កំពង់ធំៈ ក្រសួងពាណិជ្ជកម្ម​សហ​ការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រួមទាំង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត បានរៀបចំ «​វេទិកា​ស្វាយចន្ទី​» នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ ក្រោម​មូលបទ «​យើង​រួមគ្នា​ផ្សព្វផ្សាយ​សក្តានុពល​ស្វាយចន្ទី​កម្ពុជា​» មាន​រយៈពេល​២​ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ៦​ និង​ទី​ ៧ ខែធ្នូ ឆ្នាំ ​២០២៣​។

​ក្រសួងកសិកម្ម បានប្រកាស​ឱ្យដឹងថា វេទិកា​នេះ​រៀបចំឡើង​ដើម្បី​ផ្ដល់ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្វាយចន្ទី ដាក់តាំង​បង្ហាញ​ផលិតផល​ស្វាយចន្ទី ឧបករណ៍​កែច្នៃ ការផ្គូផ្គង​ធុរកិច្ច និង ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ជំរុញ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ស្វាយចន្ទី​កម្ពុជា​។​


​លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែងថា នេះ​ជា​វេទិកា​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​កម្ពុជា និង សម្រាប់​ទាំងអស់​គា្ន ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក ជាពិសេស​ផលិតផល​គ្រាប់ស្វាយចន្ទី​កម្ពុជា​ឱ្យមាន​កេរ្តិ៍​ឈ្មោះ​នៅលើ​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​។​

​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ស្ដីពី​ស្វាយចន្ទី ឆ្នាំ​ ២០២២-២០២៧ ដែលមាន​ចក្ខុវិស័យ អភិវឌ្ឍន៍​ផលិតកម្ម ការកែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យាប​ន្ន ធានា​និរន្តរភាព និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។


​លោក​ហែម វណ្ឌី​បញ្ជាក់ថា​៖«​នៅក្នុង​ចក្ខុ​វិស័យនេះ​ក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​អភិវឌ្ឍ​សមត្ថភាព​ផលិតកម្ម រៀបចំ​បង្កើត​ស្តង់ដា រៀបចំ​នីតិវិធី​វាយតម្លៃ​និង​អនុវត្ត​ស្តង់ដា ផលិតផល​ស្វាយចន្ទី លើកកម្ពស់​ផលិត​ភាព​ការនាំចេញ ដោយ​ធានា​នូវ​គុណ​ភាព និង​សុវត្ថិភាព​ក្នុង​កម្រិត​អប្បបរមា ស្របតាម​ស្ដង់ដា​ប្រព័ន្ធគ្រប់គ្រង​គុណ​ភាព​និង​ស្តង់ដា​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ម្ហូបអាហារ និង​ស្របទៅតាម​ការតម្រូវ​
​របស់​ទីផ្សារ​»​។​

​ជាមួយគ្នា​នោះ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​បាន​ថ្លែងថា ដំណាំ​ស្វាយចន្ទី ជា​ដំណាំ​ឧស្សាហកម្ម​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា និង​មានកេរ្តិ៍ឈ្មោះ​ល្បី ជាពិសេស​មានការ​ទទួល​ស្គាល់​ពី​ទី​ផ្សារលើ​គុណភាព រសជាតិ ទំហំ​គ្រាប់​និង​សរីរាង្គ​តាមបែប​ប្រពៃណី​។

លោក​មានប្រសាសន៍ថា​៖«​ដំណាំ​ស្វាយចន្ទី​ងាយ​​ស្រួល​ដាំ​ដុះ បើ​ប្រៀប ធៀប​ជាមួយនឹង ដំណាំ​ផ្សេង​ទៀតហើយ​ដំណាំ​នេះ​ត្រូវការ​ទឹក​តិច​សម្រាប់​ការលូតលាស់ ធន់​នឹង​ភាពរាំងស្ងួត សមស្រប​ទៅនឹង​អាកាស​ធាតុ​និង​សណ្ឋាន​ដី​នៅ​ប្រទេស​កម្ពុជា​»​។

