ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ចិន សិក្សា និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​កែច្នៃ ស្វាយ​​ចន្ទី អង្ករ និង​កៅស៊ូ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ទទួលបាន​តម្លៃបន្ថែម​ខ្ពស់​និង​ផលប្រយោជន៍​រួមគ្នា ទាំង​សេដ្ឋកិច្ច និង​នយោបាយ​។  

​លោក​រដ្ឋមន្ត្រី​កសិកម្ម បានលើកឡើង​បែបនេះ ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក FANG Chunming អនុ​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សភា​ប្រជាជន​ខេត្ត​ក្វាង​ស៊ី​កាលពី​ថ្ងៃទី​​ ៥ ធ្នូ ឆ្នាំ​ ២០២៣ ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង លោក​រដ្ឋមន្ត្រីបានលើកឡើង​នា​ជំនួប​នោះ ដោយ​លោក​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​កាន់​តែ​ទទួលបាន​ភាពជោគជ័យ​ល្អប្រសើរ ខណៈដែល​លោក​បញ្ជាក់ថា កិច្ច​សហ​ប្រតិបត្តិ​ការល្អ​គឺជា​កិច្ច​សហប្រតិបត្តិ​​ការគោរព​គ្នា​ទៅវិញទៅមក និង​ដើម្បី​ផលប្រយោជន៍​រួមគ្នា​។ លោក​ក៏បាន​លើកឡើង​ផងដែរ​អំពី «​ច្រករបៀង​មច្ឆា​និង​អង្ករ​» ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុកជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ រួមមាន​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន​។ 

​ខេត្ត​ទាំង​ ៤​ នេះ មាន​សក្ដានុពល​សម្រាប់​វិស័យ​កសិកម្ម ដោយ​ចំពោះ​ដំណាំ ស្រូវ និង​ធនធាន​ជលផល​ជាដើម​។ តាមរយៈ​ច្រករបៀង​មច្ឆា​និង​អង្ករ​នេះ ភាគី​ទាំង​ ២ បាន​ឯក​ភាព​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ក​សិ​​ពាណិជ្ជកម្ម កម្ពុជា​ក្វាង​ស៊ី ឱ្យមាន​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត ជាពិសេស​ជំរុញឱ្យមាន​ការចុះ MoU​ ជាមួយគ្នា​នាពេលខាងមុខ​។ 


​លោក ឌិ​ត ទីណា បាន​ថ្លែងថា​៖ «​កម្ពុជា​បើកទូលាយ​និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការទទួល​អ្នកវិនិយោគ​ចិន ដែល​មានបំណង​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​លើ​ការកែច្នៃ​ផលិតផល​ក​សិ​កម្ម​ប្រកបដោយ​គុណភាព​សម្រាប់​នាំ​ចេញ ដើម្បី​ផលចំណេញ ទាំង​សម្រាប់​កសិករ អ្នកវិនិយោគ និង​ដើម្បី​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២»​។​

​នា​ជំនួប​ដាច់ដោយឡែក​មួយ​ទៀត ជាមួយ​គណៈប្រតិភូ​សេដ្ឋកិច្ច​និង​ពា​ណិ​ជ្ជ​កម្ម​នៃ​ក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​ខេត្ត​ជី​លីន​ប្រទេស​ចិន នៅ​ថ្ងៃ​ដដែល 
​វិនិយោគិន​ចិន បានបង្ហាញ​ចេតនា​ចង់​វិនិយោគ​លើ​ការដាំដុះ​រុក្ខជាតិ​មួយចំនួន​សម្រាប់​យកទៅ​ផលិត​ជា​ឱសថ​បុរាណ ក៏ដូចជា​ការនាំចេញ​នូវ​សត្វ​មួយចំនួន ដែល​អាច​ផលិត​ជា​អុស សម្រាប់​នាំ​ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។  

​ចំពោះ​បំណង​ដាំ​រុក្ខជាតិ​សម្រាប់​យកទៅ​ផលិត​ជា​ឱសថ​បុរាណ​របស់​ក្រុមហ៊ុន​ចិន​នេះ លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា ក្រសួង​មិន​ជំទាស់​ទេ ប៉ុន្តែ​ប្រសិនបើ​រុក្ខ​ជាតិ​នោះ មាន​ផ្ទុក​នូវ​សារធាតុ​ញៀន ឬ​អាច​យកទៅ​ធ្វើជា​ធាតុ​ផ្សំ​សម្រាប់ ផលិត សារធាតុ​ញៀន ក្រសួង​មិន​អនុ​​ញ្ញាត​ឱ្យដាំ​ដុះ​ឡើយ​។

លោក​ ឌិ​ត ទីណា បាន​ថ្លែងប្រាប់​វិនិយោគិន​ចិន​ថា​៖ «​ក្នុង​ការដាំដុះ​រុក្ខជាតិ​សម្រាប់​ផលិត​ឱសថ​នោះ​ទៀតសោត​កម្ពុជា​មិនមាន​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សម្រាប់​វិ​និ​យោគ​ទេ​។ ដូច្នេះ អ្នកវិនិយោគ​អាច​ពិនិត្យ​លទ្ធភាព​ស្វែងរក​ទិញ​ដី​ដោយ​ខ្លួនឯង ឬ​ជួល​ដី​ពី​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី  ​សម្បទាន​ពីមុន​ឬក៏​អាចធ្វើ​កិច្ចសន្យា (Contract Farming)​ ជាមួយ​កសិករ ហើយ​ប្រមូល​ទិញ​ពី​ពួកគាត់​វិញ​ក្នុងតម្លៃ​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​»​។ 

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​លើកទឹកចិត្ត​អ្នក​វិ​និ​យោគ និង​ទេសចរ​ចិន​ឱ្យ​ចាប់អារម្មណ៍ និង​ចូលមក​បណ្តាក់ទុន ព្រមទាំង​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក ឌិ​ត ទីណា មានប្រសាសន៍ថា៖ «​បើតាម​ខ្ញុំ​សង្កេតឃើញ វិស័យ​សក្តា​នុព​ល​ដែល​វិនិយោគិន​ចិន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ភាគច្រើន​រួមមាន ការ​សាង​​សង់​ហេដ្ឋារចនាសម្ព័ន្ធ​, វាយ​ន​ភណ្ឌ​, ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, ធនធាន​រ៉ែ និង​គ្រឿង​បង្គុំ​អគ្គិសនី​អេឡិចត្រូនិក ជាដើម​។ បច្ចុប្បន្ន យើង​ឃើញ​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​កំពុងតែ​ចាប់ផ្ដើម​ស្វែងរក​ឱកាស​វិនិយោគ​ក្រោយ​កូ​វីដ​ ១៩ នៅលើ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​»​។​

​ទាក់ទង​នឹង​រឿងនេះ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាបាន​ថ្លែងថា ៖ «​ចំណាប់អារម្មណ៍ និង​ចំនួន​នៃ​ការ​មក​បណ្តាក់ទុន​ពី​សំណាក់​វិ​និ​យោ​គិ​ន​ចិន​នៅ​កម្ពុជា បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ខណៈ​កម្ពុជា​ក្រៅពី​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ជាច្រើន​ផងដែរ​»​។​

​យោង​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានឱ្យដឹងថា នៅក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ ​២០២៣​ នេះ ទុនវិនិយោគ​មកពី​ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ដោយបាន​ចូលរួមចំណែក​ជាង​ ៧៦ ​ភាគរយ​នៃ​ទុន​វិ​និ​យោគ​សរុប ខណៈ​ការវិនិយោគ​ក្នុងស្រុក​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី២៕