ 
​លោក​បាន​បន្តថា ហេតុនេះ​បច្ចុប្បន្ននេះ អ្វីដែល​រាជរដ្ឋាភិបាល​កំពុងតែ​រៀបចំ​ប្រារព្ធ​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ គឺ​មានន័យថា​ជាការ​រំឭក​ដល់​ស្មារតី​អង្គរ ស្មារតី​ជាតិ ដែល​ផុស​ចេញពី​គំនិត និង​តម្លៃ​នៃ​វិជ្ជាជីវៈ សមត្ថភាព​របស់​អង្គ​អ្នកដឹកនាំ ក៏ដូចជា​ប្រជាជន ហើយ​និង​យុវជន​នា​សម័យ​នោះ​ផងដែរ​។​
​លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ការដែល​យើង​ធ្វើ​កិច្ចការងារ​នេះ គឺ​បង្ហាញ​ពី​តម្លៃ​នៃ​កតញ្ញូ​ធម៌ និង​ការដឹងគុណ​ដ៏​វិសេស​របស់​ខ្មែរ​យើង ចំពោះ​អង្គ​ដឹកនាំ​ទាំងឡាយ​ដែល​បាន​កសាង​ប្រាសាទ​ទាំងអស់នេះ​។ អ៊ីចឹង​ការ​បំផុសគំនិត​នេះ វា​បង្កើតជា​ស្មារតី​ជាតិ​មួយ​សម្រាប់​អ្នក​ជំនាន់​ថ្មី ជាពិសេស​យុវវ័យ ដើម្បី​បន្ត​ថែរក្សា និង​ប្រកាន់ខ្ជាប់​ទស្សនវិស័យ​ស្មារតី​អង្គរ​សម្រាប់​ជីវិត​ខ្លួន​យើង​ជា​កូន​ខ្មែរ​»​។​
​បើតាម​លោក សំបូរ មា​ណ្ណា​រ៉ា ក្រៅពីនេះ ការ​ប្រារព្វ​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ​នេះដែរ ក៏បានផ្ដល់​គុណ​តម្លៃ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យមាន​ការចងចាំ​ពី​ប្រវត្តិសាស្ត្រ ដែលជា​អំពើ​ល្អ​របស់​បុព្វបុរស​ខ្មែរ​បានធ្វើ​កន្លងមក ក្នុងនោះ​មាន​ទាំង​វប្បធម៌ ភាព​ច្នៃប្រឌិត និង​ការបង្កើតឡើង​ក្នុង​ករណីយកិច្ច​នៃ​វិចិត្រកម្ម​-​ស្ថាបត្យកម្ម​។ 
​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ព្រឹ​តិ្ត​ការណ៍​រំឭក​គុណ​អង្គរ​នេះ​ខណៈដែល​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​រំឭក​គុណ អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដោយបាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ជាតិ​មាតុភូមិ​តាំងពីដើម​រហូតដល់​ស​ព្វ​ថ្ងៃ​៕