​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ ជំរុញ​ និង​ស្នើ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ វិស័យ​ឯកជន ប្រជាជន មហាជន​ទាំងអស់ ចូលរួម​គាំទ្រ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បំពេញបេសកកម្ម​ជា​ប្រវត្តិ​សាស្ត្រ​បន្តទៀត​រហូតដល់​សម្រេច​បំណង​ចុងក្រោយ​គឺ​សង្គម​ស្អាត​ស្អំ​បវរ​រុងរឿង​។​


​ការជំរុញ​របស់លោក ហ៊ុន ម៉ា​​ណែ​ត ​ធ្វើឡើង​តាមរយៈ​សារលិខិត​អបអរសាទរ​ទិវា​ជាតិ និង​អន្តរ​​ជាតិ​ប្រឆាំង​អំពើពុករលួយ ៩ ធ្នូ​ក្រោម​ពាក្យស្លោក​«​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​ជា​ចម្បង ៖ ផ្តល់​សេវាសាធារណៈ​ប្រកបដោយ តម្លាភាព ងាយស្រួល និង​ជឿទុកចិត្ត​ពង្រឹង​ការបង្ការ​ទប់ស្កាត់​» សម្រាប់​ឆ្នាំ​​ ២០២៤ ​ខាងមុខនេះ​។​

​លោក​បាន​លើកឡើងថា ថ្ងៃទី​ ៩​ ធ្នូ ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​រាជ​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ ​(​អ​.​ស​.​ប​)​ កំណត់ ជា​ទិវា​ប្រឆាំង​អំពើពុករលួយ ខណៈ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ ២០០៧ ដែលមាន​រដ្ឋ​ជា​សមាជិក​ចំនួន ១៩០ ប្រទេស លើ ១៩៣ ប្រទេស នៃ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ​អ​.​ស​.​ប ហៅ​កាត់​ថា អ៊ុន​កាក់ (UNCAC)​។​


​លោក​បញ្ជាក់​តាមរយៈ​សារលិខិត​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា អ​.​ស​.​ប ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​ខ្ញុំ​សូម​ចូលរួម​ជាមួយ​គ្រប់​ស្ថាប័ន​ជាតិ ជនរួមជាតិ​ទាំងអស់​វិស័យ​ឯក​ជន​អង្គការក្រៅរដ្ឋាភិបាល គណ​បក្សនយោបាយ​ប្រែក្លាយជា​រៀងរាល់ឆ្នាំ​ឱ្យ​ទិវា ៩ ធ្នូ​ ជាការ​លើកកម្ពស់​និង​បើកទូលាយ​មិន​ឈប់ឈរ ដើម្បី​កសាង​មាតុភូមិ​កម្ពុជា​ឱ្យ​វៀរចាក​ពី​អំពើពុករលួយ និង​ស្គាល់​តែ​ភាព​ស្អាតស្អំ និង​ការរីកចម្រើន​ជានិច្ចកាល​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​៖ ​​«​រាជរដ្ឋាភិបាល គ្រប់​ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល អ្នក​សារព័ត៌​​មាន និង​ប្រជាជន​បានរួម​គ្នា​មិន​ឈប់ឈរ​អស់​រយៈពេល ៦ អា​​ណ​ត្តិ កន្លងទៅ​តាមរយៈ​ការអប់រំ ដើម្បី​ម្នាក់ៗ​មិន​ចង់​ពុករលួយ ការបង្ការ​ទប់ស្កាត់ ដើម្បី​ម្នាក់ៗ​មិនអាច​ពុករលួយ និង​ការអនុវត្ត​ច្បាប់ ដើម្បីឱ្យ​ម្នាក់ៗ​មិន​ហ៊ាន​ពុករលួយ​»​។ 


​ជាមួយគ្នានេះ​លោក ​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រកាស​បន្ត​ជំរុញ​ការកែទម្រង់​ការពង្រឹង​អភិបាលកិច្ច ដោយ​ផ្ដោតលើ​ការលើកកម្ពស់ និង​ការពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ ដោយ​ផ្ដោត​អាទិភាព​លើ​ការងារ​ចំនួន​ ៥ ​ក្នុងនោះ​រួមមាន​៖ ១. ការរៀបចំ និង​ការដាក់ឱ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ក្រម​​ប្រតិបត្តិ​ក្នុង​មុខងារសាធារណៈ ព្រមទាំង​ការជំរុញ​ការគោរព​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​វិ​សមិត​ភាព​មុខងារ​និង​ទំនាស់​ផល​ប្រ​យោជន៍​នៅក្នុង​ការបំពេញ​ការ​ងារ​របស់​មន្ត្រី​សាធារណៈ​។​

