ភ្នំពេញៈ​កម្ពុជា​ និង​គុយ​បា បាន​ព្រម​ព្រៀង​គ្នា​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​អធិការ​កិច្ច​ដោយ​គ្រោង​រៀបចំ​ទស្សន​កិច្ច​ដើម្បី​ផ្លាស់​ប្តូរ​ប​ទពិ​សោធន៍គ្នា​និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​(MoU)លើ​ផ្នែក​អធិ​ការ​កិច្ច ខណៈ​ប្រទេស​ទាំង​២​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​ជាង​ ៦៣​ ឆ្នាំ​មក​ហើយ​។

​ការ​ព្រម​ព្រៀង​គ្នា​ដូច្នេះ ​ធ្វើ​ឡើង​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ហួត ​ហាក់ ​រដ្ឋមន្ត្រី​ក្រសួង​អធិការ​កិច្ច និង​លោក​ស្រី​ Liurka Rodriguez Barrios ឯក​អគ្គ​រដ្ឋ​ទូត​គុយ​បា​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃទី​៥ ​ខែធ្នូ ​ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​អធិ​ការ​កិច្ច​។​


​យោង​តាម​សេចក្តី​ប្រកាស ​លោក​ហួត ​ហាក់ ​លើក​ឡើង​ប្រាប់​សម​ភាគី​គុយ​បា​ ពី​ទំនាក់ទំ​នង​កា​រទូត​ដ៏​ល្អ​រវាង​កម្ពុជា​និង​គុយ​បាអ​ស់​រយៈ​ពេល​៦៣​ឆ្នាំ​ម​កនេះ​ពោល​គឺចាប់តាំ​ងពី​ឆ្នាំ​១៩៦០ ​ដែលជា​​ចំណែក​ជួយ​ជ្រោម​ជ្រែង​គ្នា​នៅ​លើ​ឆាក​អន្តរ​ជា​តិ ហើយ​ទំនាក់​ទំនង​នេះ​កំពុង​បន្ត​រីក​លូត​លាស់​ថែម​ទៀត​។​

​លោក​បាន​បន្ត​ថា ​ប្រទេស​ទាំង​២ មាន​សហ​ប្រតិ​បត្តិ​ការ​គ្នា​លើ​វិស័យ​អប់រំ ​កីឡា ​វប្បធម៌ ​កសិ​កម្ម​ សុខាភិ​បាល ជា​ពិសេស​គុយ​បា​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​អំឡុង​ក្រោយ​សម័យ​ខ្មែរ​ក្រហម​។​


​លោក ​ហួត ហាក់ បាន​អះ​អាង​ប្រាប់​ភាគី​គុយបា​ថា ៖ «​កម្ពុ​ជា​មាន​ស្ថាន​ភាព​នយោ​បាយ​ប្រសើរ​ស្ទើ​រគ្រប់​ទិដ្ឋ​ភាព​ ទាំង​នយោ​បាយ​ សង្គម ​សេដ្ឋ​កិច្ច ដែល​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ និង​ទាក់​ទាញ​ការ​វិនិ​យោគ​»​។ 

​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​បញ្ជាក់​ដែរ​ថា ភាគី​ទាំង​២ បាន​ព្រម​ព្រៀងគ្នា​​ពិនិត្យ​លទ្ធ​ភាព​ចុះ MoU​ក្នុង​វិស័យ​អធិការ​កិច្ច​ដោយ​ខាង​ស្ថាន​ទូត​គុយ​បានឹ​ង​ធ្វើជា​ស្ពាន​ទំនាក់​ទំនង​រវាង​ក្រសួង​អធិ​ការកិច្ច​របស់​កម្ពុ​ជា និង​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ប្រហាក់​ប្រហែល​នៅ​គុយ​បា​ដើម្បី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​។​


​ប្រភព​ដដែល​បាន​បន្ត​ថា ​ភាគី​ទាំង​២ ​ឯកភាព​ក្នុង​ការរៀបចំ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​រវាង​ប្រតិភូ​នៃ​ប្រទេស​ទាំង​២ ដើម្បី​សិក្សា​ផ្លាស់​ប្តូរ​បទ​ពិសោ​ធន៍​គ្នា​ទៅ​វិញ​ទៅមក​លើ​វិស័យ​អធិ​ការ​កិច្ច​ផង​ដែរ​។​

ជុំវិ​ញរឿង​នេះ លោ​កប៉ា ចន្ទ​រឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា ​បាន​ថ្លែង​ថា ជាការ​ល្អ​ដែល​កម្ពុ​ជា​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​រៀន​សូត្រ​ពី​ប្រទេស​នានា ​ប៉ុន្តែ​ចំពោះ​វិស័យ​អធិ​​ការកិច្ច​នេះ​វិញ លោក​ថា ក​ម្ពុជា​នឹងមិន​អាច​រៀន​សូត្រ​អ្វី​ច្រើន​ឡើយ​ពី​គុយ​បាទេ​ ខណៈ​គុយបា​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​មិនល្អ​លើ​ការ​លើក​កម្ពស់​អភិ​បាល​កិច្ច ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ដើម ​ហើយ​មិន​មែន​ជា​ប្រទេស​ប្រជា​ធិប​តេយ្យ​ទេ​។
 
