ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​លើកឡើងថា ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គឺជា​វប្បធម៌​ដ៏​ប្រពៃ​នៃ​កិច្ចសន្ទនា និង​ការ​កៀរគរ​គ្រប់​កម្លាំង​នយោបាយ​ទាំងអស់ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ច​កម្ពុជា ដោយ​មិនមាន​ការរើសអើង ខណៈ​វប្បធម៌​នេះ ត្រូវបាន​បន្សល់ទុក​តាំងពី​នីតិកាល​មុនៗ ក្រោម​ការ​ផ្តួច​ផ្តើម និង​ការដឹកនាំ​របស់លោក ហ៊ុនសែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​


​លោក ​ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដូចនេះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក នា​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ​ ២០២៣ នាឱកាស​លោក​បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លើកដំបូង នៅ​វិមាន​សន្តិភាព​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គឺជា​វប្បធម៌​ដ៏​ប្រពៃ​នៃ​កិច្ចសន្ទនា និង​ការ​កៀរគរ​គ្រប់​កម្លាំង​នយោបាយ​ទាំងអស់ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ចកម្ពុជា ដោយ​មិនមាន​ការរើសអើង​។ វប្បធម៌​នេះ ត្រូវបាន​បន្សល់ទុក​តាំងពី​នីតិកាល​មុនៗ ក្រោម​ការផ្តួចផ្តើម និង​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​»​។​


​លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ប្រាប់ឱ្យដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ការបង្កើត​នេះ ក្នុង​គោលបំណង​ប្រមូល​នូវ​ធនធាន​គំនិត របស់​គណបក្សនយោបាយ​នានា​នៅ​កម្ពុជា ដើម្បី​ផ្តល់នូវ​ធាតុ​ចូល​ក្នុងការ​ផ្តល់នូវ​ពហុ​គំនិត ជូន​ដល់​រាជរដ្ឋាភិបាល ជាពិសេស​សំដៅ​ដល់​លើក​​ស្ទួយ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គោល​នយោបាយ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​លោក​បាន​ថ្លែងថា​៖ «​ជា​យន្តការ​ពហុបក្ស ប៉ុន្តែ​មិនមែនជា​យន្តការ​នយោបាយ​ដូច​រដ្ឋសភា និង​ព្រឹទ្ធសភា​នោះទេ វា​គ្រាន់តែ​ជា​យន្តការ​ពហុ​គំនិត ផ្តល់នូវ​ទស្សនៈ​ស្ថាបនា​។ តាមរយៈ​យន្តការ​សម្រាប់​អាណត្តិ​នេះ យើង​សង្ឃឹមថា នឹង​ផ្តល់នូវ​ធាតុ​ចូល​រស់​រវើក​បន្ថែមទៀត ដោយ​យើង​បានផ្តល់​នូវ​ចំណុច​ថ្មី​មួយ បើកចំហ​នូវ​ឯករាជ្យ​អធិបតេយ្យ​ដល់​គណបក្ស​នីមួយៗ ក្នុង​ស្វ័យភាព​ទទួលខុសត្រូវ បំពេញ​ភារ​​កិច្ច​ផ្តល់នូវ​ទស្សនៈ​ដល់​នាយករដ្ឋមន្ត្រី​»​។​


​ស្រដៀង​គ្នា​នេះដែរ លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការ​បង្កើត​យន្តការ នយោបាយ​មកពី​គណបក្ស​ផ្សេងគ្នា​ចូលរួម គឺជា​ចំណែក​មួយ​ក្នុងការ​លើកឡើង​ពី​បញ្ហា​សង្គម និង​ស្នើសុំ​ឱ្យមាន​ដំណោះស្រាយ​របស់​ជាតិ និង​ប្រជាជន គឺជា​រឿង​ដែល​ល្អ សម្រាប់​អ្នកនយោបាយ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សេរី តែងតែ​រៀបចំ​ធ្វើ​ដូចនេះ​។​

​ទោះជា​បែបនេះ​ក្តី លោក ក៏បាន​បញ្ជាក់ដែរថា សម្រាប់​គណបក្ស​ន​យោ​បាយ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សេរី និង​ជឿនលឿន គេ​តែងតែ​ធ្វើ និង​អនុវត្ត នៅក្នុង​រដ្ឋសភា តាមរយៈ​មានការ​ជជែក​វែកញែក​គ្នា​ពាក់ព័ន្ធ​នឹង​គោលនយោបាយ និង​ដំណោះស្រាយ ពី​សំណាក់​តំណាងរាស្ត្រ ដែលជា​តំណាង​របស់​ពលរដ្ឋ​។

​លោក ប៉ា ចន្ទ​រឿន បាន​ប្រាប់ថា​៖ «​យន្តការ​នេះ ធ្វើឱ្យ​សំឡេង​របស់​តំណាង​ប្រជាពលរដ្ឋ​ដែល​មិនមែនជា​គណបក្ស​ឈ្នះឆ្នោត ឱ្យ​រដ្ឋាភិបាល​បានដឹង និង​បានឮ ព្រមទាំង​យកចិត្ត​ទុក​ដាក់ ជាពិសេស​វា​ធ្វើឱ្យមាន​តុល្យភាព​អំណាច​ផងដែរ​»​។​