២.​ ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការធ្វើ​អធិការកិច្ច​និង​សវនកម្ម ព្រមទាំង​ការរៀបចំ​ក្របខ័ណ្ឌ និង​វិធាន នៃ​ប្រព័ន្ធ​អធិការកិច្ច និង​សវនកម្ម ដើម្បី​ធានា​សុខដុម​នីយកម្ម នៃ​មុខងារ​អធិការកិច្ច និង​សវនកម្ម ក្នុង​រដ្ឋបាល​សាធារណៈ​។ ៣.​ការ​ពង្រឹង​យន្តការ​គ្រប់គ្រង​និង​ផ្តល់​សេវាសាធារណៈ ការផ្ដល់​ការ​លើកទឹកចិត្ត​ផ្អែកលើ​គុណា​ធិ​ប​​តេ​យ្យ និង​ការចាត់វិធានការ​ម៉ឺង​ម៉ាត់​តាមច្បាប់ ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា៖ «៤ គឺ​ការបន្ត​ពង្រឹង និង​ពង្រីក​លើ​ការងារ​អប់រំ បង្ការ និង​ទប់​​ស្កាត់​ជា​ចម្បង ព្រមទាំង​ការពង្រឹង ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​បង្ក្រាប​បទល្មើស​អំពើពុករលួយ​និង​អាទិភាព​ទី​៥ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គ​​ភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​សាធារណៈ ដើម្បី​រៀបចំ​ដាក់ឱ្យអនុវត្ត តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​និង​លើកកម្ពស់​ភាព​​ស្អាតស្អំ​តាម​សា្ថ​ប័ន​សាធារណៈ​»​។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លា​​ភាព​កម្ពុជា​លោក ​ប៉ិច ពិសី បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក ​ហ៊ុន ម៉ា​ណែ​ត ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ និង​ការជំរុញឱ្យ​កម្ពុជា​ចាប់យក​នូវ​ភាព​ស្អាតស្អំ​ក្នុងការ​បម្រើសេវា​សាធារណៈ ជាពិសេស​គឺ​ការកាត់បន្ថយ​ឱ្យបាន​កាន់តែច្រើន នូវ​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​ជាន់ថ្នាក់​។​

​លោក​ថ្លែងថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ស្រប​ពេលដែល​អ្នកជំនាញ​គ្រប់​វិស័យ​បាន​រកឃើញ​ផងដែរ​ថា ឧបសគ្គ​ចម្បង​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​គឺមាន​ឧបសគ្គ​ធំៗ​មួយចំនួន​។

លោក​ថា​៖ «​បញ្ហា​ធំៗ​ទាំង​ ៣ ​នោះ​ដែល​គួរតែ​ត្រូវ​ដោះស្រាយ​ជា​អាទិភាព​ទី​១ នីតិរដ្ឋ និង​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព ទី​២ ការ​កាត់​បន្ថយ​អំពើពុករលួយ និង​ទី​៣ គឺ​ការកាត់បន្ថយ​នូវ​ភាព​ស្មុគ​ស្មាញ​ផ្នែក​ការិយាធិបតេយ្យ ដើម្បី​ជំរុញ​សេវា​នានា​បាន​លឿន តម្លាភាព​និង​ស្អាតស្អំ​»​។ 

​លោក ​ប៉ិច ពិសី​ បន្តថា​៖ «​ដូច្នេះ​ការតាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ជា​សង្គម​ស្អាតស្អំ​ជា​យុទ្ធ​សា​​ស្ត្រ​ដែល​ល្អ រួមទាំង​ខ្ញុំ​និង​សង្គម​ស៊ីវិល​ដទៃទៀត​រួមគ្នា​គាំទ្រ​នូវ​​អនុសាសន៍​សំខាន់​ទាំងនោះ​»​។​

​យោងតាម​ស​ន្ទ​ស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើពុករលួយ ​(CPI) ឆ្នាំ ​២០២២ ត្រូវបាន​ចេញផ្សាយ​ដោយ​អង្គការ​តម្លា​ភាព​អន្តរជាតិ កាលពី​ថ្ងៃទី ៣១ ​ខែមករា ឆ្នាំ​ ២០២៣ ​ថា កម្ពុជា​ទទួលបាន​ពិន្ទុ ២៤ លើ​ពិន្ទុ​អតិបរមា ១០០ និង​ជាប់​ចំណាត់ថ្នាក់​ទី ​១៥០ ក្នុងចំណោម ១៨០ ប្រ​ទេស ដែល​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​ស​ន្ទ​ស្សន៍​។ 

​លទ្ធផល​ពិន្ទុ និង​ចំណាត់ថ្នាក់​នេះ​បានបង្ហាញ​ពី​ភាពប្រសើរឡើង​បន្តិច បើ​ធៀប​នឹង​លទ្ធផល​ឆ្នាំមុន​។ ក្នុង​ស​ន្ទ​ស្សន៍ CPI ឆ្នាំ ​២០២១ ប្រទេស​កម្ពុជា​ទទួលបាន ២៣​ពិន្ទុ លើ​ពិន្ទុ​អតិបរមា ១០០ និង​ជាប់​ចំណាត់ថ្នាក់​ទី ១៥៧​។ ជារួម​ពិន្ទុ​របស់​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយនេះ ពី​ ២០​ ពិន្ទុ ក្នុង​ឆ្នាំ​២០១៨ ដល់ ២៤ ​ពិន្ទុ ក្នុង​ឆ្នាំ ២០២២៕