ភ្នំពេញៈ រដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ដើម្បី​អនុវត្ត​មុខងារ​សេសសល់​ពី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​.​វ​.​ត​.​ក​.) ឬ​សាលាក្តី​ខ្មែរក្រហម ដែល​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ ​(UN) និង​ដៃគូ​អភិវឌ្ឍ​ន៍។​


ការបង្កើត​ក្រុមការងារ​នេះ ដើម្បី​ធានា​ឱ្យ​ការងារ​រលូន គិតគូរ​ថែរក្សា​គម្រោង​សំណង​សមូហភាព​និង​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម ច្របាច់​បញ្ចូល​ចំណេះដឹង​ពី​សាលាក្តី​ខ្មែរក្រហម ​សម្រាប់​អ្នកជំនាន់ក្រោយ និង​ការងារ​ផ្សេងៗ​ទៀត​។​

តាមរយៈ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​និង​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ ខែធ្នូ បាន​លើកឡើងថា រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​សហប្រតិបត្តិ​ការ​ជាមួយ UN និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​បំពេញ​មុខងារ​សេសសល់​របស់​សាលាក្តី​ខ្មែរក្រហម ដែល​ដឹកនាំ​ដោយ​លោក ​វ​ង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​សមាជិក​សរុប​ចំនួន ១៧​រូប និង​អាចមាន​សមាសភាព​បន្ថែម​តាម​ការចាំបាច់​។​


សេចក្តីសម្រេច​នេះ បាន​បញ្ជាក់ថា ៖ «​ក្រុម​ងារ​ងារ​នេះ​មាន​ភារកិច្ច​ដូចជា​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ UN ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល ដើម្បី​ធានា​ការអនុវត្ត​មុខងារ​សេសសល់​របស់​សាលាក្តី​ខ្មែរក្រហម​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​ផ្អែកលើ​ក្របខ័ណ្ឌ​ច្បាប់ និង​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា ​និង​ UN»​។​

ក្រុមការងារ​នេះ ក៏មាន​គោលដៅ​ថែរក្សា​គម្រោង​សំណង​សមូហភាព​និង​ផ្លូវចិត្ត​ដែល​សាលាក្តី​ខ្មែរក្រហម សម្រេច​ផ្តល់ទៅឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី​និង​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម និង​បង្កើត​គម្រោង​នានា ដើម្បី​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ដើមបណ្តឹង​និង​ជនរងគ្រោះ​ទាំងនេះ​។ 


សេចក្តីសម្រេច បាន​បន្តថា ៖ «​ក្រុមការងារ​នេះ នឹង​ជំរុញឱ្យមាន​ការផ្ទេរ​ចំណេះដឹង​និង​ជំនាញ​រួមទាំង​ធនធានមនុស្ស​និង​បទពិសោធន៍​ពី​សាលាក្តី​ខ្មែរក្រហម ទៅកាន់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​អប់រំ វប្បធម៌ និង​យុត្តិធម៌ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​ត្រឡប់មកវិញ​នូវ​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និង​ការផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ សម្រាប់​ជា​បទពិសោធ​ន៍ទៅកាន់​ឆាក​តំបន់​និង​អន្តជាតិ​»​។​

​លោក កង ឫទ្ធិ​គី​រី ជា​មេធាវី និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ ព្រមទាំង​ជា​អតីត​មេធាវី​តំណាង​ក្នុង​សំណុំរឿង ០០១ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​វ​តក​) បាន​ប្រាប់​ឱ្យដឹងថា ការបង្កើត​ក្រុមការងារ​នេះ​សម្រាប់​បង្ហើយ​កិច្ចការ​របស់​សាលាក្តី តួយ៉ាង​ការបញ្ចប់​សំណង​រដ្ឋប្បវេណី​ដល់​ជនរងគ្រោះ​និង​ជាពិសេស​ការថែរក្សា​មរតក​របស់​សាលាក្តី​ខ្មែរក្រហម​ឱ្យ​គង់វង្ស​។

លោក​បាន​បន្តថា ការងារ​អភិរក្ស​ឯកសារ​ពី​សាលាក្តី​នេះ​ជា​រឿង​លំបាក ដែល​ត្រូវ​ការចំណាយ​ថវិកា​ជាប្រចាំ ត្រូវការ​ធនធានមនុស្ស ដែលជា​ការចងចាំ​ប្រវត្តិសាស្ត្រ​។​

លោក​ថ្លែង​ថា​៖ «​វា​សំខាន់​ណាស់​សម្រាប់​ការចងចាំ​និង​ស្គាល់​នូវ​បទឧក្រិដ្ឋ​ដែល​ត្រូវតែ​រារាំង​ហើយ​ថា​វា​ពិតជា​ធ្លាប់​កើតមាន​នៅលើ​លោក​នេះ​មែន មិនមែន​មិនអាច​ដូច​ការគិត​របស់​មនុស្ស​ខ្លះ​នោះទេ​»​។​

ជាមួយគ្នានេះ លោក​កែវ ឌួង អ្នកជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរលើ​កិច្ចការ​ខ្មែរក្រហម និង​ការសិក្សា​ពី​របប​ប្រល័យពូជសាសន៍ លើកឡើង​ដែរ​ថា ការបង្កើត​ក្រុមការងារ​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ចំពោះ​មរតក​របស់​សាលាក្តី​ខ្មែរក្រហម ដែល​មិនត្រូវ​ទុកចោល ហើយ​ផ្ទេរ​តាម​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​អប់រំ ដែល​អាច​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​នានា​។ 

​លោក​ថា មរតក​ អ​.​វ​.​ត​.​ក​. មានតម្លៃ​ផ្នែក​ច្បាប់ ជា​គំរូ​នីតិវិធី​សម្រាប់​សាលាក្តី​ក្នុងស្រុក ហើយ​ជាការ​បង្ហាញ​និង​បកស្រាយ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​របស់​កម្ពុជា​ពាក់ព័ន្ធ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។​

លោក​ថ្លែងថា​៖ «​តាមរយៈ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម នៅពេល​គេ​និយាយ​ពី​ឧក្រិដ្ឋ​ប្រល័យពូជសាសន៍ វា​ឆ្លុះបញ្ចាំង​តែ​បទឧក្រិដ្ឋ​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​និង​ចាម​ប៉ុណ្ណោះ ហើយ​នៅក្នុង​ដំណើរការ​កាត់ទោស​នេះ ទាំង​សំណុំរឿង​០០១ និង​០០២ មាន​ឯកសារ​រាប់លាន​ទំព័រ ដែល​នឹង​ក្លាយជា​ប​ណ្ណា​សារ​សម្រាប់​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ទិដ្ឋភាព​ផ្លូវច្បាប់​៕