​លោក​បាន​បន្ថែមថា យន្តការ​នៃ​ការ​បង្កើតឱ្យមាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គឺជា​រឿង​ថ្មី​សម្រាប់​សង្គម​ប្រជាធិបតេយ្យ ប៉ុន្តែ​បើ​ពិនិត្យមើល​ទៅលើ​ការអនុវត្ត និង​ការងារ របស់​ស្ថាប័ន​មួយ​នេះ មិនមាន​អ្វី​ជា​ដុំកំភួន​នោះទេ ខណៈ​ការងារ​បស់​ក្រុមប្រឹក្សា​ពិគ្រោះ និ​ផ្តល់យោបល់​នេះ មិនមាន​ប្រសិទ្ធភាព និង​ជា​បន្ទុក​សម្រាប់​សង្គម តាមរយៈ​រដ្ឋ​ចំណាយ​ប្រាក់បៀវត្សរ៍​ទៅលើ​ក្រុម​មួយ​នេះ​។​

​លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ បាន​ប្រាប់​ឱ្យដឹងថា ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត សម្រាប់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​ ៧ នេះ​នឹង​ល្អប្រសើរ​ជាង​អាណត្តិ​ទី ៦ ដោយសារតែ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្តេជ្ញា​ខ្ពស់ អនុវត្ត​ទៅតាម​ការស្នើសុំ​របស់​គ​ណ​​បក្សនយោបាយ​ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​នេះ​។​

​លោកស្រីថ្លែងថា​៖ «​យន្តការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ តាម​ព្រះរាជក្រឹត្យ យើង​នឹង​អនុវត្ត​តាមដាន​ភាព​អសកម្ម អំពើពុករលួយ និង​បញ្ហា​ផ្សេងទៀត ដើម្បី​រាយការណ៍​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដើម្បីឱ្យ​មានការ​កែទម្រង់ និង​កែលម្អ​ឱ្យ​ប្រសើរ​ថែមទៀត​»​។

​លោកស្រី​បន្តថា​៖​ «​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​មាន​ទស្សនៈ​ហ្មត់ចត់ ដោយ​អនុញ្ញាតឱ្យ​គណបក្ស​នីមួយៗ មាន​សិទ្ធិ​ចុះ​តាម​មូលដ្ឋាន ឬ​បេសកកម្ម​អ្វីមួយ មិន​តម្រូវឱ្យមាន​ការស្នើសុំ​ច្បាប់​ដូច​អាណត្តិ​មុន​ទេ​»​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​​យោបល់ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​លោក ហ៊ុន សែន ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ ​២០១៨ នៅ​ដើម​នីតិកាល​ទី​ ៦ ដែលជា​យន្តការ​ពិ​គ្រោះ និង​ផ្តល់យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល ក្រៅ​ក្របខ័ណ្ឌ​សភា ក្នុង​គោលដៅ​លើក​​ស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ជូន​ប្រជាជន និង​ការអភិវឌ្ឍ​សង្គមជាតិ ប្រកបដោយ​សក្តានុពល​។​

​ដោយឡែក សម្រាប់​នីតិកាល​ទី​៧ ​នេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​ ២៦ ខែសីហា ឆ្នាំ​ ២០២៣ បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​ចំណុច​មាត្រា​ ១​ បញ្ជាក់ថា ព្រះរាជក្រឹត្យ​នេះ​មាន​គោលដៅ​បង្កើត និង​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក្នុង​គោល​បំណង​លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត​ជា​ប្រយោជន៍​ដល់​ការស្ថាបនា​ជាតិ​។​

​កិច្ចប្រជុំ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លើកដំបូង​នេះ មាន​គណបក្ស​ជា​សមាជិក​ចំនួន​ ២៩​ ចូលរួម​ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណ​បក្ស​ពន្លឺ​ថ្មី​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​, គណបក្ស​នគរ​ប្រជាធិបតេយ្យ​, គណបក្ស រស្មី​ខេមរា​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច​,​គណបក្ស​ខ្មែរ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​។​

​គណបក្ស​យុវជន​កម្ពុជា​, គណបក្ស​ធម្មាធិបតេយ្យ​, គណបក្ស​ជន​​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​, គណ​​បក្ស​ខ្មែរ​តែមួយ​,​គណបក្ស​ក​ម្លាំ​ប្រជា​ធិ​ប​​តេ​យ្យ​, គណបក្ស​កសិករ​, គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​, គណបក្ស​បំណង​ពលរដ្ឋ​, គណ​បក្ស អំណាច​ប្រជាពលរដ្ឋ​,​គណបក្ស​មហា​​សាមគ្គី​ជាតិខ្មែរ​, គណបក្ស​ខ្មែរ​អង្គរ​, គណបក្ស​អភិវឌ្ឍន៍​កម្ពុជា​។​គណបក្ស​មហានគរ​, គណបក្ស​ខ្មែរ​ឈ្នះ​, គណបក្ស កម្ពុជា​សេរី​ឯករាជ្យ ប្រជាធិបតេយ្យ​, គណបក្ស​មូលី​ណា​កា និង គណបក្ស ចលនា​ប្រជាធិបតេយ្យ​។​

កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​ឥស្សរជន​ក្នុង​ជួរ​រាជរដ្ឋាភិបាល ប្រតិភូ​គណបក្សនយោបាយ និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ចំនួន​ជាង ២០០ នាក់​៕