​លោក​បាន​បន្ត​ថា កម្ពុជា​គួរ​បន្ថែម​ការ​រៀន​សូត្រ​និង​កិច្ច​សហ​ប្រតិ​បត្តិការ​ផ្នែក​អធិការ​កិច្ច​នេះ​ជាមួ​យ​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​។​

​លោក​បាន​បញ្ជាក់​ថា​៖«​សម្រាប់​ខ្ញុំ តិច​ ឬក៏​ច្រើន យើ​ង​អាច​រៀនសូត្រ​ពី​គុយ​បា​បាន​ខ្លះ​លើ​រឿង​អធិកា​រកិច្ច​នេះ ប៉ុន្តែ​យើង​ទៅ​រៀន​ពី​ប្រទេស​កំពុង​លំបាក​លំបិន ​ហើយ​មាន​ចំណាត់​ថ្នាក់​ទាប​លើ​ការ​លើក​កម្ពស់​អភិ​បាល ​និង​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​បែប​ប្រជាធិ​បតេយ្យយើ​ង​មិន​បាន​រៀន​អ្វី​ជា​ដុំកំ​ភួន​ទេ​ដោយ​សារ​និន្នា​ការ​និង​របប​នយោបា​យ​ខុស​គ្នា​»។

រីឯ ​លោក​ប៉ិច ​ពិសី នាយក​ប្រតិ​បត្តិ​ការ​អង្គការ​តម្លា​ភាព​បាន​ថ្លែង​ថា កិច្ច​សហ​ប្រតិ​បត្តិការ​ផ្នែក​អធិការ​កិច្ច​រវាង​ប្រទេស​ទាំង​២ជា​រឿង​ល្អ ​ដោយសា​រ​កម្ពុជា​និង​គុយបា​មាន​ទំនាក់​ទំនង​ល្អជា​ប្រពៃ​ណីដែ​ល​កិច្ច​ការ​ចាំបា​ច់​រាជ​រដ្ឋាភិ​បាល​ថ្មី​ត្រូវ​បន្ត​ទំនាក់​ទំនង​នេះ​។​

​​យ៉ាង​ណាក្ដី​ លោក​បាន​បញ្ជាក់​ថា៖«​ខ្ញុំ​យល់​ថា ​គុយបា​មិន​មែន​ជា​ប្រទេស​គំរូ​ដែល​អាច​រៀនសូត្រ​ច្រើន​ឡើយ ក្នុង​ការ​អនុវត្ត​ការងារ​ក្នុង​ស្ថា​ប័ន ​ដោយ​សារ​គុយបា​មិនមា​ន​ស្ថិរ​ភាព​នយោ​បាយ ​ហើយ​បើ​ពិនិត្យ​សមត្ថ​ភាព​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ និង​អធិការ​កិច្ច​វិញ​ក៏​ខ្សោយ​ខ្លាំង​ដែរ ​តែ​យើង​អាច​រៀន​បទ​ពិ​សោ​ធន៍​បរា​ជ័យ​វិញ​»​។​

​លោក​បន្ត​ថា​ សមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ស្ថា​ប័ន​រដ្ឋ​និង​ការធ្វើ​អធិការ​កិច្ច​កម្ពុជា​គួរ​បង្កើន​ការ​រៀន​សូត្រ​ពី​ប្រទេស​ជិត​ខាង​និង​បណ្តា​ប្រទេស​ប្រជា​ធិប​តេយ្យ​តួយ៉ាង​ប្រទេស​សិង្ហ​បុរី​ជា​ដើម​។​

ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ​លោក ​ណុប ចាន់​ណារិន អ្នក​នាំ​ពាក្យ​ក្រសួង​អធិ​ការ​កិច្ច បាន​ថ្លែង​ថា គុយ​បានិ​ង​កម្ពុជា​នឹង​រៀន​សូត្រ​ពីគ្នា​ជុំវិញ​វិស័យ​អធិ​ការកិច្ច​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិការ​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​ជា​ដើម​ ថ្វី​បើនៅ​គុយបា​មិន​មាន​ក្រសួង​អធិការ​កិច្ច​ក៏​ដោយ​ ប៉ុន្តែ​មាន​ស្ថាប័​ន​សមត្ថ​កិច្ច​ស្រដៀង​គ្នា​។​

​លោក​បាន​ថ្លែង​ថា​៖«​យើង​មិន​មាន​អ្វីដែល​ជាការ​ខាត​ឬ​ចំណេញ​នោះ​ទេ​គឺ​យើង​ធ្វើយ៉ាង​ណា​ពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិការ អ្វី​ដែល​យើង​មាន ​អ្វី​ដែល​គេ​មាន ​ចែ​ករំលែក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»​៕