​មណ្ឌលគិរីៈ អ្នកស្រី គឿង ណាវី ដែល​ដឹកនាំ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង និង​ជា​តំណាង​សហគមន៍​​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នៃ​បណ្ដា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៨ ឆ្នាំ ​២០២៣ (COP28)​ នៅ​ទីក្រុង​​ឌូ​បៃ​នៃ​សហភាព​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ ហើយ​បាន​ថ្លែង​សារ​ពី​សារៈសំខាន់​នៃ​ហិរញ្ញប្បទាន​កាបូន​ទៅកាន់​ពិភព​លោក​ក្នុងនាម​ជា​វាគ្មិន​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) បានឱ្យដឹង​នៅ​ថ្ងៃទី ​៥ ខែធ្នូ ថា អ្នកស្រី គឿង ណាវី ប្រធាន​សហគមន៍​ស្ត្រី​តំណាងឱ្យ​សហគមន៍​ជនជាតិដើម​ភាគ​តិច​ព្នង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ខេត្តមណ្ឌលគិរី បាន​ចូលរួម​ក្នុង​ស​ន្និ​​សីទ​កំពូល​នៃ​បណ្ដា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី២៨ ឆ្នាំ​ ២០២៣ (COP28) ដើម្បី​បង្ហាញ​ពី​អត្ថប្រយោជន៍​ពិតប្រាកដ​នៃ​ហិរញ្ញ​ប្ប​​ទាន​កាបូន​ក្នុងការ​អភិរក្ស​ព្រៃឈើ​។​

​ការចូលរួម​របស់​អ្នកស្រី ​គឿង ណាវី បានធ្វើ​ឡើង​ក្រោម​ការសម្របសម្រួល​ដោយ​ក្រសួងបរិស្ថាន​កម្ពុជា និង​អង្គ​ការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS)​ ដោយ​ផ្តោតលើ​សារៈសំខាន់​នៃ​ការផ្តល់​ហិរញ្ញប្បទាន​កាបូន​ដោយផ្ទាល់​ទៅដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​កិច្ចការងារ​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។​


​អង្គការ​ WCS បាន​បញ្ជាក់ថា​៖ «​អ្នកស្រី​ណាវី បាន​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ក្នុងនាម​ជា​វាគ្មិន​ជនជាតិដើម​ភាគតិច​ព្នង​ដំបូង​គេ​បង្អស់​ដែល​បាន​ចូលរួម​ថ្លែង​នៅក្នុង​សន្និសីទ​កំពូល​មួយ​របស់​អង្គការសហប្រជាជាតិ​បែបនេះ​ដើម្បី​ពាំនាំ​សារ​ពី​ភូមិឋាន​ដាច់ស្រយាល​ក្នុងព្រៃ​នៃ​ខេត្តមណ្ឌលគិរី​មកកាន់​ថ្នាក់ដឹកនាំ​កំពូលៗ​នៅលើ​សកល​​លោក​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល អ្នកស្រី គឿង ណាវី បាន​ថ្លែង​នាឱកាស​នោះ​ថា​៖ «​នាង​ខ្ញុំ​ពិត​ជាមាន​សេចក្តីរំភើប​ក្នុង​ចិត្ត​ជាមួយនឹង​ក្តី​កតញ្ញូ​។ នាង​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានមក​ដល់ទី​នេះ ចេញពី​ភូមិតូច​មួយ​នៃ​ប្រទេស​កម្ពុជា​មក​និយាយ​ទៅកាន់​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​ពិភពលោក​»​។​


​អ្នកស្រី​បាន​បន្ថែមថា​៖ «​យើងខ្ញុំ​បាន​ប្រើប្រាស់​ហិរញ្ញប្បទាន​កាបូន​ដើម្បី​កសាង​សហគមន៍ និង​ការពារ​បរិស្ថាន ដោយ​រួមបញ្ចូល​គ្នា​ពី​របៀប​រស់នៅ​បែប​ប្រពៃណី​ជាមួយនឹង​វិធីសាស្ត្រ​ច្នៃប្រឌិត​ថ្មីៗ​ដើម្បី​ការពារ​ព្រៃឈើ​របស់​យើង​»​។​

​អ្នកស្រី​បាន​បន្ដថា ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​សហគមន៍​ទទួលបាន​គឺមាន​តម្លៃ​ខ្លាំងណាស់​ក្នុងការ​ទប់ទល់​នឹង​ក​ត្តា​គំរាមកំហែង​ដល់​ព្រៃឈើ​ក្នុង​សហគមន៍​។ អ្នកស្រី​ថា ព្រៃឈើ​ក្នុង​សហគមន៍​ស្ថិតក្នុង​ចំណោម​ព្រៃ​ក្រាស់​បំផុត និង​មាន​សុខ​ភាពល្អ​បំផុត​ក្នុងប្រទេស​កម្ពុជា​ដែល​វា​ជា​សក្ខីភាព​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត និង​ការថែទាំ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ផងដែរ​។​