​ចំណែក​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន បានឱ្យដឹងថា វេទិកា​នេះ​ត្រូវបាន​ការចូល​រួមសហកា​រ​រៀបចំឡើង​ពី​ក្រសួង​ទាំង​ ៣ ដែល​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ខ្សែ​ច្រវាក់​ស្វាយចន្ទី ដែល​ស្របតាម​យុទ្ធសាស្ត្រ​ទាំង​ ៣ ​ដែល​បាន​ដាក់ចេញ​នៅក្នុង​គោល​នយោបាយ​រួមមាន​យុទ្ធសាស្ត្រ​ក្នុងការ​ផលិត កែច្នៃ និង​ការនាំចេញ​។ 

​លោក កឹម ស៊ីថន ថ្លែងថា​៖«​វេទិកា​ស្វាយចន្ទី​នេះ ជា​វេទិកា​ដែលមាន​សារៈសំខាន់ ដោយបាន​ប្រមូលផ្ដុំ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង វិស័យ​ស្វាយចន្ទី និង​ផ្តល់ឱកាស​ដល់​វិស័យ​ឯកជន​ពាក់ព័ន្ធ​អាច​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ស្វាយចន្ទី​ឧបករណ៍​កែច្នៃ និង​ការផ្គូផ្គង​ធុរកិច្ច និង​កិច្ចពិភាក្សា​ចែករំលែក​បទពិសោធន៍​ពី​បញ្ហា​ប្រឈម និង​ភាពជោគជ័យ​ជាដើម ដែល​ទាំងនេះ​គឺជា​ការចូលរួមចំណែក​ដោយផ្ទាល់​ក្នុងការ​លើកកម្ពស់​កេរ្តិ៍​ឈ្មោះ និង​សក្តានុពល​សា្វ​យ​ចន្ទី​កម្ពុជា​»​។​

​យោងតាម​របាយការណ៍​ក្រសួង​ក​សិ​​កម្ម​ឱ្យដឹងថា តាមរយៈ​ការចេញ​វិញ្ញាបនបត្រ​នាំចេញ ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​សរុប​ចំនួន ​៤១៥ ៩៣៩,៦៨ តោន ថយចុះ ១១,៥២ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​

​តែបើ​តាម​ទិន្នន័យ​របស់​សមាគម​ស្វាយ​ចន្ទី ក្នុង​រយៈពេល ​១០​ ខែ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ស្វាយចន្ទី​សរុប​ចំនួន ៦១ ​ម៉ឺន​តោន ថយចុះ​ ១៦​ ភាគរយ ទាំង​ការស្នើ​និង​មិន​បានស្នើ​វិញ្ញាបនបត្រ​នាំ​ចេញ​។ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ទៅកាន់​ប្រទេស​ចិន ជប៉ុន បង់​ក្លា​ដែ​ស ឥណ្ឌា វៀតណាម និង​ថៃ និង​គ្រាប់ស្វាយចន្ទី​កែច្នៃ​នាំទៅ​កាន់​ប្រទេស ចិន សាធារណរដ្ឋ​ឆែក ជប៉ុន កូរ៉េខាងត្បូង ហូ​ឡង់ វៀតណាម ថៃ តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​។ តម្លៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ខែតុលា​គឺ​ប្រមាណ ១ ៩០០​ ដុល្លារ ក្នុង​មួយ​តោន​។ 

​បច្ចុប្បន្ននេះ ខេត្ត​ដែល​បាន​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​ច្រើនជាងគេ គឺ​ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹង​​ត្រែង ព្រះវិហារ ឧ​ត្ត​មានជ័យ សៀមរាប និង​ខេត្តកំពង់ឆ្នាំង​។ តាមរយៈ​ការ​វាយ​តម្លៃ​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​ដី​សមស្រប​សម្រាប់​ដំណាំ​ស្វាយ​ចន្ទី​មាន​ប្រមាណ ២,៣៨ លាន​ហិកតា​។ បច្ចុប្បន្ននេះ​ផ្ទៃដី​ដែល​បាន​ដំណាំ​ស្វាយ​​ចន្ទី​សរុប​ប្រមាណ ​៧០ ម៉ឺន​ហិកតា ក្នុងនោះ​ខេត្តកំពង់ធំ បាន​ដាំ​ដុះ​ដំណាំ​ស្វាយ​ចន្ទី​ច្រើនជាងគេ​មាន​សរុប​មាន​ចំនួន​ជាង ១៥០ ពាន់​ហិកតា​៕