​អ្នកស្រី​បាន​បន្ថែមថា ហិរញ្ញប្បទាន​កាបូន​បាន​ជួយ​លើកកម្ពស់​សហគមន៍រ​បស់​អ្នកស្រី និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​ហើយ​វា​ក៏បាន​ពង្រីក​អត្ថ​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល ខណៈ​អ្នកស្រី​ក៏បាន​ប្តេជ្ញាចិត្ត​ចំពោះ​ដំណោះស្រាយ​នៃ​ការប្រែប្រួល​អាកាស​ធាតុ​ផងដែរ​។​

​តាមរយៈ​ការ​ថ្លែង​នេះ​អង្គការ WCS ក៏បាន​បញ្ជាក់ដែរថា មតិ​របស់​អ្នកស្រី ណាវី ត្រូវបាន​ផ្សាយ​ខ្ទរខ្ទារ​ក្នុង​ស​ន្និ​សីទ COP28 ហើយ​បាន​ទាញ​ចំណាប់​​អារម្មណ៍​ឱ្យ​អ្នក​រាល់គ្នា​ដឹងថា វឌ្ឍន​ភាព​នៃ​ហិរញ្ញប្បទាន​អាកាសធាតុ​គឺជា​គន្លឹះ​នៃ​ការផ្លាស់ប្ដូរ​ដ៏​ត្រឹមត្រូវ​មួយ​និង​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​នៅ​ទូទាំង​ពិភពលោក​។ ជាងនេះទៀត​សុន្ទរកថា​របស់​អ្នកស្រី​ក្នុង​សន្និសីទ​នេះ ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​តួនាទី​ដ៏​សំខាន់​នៃ​ហិរញ្ញ​ប្ប​ទាន​កាបូន​ក្នុង​ការពង្រឹង​សិទ្ធិអំណាច​សហគមន៍​ជនជាតិដើម​ភាគតិច​។​

​ប្រភព​ដដែល​បាន​បន្តថា នេះ​ស្របទៅនឹង​ប្រធានបទ​ដែល​សន្និសីទ​ COP28 បាន​ផ្ដោត​ការយកចិត្ត​ទុក​ដាក់​ក្នុងការ​ព​ន្លឿ​ន​សកម្មភាព​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​រួមទាំង​សារៈសំខាន់​នៃ​ការអនុវត្ត​យន្តការ​ហិរញ្ញប្បទាន​ដូច​-​ជា គម្រោង​រេ​ដ​បូក (REDD+) ក្នុងការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​។ លើសពីនេះ ការបង្ហាញ​បទពិសោធន៍​របស់​អ្នកស្រី​ណាវី នៅក្នុង​សន្និសីទ COP28 នេះ ក៏បាន​ផ្តោត​សំខាន់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ក្នុង​សកម្មភាព​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។​

​បើតាម​អង្គការ ​(WCS) អ្នកស្រី​ណាវី ក៏​នឹងចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​មួយទៀត​ផងដែរ​ក្រោម​ប្រធានបទ «​តើ​ហិរញ្ញប្បទាន​កាបូន​បង្កើត​ឱកាស​ដល់​ជនជាតិដើម​ភាគតិច និង​សហគមន៍​មូលដ្ឋាន​យ៉ាងដូចម្ដេច​?» ដែល​ពិធី​នោះ​នឹងធ្វើ​ថ្ងៃទី ​១១ ខែធ្នូ​ខាងមុខ នៅ​វិមាន​ជនជាតិដើម​ភាគតិច​ដែល​រៀបចំ​ដោយ​អង្គការ​ក្រុមប្រឹក្សា​សុចរិត​​ភាព​សម្រាប់​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត (Integrity Council for Voluntary Carbon Markets) អង្គការ​ធម្មជាតិ​ដើម្បី​អាកាសធាតុ (Nature4Climate) និង​មូលនិធិ​ការពារ​បរិស្ថាន ​(Environmental Defense Fund)​ ថែមទៀត​។​

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​ចូលរួម​សន្និសីទ​កំពូល​បណ្តា​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏បាន​ថ្លែង​ដែរ​ថា កម្ពុជា​ចាត់ទុក​ឥណទាន​កាបូន​ជា​ប្រភពធនធាន​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​ដ៏​សំខាន់​មួយ​សម្រាប់​សកម្មភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​វិស័យ​អាទិភាព និង​ការវិនិយោគ​បៃតង​នៅ​កម្ពុជា ការបង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន ​៦០ ​ភាគរយ  ​ការលើកកម្ពស់​ជីវភាព​សហគមន៍​តាមរយៈ​ការដាំ​ដើម​ឫស្សី និង​ការជំរុញ​កម្ពុជា​ស្អាត​តាមរយៈ​យុទ្ធនា​ការមិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ដើម្បី​ធានា​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប​ទទួលបាន​ថាមពល​និរន្តរភាព​ក្នុងតម្លៃ​សមរម្យ និង​មានការ​បញ្ចេញ​កាបូន​ទាប​៕